នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោកខាត់ហ្គា ប្រាសាត សាម៉ា អូលី (Khadga Prasad Sharma Oli) បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលបីថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក អូលី ត្រូវជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អធិប្បាយតាមទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះដែរថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី មកកាន់កម្ពុជានាពេលនេះ «នឹងពង្រឹងនូវចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់មកកាន់កម្ពុជាថ្ងៃនេះគឺដើម្បី «ពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ»។
លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី ចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលបួនថ្ងៃកាលពីថ្ងៃទី៩ ខែឧសភា មុននឹងមកដល់ប្រទេសកម្ពុជា។
នេះជាលើកទីមួយហើយដែលលោកនាយករដ្ឋមន្ត្រី អូលី មកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់តាំងពីលោកបានឡើងកាន់អំណាចជាថ្មីកាលពីខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចនេះលោកនឹងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។
ពុំមានសេចក្តីរាយការណ៍ស្តីពីគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយរវាងប្រទេសទាំងពីរនោះទេ។
កាលពីខែធ្នូ ឆ្នាំ ២០១៨ កម្ពុជា និងនេប៉ាល់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈចំនួនបួន រួមមាន កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត និងផ្លូវការ កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសប្រទេសទាំងពីរ និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ រហូតដល់ល្ងាចថ្ងៃចន្ទនេះ។
ក្រុមអ្នកតាមដានកិច្ចការនយោបាយកម្ពុជាធ្លាប់បានអធិប្បាយជាមួយ VOA ថាទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលប្រទេសនេប៉ាល់ ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការគាំទ្រនយោបាយទាំងទ្វេភាគី និងសម្រាប់លើឆាកអន្តរជាតិ៕