ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុម័ត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹត​ត្បិត


រូបឯកសារ៖ មនុស្ស​ម្នាក់​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​បើក​ចូល​មើល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។
រូបឯកសារ៖ មនុស្ស​ម្នាក់​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​បើក​ចូល​មើល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​អនុក្រឹត្យ​ស្តីពី«ការ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឺណិតជាតិ» ខណៈ​មាន​ការ​ព្រួយ​បារម្ភអំពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ទូលំទូលាយដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​លើ​ប្រព័ន្ធ​អ៊ិន​ធឺណិត​និង​ការ​បិទ​គេហ​ទំព័រ​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

សង្គម​ស៊ីវិល​ក៏​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​រឹត​បន្តឹង​លើ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត ជាពិសេស​ទាក់​ទង​នឹង​ទិន្នន័យ​ឯកជនភាព​របស់​ពួកគេ។

អនុក្រឹត្យ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១។ អនុក្រឹត្យ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ផ្តល់​របាយ​ការណ៍​ពី​អ្នក​ផ្គត់ផ្គង់​អ៊ិនធឺណិត​ដល់​រដ្ឋាភិបាល និង​ផ្តល់​ការ​សហការ​ក្នុង​ការ​ចូលរួម​បង្រ្កាប​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់។

មាត្រា​១​នៃ​អនុក្រឹត្យ​នេះ​ចែង​ថា​ឯកសារ​ផ្លូវ​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុងគោល​បំណង​សម្រួល​និង​គ្រប់គ្រង​ការ​តភ្ជាប់​បណ្តាញ​អ៊ិនធឺណិត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព​នៃ​ការ​កៀរ​គរ​ចំណូល​ជាតិ ការ​ការពារ​សន្តិសុខ​ជាតិ និង​ការ​ថែរក្សា​របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​សង្គម។ អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រាល់​ប្រតិបត្តិការ​ហេដ្ឋារចនា​សម្ព័ន្ធ និង​បណ្តាញ និង​ប្រតិបត្តិការ​សេវា​អ៊ិនធឺណិត​នៅ​កម្ពុជា។

អនុក្រឹត្យ​នេះ​តម្រូវ​ឲ្យ​អ្នក​ផ្តល់​សេវា​អ៊ិនធឺណិត​ទាំង​អស់ សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និយ័តករ​ទូរគមនាគមន៍​កម្ពុជា និង​អាជ្ញាធរ​ក្នុង​ការ​ចាត់​វិធាន​ការ​ទប់​ស្កាត់ និង​កាត់ផ្តាច់​ចោល​រាល់​ការ​តភ្ជាប់​បណ្តាញ​ទាំង​ឡាយ​ណា ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព ចំណូល​ជាតិ របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ និង​បង្ការ​ទប់ស្កាត់ និង​បង្រ្កាប​បទល្មើស​នានា។ អនុក្រឹត្យ​ចែង​ថា​ប្រតិ​បត្តិ​ករ​នៃ​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ​អនុវត្ត​តួនាទី​និង​ភារកិច្ចផ្សេងៗ​ទៀត​តាម​ការ​ណែនាំ​របស់​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

អនុក្រឹត្យ​នេះ​ក៏​អនុញ្ញាត​ឲ្យ​ក្រសួង​ប្រៃសណីយ៍​និង​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ មាន​សិទ្ធិ​ត្រួត​ពិនិត្យ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បណ្តាញ និង​គ្រឿង​សម្ភារៈបរិក្ខារ​នៃ​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ​ក្នុង​ករណី​ចាំបាច់។ អនុក្រឹត្យ​ក៏​តម្រូវ​ឲ្យ​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទៀត ស្រប​តាម​តម្រូវការ​របស់​ក្រសួង។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ មាន​ប្រសាសន៍​ថាលោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ិនធឺណិត ក្នុង​ការ​ទាញ​យក​ទិន្នន័យ​ឯកជន ឬ​ក៏​បិទ​គេហទំព័រ​ព័ត៌មាន​ណាមួយ​ដែល​រដ្ឋាភិបាល​មិន​ពេញចិត្ត។

