ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឯកទេស​​មើល​ឃើញ​ពី​ទ្វេ​គ្រោះ​របស់​គណបក្ស​កាន់​អំណាច


លោក​ឱក​ សេរី​សុភ័ក្រ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ចចូលរួម​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​​​ អំពី​អភិបាលកិច្ច​រដ្ឋាភិបាល​ថ្មី​របស់លោកហ៊ុន​ សែន។​
លោក​ឱក​ សេរី​សុភ័ក្រ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ចចូលរួម​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​​​ អំពី​អភិបាលកិច្ច​រដ្ឋាភិបាល​ថ្មី​របស់លោកហ៊ុន​ សែន។​
គោលនយោបាយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥
សូម​រង់ចាំ

No media source currently available

0:00 0:29:35 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន - អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​មើល​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​មាន​កិច្ច​ការ​ជាច្រើន​ដែល​ខ្លួន​ត្រូវ​តែ​បំពេញ​ឱ្យ​បាន​ជា​ចាំ​បាច់​ក្នុង​អណត្តិ​ថ្មី​នេះ​ បើ​មិន​ដូច្នេះ​ទេ​លទ្ធភាព​នៃ​ការ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​នៅ​អណត្តិ​ក្រោយ​មើល​ឃើញ​កាន់​តែ​ច្បាស់។
ក្នុង​ចំណោម​នេះ​គឺ​ការត្រូវ​បង្កើន​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​ដែល​គណបក្ស​ប្រឆាំង​បាន​ដាក់​របា​យ៉ាង​ខ្ពស់​រួច​ទៅ​ហើយ​ហើយ​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​បោះឆ្នោត​ទៀត។​

លោក​ឱក​ សេរី​សុភ័ក្រ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​ថា៖​ «ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​អណត្តិ​ទីប្រាំ​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ដំឡើង​ប្រាក់​ខែ​ជា​អតិ​បរិមា​ ខ្ញុំ​គិត​ថា​យ៉ាង​ហោច​ណាស់​ក៏​អាចបាន​ទៅ​ដល់​៥០ភាគរយ​នៃ​អ្វី​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​សន្យា»។

ក្នុង​ពេល​ឃោស​នា​កន្លង​មក​នេះ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​និង​លោក​កឹម សុខាបាន​សន្យា​ថា​ខ្លួន​មាន​លទ្ធភាព​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​រហូតដល់​២៥០​ដុល្លារ​និង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​រហូត​ដល់​១៥០​ដុល្លារ។

លោក​សុភ័ក្រ​បាន​បន្ថែម​ថា​បើ​លើស​ពី​នេះ​ទៀត​គឺ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះលំបាក​ធ្វើ​បាន​ណាស់​ព្រោះវា​ទាក់​ទង​នឹង​កំណែទម្រង់​ផ្សេងៗ​ទៀត។ ក្នុងនោះ​មាន​ដូច​ជា​ច្បាប់​នានា​ ម៉ាក្រូ​សេដ្ឋកិច្ច និង​គ្រប់​គ្រង​អតិផរណា​ជាដើម។​

លោក​បាន​បន្ថែម​ថា៖​ «ក៏ប៉ុន្តែ​បើ​ធ្វើ​មិន​បាន​ដល់​៥០​ភាគរយ​ទេ​ខ្ញុំ​គិត​ថា​មតិ​សាធារណជន​នឹង​ខក​ចិត្ត​មិន​ខាន​ទេ»។​

កិច្ច​ការ​សំខាន់​មួយ​ទៀត​គឺ​ការ​ត្រូវ​អនុវត្ត​នូវ​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​ចូលចិត្ត​ខ្លាំង​នោះ​គឺ​ការ​ត្រូវ​មក​ប្រឈម​ដោះស្រាយ​បញ្ហា​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​វេទិកា​សាធារណៈ​ផ្សេងៗ​និង​ស្តាប់​ការ​រិះគន់​របស់​ពួកគេ។​

លោក​ឱក​ សេរី​សុភ័ក្រ​បាន​បន្ថែម​ថា៖ «តំណាង​រាជ​រដ្ឋាភិបាល​មិន​សូវ​ចូលចិត្ត​ការដេញ​ដោល​របស់​ប្រជា​ពលរដ្ឋ​ជាពិសេស​ទាក់​ទង​រឿង​អភិបាល​កិច្ច»។

