ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​នៅ​មិន​ទាន់​ទុកចិត្ត​លើ​វេទិកា​សាធារណៈ​របស់​រដ្ឋាភិបាល

  • គង់ សុឋានរិទ្ធ

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន នៅ​ពេល​លោក​​ធ្វើ​ដំណើរ​ទៅ​ដល់​សភា​ជាតិ​សម្រាប់​ការប្រជុំ​នៅ​ថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០១៣។
ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ពុធ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ បាន​ដាក់​បញ្ជា​ឲ្យ​មាន​ការ​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​ក្រសួង នៅ​គណៈ​រដ្ឋ​មន្ត្រី​និង​តាម​មូល​ដ្ឋាន​ដើម្បី​ទទួល​យក​ការ​កែ​តម្រូវ​និង​សេចក្តី​ត្រូវការ​នានា​ពី​ក្រុម​មន្ត្រី រាជការ​និង​ប្រជា​ពល​រដ្ឋ​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ ​ក្នុង​អណត្តិ​ទី​៥​នេះ។

បទ​បញ្ជានេះ​ដែល​អ្នកវិភាគ​មើល​ឃើញ​ថា​ជា​ការ​សម្រេច​ចិត្ត​ធ្វើការ​កែ​ទម្រង់​ដ៏​ទូលំ​ទូលាយ​មួយ​ក្នុង​ការ​ដឹកនាំ​រដ្ឋ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​គណបក្ស​នេះ​ ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​បាន​ជ្រុះ​របូត​កៅ​អី​អស់​ចំនួន​២២​ក្នុង​រដ្ឋ​សភា​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​គឺ​បាន​បាត់​បង់​ពី​៩០​កៅអី​មក​ត្រឹម​៦៨​កៅអី​ក្នុង​រដ្ឋ​សភា​វិញ។

លោក​អ៊ូ វីរៈ​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​យល់​ថា​ជា​ការផ្លាស់​ប្តូរ​យុទ្ធ​សាស្ដ្រ​មួយ​របស់​គណ​បក្ស​កាន់​អំណាច​ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ​តាម​រយៈ​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ។

«ជា​ការ​ដូរ​ឥរិយាបថ​មួយ​ដ៏​សំខាន់​ដែល​ឆ្លុះ​បញ្ចាំង​ថា​គណបក្ស​ប្រជាជនព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ប្រជាប្រិយ៍ភាព​របស់​ខ្លួន​ជា​មួយ​ប្រជា​ពល​រដ្ឋ»។

​បញ្ហា​សង្គម​ជា​ច្រើន​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​តាម​រយៈ​ការ​ក្រោក​ឡើង​តវ៉ា ​ការ​ធ្វើ​បាតុកម្មរបស់​ក្រុម​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា។​ហើយ​ភាគ​ច្រើន​នៃ​អ្នក​តវ៉ា​ទាំង​នោះ​តែង​តែ​អះអាង​ថាពួក​គេ​បាន​ព្យាយាម​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ចាប់​តាំងពី​រដ្ឋ​អំណាច​មូលដ្ឋាន​រហូត​ដល់​ដាក់​បណ្តឹង​តាម​ផ្លូវ​តុលាការ​ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​អើ​ពើ​ឬ​ទទួល​បាន​ការ​ដោះស្រាយ​ដោយ​មិន​យុត្តិធម៌​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ឯករាជ្យ​នា​ពេល​កន្លង​មក។

បញ្ហា​សង្គម​ភាគ​ច្រើ​ន​កើត​ឡើង​ដោយសារ​ទំនាស់​ដីធ្លី។ ​យោង​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​នៅ​ដើម​ឆ្នាំ​២០១៣​នេះ​បង្ហាញ​ថា​ក្នុង​ចំណោម​ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋា​ភិបាល​ជូន​ប្រជា​ពលរដ្ឋ ​បាន​បង្កើត​ឲ្យ​មាន​ជម្លោះ​កើន​ឡើងដោយសារ​តែ​អំពើ​ពុក​រលួយ ​ការ​រំលោភ​ធ្ងន់ធ្ងរ​និង​ដោយសារ​ការ​ចាត់​ចែង​មិន​បាន​ល្អ​ហើយ​ក្រុម​អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​ស៊ើប​អង្កេត។ របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា​ក្នុង​ឆ្នាំ​២០១២​ មាន​ករណី​ជម្លោះ​ដីធ្លី​ចំនួន​៧០​ករណី​ដែល​សមាគម​អាដហុកបាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាពល​រដ្ឋ​ជាង​មួយ​ម៉ឺន​គ្រួសារ។​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ស្ថិត​ក្នុង​ខេត្ត​កោះ​កុង​ បាត់​ដំបង​ កំពង់​ចាម ​កំពង់ធំ​ ខេត្ត​ក្រចេះ ​មណ្ឌលគីរី​ រតនគីរី​និង​ខេត្ត​សៀមរាប។

ដោយឡែក​អ្នក​ភូមិ​បឹង​កក់​និង​បុរី​កីឡាកំពុង​តែ​ធ្វើ​ការ​តវ៉ា​អំពី​បញ្ហា​ដីធ្លី​មិន​ស្រាកស្រាន​ក្នុងទីក្រុង​ភ្នំពេញ​ដោយសារ​តែ​ដំណោះ​ស្រាយ​ដោយ​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​លំ​នៅ​ដ្ឋាន​មិន​សមរម្យ​ដែល​ពួក​គេ​អះអាង​ថា​ពួក​គេ​មិន​អាច​ទទួល​យក​បាន។

ក៏ប៉ុន្តែ​ទំនាស់​ដី​ធ្លី​ទំនង​ជា​មិន​មាន​ត្រឹម​តែ​កម្រិត​រវាង​ក្រុម​ប្រជាពល​រដ្ឋ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ឯកជន​ធំៗ​និង​អ្នក​មាន​អំណាច​នោះ​ទេ។

យោងតាម​ឯកសារ​មួយ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​បង្ហាញ​ថា​ឧត្តម​សេនីយ៍​នគរ​បាល​មួយ​រូប​ទទួល​រង​ការ​បំពាន​ដីធ្លី​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​ព្រៃល្វា ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ ​រាជធានី​ភ្នំពេញ​ដែរ។ ដី​ទំនាស់​ទំហំ​ជាង​បួន​ហិកតា​ត្រូវ​តុលាការ​កាត់​ក្តី​ឲ្យ​ចាញ់​គូប​ដិបក្ខ​បើ​ទោះ​ជា​មាន​ឯកសារ​ស្រាវជ្រាវ​បង្ហាញ​ពី​ការ​ក្លែង​បន្លំ​ឯកសារ​ពី​ភាគី​ឈ្នះ​ក្តី​ក៏ដោយ។

ដោយសារ​បញ្ហា​អស់​ទាំង​នេះ​លោកអ៊ូ ​វីរៈ ​គិត​ថា​វិធី​ថ្មី​នេះ​នឹង​បង្ខំ​ឲ្យ​មន្ត្រី​រដ្ឋាភិ​បាល​និង​អាជ្ញាធរ​ទទួល​ស្គាល់​បញ្ហា​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ។

«វាមាន​ប្រយោជន៍​មែន​ទែន​សម្រាប់​គណបក្ស​ប្រជាជន​ដើម្បី​កុំ​ឲ្យ​មន្ត្រី​របស់​គណបក្ស​នេះ​ឈរ​ជើង​មិន​ដល់​ដី។ ​បើ​ឈរ​ជើង​មិន​ដល់​ដី​ទេ​ចុង​បញ្ចប់​ប្រជា​ពលរដ្ឋ​នឹង​មាន​អារម្មណ៍​ថា​អ្នក​ដឹក​នាំ​ទាំង​អស់​នោះ​អត់​យល់​ពី​ទុក្ខ​សោក​របស់​គាត់ ​ពី​បញ្ហា​របស់​ពួក​គាត់​ ចុង​បញ្ចប់​ប្រហែល​ជា​បាត់បង់​ប្រជាប្រិយ៍​ភាព​កាន់​តែ​ខ្លាំង​ជាង​អណត្តិ​នេះ​ទៅ​ទៀត»។

លោក​យ៉ែម​ បុញ្ញឫទ្ធ ​តំណាង​រាស្ដ្រ​មណ្ឌល​ព្រៃវែង​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ខណៈ​ដែល​គណបក្ស​របស់​លោក​ធ្លាប់​ធ្វើ​វេទិកា​សាធារណៈ​នេះ​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ឆ្នាំ​មក​ហើយ។

