ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ត្រូវ​រំខាន​មិន​ឲ្យ​ធ្វើ​ពិធី​ជួប​ប្រជុំ​នៅ​អន្លង់វែង


មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/វីអូអេ)
មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/វីអូអេ)
គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ចោទ​ប្រកាន់​ជាសារធារណៈ​ថា​ អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បញ្ជា​ក្រុម​មនុស្ស​ឲ្យទៅ​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​ ​មិន​ឲ្យរៀប​ចំពិធី​ជួប​ប្រជុំ​នៅ​ស្រុក​អន្លង់វែងនោះ​ សង្ស័យ​ថា ​គឺ​លោក​ គន់​ គីម​ មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​រូប​ ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

កាល​ពី​ថ្ងៃ​អាទិត្យ ​ម្សិលម៉ិញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខក​ខាន​ពិធី​ជួប​សំណេះ​សំណាល​មួយ​រវាង​មេដឹក​នាំ​គណបក្ស​គឺ​លោក​សម​ រង្ស៊ី​ និង​ លោក​កឹម​ សុខា​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ។

ការ​ខក​ខាន​នេះ​គឺ​ដោយ​សារ​តែ​មាន​មនុស្ស​ជាច្រើន​ស្លៀកពាក់ស៊ីវិល​ ដែល​អះអាង​ថា​ ជា​អ្នក​ស្រុក​នៅ​អន្លង់វែង​ បាន​រារាំង​ក្បួន​រថយន្ត​របស់​អ្នក​តំណាងរាស្ត្រ​ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យធ្វើ​ពិធី​ជួប​ប្រជុំ។

លោកប៉ុល ហំម​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ក្នុង​អង្គ​សន្និសីទកាសែត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​ត្រូវ​បាន​ជន​ស៊ីវិល​មួយ​ក្រុម​ មាន​កាន់​វិទ្យុ​ទាក់​ទង​ កាំភ្លើង​ខ្លី​ និង​ដំបង​ បាន​យក​រថយន្ត​កាំ​ម្ញុង​ធំៗ​ចំនួន​ពីរ​គ្រឿងមក​ឃាត់​ដំណើរ​ក្បួន​រថយន្ត​របស់​អ្នក​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​ចំនួន​៨​នាក់។​

លោក​មាន​ប្រសាសន៍​ថា​ លោក​ត្រូវ​បាន​គេ​ចាប់​ក្រៀក​ចូល​ទៅ​ក្នុង​ព្រៃ​និង​បាន​រិប​អូស​យក​កាបូប​លុយ​ ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង​ និង​ iPad ​ចំនួន​៥​ គ្រឿង​ដែល​សកម្មភាព​ទាំង​នេះ​ជា​ទង្វើ​ព្រៃ​ផ្សៃ ​ប្រៀប​បី​ដូច​ជា​របប​ខ្មែរ​ក្រហម ​ដែល​ចាប់​មនុស្ស​យក​ទៅ​សម្លាប់​ចោល។​

លោក​និយាយ​ថា៖​ «ក្រសួង​មហាផ្ទៃ​ត្រូវ​ទទួល​ខុស​ត្រូវ ​យក​សម្ភារៈ​ទាំង​អស់​ហ្នឹង​មក​ឲ្យយើង​ខ្ញុំ​វិញ។ ​បើ​មិន​អញ្ចឹង​ទេ ​ខ្ញុំ​ចោទ​លោក​ថា​ គឺ​ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ។​ ប្លន់​ហើយ ​PM ​អត់​ហ៊ាន​ធ្វើ​អន្តរាគមន៍​ទៀត។​ វាមិន​ដែល​ PM​ នៅ​ឈរ​យាម​ព្រៃ​ឃើញ​គេ​ធ្វើ​ផ្តេស​ផ្តាស​ ដែល​យើង​ហ៊ាន​ប្រកាស​ថា​ យើង​ជា​អ្នក​តំណាង​រាស្ត្រ​ហើយ​អត់​ហ៊ាន​ធ្វើ​អី​អញ្ចឹង។​ ​តើ​វា​សម​ហេតុ​ផល​ទេ?»​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​សកម្មភាព​រារាំង​នេះ​ថា​ ជា​ចេតនា​ជ្រៀត​ជ្រែក​នយោបាយ​ និង​បង្ខំ​ឲ្យគណបក្ស​ចូល​រួម​ប្រជុំ​សភា។​