លោក​បាន​បន្ថែម​ថា​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៨​ខែ​កក្កដា​បាន​ផ្លាស់ប្តូរ​ការគិត​គូរ​បស់​ពលរដ្ឋ​ច្រើនដោយ​ពួកគាត់​ហ៊ាន​សួរ​ហ៊ាន​ឆ្លើយ​ហើយ​បើ​គេច​វេច​នឹង​មាន​បាតុកម្ម​ជា​បន្ត​បន្ទាប់។ គណបក្ស​ប្រឆាំង​នឹង​មិន​ឱ្យ​បាត់​បង់​ឱកាស​នេះ​ទេ​ដោយ​ពួកគាត់​នឹង​ជម្រាប​ពលរដ្ឋ​ដោយ​ផ្ទាល់​ធ្វើ​ឱ្យ​«ច្រក​ដើរ​កាន់តែ​ចង្អៀត» សម្រាប់​គណបក្ស​កាន់​អំណាច។​

ដូច​គ្នា​នេះ​ដែរ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថយ​ខ្នង​មក​បុកជញ្ជាំង​ហើយ​បើ​មិន​ធ្វើ​កំណែ​ទម្រង់​ទេ​គឺ​ពិបាក​ណាស់។ ប៉ុន្តែ​លោក​ព្រមាន​ថា​បញ្ហា​ដែល​លំបាក​ជាង​គេ​គឺ​ប្រព័ន្ធ​យុត្តិធម៌។

លោក​បាន​បញ្ជាក់ថា៖ «ប្រព័ន្ធយុត្តិធម៌​ពិបាក​កែ​ណាស់»។

រឿង​ជន​អន្តោប្រវេសន៍​ក៏​ជារឿង​មួយ​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​ហ៊ាន​វះកាត់​ដែរ​វា​មិនមែន​ជា​រឿង​មួយ​ត្រូវ​អូសបន្លាយ​តទៅទៀត​ទេ។​ លោក​សុភ័ក្រ​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ​ការស្រង់​ស្ថិតិ​ឱ្យ​បាន​ច្បាស់​លាស់​ប៉ុន្តែ​វាទាម​ទារ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​មួយ។

បញ្ហា​ដ៏​ធំ​មួយ​ទៀត​ដែល​អាច​ជា​ឆ្នួន​ផ្ទុះ​មួយ​ដែរ​សម្រាប់​គណបក្ស​កាន់​អំណាច​គឺ​ការ​គិត​គូ​មិន​វៃ​ឆ្លាត​ណា​មួយ​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ជា​កម្លាំង​ដ៏​ខ្លាំង​របស់​គណបក្ស​ប្រឆាំង​នោះ​គឺ​នៅ​លើ​ហ្វេសប៊ុក។

លោក​សុភ័ក្រ​បាន​បញ្ជាក់​ថា៖ «ក្រសួង​គមនាគមន៍​ដើរ​តួរ​នាទី​សំខាន់​ណាស់​បើសិន​ជា​ប្រើ​ប្រព័ន្ធ​នេះ​ទៅ ផ្លូវ​ត្រូវ​សុទិដ្ឋិនិយម​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជ​រដ្ឋាភិបាល​នឹង​ចំណេញ​បាន​ច្រើន​នៅ ក្នុង​រឿង​ហ្នឹង​ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ប៉ុន​ប៉ង​ប្រាថ្នា​ណាមួយ​ដើម្បី​ធ្វើ​ឱ្យ​ចង្អៀត​មិន​អាច​ប្រើប្រាស់​បាន​ឱ្យ​ទូលំទូលាយ​ មិន​មាន​សិទ្ធិ​សេរីភាព​។ ខ្ញុំ​ថា​នៅ ពេល​ហ្នុង​គឺ​ជា​គ្រោះ ថ្នាក់​ធំ​នៅ ក្នុង​សង្គម​ជាតិ​យើង​តែ​ម្តង​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​អា​ចទទួល​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​រឿង​នេះ»។​

រដ្ឋាភិបាល​អណត្តិ​ថ្មី​នេះ​បាន​ដំឡើង​ឋានៈ​លោក​ប្រាក់​សុខុន​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ឱ្យ​កាន់​កាប់​ក្រសួង​នេះ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​នឹង​មាន​ការ​រឹតបន្តឹង​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG