ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លុយ​រៀល​ខំ​ពង្រឹង​ខ្លួន​ទប់​នឹង​សម្ពាធ​ដុល្លារ​


ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៏​ទី​០៧​ខែ​មេសា​នេះ។​(​ឡេង ឡែន/VOA)
ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៏​ទី​០៧​ខែ​មេសា​នេះ។​(​ឡេង ឡែន/VOA)

ប្រាក់​រៀល​​នៅ​តែ​​មិន​ទាន់​អាច​​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ចុះ​កិច្ច​សន្យា​​នាំចេញ​ទំនិញ​ធំៗ​ទៅ​ក្រៅ​ប្រទេស។​

នៅ​សម័យ​ខ្មែរ​ក្រហម​ អ្នកដែល​អាច​មាន​ប្រាក់​រៀល​ក្នុង​ដៃ​ គឺ​ប្រៀប​ដូច​ជា​កាន់​ក្រដាស​គ្មាន​តម្លៃ ព្រោះ​យុគ​សម័យ​នោះ​ ពួក​ខ្មែរក្រហម​ខោ​អាវ​ខ្មៅ​ មិន​ចេះ​ចាយ​លុយ​ទេ។​ នៅ​ពេល​នោះ​ សេដ្ឋកិច្ច​ក៏​សូន្យ​ ហើយ​កើនតែ​ការ​កាប់សម្លាប់។​ មកដល់​ពេល​បច្ចុប្បន្ន​ សេដ្ឋកិច្ច​កើន​ខ្ពស់​ ប្រជាជន​ក៏​មាន​កំណើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រាក់​រៀលមាន​ជីវិត​ឡើង​វិញ​ហើយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​ប្រឹង​សន្សំ​លុយ​ជា​ប្រាក់​រៀល​សម្រាប់​ផែន​ការ​ជីវិត​ទៅ​ថ្ងៃ​អនាគត។

មិន​ត្រឹម​តែ​មាន​ជីវិត​ឡើង​វិញ​នោះ​ឡើយ​ ប្រាក់​រៀល​ថែម​ទាំង​ត្រូវ​បាន​ អ្នក​វិនិយោគិន​ក្នុងស្រុកចាប់​ផ្តើម​ឲ្យ​តម្លៃដល់​ការ​ចរាចរណ៍​សាច់​ប្រាក់​នេះ ជំនួស​ឲ្យលុយ​ដុលា្លរ​របស់​អាមេរិក​ផង​ដែរ​។ ​ពួកគេ​និយាយថា​ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ច្រើន​ បាន​ធ្វើ​ឲ្យ​ប្រាក់​រៀលមាន​លំនឹង​ និង​ជួយ​ដល់​ប្រជា​កសិករ​ មិន​ឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ប្តូរ​ប្រាក់​រៀល​ ទៅ​ជា​ប្រាក់​ដុល្លារ​អាមេរិក។ យ៉ាង​ណាក៏​ដោយ​ ​ប្រាក់​រៀលនៅ​តែមិន​ទាន់​អាចត្រូវ​បាន​ប្រើ​សម្រាប់​ការ​ចុះ​កិច្ច​សន្យានាំចេញ​ទំនិញ​ធំៗ​ទៅ​ក្រៅ​ប្រទេស។​

លោក​ តាន់​ មុន្នីវណ្ណ​ អគ្គនាយករង​នៃ​ក្រុម​ហ៊ុន​ ម៉ុង ឬទ្ធី​ គ្រុប​ មានប្រសាសន៍​ប្រាប់​ VOA​ កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ក្រុមហ៊ុន​លោកបាន​ខិតខំ​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ដើម្បី​ជួយ​កសិករ​ និង​ធ្វើ​ឲ្យ​ប្រាក់​រៀល​មាន​តម្លៃ​ ​ទោះ​បី​ជា​ប្រាក់​ដុល្លារ​នៅ​តែ​ស្ថិត​ក្នុង​សកម្ម​ភាព​ជួញដូរ​នៃ​ក្រុមហ៊ុន​របស់​លោក​ក្តី។​

«សព្វថ្ងៃ​នេះ​ ក្រុមហ៊ុន​ខ្ញុំ​គឺ​យើង​ប្រើ​ប្រាស់​ពីរ។​ បាន​ន័យ​ថា​ នៅ​ក្នុង​កាលៈទេសៈ​ណា​ដែល​គាត់ត្រូវ​ការ​ប្រើ​ប្រាក់​រៀល​ យើង​ប្រើ​ប្រាក់​រៀល។​ នៅ​ក្នុង​កន្លែង​ណា​ គេ​ត្រូវ​ការ​ដុល្លារ​ យើង​ប្រើ​ដុល្លារ​អញ្ចឹង។ ​ក៏​ប៉ុន្តែ​យើង​ព្យាយាម​ដែរ។​ ខ្ញុំ​ឧទាហរណ៍​ ដូច​ខ្ញុំ​ពីដើម ខ្ញុំ​លក់​ជ្រូក​ ខ្ញុំ​ព្យាយាម​ឲ្យ​គាត់​ ដូរ​មក​ជា​ប្រាក់ដុល្លារ​ អញ្ចឹង​ទៅ​ណ៎ា​។ ​ដោយសារ​ប្រាក់​រៀល​ អាច​rate [​អត្រា​]​ ហ្នឹង​ វា​ឡើង​ចុះ​ ក៏​ប៉ុន្តែ​ប្រជា​ជន​គាត់​ជួប​ការ​លំបាក​ដែរ​។ ជួប​ការ​លំបាក​ រវាង​ដោយ​សារ​គាត់​លក់​បាន​ជា​ប្រាក់​រៀល អញ្ចឹងទៅ​ណ៎ា ហើយ​ដល់​ពេល​យើង​ទាម​ទារ​ យក​ប្រាក់​ដុល្លារ​ វាធ្វើ​ឲ្យ​គាត់​ខាតបង់​ខ្លះ​អញ្ចឹង​ដែរ​ណ៎ា​។ ហើយចុងក្រោយ​នេះ​ គឺ​យក​សម្រួល​បាន​ យក​ក្រៅ​ដុល្លារ​បាន​ ដោយសារ​យើង​ធ្វើ​ម៉េច​ចង់​ឲ្យប្រាក់​រៀល​ខ្មែរ​ វា​មាន​តម្លៃ​ ហើយ​ធ្វើ​ចរាចរណ៍​ក្នុង​ស្រុក​បាន​ ហើយ​ស្រួល​រាប់​ផង តាម​ពិ​តទៅ​ណ៎ា»។