លោក​ប្រាប់​VOA​ថា​៖ «ខ្ញុំ​ជឿ​ថា​អនុក្រឹត្យ​នេះ វា​អាច​ជា​ហានិភ័យ​មួយ​ទៀត​បន្ថែម​ទៅ​លើបណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​សារ​តែ​នៅ​ពេល​ដែល​រដ្ឋាភិបាល​គាត់​មាន​ការ​គ្រប់គ្រង​ពេញលេញ​អ្វី​ដែល​អាច​ចែក​ចាយ​នៅ​លើ​បណ្តាញ​អ៊ិនធឺណិត។ អញ្ចឹង​មាន​ន័យ​ថា​ប្រសិន​បើ​រដ្ឋាភិបាលមាន​ចេតនា​ក្នុង​ការ​ចម្រោះ​ ឬក៏​បិទ​បាំង​នូវព័ត៌មាន​ណា​ដែល​គាត់​គិត​ថា​មិន​ល្អ​សម្រាប់​រដ្ឋាភិបាល»។

លោក​បន្ត​ថា​ការ​ចែង​អំពី​ការ​ផ្តល់​ព័ត៌មាន​ផ្សេងៗដល់​ក្រសួង តាម​ភាព​ចាំបាច់ មានភាព​ស្រពេចស្រពិល អាច​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ទាញ​យក​ព័ត៌មាន​ឯកជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់ ដែល​រដ្ឋាភិបាល​ចង់​បាន។

លោក​បន្ថែម​ថា៖ «ក្នុង​អនុក្រឹត្យ​ហ្នឹង គាត់​ប្រើ​ពាក្យ​ទូលាយ​បែប​ហ្នឹង អញ្ចឹង​កាល​ណា ប្រសិន​បើ​ក្រសួង​គាត់​ចង់​បាន​ព័ត៌មាន​អំពី​នរណា​ម្នាក់ ជា​លក្ខណៈ​ឯកជន អញ្ចឹង​គាត់​នឹង​មាន​សិទ្ធិ​ឬ​មាន​គតិយុត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទាមទារ​ព័ត៌មាន​ឯកជន ​របស់​អ្នក​ណា​ម្នាក់ ពី​ក្រុមហ៊ុន​អ៊ិនធឺណិត​ដែល​គាត់​បាន​ប្រើ​ប្រាស់​សេវា​របស់​ក្រុមហ៊ុន​ហ្នឹង»។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រាប់​VOA​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថាអនុក្រឹត្យ​នេះ​ធ្វើ​ឡើង​មិន​មែន​ក្នុង​គោល​បំណងរឹត​ត្បិត​សិទ្ធិ​សេរីភាពរបស់​អ្នកប្រើ​ប្រាស់​អ៊ិនធឺណិត ដោយ​ថា​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល គ្រាន់​តែ​ជា​ការ«និយាយ​ស្មានៗ»​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​VOA​ថា៖ «តាម​ពិត​ពួកគាត់​និយាយ​សុទ្ធតែ​ស្មាន​ទាំង​អស់។ គាត់​អត់​មាន​ដឹង​រឿង​ផង​គឺ​យើង​អត់​មាន​គ្រប់គ្រង​ទិន្នន័យ​ផង យើង​គ្រាន់​តែ​គ្រប់គ្រង​ចរាចរណ៍[អ៊ិនធឺណិត]​តើ។ ដូច​ផ្លូវ​ជាតិ​មួយអញ្ចឹង អ្នក​បើក​ឡាន គឺ​បើក​ឡាន​ទៅ​ទាំង​អស់ គឺ​យើង​មិន​មាន​គ្រប់គ្រង​ឡាន​ហ្នឹង ឡាន​ស្អីណា។ យើង​គ្រប់​គ្រង​តែ​ចរាចរណ៍​តើ កុំ​ឲ្យ​វា​ស្ទះ កុំ​ឲ្យ​វា​អី​តើ។ អ្នក​ដែល​និយាយ​ចេះ​តែ​និយាយ។ ចាំមើល​ខ្ញុំ​ ក្រោយ​ពី​បាន​ចេញ​ហើយ​[អនុក្រឹត្យ​ផ្លូវការ] ខ្ញុំ​មាន​ការ​ពន្យល់ ធ្វើ​ការ​ពន្យល់​សាធារណជន​មួយ»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ ពោល​គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ដោយ​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ិនធឺណិត​និង​បណ្ដាញ​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស បិទ​ការ​ចូល​អាន​វេប​សាយ​ព័ត៌មាន យ៉ាង​តិច​ចំនួន​១៥ ដែល​រិះគន់​រដ្ឋាភិបាល ក្នុង​នោះ​មាន​វេប​សាយVOA​ផង​ដែរ ក្រោម​ហេតុ​ផល​ថា«រំខាន​ដល់​ការ​បោះ​ឆ្នោត»។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ ដូចគ្នា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​នានា ដើម្បី​ចាប់​ទី​តាំងស្នាក់​នៅ​របស់​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល។

លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ឯករាជ្យ​ជំនាញ​សន្ដិសុខ​បច្ចេកវិទ្យា មាន​ប្រសាសន៍​ថា​ការ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ​នេះ គឺ​ដើម្បី​ធានា​ថាសេវា​អ៊ិន​ធឺណិត​ចូល​មក​ច្រក​តែ​មួយ ដែល​រដ្ឋ​អាច​គ្រប់គ្រង​បាន។ លោក​បន្ត​ថា​នេះជា​ជំហាន​ដំបូង​នៃ​ការ​បង្កើត​លិខិត​បទ​ដ្ឋាន​គតិយុត្តិ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​គ្រប់​គ្រង​ទិន្នន័យ​របស់​ប្រជា​ពលរដ្ឋ ការ​គ្រប់​គ្រង​សេវាកម្ម​អ៊ិនធឺណិត និង​សន្តិសុខ​ជាតិ។

បើ​ទោះ​ជា​មាន​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច និង​បន្ថែម​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​សម្រាប់​រដ្ឋាភិបាល លោក​បារម្ភ​អំពី​ការ​រក្សា​ទុក​ទិន្នន័យ​ឯកជនភាព​របស់​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​នៃ​ការ​រក្សា​ទុក​ទិន្នន័យ​ទាំង​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​កន្លែង​មួយ​ដែល​ខ្ញុំ​បារម្ភ​ដែរ​ វា​ទាក់ទង​ជាមួយ​ថា​តើ​ការ​ទុក​ដាក់​ទិន្នន័យ​ ត្រាហ្វិក​(traffic)​អ៊ិនធឺណិត​របស់​អ្នក​ប្រើប្រាស់​ហ្នឹង ថា​តើ​ពេល​ណានឹង​ត្រូវ​លុប​ចេញ​វិញ។ កន្លែង​ហ្នឹង​ដូច​អត់​បាន​បញ្ជាក់​ច្បាស់​ពី​ពេលវេលាដែល​កំណត់​ត្រូវ​លុប​ចេញ​ពី​កន្លែង​store[រក្សា]​ទុក»។

លោក ង៉ែត ម៉ូសេ បន្ថែម​ថា​តាម​រយៈ​អនុក្រឹត្យ​នេះ ប្រតិបត្តិករ​អ៊ិនធឺណិត នឹង​មាន​បន្ទុក​ច្រើន​ជាង​មុន ក្នុង​ការ​រៀបចំ​សម្ភារៈ រចនា​សម្ព័ន្ធ និង​ធនធាន​មនុស្ស​បន្ថែម​ក្នុង​ការ​រៀបចំ​តាម​តម្រូវ​ការ​របស់​រដ្ឋាភិបាល។

ទាក់​ទង​នឹង​ប្រព័ន្ធ​អ៊ិនធឺណិត​នេះ​ផង​ដែរ រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​នឹង​រឹត​បន្តឹង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម ជា​ពិសេស​ហ្វេសប៊ុក​ដែល​មាន​អ្នក​ប្រើប្រាស់​ជាង​១០​លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG