ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​បង្ហាញ​​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ដល់​នេប៉ាល់


នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​លោក ​ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី (Khadga Prasad Sharma Oli)  ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​សណ្ឋាគារសុខា​ភ្នំពេញ​នៅ​​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩។​ (Facebook/Samdech Hun Sen, Cambodian Prime Minister)
នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​លោក ​ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី (Khadga Prasad Sharma Oli)  ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​សណ្ឋាគារសុខា​ភ្នំពេញ​នៅ​​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩។​ (Facebook/Samdech Hun Sen, Cambodian Prime Minister)

ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​នោះ​ ​លោក​នាយក​រដ្ឋមន្រ្តី​​ហ៊ុន សែន​បាន​លើកពី​សក្តានុពល​សំខាន់ៗ​ចំនួន​បួន​ដើម្បី​ទាក់​ទាញ​អ្នក​វិនិ​យោគ​ពី​ប្រទេស​នេប៉ាល់។

ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​ ការ​បើក​ចំហសេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ដោយ​គ្មាន​ការ​រើសអើង ​កម្លាំង​ពលកម្មមាន​ភាព​សម្បូរ​បែប​និង​វ័យ​ក្មេង​ ហើយកម្ពុជា​ស្ថិត​លើ​ទីតាំងយុទ្ធសាស្ត្រនៃតំបន់​អាស៊ាន។​ នេះ​គឺ​ជា​សារ​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រីហ៊ុន សែន​ដើម្បី​ស្រូប​យកចំណាប់​អារម្មណ៍​ពីក្រុម​អ្នក​ជំនួញរបស់​ប្រទេស​នេប៉ាល់ក្នុងវេទិកាធុរកិច្ច​កម្ពុជា-នេប៉ាល់​នៅ​រាជធានីភ្នំពេញ​ នា​ថ្ងៃ​អង្គារ​នេះ។​

«ក្នុង​នាម​រាជ​រដ្ឋាភិបាល​ ​ខ្ញុំ​សូម​ធានា​ជូនអ្នក​វិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន​គ្រប់​បែប​យ៉ាង​ដែ​ល​អនុគ្រោះ​និង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ ​ពិសេសគឺ​សន្តិភាព ​សន្តិសុខ ​និង​ស្ថិរភាព​នយោបាយ ​ក៏​ដូចជា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ក្រប​ខណ្ឌ​ច្បាប់​និង​ស្ថាប័ន​ដែល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ តម្លាភាព​ គណ​នេយ្យ​ភាព​និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន»។​

វេទិកា​ធុរកិច្ច​កម្ពុជា​នេប៉ាល់​ធ្វើ​ឡើង ​ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​ លោកខាត់ហ្គា ប្រាសាត​ សាម៉ា អូលី​(Khadga Prasad Sharma Oli)កំពុង​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​កម្ពុជា​ឈាន​ដល់​ថ្ងៃ​ទី​២នៅ​ថ្ងៃ​នេះ។​

វេទិកា​ធុរកិច្ច​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​នៃប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេសកម្ពុជា​និង​នេប៉ាល់និង​មាន​ការ​ចូលរួម​ដោយ​ក្រុម​ពាណិជ្ជ​ករ​ធំៗ​នៃ​ប្រទេស​ទាំង​ពីរ។​

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​ទៅ​កាន់​ធុរកិច្ច​ជន​កម្ពុជា​ ដោយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​កម្ពុជា​ឲ្យ​ពិចារណា​ប្រទេស​នេប៉ាល់​ជាគោលដៅ​នៃ​ការ​បណ្តាក់​ទុក​រក​ស៊ីរបស់​ខ្លួន​ផង​ដែរ។​

ដោយ​ឡែក ​លោកខាត់ហ្គា ប្រាសាត​ សាម៉ា អូលី ​នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់ ថ្លែង​ថា​ លោកស្វាគមន៍​អ្នក​វិនិយោគ​បរទេសទៅកាន់​ប្រទេស​របស់​លោក។​ដំណាល​គ្នានេះ​ ​លោក​បានអំពាវ​នាវ​ដល់​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​កម្ពុជា​ឲ្យ​ស្វែង​រក​ឱកាស​ធុរកិច្ច​នៅ​ប្រទេស​នេប៉ាល់។​