លោក​បាន​បន្តថា​ ប្រាក់​រៀល​អាច​ខ្លាំង​ទៅ​បាន​ គឺ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ខ្មែរ​ ក្នុង​ការកំណត់​ការ​ទិញដូរ​ជា​ប្រាក់​រៀល​ ពីព្រោះ​ប្រជាជន​ពិបាក​នឹង​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ពួក​គេ​ពី​ការ​ដូរ​ពី​ការ​ប្រើ​ប្រាស់​ប្រាក់ដុល្លារ​ មក​ជា​ប្រាក់​រៀល​។​ លោក​បញ្ជាក់​ថា៖​

«រដ្ឋាភិបាល​ហ្នឹង​ គឺ​យើង​កម្រិត​ខ្លួន​ឯង​ជាមុន​ បាន​ន័យ​ថា​ យើង​ធ្វើ​អ្វី​ក៏ដោយ​ យើង​កុំ​គិត​ទៅ​ជាប្រាក់​ ដុល្លារ​។​ យើង​គិត​ទៅ​ជា​ប្រាក់​រៀល​ អញ្ចឹង​ប្រជាជន​គាត់​ចាំបាច់​ គាត់​ត្រូវ​តែ​ប្រើ​ប្រាក់​រៀល​តាម​ហើយ​។​ ហើយ​បើ​កាលណា​ យើង​នៅ​តែ​ឲ្យ​ ជម្រើស​បាន​ពីរ​ choices​ បាន​ន័យ​ថា​ យើង​ឲ្យ​ជម្រើស​ពីរ​ អាច​ដុល្លារ​ក៏បាន​ លុយ​រៀល​ក៏បាន​ ខ្ញុំ​ជឿ​ ប្រហែល​គេ​រក​អាស្រួល​ហើយ​។​ ​អញ្ចឹង​អ្ហេ?​ ហ្នឹង​ហើយ»។​

លោក​បាន​បន្ថែម​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ទៀត​ថា៖​

«អញ្ចឹង​ទេ​ ​យើង​នាំ​គ្នា​ទៅ​ ខាង​រដ្ឋាភិបាល​ហ្នឹង​បង់​ស្អី​ក៏ដោយ​។​ យើង​ឃើញ​គាត់​ភាគ​ច្រើន​ គាត់​បាន​បង់​លុយរៀល ​រួច​ទៅ​ហើយ។​ តាមពិត​ទៅ​ ហ្នឹង​ណា៎​។ក៏ប៉ុន្តែ​ គាត់​នៅ​តែ​ទទួល​ដុល្លារ​ទៀត​ អា​ហ្នឹង​ហើយ​ ដែល​ជាបញ្ហាឃើញ​ទេ​។​ បាន​ន័យ​ថា​ យើង​យក​ទៅ​គាត់​នៅ​តែ​ទទួល​ដុល្លារ​មិន​អញ្ចឹងអ្ហេ​ គ្រប់​កន្លែង​ទាំង​អស់​។​ អញ្ចឹង​បើ​យើង​ព្យាយាម​ កម្រិត​មួយ​ថា​ កុំ​ឲ្យ​គាត់​ទទួល​ដុល្លារ​ ឲ្យ​គាត់​ទទួល​យក​ប្រាក់​រៀល​ ខ្ញុំ​ជឿ​ថា​ ចាំ​បាច់​មនុស្ស​យើង​ត្រូវ​តែ​ប្រើ​ប្រាក់​រៀល​ តាម​តម្រូវ​ការ​»​។​ ​

យោង​ទៅ​តាម​ឯកសារ​របស់​ធនាគារ​ជាតិ​កម្ពុជា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តើម​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់រៀល​នៅ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ឯកសារ​នោះ​បាន​ឲ្យ​ដឹង​ថា៖​

«ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ធ្វើ​ឲ្យ​ថវិកា​រដ្ឋ​មាន​ភាព​ប្រសើរ​ឡើង​ និង​កាត់​បន្ថយ​ការ​ដាក់​កំហិត​លើ​គោល​នយោបាយ​សារពើ​ពន្ធ។ ប្រសិន​បើ​នៅ​លើ​ទីផ្សារ​មាន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​កាន់​តែ​ច្រើន រាជរដ្ឋាភិបាល​ អាច​ពិចារណា​ចេញ​ផ្សាយ​មូលប័ត្រ​ចារឹក​ជា​ប្រាក់​រៀល​ ដើម្បី​គ្រប់​គ្រង​ថវិកា ក៏ដូចជា​ផ្តល់​ហិរញ្ញប្បទាន​ លើ​គម្រោង​អភិវឌ្ឍន៍​នានា​។ដូចនេះ​ លទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញប្បទាន​ក្នុង​ស្រុក​ នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​បំណុល​បរទេស»។

លោក​ស្រី​ជា​ សេរី​ អគ្គ​នាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​កម្ពុជា​ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាននៅ​ក្នុង​កម្មវិធី​និយាយ​ពី​ប្រវត្តិនៃ​ការបង្កើត​ និង​ការ​ប្រើប្រាស់ប្រាក់​រៀល​ ដែល​ធ្វើឡើង​នៅ​ឯ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​ ជប៉ុន​ កាល​ពី​ខែ​មីនា​ថា​ ទោះបី​រដ្ឋាភិបាល​បាន​ខិតខំ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ក៏ដោយ​ ប្រាក់​រៀល​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​ទីផ្សារ​ គឺ​មាន​តែ​ ១០​ភាគរយ​ប៉ុណ្ណោះ។​ លោក​ស្រី​ ថ្លែង​ថា​ ការ​ជំរុញឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អ្នក​ជំនួញ​មក​ប្រើប្រាស់ប្រាក់​រៀល​ គឺ​ជា​ដំណើរ​ដ៏​ស្មុគ្រ​ស្មាញមួយ​ ហើយ​ត្រូវ​ការ​ពេល​វេលា​ច្រើន​។​

«ធម្មតា​បើ​យើង​ប្រើ​ប្រាស់​ រូបិយវត្ថុ​ជាតិ​យើង​តែ​ម្តង​ វា​អត់​មាន​ហានិភ័យ​ទេ​ គេប្រើ​គ្រប់​គ្នា​។​ ប៉ុន្តែ​បញ្ហា​ស្រុក​យើង​នេះ​ គឺ​យើងប្តូរ​ពី​លុយ​គេ​ មក​លុយ​យើង​។​ អញ្ចឹង​ការ​ផ្លាស់​ប្តូរនេះ​ វា​អាច​ពិបាក​ទាំង​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ឬ​ក៏​ទម្លាប់​អ្វី​មួយ​។​ អានេះ​ហើយ​ គឺ​ជា​ផល​លំបាក​»។​

ក៏ប៉ុន្តែ​ លោក​ស្រី​មាន​សុទិដ្ឋិនិយម​ថា​ បា្រក់​រៀល​នឹង​កាន់តែ​មាន​សុខភាព​ល្អមាំមួន​ទៅថ្ងៃ​អនាគត​ ដោយ​សារ​ រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​សម្រាប់​ប្រតិបត្តិការ​ទូទាត់សេវា​សាធា​រណៈ​។ នេះ​មាន​ន័យ​ថា​ រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យប្រជាពលរដ្ឋ​ខ្មែរ​ ធ្វើ​ការ​បង់​កម្រៃ​សេវា​សាធា​រណៈ​ជាប្រាក់​រៀល​ និង​ការ​ប្រមូល​ពន្ធ​ពី​ប្រជា​ពលរដ្ឋ​ និង​អ្នក​វិនិយោគជា​ប្រាក់​រៀល​ជាដើម​។​

លោក​ ស្រី​ជា​ សេរី​ បន្ថែម​ថា​ រដ្ឋាភិបាល​ក៏ពុំសូវ​ស្វាគមន៍​ផងដែរ​ ចំពោះ​វិនិយោគិន​ណា​ ដែល​មក​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ការ​ប្រើ​ប្រាស់​ប្រាក់ដុល្លារ​នោះ​។​ លោក​ស្រី បញ្ជាក់ថាវិនិយោគិនដែល​ផ្តេក​ផ្តួល​លើ​ប្រាក់​ដុល្លារ​ គឺ​គ្រាន់​តែ​ជា​ជន​ឆក់ឱកាស​តែ​ប៉ុណ្ណោះ។​

«អ្នក​ដែល​មក​ ដែល​មើល​ឃើញ​លុយ​ដុល្លា​រមក​ហ្នឹង​ ភាគច្រើន​ ជា​អ្នក​វិនិយោគ​ដែល​ឆ្លៀត​ឱកាស​។ អញ្ចឹង​ គាត់​មក​វិនិយោគ​ហ្នឹង​ តែ​លុយ​ឡើង​លុយ​ចុះ​ គាត់​លក់​ចេញ​ទៅ​ភ្លាម​។​ ហើយ​ យើង​ជា​ទូ​ទៅ​ យើង​អត់​ស្វាគមន៍។​ យើង​មិន​ចង់​ទទួល​អ្នក​វិនិយោគ​ឆ្លៀត​ឱកាស​ទេ​។​ យើង​ចង់​បាន​វិនិយោគិន​ណា​ដែល​គាត់​មក​ហើយ​ គាត់​ commit [ប្តូរ​ប្តេជ្ញ​] ជាមួយ​នឹង​យើង​ ជាមួយ​នឹង​ cycle [​ការ​វិល​ចុះ​វិល​ឡើង] ​នៃ​សេដ្ឋកិច្ច​របស់​យើង​ ព្រោះ​សេដ្ឋកិច្ច​មួយ​វា​មិន​អាច​ឡើង​រហូត​ទេ​។​ វា​មាន​ឡើង​ វា​មាន​ចុះ​។​ អញ្ចឹង​យើង​ចង់​បាន​អ្នក​វិនិយោគ​ណា​ ដែល​គាត់​នៅ​ជាមួយ​យើង​ ទោះ​ជា​មាន​ចុះ​មាន​អី​គាត់​សុខចិត្ត​ទ្រាំ​នៅ​ជាមួយ​យើង ចាំ​ដល់​អា cycle ​វាឡើង​មក​វិញ»។​

ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៏​ទី​០៧​ខែ​មេសា​នេះ។​(​ឡេង ឡែន/VOA)
ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៏​ទី​០៧​ខែ​មេសា​នេះ។​(​ឡេង ឡែន/VOA)

ថ្វីដ្បិត​តែ​ប្រាក់​រៀល​ មិន​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​ វិនិយោគិន​ ឆ្លៀត​ឱកាស​និយម​ក្តី​ ប្រាក់​រៀល​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ​តាម​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា​។​

យោង​តាម​ឯកសារ​និយាយ​ពី​សារៈ​សំខាន់​នៃ​ប្រាក់​រៀល​សម្រាប់​កម្ពុជា​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ប្រជា​ជន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ៧០​ភាគរយ កំពុង​រស់​នៅ​តាម​តំបន់​ជន​បទ​ ហើយ​ភាគច្រើន​ប្រកប​របរ​កសិកម្ម។​ ប្រាក់​រៀល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ របស់​ពួកគេ ដូចជា​សម្រាប់​ការ​ជួញ​ដូរ​ និង​ការ​ចំណាយ​នានា។

ឯក​សារ​នោះ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ក៏​ប្រឈម​នឹង​ការ​ខ្ចី​ប្រាក់​រៀល ​ដែល​មាន​កម្រិត​អត្រា​ការ​ប្រាក់​ខ្ពស់​ផង​ដែរ​ ដោយ​សារ​តែ​ គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​ជន​បទ​ ទទួល​បាន​មូលនិធិ​វិនិយោគិន​បរទេស​ និង​ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​ជាប្រាក់​ដុល្លារ​អាមេរិក។​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ ប្រជាពលរដ្ឋ​នៅ​តាម​ទីជន​បទ​ត្រូវ​ ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​តាម​រយៈ​ការ​សន្សំ​ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ៗ​ ដែល​អាច​ជួយ​កាត់​បន្ថយ​ចំណាយ​នៃ​កម្ចី​ជា​ប្រាក់​រៀល​ និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កម្ពុជា។​ ឯកសារ​ដដែល​ពន្យល់ថា​៖​

«ការណ៍​នេះ​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​តាម​ជនបទ​ ជាពិសេស​វិស័យ​កសិកម្ម​ ដែល​រួមចំណែកប្រមាណ​ ៣០​ភាគរយ​នៃ​ផលិតកម្ម​ក្នុង​ស្រុក​»។​

លោក​ឧកញ៉ា ភូ​ ពុយ​ សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្លែង​ថា​ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​តាម​ទី​ជនបទ​ បាន​កើន​ឡើង​នៅ​ក្នុង​រយៈពេល​ពីរ​ បី​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ លោក​និយាយ​ថា​ ការ​ប្រើប្រាស់​ប្រាក់​រៀល​ ​បាន​ជួយ​កាត់​បន្ថយ​ការខាតបង់​របស់​ប្រជាកសិករ​នៅ​ក្នុង​ការ​ប្តូរ​ប្រាក់​។​

«ពីរឆ្នាំ​កន្លង​មកនេះ​ យើង​មាន​ការ​ដូរ​ច្រើន​ មក​លក់​ជាលុយ​ខ្មែរ​ក្នុង​ស្រុក​ហ្អ៎ា​ ទិញចូលលក់​ចេញ​ ទាំង​ច្រូត​ស្រូវ​ និង​លក់​ចេញ​អង្ករ។​ រីឯ​ការ​នាំចេញ​អង្ករ​ ជាទូទៅ​យើងទូទាត់​ជាលុយ​ដុល្លារ​ទាំង​អស់។​ នាំចេញ​ទៅក្រៅ​ប្រទេស។ អញ្ចឹង​ការ​ប្រើ​ប្រាស់​ទិញស្រូវ​ពីប្រជាកសិករនេះ​ និយាយ​ឲ្យចំ​ទៅ​បើ​យើង​ប្រើ​ប្រាក់​រៀល​របស់​យើង វាល្អ​មែន​ទែន​ វាស្រួល​ ហើយ​កសិករ​គាត់យក​ទៅ​ក៏ប្រើ​ប្រាស់​ស្រួល​ដែរ។​ អាហ្នឹង​ អញ្ចឹង​រយៈពេល​ប៉ុន្មាន២​ឆ្នាំ​ ៣​ឆ្នាំ​កន្លង​មក​នេះ​ ​វា​ការ​ប្រើ​ប្រាស់​លុយរៀល​ កើន​ទៅ កើន​ទៅ»។

