ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៉ី​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ការ​បោះឆ្នោត


លោក សម រង្ស៊ី​ ថ្លែង​កាល​ពី​ចូល​រួម​​​ក្នុង​កម្មវិធី​ហេឡូវីអូអេ ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺលោកសម រង្ស៊ីបាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​សង្ឃឹម​ថា​ សេចក្តី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នឹងត្រូវ​ពិភាក្សា​អនុម័ត​ក្នុង​សភា​នៅ​ដើម​ខែ​ខាង​មុខ​ ដើម្បី​ធានា​ថា​ ការ​បោះឆ្នោត​ទៅ​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​ ត្រឹមត្រូវ។​

«ព្រោះ​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ ក្បាល​ម៉ាស៊ីន​រដ្ឋសភា​បាន​រៀបចំ​ហើយ​នៅ​តែ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប.​ថ្មី​ដែល​នឹង​ត្រូវ​មាន​ការ​អនុម័ត​នៅ​ដើម​ខែតុលា​ក្រោយ​ ហើយ​នឹង​មាន​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ នីតិវិធី​ របៀប​រៀបចំ​ការ​បោះឆ្នោត​ ​ការចុះ​ឈ្មោះ​ ការ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ។​ នីតិវិធី​ទាំងអស់​នេះ​នឹងចែង​ក្នុង​ច្បាប់​បោះឆ្នោត​ថ្មី​មួយ»។​

នេះ​ជា​ការ​អះអាង​របស់​លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃអង្គារ​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ ក្នុង​ពេល​ដែល​លោក​ត្រៀម​រៀបចំ​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​ចំនួន​ពីរ​សប្តាហ៍​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។​

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​ការ​ចរចា​ដើម្បី​ដាក់​ បញ្ចូល​ខ្លឹមសារ​នានា​ទៅ​ក្នុង​ច្បាប់​ថ្មី​ទាក់ទង​នឹង​នីតិវិធី​បោះឆ្នោត​ តួនាទី​ និង​ អភ័យឯកសិទ្ធិ​របស់​សមាជិក​គណៈកម្មការ​ថ្មី​ សមត្ថកិច្ច​គណៈកម្មការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត​ លើ​បញ្ហា​ជាច្រើន​ និង​បញ្ហា​លក្ខខណ្ឌ​ផ្សេងៗ​ទៀត។​

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ លោក​សម រង្ស៊ីបាន​បន្ថែម​ថា​ ការ​ជ្រើសរើស​សមាសភាព​គ.ជ.ប.ថ្មីចំនួន​៩​រូប​នឹង​មាន​ការ​ជ្រើស​រើស​បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ត្រូវ​បាន​អនុម័ត​ដោយ​សភា។​ លោក​បាន​បន្ថែម​ថា​ ការ​ចរចា​មាន​ភាព​រីក​ចម្រើន​ ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ជា​បន្ត​បន្ទាប់។​

«ព័ត៌មានដែល​ខ្ញុំ​បាន​ទទួល​ជា​បណ្តើរៗ ​ដូចជា​យើង​អាច​មាន​សុទិដ្ឋិនិយម​គឺ​ អាច​ស្រុះស្រួល​គ្នា​រក​រូប​មន្ត​ណាមួយ​ដែល​ភាគី​ទាំងអស់​ទទួល​យក​បាន​ ហើយ​ ដែល​ធានា​ថា ​ការ​បោះឆ្នោត​លើក​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​តម្លាភាព​ សេរី ​យុត្តិធម៌ ​ត្រឹមត្រូវ»។​

គណបក្ស​ទាំងពីរ​បាន​បញ្ចប់​វិបត្តិនយោបាយ​កាល​ពីថ្ងៃ​ទី២២​ខែ​កក្កដា​ឆ្នាំ​២០១៤ ​បន្ទាប់​ពី​ជាប់គាំង​ដំណើរ​រយៈ​ពេល​១​ឆ្នាំ ​ក្រោយ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា ​មាន​ការ​គៃបន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​នោះ។​ បន្ទាប់​មក​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​លើ​បញ្ហា​មួយ​ចំនួន ​ទាក់ទង​នឹង​ការ​កែ​ទម្រង់គណៈ​កម្មធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ គណបក្ស​ទាំង​ពីរ​បាន​សម្រេច​ជ្រើសរើស​សមាជិក​គ.ជ.ប.តាម​រូប​មន្ត​៤​ទល់​នឹង​៤​ ហើយ​បូក​នឹង​១​ ​ដោយ​មាន​ន័យ​ថា​ គណបក្ស​នីមួយៗ​ជ្រើសរើស​សមាសភាព​បួន​រូប​ម្ខាង​ ហើយ​គណបក្ស​ទាំង​ពីរ​ត្រូវ​ជ្រើស​រើស​សមាសភាព​ទី​៩​ ដោយ​ការ​ព្រមព្រៀង​គ្នា​ជា​ឯកឆន្ទ។​ ឥស្សរ​ជន​មួយ​រូបដែល​ត្រូវបាន​ជ្រើសរើស​រួច​ហើយ​នោះ​គឺ​លោកស្រី​ ពុង ឈីវកេក​ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​គេ​ចាត់​ទុក​ថា ​ជាជន​ឯករាជ្យ។​ ក្រុម​ការងារ​ទាំង​ពីរ​នៅតែ​បន្ត​ជួប​ប្រជុំគ្នា​ជា​ហូរហែ​លើ​បញ្ហា​ផ្សេង​ទៀត។​

លោកគល់ បញ្ញា​ នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រែល​ បាន​អះអាង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ផ្តល់យោបល់​ជា​ច្រើន​នោះ​ បាន​ដាក់ សំណើទៅ​ដល់​ប្រធាន​ក្រុម​ការងារ​ចរចា​នៃ​គណបក្ស​ទាំង​ពីរ​គឺ​លោកកួយ ប៊ុនរឿន​ ខាង​គណបក្ស​សង្គ្រោះជាតិ ​និង​លោក​ប៊ិន ឈិន​ ខាងគណបក្ស​ប្រជាជន​កម្ពុជា​ សុំ​ឲ្យមាន​តំណាង​សង្គម​ស៊ីវិល​បាន​ចូលរួម​សង្កេត​ការណ៍​ក្នុង​កិច្ច​ពិភាក្សា​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។​

«យើង​បាន​ដាក់​លិខិត​ជូន​សហ​ប្រធាន​គណៈ​កម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​ កាល​ពី​អាទិត្យមុន​ ដែល​ធ្វើ​កិច្ចការ​ទាក់ទិន​នឹង​ច្បាប់​បោះ​ឆ្នោត»។​

លោក​បញ្ញា​បាន​អះអាង​ថា ​សង្គម​ស៊ីវិល​ចង់​ស្តាប់​ដំណើរការ​ពិភាក្សា​ ហើយ​ជួយ ជា​គំនិត​ យោបល់​ក្នុង​ការ​កែ​សម្រួល​សេចក្តី​ព្រាងច្បាប់​បោះឆ្នោត​ឲ្យ​មាន​ប្រសិទ្ធិ ​ភាព​ចំពោះ​ច្បាប់​នានា​ដែល​នៅ​មិន​ទាន់​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ តែ​គណបក្ស​ទាំង​ពីរ​ចង់​បញ្ចប់​ឲ្យ​បាន​ឆាប់​ ដោយគ្មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​ស៊ី​ជម្រៅនោះទេ។​

«អញ្ចឹង​ទេ​ ប្រហែល​ជាមាន​ការ​ខិតខំ​រុញ​កិច្ចការ​នេះ​ចេញ​ឲ្យ​បាន​លឿន ​ហើយ ប្រហែល​ជា​មាន​ការ​ខិតខំ​ឲ្យ​ចេញ​ឆាប់​នូវ​ច្បាប់​ហ្នឹង ​ហើយ​នឹង​ការ​បង្កើត​គ.ជ.ប.​ ថ្មី​ហ្នឹង»។​