លោក​អូលី​នឹង​ត្រូវ​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​លោក​នៅ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​កម្ពុជា ​និង​នេប៉ាល់បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ចំនួន​ពីរ​គឺកិច្ច​ព្រម​ព្រៀង​ស្តីពី​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ និង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​សភា​ពាណិជ្ជ​កម្ម​នេប៉ាល់ និង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា។ ​ក្រៅ​ពី​នោះ​កម្ពុជា​ និង​នេប៉ាល់​ក៏​កំពុង​ពិចារណា​បង្កើត​ឲ្យ​មាន​ស្ថានទូតនៃ​ប្រទេស​ទាំង​ពីរ​ប្រចាំ​ប្រទេស​រៀងៗ​ខ្លួន​ និង​ចង់​ឲ្យ​បង្កើត​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ផង​ដែរ។​ ប្រទេស​នេប៉ាល់​ និង​កម្ពុជាពុំ​មាន​ស្ថានទូត​រៀង​ខ្លួន​ចាប់​តាំង​ពី​អំឡុង​ពេល​ដែល​កម្ពុជាមាន​សង្គ្រាម​ស៊ីវិល​ដ៏​តាន​តឹង។​

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​កិច្ចការ​តំបន់ ​ប្រាប់ ​VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ អ្នក​វិនិយោគ​ពី​កម្ពុជាអាច​មាន​លទ្ធភាព​ក្នុង​ការ​វិនិយោគ​ផ្នែក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ទេសចរណ៍​ នៅ​ប្រទេស​នេប៉ាល់។ ​លោកបន្ត​ថា​ អ្នក​វិនិយោគ​នេប៉ាល់​អាច​នឹង​មាន​លទ្ធភាព​វិនិយោគ​ជាមួយ​កម្ពុជា​តាម​របៀប​សហ​ប្រតិបត្តិការ​ប៉ុណ្ណោះ។​

«សហគ្រិន​ភាព​របស់​នេប៉ាល់​មើល​ទៅ​នៅ​ទាប​ជាង​ខ្មែរ​ ​ក៏​ប៉ុន្តែ​វា​អាច​ជា Join Venture​ ណា​មួយ​ជាមួយ​គ្នា​បាន​ បើ​យើង​មើល​ទៅ។ ​ក៏​ប៉ុន្តែ​ ​បើ​និយាយ​ពី​សក្តានុពល​ ​វា​នៅ​ទាប​នៅ​ឡើយ។​ និយាយ​ឲ្យ​ចំ​ទៅ​ ដូច​ភូមា​អ៊ីចឹង។ ភូមា​ជាមួយ​យើង​ ​សក្តានុពល​ហ្នឹង​នៅ​មាន​កម្រិត​ទាប។​ ប៉ុន្តែ​ជា​ចំណុច​ចាប់​ផ្តើម​មួយ។​ អាហ្នឹង​ជា​របត់​ថ្មី​មួយ​ដែរ ​លំហូរ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ក្រ​និង​ប្រទេស​ក្រ»។​

ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាងកម្ពុជា​និង​នេប៉ាល់នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ​ចាប់​ពី​ឆ្នាំ​២០១៤​រហូត​ដល់រ​យៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៨​ ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ជិត​១៧​ម៉ឺន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​នេប៉ាល់​មាន​ជាង​១២​ម៉ឺន​ដុល្លារ​ ហើយ​កម្ពុជា​នាំចូល​ពី​នេប៉ាល់​មក​វិញ​មាន​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក។ ​ការ​ផ្លាស់​ប្តូរ​មុខ​ទំនិញ​គ្នា​ភាគ​ច្រើន​គឺទំនិញ​សម្លៀក​បំពាក់​ និង​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​សម្លៀក​បំពាក់។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។​

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៨ ​កម្ពុជានិង​នេប៉ាល់បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ និង​អនុស្ស​រណៈ​ចំនួន​បួន​ រួម​មាន​ កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​លើក​លែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លង​ដែន​ការទូត​ និង​ផ្លូវការ​ កិច្ច​ព្រម​ព្រៀង​ស្តីពី​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​ការ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការ​បរ​ទេស​ប្រទេស​ទាំងពីរ​ ​និង​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌៕​

XS
SM
MD
LG