យ៉ាង​ណា​ក៏ដោយ​ លោក​ឲ្យ​ដឹង​បន្ថែម​ថា​ ប្រាក់​រៀល​នៅ​តែមិន​អាច​ប្រើ​ជំនួស​ប្រាក់​ដុល្លារ​បាន​ទេ​សម្រាប់ការ​នំាចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។​

«បើ​យើង​កុងត្រា​លុយ​ខ្មែរ​ គេអត់​ make sure កុង​ត្រា​ជាមួយ​យើង​ទេ​ អញ្ចឹង​ហ្ហាស​។​ អញ្ចឹង​កុង​ត្រា​ជា​ដុល្លារ​ អាហ្នឹង​សម្រាប់​លក់​ចេញ​ ការលក់​ចេញ​ទៅ​ក្រៅ​ប្រទេស​។​ រីឯ​សំខាន់​គឺក្នុង​ស្រុក​នេះ ដែល​យើង​ត្រូវ​រួមគ្នា​ទាំង​អស់​គ្នា​ ប្រើ​លុយ​រៀល​ដើម្បី​ឲ្យ​មាន​ជាទូទៅ​ ទៅ​ យើង​រក្សា​បាន​ ទាំង​កសិករ​ ទាំង​អ្នក​ទិញចូល​ វាមាន​ការ​កំណត់​មួយ​ច្បាស់​លាស់​ ប្រើ​ប្រាស់​លុយ​វាស្រួល​»។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹងថា​ ​កំពុង​ប្រឈម​នឹង​ការប្រើប្រាស់​សាច់ប្រាក់​ជាច្រើន​ប្រភេទ​ ​ក្នុង​ពេល​បច្ចុ​ប្ប​ន្ននេះ​។ ​គេ​សង្កេត​ឃើញ​បា្រក់​ដុល្លារ​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​កម្ពុជា​ ប្រាក់​បាតថៃ​ ប្រាក់​គីប​របស់​ឡាវ​និង​ប្រាក់ ដុង ​របស់​វៀតណាម​ក៏​មាន​ឥទ្ធិពល​ក្នុង​ការទូទាត់​ថ្លៃ​ទំនិញ​នៅតាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ទាំងនោះ​ដែរ​។

ក៏​ប៉ុន្តែសេដ្ឋវិទូ​កម្ពុជា​ ​បាន​មើល​ឃើញ​ពី​ស្ថានភាព​នឹងន​នៃ​តម្លៃ​ប្រាក់​រៀល​ ដែល​បាន​ធ្វើចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​ ក្នុង​រយៈពេល​ជាង​២០ឆ្នាំ​មក​នេះ ទោះ​បី​ជា​ ប្រាក់​រៀល​នៅ​មិន​ទាន់​អាច​ជំនួស​ប្រាក់​ដុល្លារ​បាន​ សម្រាប់​ការ​នាំចេញ​ និង​នាំចូល​ទំនិញធំៗ​ក្តី។

លោក​ចាន់ សុផល​ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ និង​ជាប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ​ បាន​ប្រាប់​ VOA ​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ផ្តល់​ទំនុកចិត្ត​លើ​ការ​ប្រើ​ប្រាស់​រៀល​ ដែល​ស្ថិត​ក្រោម​ការ​គាំពារ​ពី​ធនាគារ​កណ្តាល​នៃ​ប្រទេស​កម្ពុជា។​ ​

«ជាក់​ស្តែង​ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ កន្លង​មក​ យើង​ឃើញ​ក្រដាស​ប្រាក់​រៀល​យើង​ មិន​ធ្លាក់​ថ្លៃ​ទេ​ បើធៀប​នឹង​ដុល្លារ​ អញ្ចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ មិន​ប្រកាន់​ទេ​ ក្នុង​ការ​សល់ប្រាក់​រៀល។​ គេ​អាចសន្សំ​ទុក​ជាប្រាក់​រៀល​ ក៏​បាន​ដែរ​ពីព្រោះ​ប្រាក់​រៀល​មិន​ចុះ​ថ្លៃ​ទេ​ ហើយ​ការ​មិន​ចុះ​ថ្លៃ​នេះ​ គឺ​ធនាគារ​ជាតិ​អាច​មាន​អន្តរាគមន៍​ រក្សា​ថ្លៃ​ប្រាក់​រៀល​ ឲ្យ​នៅ​ជុំវិញ ៤០០០រៀល​ នៅ​ក្នុង​មួយ​ដុល្លារ​បាន​ ដោយសារ​តែ​បរិមាណ​ប្រាក់​រៀល​មាន​កម្រិត​ ​ប្រហែល​ជា​ ១០​ ទៅ​ ១៥ភាគរយ​នៃ​សាច់​ប្រាក់​ សរុប​នៅ​ក្នុង​សេដ្ឋកិច្ច​យើង​»។​

ឯកសារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​នេះ​ និង​និយាយ​អំពី​ «​ការ​ពង្រឹង​ ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ប្រទេស​កម្ពុជា»​ បាន​ឲ្យដឹងពី​សាវតារ​ និង​មូលហេតុ​នៃ​ដុល្លារូបនីយកម្ម​នៅ​កម្ពុជា។​ ឯកសារ​នោះ​ បាន​រៀបរាប់​ថា​ ក្រោយ​ថ្ងៃ​រំដោះ​ ៧មករា​ ឆ្នាំ​ ១៩៧៩​ សេដ្ឋកិច្ច​កម្ពុជា​ បាន​បាត់​បង់​មូល​ដ្ឋាន​គ្រឹះ​ទាំង​ស្រុង​លើ​គ្រប់​វិស័យ​ ខណៈដែល​ប្រព័ន្ធ​រូបិយ​វត្ថុ​ និង​ធនាគារ​ត្រូវ​បាន​បំផ្លាញ។​