លោក​ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សម​ រង្ស៊ី​មាន​ប្រសាសន៍​ថា​ ជន​ស៊ីវិល​ដែល​មក​រារាំង​មិន​ឲ្យវៀបចំ​ពិធី​ជួប​ប្រជុំ​នៅ​ស្រុក​អន្លង់វែង​គឺ​ជា​កង​កម្លាំងយោធា​ស្លៀកពាក់ឯកសណ្ឋាន​ជាជន​ស៊ីវិល​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​គន់​ គីម។​

លោក​និយាយ​ថា៖​ «ក្រុម​ទាហ៊ាន​ហ្នឹង​នៅ​ក្រោម​ការ​គ្រប់​គ្រងរបស់​លោក​ឧត្តមសេនីយ៍​គន់​ គីម។ ​ហើយ​ខ្ញុំ​មិន​ដឹង​ជា​ការណ៍ពិត​ឬ​យ៉ាង​ណា​ទេ។​ ​អញ្ចឹង​ព័ត៌មាន​ដែល​ខ្ញុំ​អាច​ជំរាប​បានគឺ​ថា​ ប៉ុណ្ណឹង។​ ​មេកើយ​ ខ្ញុំ​អត់​ដឹង​ទេ ​គ្រាន់​តែ​ថា ​អ្នក​ដែល​មក​ចូល​រួម​ហ្នឹង​មិន​មែន​ជាជន​ស៊ីវិល​ទេ ​គឺ​ជា​ទាហ៊ានដែល​ស្លៀក​ពាក់ស៊ីវិល»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​នាយ​ឧត្តម​សេនីយ៍គន់​ គីម​ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ តែ​មិន​អាច​ទាក់ទងបាន​ទេ ​ដោយទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

លោកយឹម ផាន់​ណា​ អភិបាល​ស្រុក​អន្លង់វែង ​មាន​ប្រសាសន៍​ថា​ លោក​កំពុង​ជាប់​រវល់។

លោក​និយាយ​ថា៖​ «ខ្ញុំ​ជាប់​រវល់​ជាមួយ​ភ្ញៀវ»។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​និយាយ​ថា៖ ​«វា​គ្មាន​សារៈ​ប្រយោជន៍​ណា​ដែល​ឯក​ឧត្តម​គន់ គីម​ទៅ​រៀប​ចំ​កម្លាំងប្រឆាំង​ជាមួយ​ឯក​ឧត្តម​ប្រធាន​ និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​ ខ្ញុំ​មើល​មិន​អញ្ចឹង​ទេ ​ក៏​ប៉ុន្តែ​ជា​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​នៅ​ហ្នឹង​កន្លែង​ ដែល​គេ​ស្គាល់​ច្បាស់​នូវ​អ្វី​ដែល​ជា​ភាព​សុខដុម​រមនា​នៅ​ក្នុង​តំបន់​របស់​គេ»។

គណបក្ស​សង្គ្រោះជាតិ​បាន​លុប​ចោល​ពិធី​សំណេះ​សំណាល​នៅ​ខេត្ត​ប៉ៃលិន​ បន្ទាប់​ពីទទួល​ព័ត៌មាន​ថា ​មាន​ជនស៊ីវិល​ប៉ុនប៉ង​រារាំង​ក្បួន​រថយន្ត​ស្រដៀង​គ្នា​នឹង​ការ​រារាំង​នៅ​ស្រុក​អន្លង់វែង​ដែរ។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ កម្មវិធី​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត ​នៅ​តែ​ធ្វើ​ដដែល​គ្មាន​ការ​កែ​ប្រែ​ទេ។ ​ចំណែក​ឯ​ដំណើរ​ការ​ចរចាដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​វិញ​ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ ​តែ​ការ​ចូល​ប្រជុំ​សភា​នៅ​តែ​មិន​អាច​ចូល​រួម ដរាប​ណា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​មិន​បាន​ធូរ​ស្រាល៕
XS
SM
MD
LG