«យើង​យល់​ឃើញ​ថា​ល្អ​ប៉ុន្តែ​វេទិកា​នោះ​ត្រូវ​តែ​ជា​វេទិកា​សាធារណៈ​ពិត​ប្រាកដ​ដោយ​មាន​ការ​ចូល​រួម​គ្រប់​តំណាង​គណបក្ស​នយោបាយ​ផង។ បើ​ទៅ​តែ​តំណាង​រដ្ឋាភិបាល​ ប្រើ​កញ្ចប់​លុយ​ជាតិ​ដើម្បី​ទៅ​ឃោសនា​ដើម្បី​គណបក្ស​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​ជា​ទី​បំផុត។ចំណុច​មួយ​ទៀត​វេទិកា​សាធា​រណៈ​នៅ​តាម​ក្រសួង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ។​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ស្រម៉ៃ​ដល់​សម័យ​ខ្មែរ​ក្រហម​ដែល​គេ​ធ្វើ​ស្វ័យ​ទិ​តៀន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​កង ​នៅ​ក្នុង​ក្រុម ​បន្ទាប់​មក​អ្នក​ណា​ហ៊ាន​លើក ហ៊ាន​និយាយ​ការពិត​យក​សម្លាប់​ចោល»។

រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ចែង​កម្រិត​ឲ្យ​មាន​សមាជ​ជាតិដែល​ជា​វេទិកា​រវាង​ប្រជា​ពល​រដ្ឋ​និង​រដ្ឋា​ភិបាល​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ថ្លែង​ពី​បញ្ហា​របស់​ពួក​គេ​និង​កា​រមិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល។​សមាជ​ជាតិ​នេះ​ដែល​យក​គំរូ​តាម​ការ​ដឹកនាំ​របស់​អតីត​ព្រះ​មហាក្សត្រ​សម្តេច​ឱ​នរោត្តម​ សីហនុ។ ​ក៏ប៉ុន្តែ​ជា​ច្រើន​អណត្តិ​មក​ហើយ​រដ្ឋា​ភិបាល​ខកខាន​មិន​បាន​អនុវត្ត​លើ​តាម​ការ​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នេះ​ទេ។

គណបក្ស​ជំទាស់​ធ្លាប់​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ស្មារតី​នេះ​ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​បាន​ឆ្លើយ​តប​ថា​មិន​មាន​ការ​ចាំបាច់។

នៅ​ពេល​ដែល​រដ្ឋា​ភិបាល​ប្រុងប្រៀប​បង្កើត​វេទិកា​សាធារណៈ​ដើម្បី​ទទួល​យក​មតិពី​ប្រជា​ពលរដ្ឋ​ ក្រុម​អាជ្ញាធរ​នៅ​តែ​បន្ត​រារាំងមិនឲ្យ​ក្រុម​ប្រជាជន​ធ្វើ​ការ​តវ៉ា​ចុះ​ដើរ​តាម​ទី​សាធារណៈ​ដូចជា​ករណីការ​រាំង​ខ្ទប់​បាតុកម្ម​របស់​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ​SL ​ក្នុង​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​នេះជាដើម។

ដូចនេះ​បើ​ទោះ​ជា​រដ្ឋា​ភិបាល​បើក​ទូលាយ​ឲ្យ​មាន​វេទិកា​សាធារណៈ ​ចំណោទ​នៅ​ត្រង់​ថា​តើប្រជា​ពលរដ្ឋនឹង​មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការជជែក​តវ៉ា​និង​ស្តី​បន្ទោស​លើ​មន្ត្រី​រដ្ឋាភិបាល​ឬ​មន្ត្រី​អាជ្ញាធរ​ជា​ចំហ​ឬទេ​នៅ​ពេល​ដែល​មន្ត្រី​ទាំង​នោះ​ធ្លាប់​បាន​សង្គ្រឺត​ធ្មេញ​ដាក់​ពួក​គេ​ ធ្លាប់​បាន​ចាត់​ការ​ពួក​គេ​តាម​ផ្លូវ​តុលាកា​រ ​ធ្លាប់​បាន​បង្រ្កាប​និង​រារាំង​ការ​តវ៉ា​របស់​ពួក​គេ​តាម​វិធី​ហិង្សា។

ហើយ​សំណួរ​ដដែល​នេះ​ថា​តើ​ប្រជាពលរដ្ឋ​នឹង​មាន​សេចក្តី​ក្លាហាន​ដែរ​ឬ​ទេ​នៅ​ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ដែល​ជាប់​ទាក់ទង​គ្នា​ដូច​សម្ល​កំពឹស​ពី​ក្បាល​ដល់​ចុង​ជើង​ជាមួយ​ក្រុមហ៊ុន​ឯក​ជន​មាន​ឥទ្ធិពល​ឬ​មន្ត្រី​មាន​អំណាច​ខ្លាំង​ដូចពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​កន្លង​មក។ ​ហើយ​ថា​តើ​រដ្ឋា​ភិបាល​ថ្មី​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​វះ​កាត់​ជំងឺ​នេះ​ដែរ​ឬ​ទេ?

