ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​កម្ពុជាក្រោម​ប្រារព្ធ​ខួប​៦៥​ឆ្នាំ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម


ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះសង្ឃ តំណាង​គណបក្ស​នយោបាយ​ និង​ក្រុម​យុវជន​ជា​ច្រើន​រយ​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅ​វត្ត​សាមគ្គីរង្សី បាន​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​ទី​ ៦៥​ឆ្នាំ​នៃ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោយ​ឲ្យ​ទៅ​ប្រទេស​វៀតណាម​⁣នៅ​ក្នុង​បរិវេណ​វត្ត​សាមគ្គី​រង្សី​ក្រុង​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/VOA)
សំឡេង​សូត្រ​ធម៌​បាន​ចាប់​ផ្តើម​បន្លឺ​ឡើង​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី​ដែល​ជា​វត្ត​មួយ​កសាង​ឡើង​ដោយ​ព្រះសង្ឃ​កម្ពុជា​ក្រោម។​

ខុស​ប្លែក​ពីថ្ងៃ​ធម្មតា ​នៅ​ថ្ងៃទី​០៤​ខែ​មិថុនា​នេះ​សំឡេងសូត្រ​ធម៌​នេះ​បាន​ដាស់​អារម្មណ៍​ប្រជា​ពលរដ្ឋ​ ជាពិសេស​ខ្មែរ​ក្រោម​ឲ្យនឹកដល់​ថ្ងៃ​ដែល​កម្ពុជាក្រោម​ត្រូវ​កាត់ទៅ​ឲ្យ​ប្រទេស​វៀតណាម​ក្នុង​សម័យ​អាណានិគម​បារាំង។​

រហូត​មក​ទល់​ពេល​នេះ​គឺ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​មាន​ខេត្ត​សរុប​ចំនួន​២១​ខេត្ត​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​វៀតណាម​ចំនួន​៦៥​ឆ្នាំ​ហើយ​ ពោល​គឺនៅ​ថ្ងៃទី​៤​ខែ​មិថុនា ​ឆ្នាំ១៩៤៩។​

ចាប់​តាំង​ពី​ម៉ោង​៨​ព្រឹក​ មនុស្សម្នាដែលជា​ខ្មែរ​កម្ពុជា​ក្រោម​ រួមទាំងព្រះសង្ឃ​ តំណាង​គណបក្ស​ប្រឆាំង​ និង​យុវជន​ជាច្រើន​រយនាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​បរិវេណ​វត្ត​តូច​ចង្អៀត​មួយ​ ហើយ​បាន​ចាប់​ផ្តើមប្រារព្ធពិធីរំឭកខួប​បាត់​បង់​ទឹក​ដីនេះ។​

បទ​ចម្រៀង​រំឭក​អំពី​ទឹកដី​កម្ពុជា​ក្រោម​ក៏​បាន​បន្លឺ​ឡើង​នៅ​ក្នុង​ពិធី​នេះ។​

កម្មវិធី​នេះ​បាន​បញ្ចប់ទៅ​ដោយ​ការ​រំឭក​ឡើង​វិញ​នូវ​ប្រវត្តិសាស្រ្ត ​ការ​ឈឺ​ចាប់​របស់ពល​រដ្ឋ​ខ្មែរ​កម្ពុជាក្រោម និង​ការ​រិះគន់​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ក្រុម​អ្នក​ចូលរួម​ចោទ​ថា មិន​បាន​អើពើ​ និង​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម។​

ដូចសព្វ​មួយ​ដង​ដែរ ​គេ​ក៏​ឃើញ​មាន​តំណាង​ព្រះ​មហា​ក្សត្រ​កម្ពុជា​ព្រះ​បាទ​នរោត្តមសីហមុនី​មក​ចូល​រួម​ក្នុងពិធី​នេះ​ផង​ដែរ​គឺ​សម្តេច​ព្រះ​ស៊ីសុវត្ថិ​ពង្ស​នារី​មុនី ​ពង្ស​បានចូល​រួម​ចែក​រំលែកការ​ឈឺចាប់​ជាមួយ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។​
ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះសង្ឃ តំណាង​គណបក្ស​នយោបាយ​ និង​ក្រុម​យុវជន​ជា​ច្រើន​រយ​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅ​វត្ត​សាមគ្គីរង្សី បាន​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​ទី​ ៦៥​ឆ្នាំ​នៃ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោយ​ឲ្យ​ទៅ​ប្រទេស​វៀតណាម​⁣នៅ​ក្នុង​បរិវេណ​វត្ត​សាមគ្គី​រង្សី​ក្រុង​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/VOA)
ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះសង្ឃ តំណាង​គណបក្ស​នយោបាយ​ និង​ក្រុម​យុវជន​ជា​ច្រើន​រយ​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅ​វត្ត​សាមគ្គីរង្សី បាន​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​ទី​ ៦៥​ឆ្នាំ​នៃ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោយ​ឲ្យ​ទៅ​ប្រទេស​វៀតណាម​⁣នៅ​ក្នុង​បរិវេណ​វត្ត​សាមគ្គី​រង្សី​ក្រុង​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/VOA)

លោក​ថាច់សេដ្ឋា​ នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា​ ការ​ប្រារព្ធ​ធ្វើ​ពិធី​រំឭកខួប​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​នេះ​គឺ​ដើម្បី​ជា​ការ​រំឭកដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​យល់​ដឹង​ពី​ប្រវត្តិសាស្រ្ត​នៃ​ការ​បាត់បង់​ទឹកដី​របស់​កម្ពុជា​ និង​ជា​ការ​សម្តែង​ការ​ដឹង​គុណ​ទៅលើ​អ្នក​ដឹកនាំ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​លះបង់​ជីវិត​ក្នុង​ការ​រើ​បម្រាស​ដើម្បី​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ។​

