ប្រទេសកម្ពុជា និងនេប៉ាល់កំពុងដំណើរការផ្នែករដ្ឋបាលដើម្បីជំរុញការបង្កើតជើងហោះហើរត្រង់កម្ពុជា-នេប៉ាល់និងបើកស្ថានទូតនៃប្រទេសទាំងពីរក្នុងគោលដៅពង្រឹងសហប្រតិបត្តិការទ្វេរភាគី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះ។
ការប្តេជ្ញាជំរុញឲ្យមានជើងហោះហើរត្រង់ និងបើកស្ថានទូតទៅវិញទៅមករបស់ប្រទេសទាំងពីរនេះធ្វើឡើងក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តីប្រទេសនេប៉ាល់ខាត់ហ្គា ប្រាសាត សាម៉ា អូលី (Khadga Prasad Sharma Oli) មកបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា។ ទស្សនកិច្ចរបស់លោកបានបិទបញ្ចប់នៅថ្ងៃពុធនេះ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ដំណើរការរៀបចំបង្កើតឲ្យចេញជារូបរាងនូវជើងហោះហើរត្រង់រវាងកម្ពុជានិងនេប៉ាល់និងការបង្កើតស្ថានទូតនៃប្រទេសទាំងពីរកំពុងស្ថិតក្នុងកម្រិតរដ្ឋបាលនៃប្រទេសរៀងៗខ្លួន។
លោកផៃ ស៊ីផានបញ្ជាក់ថា ប្រសិនបើប្រទេសទាំងពីរបង្កើតស្ថានទូត និងបង្កើតជើងហោះហើរត្រង់រៀងខ្លួន នោះនឹងជំរុញផលប្រយោជន៍ផ្នែកសហការការទូត និងពាណិជ្ជកម្ម។
«ការងារទូតជាការងារទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ហើយជាគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនហ្នឹង សមាហរណកម្មជាមួយនឹងតំបន់ក៏ដូចជាប្រទេសនានានៅក្នុងសកលលោក អាហ្នឹងដើម្បីសម្រួលពាណិជ្ជកម្ម សម្រួលការងារអីដទៃទៀត»។
ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ថា តើការបង្កើតឲ្យមានជើងហោះហើរត្រង់និងការបើកស្ថានទូតនេះនឹងចាប់ផ្តើមពេលណាឲ្យប្រាកដនៅឡើយ។
កម្ពុជា និងនេប៉ាល់ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៦៤មក ប៉ុន្តែទំនាក់ទំនងនេះត្រូវផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ យ៉ាងណាក្តី ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានភ្ជាប់ឡើងវិញ នៅខែកញ្ញាឆ្នាំ១៩៩៩។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់នាយករដ្ឋមន្រ្តីនេប៉ាល់នៅថ្ងៃពុធនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនោះ។
សេចក្តីថ្លែងការណ៍រួមបានបង្ហាញពីការប្តេជ្ញាចិត្តរូមនៃប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជានេប៉ាល់ក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ។
សេចក្តីថ្លែងការណ៍រួមនោះបានបង្ហាញពីសារៈសំខាន់នៃការភ្ជាប់ជើងហោះហើរត្រង់ ដែលនឹង«មានសារៈសំខាន់ក្នុងការជំរុញធុរកិច្ច និងទេសចរណ៍»។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងនេប៉ាល់ឯកភាពថា គួរសហការជិតស្និទលើវេទិកាតំបន់ អន្តរជាតិ និងសហប្រជាជាតិដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍដោយចីរភាព និងវិបុលភាព។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានកត់សម្គាល់ក្នុងគេហទំព័ររបស់វិទ្យាស្ថានថា ក្នុងន័យនយោបាយ និងយុទ្ធសាស្ត្រ បណ្តាប្រទេសទន់ខ្សោយនៅក្នុងតំបន់ ដូចជាកម្ពុជា នេប៉ាល់ ឬក៏ភូមាជាដើម កំពុងតែខំប្រឹងរួបរួមគ្នាដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ ខណៈប្រទេសទាំងនេះមានស្ថានភាពប្រហាក់ប្រហែលគ្នា ហើយរងសម្ពាធពីខាងក្រៅដូចគ្នា។
ពាក់ព័ន្ធនឹងបំណងជំរុញឲ្យមានជើងហោះហើរត្រង់ និងការបើកស្ថានទូតនៃប្រទេសទាំងពីរលោកបណ្ឌិតឈាង វណ្ណារិទ្ធប្រាប់ VOA ថា ប្រទេសទាំងពីរអាចចាប់ផ្តើមការសាកល្បងការហោះហើរត្រង់បាន ប៉ុន្តែលោកថា ការហោះហើរនេះមិនអាចធ្វើបានជារៀងរាល់ថ្ងៃនោះទេ។
លោកឈាង វណ្ណារិទ្ធក៏បានបញ្ជាក់អំពីផលប្រយោជន៍នៃការបើកស្ថានទូតរវាងប្រទេសទាំងពីរថា៖
«ការបង្កើតស្ថានទូតហ្នឹងវាមិនត្រឹមតែជួយខាងសេដ្ឋកិច្ចទេ ក៏ជួយផ្នែកវប្បធម៌ដែរ។ ការទំនាក់ទំនងប្រជាជនហ្នឹងឲ្យស្គាល់គ្នា។ ព្រោះអីខ្មែរយើងទៅគោរពកន្លែងព្រះកើតហ្នឹង ទៅទេសចរណ៍លក្ខណៈសាសនាហ្នឹង ខ្មែរយើងក៏ចាប់អារម្មណ៍ទៅនេប៉ាល់ច្រើនដែរ។ អ៊ីចឹងទេបើមានស្ថានទូតអីហ្នឹងក៏អាចផ្សព្វផ្សាយអំពីពុទ្ធសាសនា Cultural, Civilization Exchange [ការផ្លាស់ប្តូរវប្បធម៌ ផ្លាស់ប្តូរអរិយធម៌] ផ្លាស់ប្តូរគ្នាទៅវិញទៅមកក៏ជាការល្អដែរ»។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងនេប៉ាល់នៅមានចំនួនតិចតួចនៅឡើយ។ ចាប់ពីឆ្នាំ២០១៤រហូតដល់រយៈពេល៦ខែឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត១៧ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះការផ្លាស់ប្តូរមុខទំនិញគ្នាភាគច្រើនគឺជុំវិញទំនិញជាសម្លៀកបំពាក់និងវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់៕