ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គុណភាព​គឺ​ជា​កត្តា​ចម្បង​នៃ​ការ​ស្តារ​ទីផ្សារ​ភាពយន្ត​ខ្មែរ​ឡើង​វិញ

  • អ៊ឹម សុធារិទ្ធ

លោក ប៉ុល⁣ វិបូ ចាងហា្វង​ផលិតកម្ម​⁣អង្គរ​ភាពយន្ត​​និង​ផលិតករ​ភាពយន្ត​រឿង «ស្បែក​គង់» ចូល​រួម​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​ទី​ផ្សារ​ភាពយន្ត​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

«ស្បែក​គង់» គឺ​ជា​ភាពយន្ត​ខ្មែរ​ដែល​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ប្រទេស​ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក ប៉ុល វិបូ ចាងហ្វាងផលិតកម្ម​អង្គរ​ភាព​យន្តដែល​ផលិត​រឿង «ស្បែក​គង់» ​នេះមាន​ប្រសាសន៍​ក្នុង​កម្មវិធីហេឡូវីអូអេ​ថា ទីផ្សារ​ក្នុង​ស្រុក​នៅចង្អៀត​នៅ​ឡើយសម្រាប់​ភាព​យន្ត​ខ្មែរ។ លោក វិបូ ​សម្លឹង​ឃើញ​ទី​ផ្សារ​នៅ​ក្នុង​តំបន់​ជា​ពិសេស​នៅ​ប្រទេស​ជឿនលឿន​ដូច​ជា​សហរដ្ឋ​អាមេរិក​ជា​ដើម​ក្នុង​ការ​ពង្រីក​ទី​ផ្សារ​ភាពយន្ត​ខ្មែរ។ លោក​មាន​ប្រសាសន៍​ថា​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ​នេះ រឿង​ «ស្បែក​គង់» របស់​លោក​នឹង​ត្រូវបានដាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ។

«គេ​ចំណាយ​លុយ​ច្រើន​តែ​នៅ​តែ​ចំណេញ​ពីព្រោះ​គេ​មាន​ទី​ផ្សារ​ធំ។ ធ្វើ​ម៉េច​គេ​មាន​ទីផ្សារ​ធំ?​ ពីព្រោះ​គេ​ផលិត​ខ្សែ​ភាព​យន្ត​ដែល​មាន​គុណភាព»។

លោក​ ប៉ុល វិបូ បាន​ប្រាប់​កម្មវិធី​ហេឡូ​វីអូអេ​ថា លោក​បាន​ចំណាយ​ថវិកា​ចំនួន ៦សែន​៨​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ប្រថុយ​ផលិត​ភាពយន្ត​រឿង «ស្បែក​គង់»​ នេះ​ឡើង​ដើម្បី​ពង្រឹង​គុណភាព​និង​ពង្រីក​ដែន​អាជីវកម្ម​របស់​ខ្សែ​ភាពយន្ត​ខ្មែរ​ទៅ​បរទេស។ កិច្ច​ប្រឹងប្រែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បី៖

«ទី១​ ខ្ញុំ​ចង់​ឃើញ​ភាព​យន្ត​ខ្មែរ​ចូល​ឆាក​អន្តរជាតិ​ហើយ​មាន​ការ​គាំទ្រ​ដូច​ជំនាន់​បុព្វបុរស​យើង។ ទី២ ខ្ញុំ​ចង់​ចែក​រំលែក​ព័ត៌មាន​អំពីប្រាក់​ចំណូល​ពី​ភាព​យន្ត​ដើម្បីជា​ទិន្នន័យ​សម្រាប់​ផលិតករ​ដទៃ​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​ជា​យុទ្ធសាស្ត្រ​សម្រាប់​ផលិត​ភាពយន្ត​បន្ត​ទៀត​ និង​ទី៣ ខ្ញុំ​ចង់​ជំរុញ​ឲ្យ​ផលិតករ​ដទៃ​ទៀត​ ផលិត​ខ្សែ​ភាពយន្ត​កំប្លែង​ដែល​ផ្តល់​ប្រយោជន៍​ផ្នែក​ស្មារី​ឲ្យ​ទស្សនា​ឲ្យ​បាន​ច្រើន»។

ទាក់​ទង​នឹង​ការ​កំណត់​អាយុ​ចូល​ទស្សនា​ភាពយន្ត​រឿង «ស្បែកគង់» លោក​ ប៉ុល​ វិបូ​ មាន​ប្រសាសន៍​ថា ជាទូទៅ​ប្រទេស​ណា​ក៏​មាន​គោល​នយោបាយ​កំណត់​ប្រភេទ​ភាពយន្ត​សម្រាប់​ទស្សនិកជន​ដែរ ប៉ុន្តែ​ការ​កណត់​របស់​ក្រសួង​វប្បធម៌​មិន​មាន​មូល​ដ្ឋានច្បាស់​លាស់​ក្រៅ​ពី​ផ្អែក​លើ​ការ​ព្រួយ​បារម្ភ​ប៉ុណ្ណោះ៕

XS
SM
MD
LG