«បារាំង​ ដោយ​សំអាង​លើ​អំនាច​អាណានិគម​របស់​ខ្លួន​ ​បាន​អនុម័ត​ច្បាប់​ដ៏​ទុយ៌ស​មួយ​ កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​វៀតណាម​នៅ​ថ្ងៃ​ទី​០៤​ខែ​មិថុនា​ឆ្នាំ​១៩៤៩ ដោយ​មិន​បាន​សួរ​មតិ​ថ្នាក់​ដឹកនាំ​ អ្នក​ដឹកនាំ​ខ្មែរ​ដែល​ជា​ម្ចាស់​សុ្រក​ឡើយ»។​

លោក​ថាច់សេដ្ឋា​ក៏ចោទ​ប្រកាន់​ថា ​អាជ្ញាធរ​ប្រទេស​វៀតណាមបាន​ព្យាយាម​បំបាត់​វប្បធម៌​ ការ​អប់​រំ និង​ការ​រស់​តាម​ប្រពៃណី​ទំនៀម​ទម្លាប់របស់​ខ្មែរ​កម្ពុជា​ក្រោម​ តាម​រយៈ​ការ​បិទ​សាលារៀន​ដែល​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ការ​បង្ក្រាប​ដោយ​ហិង្សា​ផ្សេងៗ​ចំពោះ​ចលនា​របស់​ខ្មែរ​កម្ពុជា​ក្រោមដែល​ហ៊ាន​ចេញ​មុខ​ងើប​ឡើង​តវ៉ា។​

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​ក្រោម​ដដែល​ក៏​បាន​ជំរុញ​ឲ្យរាជ​រដ្ឋា​ភិបាល​ទាមទារ​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម​ពី​ប្រទេស​វៀតណាម​មក​វិញ។

«រឿង​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ​គឺ​ជា​រឿង​របស់​រដ្ឋាភិបាល​ខ្មែរ។​ បើ​អស់​លោក​មិន​ទាមទារ ​ប្រវត្តិសាស្រ្ត​គេ​ជេរ​ស្តី​ អាហ្នឹង​ជា​រឿង​របស់​អស់​លោក​ទេ»។​

ទោះជា​យ៉ាង​នេះ​ក្តី​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​បដិសេធ​ថា ​លោក​នឹង​មិន​ធ្វើ​ការទាមទារ​ណា​មួយ​ដើម្បី​យក​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម​ពី​ប្រទេស​វៀតណាម​នោះ​ទេ។​

លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​មាន​វត្តមាន​ក្នុង​ពិធី​រំឭកខួប​បាត់​បង់​ដី​កម្ពុជា​ក្រោម​នេះ​ បានចាត់​ទុក​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងអស់​មាន​សិទ្ធិសេរីភាព ​និង​កាតព្វកិច្ចដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។​

«បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ជា​ខ្មែរ​ដូច​ខ្មែរ​ដទៃទៀត ​ដែល​រស់នៅ​លើទឹក​ដី​កម្ពុជា ​ត្រូវ​ទទួល​ស្គាល់​ហើយ​សូម​ការពារ។ ខ្មែរ​នៅ​លើ​ទឹកដី​កម្ពុជា​ មាន​សិទ្ធិ​ និង​កាតព្វ​កិច្ច​ដូច​ខ្មែរ​ដទៃ​ទៀត​ដែរ។​ សូម​កុំ​ឲ្យ​មាន​ការ​បែង​ចែក​ថា​ ខ្មែរ​ក្រោម​ ខ្មែរ​កណ្តាល​ ខ្មែរ​លើ​ សូម​និយាយ​តែ​ខ្មែរ​តែ​មួយ»។​

ទោះបី​ជា​យ៉ាង​ណាក្តី​ លោក​ទ្រីញ​ វ៉ាន់ថុង​ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ក្រុង​ភ្នំពេញ​បញ្ជាក់​ថា​ ការ​លើក​ឡើង​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​និង​មាន​ចេតនា​ដើម្បី​មូល​បង្កាច់​រដ្ឋាភិបាល​វៀតណាម​ ​ដោយ​ក្រុម​ប្រជា​ពលរដ្ឋខ្មែរ​ក្រោម​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​

«អំពី​បញ្ហា​ហ្នឹង​វា​ជា​ការ​មួល​បង្កាច់​ ការ​ប្រឌិត។​ ​ពាក្យ​ចោទ​ប្រកាន់​របស់​គាត់ហ្នឹង​គ្មាន​ភស្តុតាង​ គ្មាន​មូលដ្ឋាន​អ្វី​ទេ»។

ទឹកដី​កម្ពុជា​ក្រោម​លាត​សន្ធឹង​លើ​ផ្ទៃដី​៩៨.៩៦៥​គឺឡូម៉ែត្រ​ក្រឡា​ និង​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ប្រហែល​ជាង​១៤​លាន​នាក់។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគមខ្មែរ​កម្ពុជា​ក្រោម។ ប៉ុន្តែ​បើ​តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ផ្អែក​ទៅ​លើ​ជំរឿន​ឆ្នាំ​២០០៩​របស់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ចំនួន​ត្រឹម​១,២​លាន​នាក់៕
XS
SM
MD
LG