ក្រៅពីខ្វះធនធានសម្រាប់វិនិយោគក្នុងឧស្សាហកម្មភាពយន្ត និងខ្វះប្រសិទ្ធភាពនៃការអនុវត្តច្បាប់សិទ្ធិបញ្ញា បញ្ហាដែលឧស្សាហកម្មភាពយន្តប្រឈមធំបំផុតនោះគឺធនធានមនុស្សក្នុងវិស័យភាពយន្តនេះ។ នេះបើតាមសម្តីរបស់លោក គាំ ចន្ធី ដែលជាផលិតករភាពយន្ត និងជាចាងហ្វាងផលិតកម្ម FCI Production ដែលបានប្រាប់ហេឡូវីអូអេកាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅនេះ។
«និយាយរួមធនធានមនុស្សរបស់យើងអត់ទាន់មាន។ យើងអត់ទាន់មានសាលាភាពយន្តសម្រាប់បង្ហាត់អ្នកសម្តែងភាពយន្ត និងសម្រាប់ការផលិត។ ខ្ញុំសង្ឃឹមថា នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌នឹងចាត់វិធានការបង្កលទ្ធភាពក្នុងការបើកសាលាភាពយន្ត»។
អ្នកសម្តែងភាពយន្តខ្មែរត្រូវបានរិះគន់ថា ការសម្តែងភាពយន្តរបស់តារាខ្មែរច្រើនតែខ្វះភាពចូលតួប្រកបដោយលក្ខណៈធម្មជាតិ។ ត្រង់ចំណុចនេះ លោក គាំ ចន្ធី បានប្រាប់វីអូអេថា លោកក៏ទទួលស្គាល់ចំណុចខ្វះខាតទាំងនេះដែរ ដោយយោងលើកត្តាជាច្រើនដូចជា ភាពមមាញឹករបស់តារាដែលនាំឲ្យអ្នកសម្តែងទាំងនោះគ្មានពេលគ្រប់គ្រាន់ដើម្បីអានរឿងដែលខ្លួនត្រូវសម្តែង សមត្ថភាពនៃអ្នកដឹកនាំរឿង និងអារម្មណ៍របស់អ្នកមើល។
«យើងត្រូវមានពេលវេលាដើម្បីឲ្យតារាហាត់។ ត្រូវមានជំនាញក្នុងការបង្ហាត់តួ។ ជាធម្មតា តួយើងមិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ។ ពេលគាត់បានល្បីបន្តិចបន្តួច គាត់អត់មានពេលហាត់ដើម្បីសម្តែងឲ្យបានល្អ។ ម្យ៉ាងទៀតបើទស្សនិកជនមិនដែលឃើញតួសោះ គាត់គិតថា វាមិនមែនជាការសម្តែង។ តែបើគាត់ឃើញតួដដែលៗ គាត់គិតថាជាការសម្តែង»។
លោក គាំ ចន្ធី មានប្រសាសន៍ថា ករណីទាំងអស់នេះហើយ ដែលធ្វើឲ្យគុណភាពនៃភាពយន្តខ្មែរនៅមានកម្រិតទាប ហើយមិនសូវមានអ្នកគាំទ្រ ដែលនាំឲ្យទីផ្សារភាពយន្តខ្មែរមិនសូវរីកចម្រើន។ លើសពីនេះ លោក គាំ ចន្ធី ក៏បានបន្ទោសគណៈកម្មការបង្រ្កាបបទល្មើសរបស់ក្រសួងវប្បធម៌ថា មិនអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឲ្យមានប្រសិទ្ធិភាព។
«ខ្ញុំមិនដឹងថា គាត់ធ្វើការឬអត់ទេ ប៉ុន្តែរហូតដល់ថ្ងៃនេះ ការលួចចម្លងនៅមានដដែល ហើយនៅការចម្លងដ៏ខ្លាំងបំផុតបញ្ចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ រឿងរបស់ខ្ញុំដែលមានទាំងប៉ុន្មានគឺ គេចម្លងដោយសេរី បញ្ចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត។
លោក គាំ ចន្ធី បន្តថា វិជ្ជាជីវៈភាពយន្តត្រូវតែពង្រឹងតាមរយៈការបណ្តុះបណ្តាលខ្លីនិងវែង។ ក្រសួងវប្បធម៌ត្រូវអនុវត្តច្បាប់និងគោរពច្បាប់ជាចម្បងមុនផលិតករ មុនប្រជាពលរដ្ឋទូទៅ។
«កាលណាគាត់គោរពច្បាប់ គាត់អនុវត្តច្បាប់ ទើបគាត់យកច្បាប់ហ្នឹងទៅបង្ក្រាបបទល្មើសហ្នឹងបាន។ ខ្ញុំសូមអំពាវនាវ ទទូចអង្វរគាត់ដើម្បីឲ្យគាត់ជួយ។
លោក គាំ ចន្ធី ក៏អំពាវនាវឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្កើតគោលនយោបាយស្តីអំពីការគ្រប់គ្រងភាពយន្តបរទេសដែលចរាចរនៅស្រុកខ្មែរ និងបែងចែកឲ្យបានច្បាស់រវាងភាពយន្តកម្ពុជានិងបរទេស និងកំណត់ម៉ោងចាក់ផ្សាយនៅតាមទូរទស្សន៍ ដោយលោកសំណូមពរឲ្យទូរទស្សន៍ចាក់ផ្សាយរឿងខ្មែរនៅម៉ោងពិសេស ឬ Prime Time ដើម្បីជួយលើកកម្ពស់ដល់ភាពយន្តខ្មែរ៕