ក្រុមអ្នកជំនាញខាងអង្គការក្រៅរដ្ឋាភិបាលបានរកឃើញថា មិនមានតម្លាភាពគ្រប់គ្រាន់ក្នុងគ្រប់គ្រងថវិកាជាតិនោះទេ ស្របពេលដែលប្រទេសក្រីក្រនេះនៅពឹងផ្អែកលើជំនួយបរទេសយ៉ាងតិច២៧ភាគរយនៃថវិកាជាតិសរុបប្រចាំឆ្នាំ។
ថ្លែងក្នុងសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធ លោក កាន់ គន្ធវិបុល អ្នកសម្របសម្រួលគម្រោងថវិកាជាតិរបស់វេទិកាអង្គការមិនមែនរដ្ឋាភិបាលបានរកឃើញថា របាយការណ៍តម្លាភាពថវិការបស់រដ្ឋាភិបាលមានកម្រិតទាប។
«ព័ត៌មានអំពីតម្លាភាពថវិកានៅមានកម្រិត ឯកសារដែលបោះពុម្ពរួចនៅខ្វះភាពគ្រប់ជ្រុងជ្រោយនៅឡើយ។ របាយការណ៍ខ្លះបានរំលងពីពេលមួយទៅពេលមួយ ឬរំលងរាប់ឆ្នាំ»។
អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលបានរកឃើញថា ការបែងចែកកញ្ចប់ថវិកាជាតិមិនមានភាពច្បាស់លាស់ទៅតាមអាទិភាពនៃក្រសួងនិមួយៗទេ។ ជាក់ស្តែងក្រសួងសម្រាប់ធានាដល់កិច្ចអភិវឌ្ឍន៍សង្គមមិនបានទទួលថវិកាសមស្របនោះទេ។ រីឯក្រសួងដែលបម្រើឲ្យវិស័យសង្គមនិងផ្នែកសន្តិសុខទទួលបានកញ្ចប់ថវិកាខ្ពស់។
«វិស័យសង្គមកិច្ចបានទទួលច្រើនជាងគេក្នុងឆ្នាំ២០១៤គឺជាង៣៨ភាគរយ។ ប៉ុន្តែវិស័យនេះមាន៩ក្រសួង។ ដោយឡែកវិស័យសេដ្ឋកិច្ចមានរហូតដល់ដប់ក្រសួង តែទទួលបានតែ៨,៥ភាគរយប៉ុណ្ណោះនៃថវិកាជាតិនេះ រីឯវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលមិនមែនជាអាទិភាពនៃកិច្ចអភិវឌ្ឍន៍ជាតិ ទទួលបានជាង២០ភាគរយដែរ»។
យោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលដដែលបានបង្ហាញឲ្យថា ក្រសួងគន្លឹះមួយចំនួន ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម ក្រសួងធនធានទឹកទទួលបានថវិកាធ្លាក់ចុះ រាប់គិតពីឆ្នាំ២០១២រៀងមក។
ដោយឡែកក្រសួងអប់រំ យុវជននិងកីឡាទទួលបានចំណែកថវិកាចំនួន១៦ភាគរយសម្រាប់ឆ្នាំ២០១៤គឺជាក្រសួងដែលទទួលបានចំណែកថវិកាច្រើនជាងគេបំផុត។ បន្ទាប់មកគឺក្រសួងការពារជាតិ ដែលទទួលបាន១៣,៦ភាគរយ ហើយឈរនៅលំដាប់ទី៣នោះគឺក្រសួងមហាផ្ទៃដែលទទួលបាន៩,១ភាគរយ។
ជាមួយគ្នានេះ ចំណូលថវិការដ្ឋបានមកពីការទារពន្ធ និងចំណូលក្រៅពីការទារពន្ធមានជាង៧០ភាគរយនៃថវិកាជាតិ ហើយ២៧,២ភាគរយនៃថវិកាជាតិបានពីប្រទេសម្ចាស់ជំនួយ។
លោក ប៉ែន រក្សា ប្រធានកម្មវិធីសម្ព័ន្ធភាពនិងភាពជាដៃគូរបស់អង្គការតម្លាភាពកម្ពុជាដែលធ្វើការសម្របសម្រួលក្នុងកិច្ចពិភាក្សាមួយក្នុងសិក្ខាសាលាកាលពីម្សិលមិញថ្លែងថា ព័ត៌មានអំពីចំណូលរបស់រដ្ឋនៅមានកម្រិត។
«ព័ត៌មានអំពីចំណូលនៅមានកម្រិតតិចតួចនៅឡើយ ដូចជាចំណូលពីរ៉ែ ព្រៃឈើ ឬក៏ដីធ្លីជាដើម។ ហើយចំណាយមិនគ្រោងទុកមិនច្បាស់លាស់ទៀត»។
ដោយឡែកលោកផៃ ស៊ីផាន រដ្ឋលេខាធិកានិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានស្តីបន្ទោសទៅវិញថា មន្ត្រីសង្គមស៊ីវិលមិនបានស្រាវជ្រាវឲ្យបានច្រើនអំពីបញ្ហានេះទេ។