លោក​យ៉ែម ​បុញ្ញឫទ្ធ ​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា​ប្រជា​ពលរដ្ឋ​មិន​ទាន់​បាត់​បង់​ការ​បាក់​ស្បាត​ទាំង​នោះ​នៅ​ឡើយ​ទេ។
«ខ្ញុំ​អត់​មាន​ជំនឿ​ថា​ប្រជា​ពលរដ្ឋ​ហ៊ាន​រិះ​គន់​ចំៗ​ជា​ចំហ​នៅ​ឡើយ​ទេ។​ពី​ព្រោះ​គាត់​នៅ​មាន​ការ​ភិត​ភ័យ​ពី​សុវត្ថិភាព​របស់​គាត់។​យើង​អាច​នឹក​ស្រម៉ៃ​ទៅ​ដល់​ការ​ដឹកនាំ​របស់​លោក​ស៊ូហាតូ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ​លោក​ស៊ូហាតូ​គាត់​ប្រើ​ពាក្យថា​សណ្តាប់​ធ្នាប់។ ​គ្រាន់​តែ​ពាក្យ​សណ្តាប់​ធ្នាប់​គាត់​ដើរ​បំភិត​បំភ័យ​រាស្ដ្រ​និង​សម្លាប់​អ្នក​ប្រឆាំង។​ដូច្នេះ​ការ​ភិតភ័យ​របស់​ប្រជា​ពលរដ្ឋ​នៅ​មាន។អញ្ចឹង​យើង​យល់​ឃើញ​ថា​ប្រហែល​ជា​មិន​មាន​ប្រសិទ្ធភាព​ទេ»។

មាន​ប្រសិទ្ធភាព​ឬ​មិន​មាន​នោះ​វា​ដូចជា​ខ្សែ​ទឹក​ដែល​នឹ​ងហូរ​ក្នុង​អំឡុង​ពេល​ប្រាំឆ្នាំ​ទៅ​មុខ​ទៀត។ ហើយ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​វេទិកា​នេះ​នឹង​ជួយ​ស្តារ​ការ​ទុកចិត្ត​ឡើង​វិញ​របស់​ក្រុម​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោតលើ​គណបក្ស​គ្រប់​គ្រង​ប្រទេស។​ប្រសិទ្ធភាព​នេះ​នឹង​ស្តែង​ឲ្យ​ឃើញ​តាម​រយៈ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​លើក​ក្រោយ​នេះ។

លោក​ផៃ ​ស៊ីផាន ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណ​រដ្ឋ​មន្ត្រី​រៀបរាប់​ថា​គោល​នយោបាយ​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ប្រសិទ្ធភាព​ដែល​ត្រូវ​បាន​អនុវត្ត​នា​ពេល​កន្លង​មក​ហើយ​វា​គឺ​ជា​ការ​ដោះស្រាយ​ដោយផ្ទាល់​បញ្ហា​ប្រឈម​នៅ​តាម​មូល​ដ្ឋាន។

«អ្នក​ទទួល​ខុស​ត្រូវ​ឈរ​ទល់​មុខ​គ្នា​ជាមួយ​មហាជន​ដែល​លោក​មិន​សប្បាយ​ចិត្ត​នោះ។​ដូច្នេះ​វេទិកា​នេះ​មិន​មែន​ស្ថិត​ក្នុង​ទិសដៅ​បង្កើន​ប្រជាប្រិយ៍ភាព​របស់​គណបក្ស​ប្រជាជន​ទេ​គឺ​បង្កើន​ប្រជាប្រិយ៍​ភាព​និង​ប្រសិទ្ធភាព​នៃ​ការងារ​របស់​រដ្ឋាភិបាល។​សម្តេច​បាន​លើក​ហើយ​ថា​ធ្វើ​នេះ​មិន​មែន​ក្នុង​នាម​គណបក្ស​ប្រជាជន​ទេ​គឺ​ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​ផ្តល់​សេវា​កម្ម​ប្រសើ​និង​មាន​ប្រសិទ្ធភាព​ជូន​មហា​ជន»។

ទោះជាយ៉ាងណា​រដ្ឋា​ភិបាល​មិន​ទាន់​កំណត់​ពេលវេលា​ជាក់​លាក់​ណា​មួយ​សម្រាប់​បើក​ឆាក​កម្មវិធី​វេទិកា​សាធារណៈឬ​វេទិកា​មន្ត្រី​រាជការ​ក្នុង​គណ​រដ្ឋមន្ត្រី​នោះ​ទេ។

លោក​ផៃ​ ស៊ីផាន សង្ឃឹម​ថា​វេទិកា​ទាំង​នេះ​នឹង​អាច​ចាប់​ផ្តើម​បាន​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត៕
XS
SM
MD
LG