ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កំពុង​រៀបចំ​ព្រាង​ច្បាប់​គ្រប់​គ្រង​អ៊ីនធ័រណិត


បណ្តាញ​សង្គម​ក្នុង​អ៊ីនធឺណិតហ្វេសប៊ុកកំពុង​មាន​ការពេញនិយម​ខ្លាំង​ក្នុង​ចំណោម​យុវជន​ខ្មែរ​នាពេលបច្ចុប្បន្ន។
បណ្តាញ​សង្គម​ក្នុង​អ៊ីនធឺណិតហ្វេសប៊ុកកំពុង​មាន​ការពេញនិយម​ខ្លាំង​ក្នុង​ចំណោម​យុវជន​ខ្មែរ​នាពេលបច្ចុប្បន្ន។
ដោយ៖ នៅ វណ្ណារិន
ភ្នំពេញ៖ ស្រប​ពេល​ដែល​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិតដើម្បី​ដាក់​កំហិត​ការ​ផ្សាយ​ព័ត៌មាន​ណា​ដែល​រដ្ឋាភិបាល​យល់​ថា ប្រាសចាក​ការណ៍​ពិត និង​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​សង្គមជាតិ។ ប៉ុន្តែ​ក្រុម​សកម្មជន និង​បក្ស​ប្រឆាំង​យល់ថា វា​គឺ​ជា​វិធានការ​ឈាន​ទៅ​បំបិទ​សេរីភាព​ព័ត៌មាន​ដែល​នៅ​សេស​សល់​ចុង​ក្រោយនេះ។

លោក ឯក​ ថា អ្នក​នាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ប្រាប់​សំឡេង សហរដ្ឋអាមេរិក​ពី​ការ​រៀបចំ​ច្បាប់​នោះ​ថា៖

«[សេចក្តី​ព្រាង] ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​និងអេឡិកត្រូនិក​នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង‍»។
យុវជន​ខ្មែរ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​នៅក្នុង​ទី​ក្រុង​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១០។
យុវជន​ខ្មែរ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​នៅក្នុង​ទី​ក្រុង​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១០។

របាយការណ៍​មួយ​ពី​ក្រសួង​ប្រៃសណីយ​និងទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ប្រើ អ៊ីនធឺណិត​បាន​កើន​ដល់​១,៦៨លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១១​ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​ទៅ​មាន​ត្រឹមតែ ៣សែន២ម៉ឺន​នាក់​ប៉ុណ្ណោះ។ រីឯ​របាយការណ៍​ខ្លះ​របស់​ក្រុមហ៊ុនតាម​ដាន​បណ្តាញ​អ៊ីនធឺណិត​បញ្ជាក់​ថា អ្នក​ប្រើ​ប្រាស់​កម្ពុជា​មាន​ប្រហែល​៣,១​ភាគរយ​ប៉ុណ្តោះ។​

លោក​ឯក​ ​ថា ​ការពារ​ចំណាត់​ការ​របស់​របស់​រដ្ឋាភិបាល​ថា វា​មិន​មែន​ដើម្បី​ទប់​ស្កាត់​និន្នាការ​ដែល​កំពុង​រីក​ចម្រើន​នេះ ​និង​មិន​មែន​សម្រាប់​បំបិទ​សិទ្ធិ​ទទួល​ព័ត៌​មាន​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

«វា​មាន​ន័យថាយើងធ្វើនេះ​ដើម្បី​ទប់​ស្កាត់​ជន​អគតិ​ទាំង​ឡាយ​ណា​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​ប្រាស​ចាក​ពី​ការណ៍​ពិ​ត​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​សង្គម​ និង​ប្រទេស​ជាតិ»។

រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ធ្វើ​សេចក្តី​ព្រាង​មួយ​នេះ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំមក​ហើយ​ដោយ​ប្រមូល​ឯកសារ និង​បទពិសោធន៍​ពី​បណ្តា​ប្រទេស​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឈុន វ៉ាត​ អគ្គលេខា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មានវិទ្យា ដែល​ហៅ​កាត់​ថា (NiDA) ប៉ុន្តែ​មិន​បញ្ជាក់​ថា​ពេល​ណា​នឹង​រួចរាល់​ទេ។