«អង្គការសង្គមស៊ីវិល ដែលលោកលើកឡើងនោះប្រាសចាកពីការណ៍ពិត។ យើងឃើញថា ការប្រជុំកាលពីពីរសប្តាហ៍កន្លងមកគឺគម្រោងចំណាយសម្រាប់ថវិកាជាតិគឺទាន់ពេលវេលា។ ប្រហែលជាសង្គមស៊ីវិលលោកមិនបានយល់អំពីសាច់រឿងនេះ។ ហើយយើងចាយប៉ុន្មាន និងគម្រោងប៉ុន្មានមានទាំងអស់។ ក្រសួងសេដ្ឋកិច្ចមានគេហទំព័ររបស់ខ្លួនស្រេច ក្រសួងផែនការក៏មាន។ ហើយរដ្ឋសភាក៏មានឯកសារទាំងនោះដែរ»។
កាលពីថ្ងៃអង្គការ អង្គការតម្លាភាពកម្ពុជាបានរកឃើញថា ស្ថាប័នរដ្ឋជាច្រើនខ្វះសុចរិតភាពនៅក្នុងអភិបាលកិច្ចរបស់ខ្លួន ហើយស្ថាប័នតុលាការនិងស្ថាប័នអនុវត្តច្បាប់មានបញ្ហានេះធ្ងន់ធ្ងរជាងគេ។ ដោយឡែកវិស័យដីធ្លីនិងការគ្រប់គ្រងធនធានធម្មជាតិបង្កឲ្យមានអំពើពុករលួយធំបំផុតនៅកម្ពុជា។
នៅក្នុងច្បាប់ហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨ មាត្រាទី៤បានចែងអំពីតម្លាភាព និងមាត្រាទី៨៤បាននិយាយអំពីរបាយការណ៍ហិរញ្ញវត្ថុទាំងថ្នាក់ជាតិនិងក្រោមជាតិ ដែលត្រូវបង្ហាញជាសាធារណៈ។
ដោយឡែកកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈទទួលស្គាល់ពីសារៈសំខាន់នៃការចេញព័ត៌មានអំពីថវិកា និងទំនាក់ទំនងជាមួយសាធារណជនតាមរយៈរបាយការណ៍ថវិកានេះផងដែរ។
ក៏ប៉ុន្តែក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលលើកឡើងថា មានការបង្ហាញអំពីតម្លាភាពថវិកាតិចតួចតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយមិនមានភាពទៀងទាត់ជាក់លាក់ទៀតផង។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីតម្លាភាពថវិកាកាលពីថ្ងៃពុធដែរ លោក Christian Provoost ភារធារីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូសហភាពអឺរ៉ុប បានលើកឡើងថា កម្ពុជាពិតជាត្រូវការថវិកាជំនួយពីបរទេសចំនួនជាង២៧ភាគរយជារៀងរាល់ឆ្នាំ ប៉ុន្តែមានសញ្ញាវិជ្ជមានថា កម្ពុជាអាចនឹងឈប់ពឹងផ្អែកបរទេសក្នុងវិស័យថវិកា នៅក្នុងរយៈពេលដប់ឆ្នាំខាងមុខ។
«ពិតប្រាកដហើយនេះគឺជាអ្វីដែលសហគមន៍អន្តរជាតិផ្តល់ជំនួយដល់ថវិកាជាតិ ដោយសារមានមូលហេតុច្រើនយ៉ាង មូលហេតុទី១ដោយសាររដ្ឋាភិបាលកម្ពុជា ជាជំហានៗ បានបង្កើនថវិកាចំណូល។ ហើយជាជំហានៗ ប្រទេសម្ចាស់ជំនួយកំពុងផ្ទេរពីប្រាក់ជំនួយទៅជាប្រាក់កម្ចីកាន់តែច្រើន។ ហើយនៅក្នុងរយៈពេលដប់ឆ្នាំទៅមុខទៀតគឺជាពេលវេលាសមរម្យដែលកម្ពុជានឹងឈប់ស្នើសុំជំនួយបរទេសទៀត ដោយសារកម្ពុជាអាចធានាការគ្រប់គ្រងឱនភាពថវិកាដោយខ្លួនឯងបាន»។
ជាមួយគ្នានេះ លោកស្រី Leah April អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈ បានផ្តល់យោបល់ឲ្យមានការព្យាយាមតាមដានតម្លាភាពថវិកាជាតិតាមប្រព័ន្ធគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