នៅ​ក្នុង​គ្រា​នោះ​ ប្រជា​ជន​ធ្វើ​ការ​ដោះដូរ​ទំនិញ​ និង​ទំនិញ​ដោយ​ផ្ទាល់​ ហើយ​មួយ​រយៈ​បន្ទាប់​មក​ បាន​យក​វត្ថុ​មាន​តម្លៃ​ដូចជាមាស​ ផ្លាទីន​ ជាដើម​ធ្វើ​ជា​មធ្យោបាយ​ដោះ​ដូរ ​និង​ទូទាត់​ទំនិញ​ និង​សេវា​។​ នៅ​ខែ​តុលា ឆ្នាំ​១៩៧៩​ ធនាគារ​កណ្តាល​ដែល​ជា​អាជ្ញាធរ​រូបិយ​វត្ថុ​ ត្រូវ​បាន​បង្កើត​ឡើង​វិញ​ ហើយ​រូបិយ​វត្ថុ​ជាតិ​ ក៏​ត្រូវ​បាន​ចេញផ្សាយ​ជាថ្មី​នៅ​ខែ​មីនា​ ឆ្នាំ ១៩៨០ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​លើក​ដំបូង។​ ក្នុង​អំឡុង​ទស​វត្សរ៍​ទី​៨០ នោះ​ រាល់​ប្រតិបត្តិការ​ធំៗ​ ដូច​ជា​ការ​ទិញ​រថយន្ត​ ម៉ូតូ​ ផ្ទះ​ ក៏​នៅតែ​ត្រូវ​បាន​ទូទាត់​ជា​មាស​ និង​ផ្លាទីន​នៅ​ឡើយ​។​

ក៏ប៉ុន្តែ​ បើ​យោង​ទៅតាម​ឯកសារ​ដដែល​នោះ​ វត្តមាននៃ​ «អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ ព្រម​ទាំង​ប្រតិបត្តិការ​របស់​អាជ្ញាធរ​នេះ​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល​ពី​ខែ​ធ្នូ​ ឆ្នាំ​១៩៩២​ ដល់​ខែ​កញ្ញាឆ្នាំ១៩៩៣​ បាន​ចំណាយ​ចំនួន​ប្រមាណ​ ២ពាន់​លាន​ដុល្លារ​អាមេរិក»។​

ចាប់​ពីពេល​នោះ​មក​ប្រជាជន​កម្ពុជា​ និង​វិនិយោគិន​ក្នុង​ស្រុក​ និង​បរទេស​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពី​ ការ​ប្រើ​ប្រាស់​លោហធាតុ​មាន​តម្លៃ​ ទៅ​ជា​ការ​ប្រើ​ប្រាស់​ក្រដាសប្រាក់​ដុល្លារ​ ដែល​ជា​កត្តា​វាស់​តម្លៃ​ រួម​ទាំង​ក្នុង​ប្រតិបត្តិការ​ទូទាត់​ វិនិយោគ​ និង​សន្សំ​។​

បើ​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ជាង​៣០ឆ្នាំមក​ហើយ​ ដែល​ប្រាក់​ដុល្លារ​នៅ​តែ​ ដើរតួនាទី​សំខាន់​ សម្រាប់​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​លោក​។ យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​ចុះញ៉ម​ទៅ​នឹង​ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នោះ​ទេ ​ដោយ​រដ្ឋា​ភិ​បាល​ បាន​ដាក់​ចេញ​គោល​នយោបាយ​ក្នុង​ការ​បន្ថយ​ឥទ្ធិពល​ប្រាក់​ដុល្លារ​ តាម​អ្វី​ដែល​អ្នក​សេដ្ឋ​កិច្ច​ហៅ​ថា​ ជាដំណើរ​នៃ​ការ​ធ្វើ​ បដិ​ដុល្លារ​រូបនីយកម្ម។​

លោកចាន់​ សុផល សេដ្ឋវិទូ​កម្ពុជា ពន្យល់​ថា​ ប្រសិន​បើ​ប្រទេស​កម្ពុជា​ នៅតែ​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារនោះ​ រដ្ឋាភិបាល​នឹង​ខាតបង់​ប្រយោជន៍​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់​ដោយ​ខ្លួនឯង ហើយ​នឹង​មិន​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ចរន្ត​សាច់​ប្រាក់​ដោយ​ខ្លួន​ឯង​បាន​ទេ​។​

ហេតុ​ដូច្នេះ​ រដ្ឋាភិបាល​ នៅ​ក្នុង​ការគិត​គូ​វែង​ឆ្ងាយ​ បាន​ព្យាយាម​ផ្តល់​តួនាទី​កាន់តែខ្លាំង​ទៅដល់​ប្រាក់​រៀល​នៅក្នុង​សកម្ម​ភាព​ពាណិជ្ជ​កម្ម។​ តែ​លោក​ថា​ ដំណើរ​ការ​ធ្វើឲ្យ​ប្រាក់​រៀល​មាន​តម្លៃ​គឺ​ជា​ដំណើរ​វែង​ឆ្ងាយ​មួយ​ ដែល​ត្រូវ​ការ​ភាព​អត់​ធ្មត់​ និង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​ ​