«ការណ៍​ពិត​ទៅ​[សេចក្តីព្រាងច្បាប់] នេះ និង ផ្តោត​សំខាន់​លើ​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ យើង​កំពុងធ្វើ​ការសិក្សា​ច្បាប់​នេះ​ដោយ​ប្រមូល​យកឯ​កសារ​និង​បទពិសោធន៍ ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​និង​ក្នុង​តំបន់​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត [សេចក្តីព្រៀង] បឋម​មួយ»។

ទាក់​ទិន​ទៅ​នឹង​ច្បាប់​មួយ​នេះ​លោក​បាន​បន្ថែម​ទៀត​ថា​ ការ​បង្កើត​ច្បាប់​អ៊ីន​ធឺណិត​នេះ​គឺ​វា​ពិតជា​មានសារៈ​សំខាន់​ដើម្បី​ឈាន​ទៅ​ដល់​ការ គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ដ៏​ល្អ​ប្រសើរ ហើយ​ប្រឆាំង​នឹង​បទល្មើស​នៅ​លើ​បណ្តាញ​មួយ​នេះ​ ដែល​ប្រទេស​ផ្សេងៗ​ដូចជា បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប សឹង្ហបូរី និង​ម៉ាឡេស៊ី ដែល​មាន​ច្បាប់​នេះ​ហើយ។

«ប្រទេស​នានា​មាន​ច្បាប់​របស់​គេ។ មាន​ច្បាប់​គឺ​ប្រសើ​ជាង។ វា​នឹង​ជួយ​ឲ្យ​មាន​កា​គ្រប់គ្រង​អ៊ីនធឺណិត មួយ​ដ៏​ល្អ​ប្រសើរ ជាពិសេស​គឺ​បង្កា​បទល្មើស​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ទៀត​ផង»។

នៅ​ពេល​ដែល​ច្បាប់​អ៊ីនធឺណិត​ស្ថិត​ក្នុង​ដំណើរ​ការ​ព្រាង​នោះ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​បាន​សម្តែង​ការព្រួយ​បារម្ភ​របស់​ពួក​គាត់​អំពី ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត។

​កញ្ញា កែវ គូនីឡា អ្នក​សរសេរ​ ប្លុក​ក្នុង​អ៊ីនធឺណិត បាន​ប្រាប់​សំឡេង​សហរដ្ឋ​អាមេរិក​ថា កញ្ញា​បាន​បង្កើត​ប្លុក​ផ្ទាល់​ខួន​ចាប់​តាំងពី​ឆ្នាំ២០០៧​មក​ម្ល៉េះ​ដើម្បី​សរសេរ​ព័ត៌មាន​ផ្សេងៗ​ដែល​នាង​បាន​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។ សម្រាប់​កញ្ញា អ៊ីនធឺណិត ជា​បណ្តាញ​សង្គម ដែល​មាន​ភាព​ចាំ​បាច់​សម្រាប់​នាង​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន ទំនាក់​ទំនង​មិត្ត​របស់​នាង​នៅ​ក្នុង​និង ក្រៅ​ប្រទេស​និង​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ​ផ្សេងៗដើម្បី​បង្កើន​ចំណេះដឹង​ផ្ទាល់​ខ្លួន​ហើយ​ពុំ​គួរ​មាន​ការ​រឹត​ត្បិត​ទេ។

«អ៊ីនធឺណិត​វា​ប្រៀប​ដូចជា​បាយ​អញ្ចឹង ដែល​មាន​សារៈសំខាន់ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង និង​សង្គម​ក៏​ដូចជា​ប្រទេស​ជាតិ​ពីព្រោះ​អ្វីៗ​ទាំង​អស់​វា​នៅ​លើ​អ៊ីនធឺណិត។ ប្រសិន​បើ​យើង​ចង់​សិក្សា​ទំនាក​ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក៏​ធ្វើ​អ្វី​ផ្សេងៗ​យើង​ត្រូវ​ការ​ប្រព័ន្ធ​អ៊ីនធឺ ណិត»។
កញ្ញា កែវ គូនីឡា អ្នក​សរសេរ​ ប្លុក​ក្នុង​អ៊ីនធឺណិត

កញ្ញា​គូនីឡា​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​ទាំងអស់​គួរ​តែ​ពង្រឹង​ច្បាប់​ដែល​មាន​ស្រាប់​ជាមុន​សិន​ដើម្បី​ទប់​ស្កាត់​បទល្មើស​នានា​ដូចជា​ការ​ផ្សាយ​រូបភាព​អាសអាភាស​របស់​កុមារ​នៅ​លើ​ប្រព័ន្ធ​មួយ​នេះ​ជាជាង​ការបង្កើត​ច្បាប់​បន្ថែម​ទៀត​។

