រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការប្រាក់ធនបត្រ ឬប្រាក់រៀលប្រភេទ ២ម៉ឺនរៀល គំរូថ្មីដែលមានរូបព្រះមហាក្សត្រខ្មែរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឈានចូល ៦៦ព្រះវស្សា នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយបន្តដោយអង្គភាពព័ត៌មានក្នុងស្រុកនៅថ្ងៃពុធនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជាដែលមិនមានចុះកាលបរិច្ឆេទ បានបញ្ជាក់ឲ្យដឹងតាមន័យដើមថា «រដ្ឋាភិបាលបានអនុញ្ញាតឲ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនបត្រប្រភេទ ២០.០០០រៀល គំរូថ្មីធ្វើចរាចរ និងប្រើប្រាស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួច»។
យោងតាមការប្រកាសដាច់ដោយឡែកមួយទៀតចេញផ្សាយដោយធនាគារជាតិកម្ពុជាដដែល និងដែលត្រូវបានចុះហត្ថលេខា ដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា បានពន្យល់ថា ទំហំធនបត្រប្រភេទ ២០.០០០រៀល គំរូថ្មី មានទំហំបណ្ដោយ ១៥៥ម.ម. និងទទឹង ៧២ម.ម. និងមានពណ៌ចម្បង គឺពណ៌ស៊ីជំពូ ពណ៌ឈូក និងពណ៌ត្នោត។ ក្រដាសប្រាក់រៀល ២០.០០០គំរូថ្មី មានលក្ខណៈសម្គាល់ផ្សេងៗទៀត តែចំណុចដែលសំខាន់នោះ គឺក្រដាសប្រាក់ថ្មីនេះ មានភ្ជាប់នូវព្រះឆាយាល័ក្ខណ៍សម្លឹងចុះក្រោមនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា បានលើកឡើងក្នុងសេចក្តីប្រកាសនោះ ដោយស្នើឲ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នផងដែរ ក្នុងពេលប្រើប្រាស់។
លោកបានសរសេរក្នុងអត្ថន័យដើមថា៖
«ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនបត្រប្រភេទ ២០.០០០រៀលគំរូថ្មី ត្រូវបានដាក់ឲ្យធ្វើចរាចរណ៍ទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយរួចមកហើយ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ-សម្គាល់ធនបត្រគំរូថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភ័ន្តច្រឡំ»។
ប្រទេសកម្ពុជាត្រូវគេដឹងថា កំពុងប្រឈមនឹងការប្រើប្រាស់សាច់ប្រាក់ជាច្រើនប្រភេទក្នុងពេលបច្ចុប្បន្ននេះ។ គេសង្កេតឃើញបា្រក់ដុល្លារមានឥទ្ធិពលក្នុងទីផ្សារកម្ពុជា ប្រាក់បាតរបស់ថៃ ប្រាក់គីបរបស់ឡាវ និងប្រាក់ ដុងរបស់វៀតណាមក៏មានឥទ្ធិពលក្នុងការទូទាត់ថ្លៃទំនិញនៅតាមតំបន់ព្រំដែនជាប់ប្រទេសទាំងនោះដែរ។
ក៏ប៉ុន្តែសេដ្ឋវិទូកម្ពុជា បានមើលឃើញពីស្ថានភាពនឹងននៃតម្លៃប្រាក់រៀល ដែលបានធ្វើចរាចរណ៍នៅក្នុងទីផ្សារ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ទោះបីជា ប្រាក់រៀលនៅមិនទាន់អាចជំនួសប្រាក់ដុល្លារបាន សម្រាប់ការនាំចេញ និងនាំចូលទំនិញធំៗក្តី។