«នៅ​ក្នុង​ម៉ាក្រូ​សេដ្ឋ​កិច្ច​ គឺ​រាជរដ្ឋាភិបាល​យើង​ ជា​ពិសេស​ខាង​ ធនាគារ​ជាតិ​ ប្រសិន​ជា​យើង​គ្រប់​គ្រងសាច់​ប្រាក់​បាន​ដោយ​ខ្លួន​យើង​ យើង​អាច​ប្រើ​មធ្យោបាយ​បង្កើន​ បរិមាណ​នៅ​លើ​ទី​ផ្សារ​ ឬក៏​បន្ថយ​បរិមាណ​សាច់​ប្រាក់​នៅលើ​ទីផ្សារ​ ឬ​ក៏​យើង​អាច​ដំឡើង​ការ​ប្រាក់ ឬក៏បន្ថយ​ការ​ប្រាក់​ពី​ធនាគារ​ ជាតិ​ ដើម្បី​ឲ្យសេដ្ឋ​កិច្ច​យើង​ មាន​ការ​រីកចម្រើន​ ឬក៏​កុំ​ឲ្យ​កើន​លឿន​ពេក​ ដែល​អាច​បង្ករ​ទៅ​ជាបញ្ហា​ អតិ​ផរណា​ផ្សេង​ៗ​»​។​

ទោះជា​ ការ​ធ្វើ​ឲ្យ​ប្រាក់​រៀល​មាន​តួនាទី​កាន់តែ​ខ្លាំង​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ ពិត​ជា​អនុញ្ញាត​អាច​ឲ្យ​រដ្ឋាភិបាល​ ជាពិសេស​គឺ​ធនាគារ​ជាតិ​កម្ពុជា​ អាច​គ្រប់​គ្រង​ចរន្ត​សាច់​ប្រាក់ក្តី​ អ្នក​សេដ្ឋ​កិច្ច​រូប​នេះ​ បាន​ថ្លែង​ថា​ ការ​គ្រប់​គ្រង​សាច់​ប្រាក់​ គឺ​ប្រៀប​ដូច​ជាការ​តាម​មើល​កម្រិត​ឈាម​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ ដែល​មិន​អាច​កើន​ឡើង​ខ្លាំង​ជ្រុល​ ឬក៏ខ្វះ​ខ្លាំង​ពេកនោះដែរ។​

«ធនាគារ​ជាតិ​ដូច​ជា​បេះ​ដូង​ ដែល​បញ្ចេញ​ឈាមហើយ​ ទាញចូលមកវិញ​ គឺ​ជា​មុខ​ងារ​សំខាន់​ណាស់។​ ហើយ​អញ្ចឹង​ នៅ​ពេល​ដែល​ខ្លួន​យើង​ មិន​អាច​គ្រប់​គ្រង​បាន​ ឧទាហរណ៍​ដូច​ជាក្នុង​សេដ្ឋ​កិច្ច​យើង​ គឺមាន​ន័យ​ថា​ ឈាម​យើង​មួយ​ចំនួន​ហ្នឹង​ជា​ឈាម​បរទេស។​ បញ្ចេញ​បញ្ចូល​បាន​ដោយ​គេ​ យក​ប្រាក់​ចូលមក​ច្រើន​ ឬក៏​យក​ចេញ​ទៅ​វិញ​ច្រើន​ យើង​ពិបាក​គ្រប់​គ្រង​ដោយ​ខ្លួន​យើង​បាន​»។​

ទំនង​ជាមាន​ចេតនា​ ចង់ឲ្យ​ប្រាក់​រៀលជំនួសប្រាក់​ដុល្លារ​ នៅ​ក្នុងសកម្មភាព​ជួញដូរ​ធំៗ​ ធនា​គារ​ជាតិ​នៃ​កម្ពុជា​ បាន​សម្រេច​យក​ប្រាក់​រៀល​ធ្វើ​ជា​ឧបករណ៍​ជួញដូរ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជាង​បួន​ឆ្នាំ​មកនេះ​។​ វា​ជា​ដំណើរ​ការ​មួយ​ដែល​ស៊ីគ្នា​ទៅ​នឹង​គោលនយោបាយ​បដិដុល្លារ​រូប​នី​យ​កម្ម​របស់​ធនាគារ​ជាតិ​កម្ពុជា។​ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់ពី​មន្ត្រី​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​។​

​លោក​ល្មុន​ សុឡី ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ (Cambodia Securities Exchange)ថ្លែង​ថា​ ធនាគារ​ជាតិ​កម្ពុជា​ ជា​ភាគី​សំខាន់​មួយ​ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​ជួញដូរ​ភាគហ៊ុន​ ជា​ប្រាក់​រៀល​ នៅ​ក្នុង​ផ្សារ​មូលប័ត្រ​ដែល​កំពុង​ឃើញ​កំណើន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ដោយ​សន្សឹមៗ។​

«តាមពិត​រឿង​ហ្នឹង​វា​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​តាំង​ពី​មុន​បើក​ផ្សារ​ ព្រោះ​ការ​ហ្នឹង​ ខាង​ផ្សារ​ហ៊ុន​ចង់​ ចង់មាន​ជួញដូរ​ជាដុល្លារ​ទេ​ តាមពិត​ទៅ​។​ ប៉ុន្តែ​ដោយសារ​ខាង​ធនាគារ​ជាតិ​ គាត់​ទទូច​មែន​ទែន​កាល​ហ្នឹង​ ដោយសារ​វា​ប៉ះពាល់​ជាមួយ​នយោបាយ​បដិ​ដុល្លារូបនីយកម្ម​នោះ​ របស់​គាត់​នោះ គាត់ក៏ ទទូច​ឲ្យ​ខាង​ផ្សារ​ហ៊ុន​ហ្នឹង​ ​ជួញដូរ​ជា​ប្រាក់​រៀល​វិញ»។​

លោក​តាន់​ មុន្នីវណ្ណ​ ​អគ្គនាយករង​នៃ​ក្រុម​ហ៊ុន​ម៉ុង ឬទ្ធី​គ្រុប ​ថ្លែង​ថា​ កម្ពុជា​ដល់​ពេល​ដែល​ត្រូវ​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​របស់ខ្លួន​ ដើម្បី​បញ្ចៀស​ពី​គំនាប​នៃការ​ឡើង​ចុះ​អត្រា​ប្តូរ​ប្រាក់បរទេស​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​។ លោក​បញ្ជាក់​ថា៖​ ​

«ខ្ញុំ​ជឿថា​ប្រទេស​ណា​ក៏​ដោយ​ បើ​សិន​ជា​យើង​ពង្រឹង​ឲ្យ​ប្រើ​ប្រាស់​រូបិយប័ត្រ​ក្នុង​ស្រុក​វាខ្លាំង ខ្ញុំ​ឧទាហរណ៍​ដូច​ស្រុក​ក្រៅ​អញ្ចឹង​ កាលណា​យើង​ឲ្យ​ដុល្លារ​ គេ​អត់​យក​ទេ​ ឃើញទេ​ គេអត់​ឲ្យ​យក​តែ​ម្តង​ ដល់​អញ្ចឹង​មានន័យ​ថា​ ប្រាក់​រៀល​ហ្នឹង​ទី​មួយ​ គឺវានៅ​ stable ហើយ​វាមាន​តម្លៃ​ ដល់​សព្វ​ថ្ងៃនេះ​ វានៅ​តែ​មាន​ពីរ​ជម្រើស​។​ អញ្ចឹង​ទេ​ ខ្ញុំ​គិត​ថា​ យើង​គាំទ្រ​ទាំង​អស់​គ្នា​ទៅ​។​ ខ្ញុំក្រុម​ហ៊ុន​ម៉ុង​ឬទ្ធី​ មាន​ជំហរ​ហើយ​ ជំហរ​មិន​ចង់​ឲ្យប្រើប្រាស់​ដុល្លារ​ទេ​ យើង​ចង់ប្រើ​ប្រាក់​រៀល​ គ្រាន់តែ​ធ្វើ​ម៉េច​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ហ្នឹង​ មាន​ឥទ្ធិពល​ វាទាល់​តែយើង​ទាំង​អស់​គ្នា​ហ្នឹង​នាំគ្នា​ប្រើ​។​ បើសិន​យើង​អត់​នាំ​ គ្នា​ប្រើ​ ក្រុមហ៊ុន​មួយ​ៗ​ ទប់​អត់​រួច​ទេ​ ខ្ញុំគិតថា​អញ្ចឹង​ទៅណ៎ា»។​

តាម​ការ​អះអាង​ និង​ពន្យល់​របស់​ក្រុម​អ្នក​ជំនួញ​ សេដ្ឋវិទូ​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជាប្រាក់​រៀល ហាក់​ដូច​ជា​វត្ថុ​មួយ​ដ៏មាន​តម្លៃ​ដែល​តម្រូវ​ឲ្យ​មានការ​ពារ​ពីការ​រង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​សេដ្ឋកិច្ច​ខាងក្រៅ​ប្រទេស ឬក៏​ក្នុង​ស្រុក។​ យ៉ាងណាក៏ដោយ​ ប្រទេស​ដ៏ក្រីក្រនេះ​ ត្រូវ​គេ​ដឹង​ថា​ ច្រើន​តែ​ជួប​វិបតិ្ត​នយោបាយ​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។​ ​ស្ថានភាព​នយោបាយ​ផុយស្រួយ​ ដែល​កើត​មាន​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរមួយ​ភាគធំ​ នៅ​តែ​មិន​ទាន់មានទំនុក​ចិត្ត​ពេញ​លេញលើ​ការ​សន្សំ​ប្រាក់​រៀល​។​

អ្នក​ដែល​មិន​ទុកចិត្ត​មែនទែន​នោះ​ គឺ​អ្នកមាន​លុយ​វាល់​លាន​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ ជ្រើសរើស​យក​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត​មក​សន្សំ​ជំនួស​ឲ្យ​ប្រាក់​រៀល។​ វត្ថុ​នោះ​ គឺ​ជា​មាស​តែ​ម្តង​ ដែល​សូម្បី​តែ​អ្នក​សេដ្ឋកិច្ច​ក៏បាន​យល់​ថា​ វា​ជា​ទ្រព្យ​សន្សំ​មួយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ និង​មាន​សុវត្ថិភាពជា​ទីបំផុត៕

XS
SM
MD
LG