លោក ង៉ែត ម៉ូសេ ជា​អ្នក​សម្រប​សម្រួល​ផ្នែក​ទំនាក់​ទំនង​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ដែល​ហៅ​កាត់​ថា (CLEC) ហើយ​ក៏ជា​អ្នក​ប្រើប្រាស់​ប្លុក​មួយ​រូប​ផង​ដែរ បាន​និយាយ​ថា គាត់​ប្រើ​ប្រាស់​អ៊ីនធឺណិត​ប្រចាំ​ថ្ងៃ​សម្រាប់​កាងារ​របស់​គាត់ ក្នុង​ការ​ចែកចាយ​ព្រឹត្តិការណ៍​ព័ត៌មាន និង​ព័ត៌មាន​ផ្សេងៗ​ដល់​អ្នក​យក​ព័ត៌មាន អង្គការ​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ នៅ​ក្នុង និង​ក្រៅ​ប្រទេស។ ឥឡូវ​នេះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ក្លាយ​ជា «អ្នក​យក​ព័ត៌មាន​ប្រជាជន» ព្រោះ​អី​ពួក​គាត់​បាន​សរសេរ​និង​ចែក​រំលែក​ព័ត៌មាន​ជា​ច្រើន​ខុសៗ​នៅ​លើ​ប្រព័ន្ធ​មួយ​នេះ។

«វា​គឺ​ជា​ការ​ព្រួយបារម្ភ​មួយ ប្រសិន​បើ​ច្បាប់ អ៊ីនធឺណិត​នេះ បង្កើត​ឡើង​ដើម្បី​ធ្វើការ​រិតត្បឹត​ការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន​នោះ​ពីព្រោះ​ថា អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត បាន​កើន​ឡើង​ជាច្រើន។ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ហ្វេសប៊ុក ទ្វិតទ័រ និង​ប្លុក​បាន ក្លាយ​ជា​អ្នក​យក​ព័ត៌មាន​ប្រជាជន​ទៅ​ហើយៗពួកគាត់​បាន​បិទ​ផ្សាយ​ព័ត៌មាន​ផ្សេងៗដែល​គាត់​ចង់​បាន ប្រសិន​បើ​មាន​ការ​រិតត្បឹត​មួយ​នោះ ពួកគេ​នឹង​ក្រោក​ឡើង​តវ៉ា។ ប្រសិន​បើ​មាន​ការ​បង្កើត​ព័ត៌មាន​ជាច្រើន ហើយ​ទៅ​យើង​បិទ​ហ្វេសប៊ុក តើ​ប្រទេស​កម្ពុជា​នឹង​ទៅ​ជាអ្វី​ទៅ?»។

កាល​ពី​ឆ្នាំ​ទៅ​រដ្ឋាភិបាលបាន​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ទាំង​នោះ​បិទ​គេហទំព័រ​ប្លុក​មួយមាន​ឈ្មោះថា​ខេអាយមេឌា​ (KI Media) ​ដែល​មាន​និន្នាការ​គាំ​ទ្រ​គណបក្ស​ប្រឆាំង មិន​ឲ្យ​មើល​ឃើញ​នៅ​នៅ​កម្ពុជា ដែល​ធ្វើឲ្យ​មាន​ការរិះគន់​ជាច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល។

អ្នកស្រី សុខ ចិន្តា ប្រធាន​ក្រុមហ៊ុន មេគង្គណិត​បាន​មាន​ប្រសាសន៍​ថា៖
«ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​បង្កើត​ច្បាប់​នេះ ព្រោះថា​ព័ត៌មាន​នៅ​ក្នុង​អ៊ីនធឺណិត ក៏​ដូចជា​ព័ត៌មាន​នៅ​លើ​កាសែត​ដែរ ពូកគេ​មាន​សិទ្ធ​សរសេរ​ព័ត៌មាន ប៉ុន្តែ​វា​ត្រូវ​តែ​មាន​ភាព​ត្រឹម​ត្រូវ ។ សម្រាប់​ខ្ញុំ ខ្ញុំ​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នេះ ដើម្បី​ជៀស​វាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ។ ប្រសិន​បើ​រដ្ឋាភិបាលបង្កើត​ជា​គោលនយោបាយ​នេះ ពួក​យើង​នឹង​ធ្វើ​តាម»។