លោក​ថ្លែង​ថា​ ថ្វី​ត្បិត​តែ​មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​បាន​ព្រមព្រៀង​គ្នា​មែន ​តែ​នៅ​ មាន​បញ្ហា​ជា​ច្រើន​ដែល​សង្គម​ស៊ីវិល​មិន​បាន​ដឹង​ជា​ផ្លូវការ។​ បញ្ហា​ទាំង​នោះ​ដែល​លោកបានរៀប​រាប់​ត្រួសៗ​គឺ​បញ្ហា​សមត្ថ​កិច្ច​របស់​គ.ជ.ប. បញ្ហា​ចុះ​ឈ្មោះ​ បោះ​ឆ្នោត ​បញ្ហា​គ្រប់គ្រង​សន្តិសុខ​ បញ្ហា​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បញ្ហា​ ដោះស្រាយ ​វិវាទ​នៃ​ការ​បោះឆ្នោត​ដែល​គណបក្ស​កាន់​អំណាច​គ្រប់គ្រង​នោះ។​

«រឿង​ដោះ​ស្រាយ​វិវាទ​បោះឆ្នោត​ គេ​ត្រូវ​ចែង​ឲ្យ​ច្បាស់​ ថា​តើគ.ជ.ប.ហ្នឹង​គេ​ត្រូវ​ ដោះស្រាយ​យ៉ាង​ម៉េច​កុំឲ្យ​មាន​បញ្ហា​ចោទ​ប្រកាន់​ថា​ មាន​ទំនាស់​ផល​ប្រយោជន៍​ ទាក់ទង​នឹង​វិវាទ​បោះឆ្នោត​ហ្នឹង។​ ពេល​ខ្លះ​ទាក់ទង​នឹង​មន្ត្រី​គ.ជ.ប.ហ្នឹង​ខ្លួន​ឯង ​ ធ្វើ​ម៉េច​ធានា​ថា​ មាន​យន្តការ​មួយ​ថា ​អាច​ដោះស្រាយ​ទាក់​ទិន​នឹង​មន្ត្រី​ខ្លួន​ឯង​ហ្នឹង​...មាន​អំណាច​ដាច់ដោយ​ឡែកទៅ ​ហើយ​កន្លែង​ខ្លះទាក់​ទិន​នឹង​គណបក្ស​ និង​គណបក្ស​ និង​គណបក្ស​នឹង​អាជា្ញធរ។ ​តើ​សមត្ថកិច្ច​របស់​គ.ជ.ប.ដោះស្រាយ ​វិវាទ​ហ្នឹង​របៀប​ម៉េច?​ កម្រិត​ប៉ុណ្ណា?​ រឿង​ហ្នឹង​គេគួរ​ចែង​សិទ្ធិ​អំណាច​ហ្នឹង​ឲ្យ​ បាន​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​ក្តី​ ឬ​នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​រៀបចំ​នៃ​ការ​ប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប.»។​

លោក​គល់ ​បញ្ញា​បាន​អះអាង​បន្ថែម​ថា លោក​គ្រាន់​តែ​ដឹង​ថា ​គណបក្ស​ទាំង​ពីរ​ បាន​ជជែក​គ្នា​រួច​ហើយ​អំពីរបៀប​ជ្រើស​រើស​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន ​ខេត្ត​ និង​ឃុំ ​អំពី​ការការពារ​ផ្លូវ​ច្បាប់​ដល់​សមាជិក​គ.ជ.ប.ថ្មី​ដូច​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ​ហើយ​រឿង​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ត្រូវ​អនុម័ត​ដោយ​សភា​ នៅពេល​សភា​បើក​សម័យ​ប្រជុំ​វិញ​ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។​ លោក​គល់ បញ្ញា​បញ្ជាក់​ថា​ សេចក្តីលម្អិត និង​សិទ្ធិ​អំណាច​របស់​គ.ជ.ប.ថ្មី​ទំនង​ជា​មិន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​ តែ​នឹង​មាន​ចែង​ក្នុង​ច្បាប់​ដោយ​ឡែក​វិញ៕

XS
SM
MD
LG