ជាងនេះទៅទៀត យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្តីពីការឲ្យចរាចរប្រាក់រៀលឡើងវិញពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា តំណាងភាគីពាក់ព័ន្ធមកពីក្រុមហ៊ុន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានលើកឡើងពីកំណើនគួរឲ្យកត់សម្គាល់នៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការអាជីវកម្ម នារយៈពេលមួយទសវត្សរ៍ចុងក្រោយ។
សេចក្តីប្រកាសត្រូវបានសរសេរក្នុងន័យដើមថា៖
«នៅតាមបណ្តាទីផ្សារនានារួមទាំងផ្សារទំនើប ថ្លៃទំនិញ និងសេវាត្រូវបានដាក់តាំងជាប្រាក់រៀលកាន់តែទូលំទូលាយ ហើយក្រុមហ៊ុន-សហគ្រាសឯកជនមួយចំនួនបានចាប់ផ្តើមបើកប្រាក់ខែជារៀល។ រូបិយវត្ថុក្នុងចរាចរណ៍ និងប្រាក់រៀលក្នុងប្រ័ពន្ធធនាគារបានកើនឡើង ជាមធ្យម ១៧,៩ភាគរយ និង២៦,៦ភាគរយរៀងគ្នាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ»។
លោក ង៉ែត ជូ ទីប្រឹក្សា ជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ប្រាប់ VOA នៅរសៀលថ្ងៃពុធនេះថា លោកមិនបានដឹងច្បាស់ពីចេតនារបស់រដ្ឋាភិបាលក្នុងការចេញក្រដាសប្រាក់ថ្មីនោះទេ តែលោកថា ក្រដាសថ្មីអាចបង្កការភ័ន្តច្រឡំដល់អ្នកប្រើប្រាស់។
«យើងមិនយល់ពីចេតនារបស់ធនាគារជាតិដែរណ៎ា! អាហ្នឹងដល់យកល្អ ទាល់តែធនាគារជាតិ បានគាត់អាចពន្យល់ចេតនាហ្នឹងបាន ប៉ុន្តែគ្រាន់តាមអ្វីយើងអាចសង្កេតមើលឃើញ ប្រជាពលរដ្ឋមានការលំបាកដែរ វាមានការភ័ន្តច្រឡំក្រដាសប្រាក់ហ្នឹង។ ខ្ញុំគិតថា ដូចជាមិនចាំបាច់មានចេញក្រដាសប្រាក់អី update អីថ្មី ច្រើនអី ដូចក្រដាស៥.០០០អីមានពីរប្រភេទ ក្រដាស២០.០០០អីមានពីរប្រភេទ អីចឹងណ៎ា។ មានចាស់ មានថ្មីអីហ្នឹង វាមានការភ័ន្តច្រឡំ។ ខ្ញុំថា បើចង់ចេញថ្មី យើងគ្រាន់តែបោះពុម្ពថ្មីទៅបានហើយ ប្រើទម្រង់ដដែល»។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានកត់សម្គាល់ឃើញថា ប្រាក់ដុល្លារហាក់បីដូចជាឡើងថ្លៃ ហើយប្រាក់រៀលមានលក្ខណៈហើម ពោលគឺប្រាក់រៀលថយចុះថ្លៃ ទើបអាចធ្វើឲ្យមានការសម្រេចចិត្តបោះពុម្ពក្រដាសប្រាក់បន្ថែមនោះ។ ក៏ប៉ុន្តែ លោកថា បើពិនិត្យលើចរាចរសាច់ប្រាក់រៀលក្នុងកម្រិតច្រើនល្មមក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលមិនគួរណាបោះពុម្ពលុយបន្ថែមទៀតនោះទេ។
គួរបញ្ជាក់ផងដែរថា នេះ មិនមែនជាលើកទីមួយនោះទេដែលធនាគារជាតិនៃកម្ពុជា បានបោះពុម្ពក្រដាសប្រាក់រៀលថ្មីនឹងដាក់ឱ្យចរាចរក្នុងទីផ្សារកម្ពុជា។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រដាសប្រាក់រៀលជាច្រើនប្រភេទ មានរូបភាពព្រះមហាក្សត្រខ្មែរ និងប្រាសាទបុរាណខ្មែរនានាត្រូវបានដាក់ឱ្យដំណើរជាបន្តបន្ទាប់។ ការណ៍នេះធ្វើឱ្យមានការបារម្ភពីឱនភាពនៃតម្លៃប្រាក់រៀលកម្ពុជា៕