បណ្តាញទូរទស្សន៍ និង​វិទ្យុ​ភាគច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​គ្រប់​គ្រង​ ដែល​ធ្វើ​ឱ្យ​អ៊ីនធឺណិត​ក្លាយ​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​អ្នក​ដែល​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​នានា​បញ្ចេញ​ទស្សនៈ​របស់​គេ​បាន​បើ​ទោះ​បី​ជា​អ្នក​ដែល​ប្រើ​ប្រាស់ក្នុង​ស្រុកនៅ​មិន​ទាន់​ទូលំ​ទូលាយ​ក៏ដោយ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​គេហទំព័រ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាពល​រដ្ឋដែល ត្រូវ​បាន​បណ្តេញចេញ និងប្រជាពលរដ្ឋ​ដែល​រងផលប៉ះ​ពាល់​ពី​ក្រុម​ហ៊ុន​ស្ករស​នៅ​ខេត្ត​ចំនួន​បី​ត្រូវ​បាន​បើក​បង្ហាញ​ដល់​សាធារណជន ។

គេហទំព័រ​មួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ស្ករ​ប្រឡាក់​ឈាម» ដើម្បី​ទាមទារ​ឲ្យ​មាន ការ​ឈប់​ប្រើ​ស្ករ​ស​ដែល​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ពី​រោងចក្រ​ស្ករស​ទាំងនេះ​ដែល​បាន​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង។

លោក សេង សុខហេង នៃ​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​(CPN)​បាន​បញ្ជាក់​ថា៖
«វា​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់។ ទី​១​គឺ​យើង​អាច​ផ្សាយ​ព័ត៌មាន​បាន​ទូលាយ​ជាង​មុន​ ដូច្នេះ​មនុស្ស​គ្រប់​រូប​អាច​ចូល​មើល​បាន​ដោយសេរី​ ហើយ​មួយ​ទៀត ព័ត៌មាន​អាច​ស្ថិត​នៅ​បាន​យូ»។ លោក​សុខហេង​បាន​បន្ថែម​ទៀត​ថា «ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​មាន​ប្រសិទ្ធភាព និង​អាច​ទទួល​ចាប់​អារម្មណ៍​បាន​ច្រើន ហើយ​វា​អាច​ចែក​ចាយ​ព័ត៌មាន​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ផ្សេង បាន​យ៉ាង​ឆាប់​រហ័ស។ មក​ដល់​ពេល​នេះ យើង​បាន​បង្កើត​គេហទំព័រ​សហគមន៍​ចំនួន​បី​ទៅ​បួនហើយ ដូចជា​គេហទំព័រ​មួយ​នេះ គេហ​ទំព័រព្រៃ​ឡង់ និង​គេហទំព័រ​ផ្សេង​ទៀត​របស់​សហគមន៍ ដែល​មាន​អ្នក​ចូល​មើល​ជាច្រើន»។

ដោយ​ឡែក​លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​របស់​គណបក្សសម​រង្ស៊ី បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ថា​ជា «ការ​បំបិទ​ការ​រិះគន់​លើ​រដ្ឋាភិបាល» និង «រិតត្បឹត​សេរីភាព​នៃ​ការបញ្ចេញ​មតិ»​ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​មួយ​នេះ បាន​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ប្រព័ន្ធផ្សព្ធផ្សាយ​នៅ​កម្ពុជា។

«បន្ទាប់​បាន​គ្រប់គ្រង​ស្ថានីយវិទ្យុ និង​ទូរទស្សន៍​រួច​ហើយ ពួក គេ​ចង់​គ្រប់គ្រង​លើ​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ថែម​ទៀត។ ការ​និយាយ​ថា ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការផ្សព្វ ផ្សាយ​ព័ត៌មាន​មិន​ពិត​គឺ​គ្រាន់​តែ​ជា​លេស​មួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មូលហេតុ​នយោបាយ​ពិត​នេះ​គឺ​ធ្វើ​ការរិត​ត្បឹត​សិទ្ធិ​បញ្ចេញ​មតិ»។

លោក សុវណ្ណ បាន​បញ្ជាក់​ផង​ដែរ​ថា អ៊ីនធឺណិត​បាន​ចូល​រួម​ចំណែក​សំខាន់​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​ចែក​រំលែក​ និង ជាកន្លែង​មួយ​ដែល​អាច​ទទួល​ព័ត៌មាន​ដែល​ជាក់លាក់​បាន​សម្រាប់​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

បន្ទាប់​ពី​ការ​រត់​ភៀស​ខ្លួន​របស់​លោក សម រង្សី​ប្រធាន​គណបក្ស​សមរង្សីនា​ឆ្នាំ២០១០​មក​អ៊ីនធឺណិត​បាន​ដើរ​តួនាទី​យ៉ាង​ចាំបាច់​ក្នុង​ការ​ទំនាក់​ទំនង​រវាង ប្រធាន​គណបក្ស​រូបនេះ​ជាមួយ​នឹង​សមាជិក​របស់​ខ្លួន។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​សុវណ្ណ។

«​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​លោក​ប្រធាន​សមរង្ស៊ី​ក្នុង​ការ​ទំនាក់ទំនង ជាមួយ​នឹង​សកម្មជន​របស់​គណបក្ស​សមរង្ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះបី​ជា​លោក​ប្រធាន​មាន​ឧបសគ្គ​មិន​អាច​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​ក៏ យើង​នៅ​តែ​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​តាមរយៈ​វីដេអូ​បាន​ដែរ»។

ក៏​ប៉ុន្តែ​លោក ជាម យៀប តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​ប្រើ​ការ​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ និង​សកម្មជន​ដោយ​ផ្ទាល់​ជាជាង​ការ​ប្រើ​អ៊ីនធឺណិត។

លោកជាម យៀប​ ​ប្រៀបធៀប​អ៊ីនធឺណិត​ដូចជា​កាំបិត​ ដែល​មានមុខ​ពីរ​ដូច្នោះ​ដែរ​ដែល​ប្រើ​ប្រាស់​សម្រាប់​ទទួល​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​អស់នៅ​លើ​សកលលោក​ប៉ុន្តែ​ក៏​មាន​ផល​អាក្រក់​ដល់វប្បធម៌​ ការអប់រំ និង​ផ្នែក​ផ្សេង​ទៀត។
«ក្នុង​នាម​ខ្ញុំ​គឺ​ជា​តំណាងរាស្រ្ត​មួយ​រូប ខ្ញុំ​សូម​ធ្វើការ​គាំទ្រ​ដល់ [សេចក្តីព្រាង​ច្បាប់] នេះ ព្រោះថា​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​អាច​មាន​ច្បាប់​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​មួយ​ដ៏​ល្អ​ដើម្បី​ជៀស​វាង​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ផ្លូវ​ខុស​គន្លង​ប្រពៃណី ដែល​អាច​នាំ​ឲ្យ​មាន​ការ​រំលោភ​ច្បាប់​ និង​សិទ្ធិ​របស់​អ្នក​ដទៃ។ ឧទាហរណ៍​ដូចជា​ការ​ដាក់​ផ្សាយ​រួបភាព​អាស​អាភាស​នៅ​ក្នុង​ហ្វេសប៊ុក​ជាដើម។ ដូច្នេះ​យើង​ត្រូវការ​ច្បាប់​មួយ​ដើម្បី​គ្រប់គ្រង​វា»។

បណ្តាញ​សង្គម​ក្នុង​អ៊ីនធឺណិត​ដែល​មាន​ដូច​ជា​ ហ្វេសប៊ុក (Facebook) ទ្វីតធ័រ (Twitter) និង​ យូធូប (YouTube) ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​យុវជន​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ដែល​គេ​ហៅ​ឈ្មោះ​ថា​«បដិវត្តន៍​រដូវ​ផ្ការីក​អារ៉ាប់» ហើយ​បាន​ទម្លាក់​មេដឹក​នាំ​ប្រទេស​មួយ​ចំនួន។​ រីឯ​នៅ​កម្ពុជា​សកម្មជន​សេរីភាព​អ៊ីនធឺណិត​មួយ​ចំនួន​អះអាង​ថា ក្រុម​អ្នក​ប្រើ​ប្រាស់​អ៊ីនធ័រណិត​បាន​ចែកចាយ​ព័ត៌មាន​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការរំលោភ​ដីធ្លី​ប្រជាពលរដ្ឋ និង​អំពើ​ពុករលួយ​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG