ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រួត​ពិនិត្យ​ជំងឺ​​ Ebola​ នៅ​ច្រក​អន្តរជាតិ


មន្ត្រី​សុខាភិបាល​​ដែល​​​មាន​ពាក់​ឧបករណ៍​ការពារ​ខ្លួន​​ ចូល​រួម​នៅ​ក្នុង​ការ​ហាត់​សាកល្បង​​​​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ Ebola នៅ​ទី​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ឆ្នាំ​២០១៤។
មន្ត្រី​សុខាភិបាល​​ដែល​​​មាន​ពាក់​ឧបករណ៍​ការពារ​ខ្លួន​​ ចូល​រួម​នៅ​ក្នុង​ការ​ហាត់​សាកល្បង​​​​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ Ebola នៅ​ទី​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ឆ្នាំ​២០១៤។

ប្រទេស​កម្ពុជា​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​ចំនួន​បី​ប្រភេទ​យ៉ាង​គ្រោះ​ថ្នាក់​ដល់ជីវិត ហើយដែល​កំពុង​រាត​ត្បាត​នៅ​ប្រទេស​ចិន​ នៅ​តំបន់​មជ្ឈឹម​បូព៌ា​ និង​នៅ​តំបន់​អាហ្វ្រិក។​

វិធានការនេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ជំងឺ​ Ebola​ កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២.០៧៩​នាក់​យ៉ា​ង​តិច​ស្លាប់​ និង​ជិត​៤.០០០​នាក់​ផ្សេង​ទៀត​កំពុង​ឆ្លង​ជំងឺ​នេះ ហើយ​នឹង​ជំងឺ​ពីរ​ផ្សេង​ទៀត​មាន​ដូចជា​ជំងឺ​ផ្តាសាយ​បក្សី​ថ្មី​ (H7N9)​ ដែល​កំពុង​កើត​មាន​ ជា​ពិសេសនៅ​ក្នុ​ង​ខេត្ត​ភាគ​ខាង​កើត​នៃប្រទេស​ចិន ​និង​ជំងឺផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​នៅ​មជ្ឈឹម​បូព៌ា​ (Middle East Respiration Syndrome)។​ ជំងឺ​ពីរ​ចុង​ក្រោយ​នេះ​មាន​អត្រា​ស្លាប់​ខ្ពស់​ដែល​អ្នក​ជំងឺ​លើស​ពី​៥០​ភាគរយ​អាច​នឹង​ស្លាប់​បាន។​

លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​កម្ពុជា​បាន​ដាក់​ពង្រាយ​នូវ​មន្ត្រី​របស់​ខ្លួន​នៅ​តាម​ច្រក​ចេញ​នៃ​ផ្លូវ​អាកាស​ចំនួន​ពីរនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​ និង​ច្រក​ចេញ​ចូល​ផ្លូវ​គោក​ចំនួន​ពីរ​ដែល​មាន​អ្នក​ទេសចរ​បរទេស​ចេញ​ចូល​ច្រើននៅ​ក្រុង​ប៉ោយប៉ែត ​និង​ក្រុង​បាវិត។​

«ចំពោះ​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង​ពីរ​ យើង​បាន​ដាក់​នូវ​ម៉ាស៊ីន​ស្ទង់​កម្តៅ​ដល់​គ្រប់​អ្នក​ដំណើរ​ឆ្លង​កាត់។ ​ចំណែក​ឯ​ផ្លូវ​គោក​ទាំង​ពីរ​ មន្ត្រី​របស់​យើង​ប្រើ​នូវ​ប្រដាប់​បាញ់​ស្ទង់​កម្តៅ​ត្រង់​ថ្ងាស​ដល់​គ្រប់​អ្នក​ដំណើរ។​ ជាមួយ​នោះ​ដែរ​យើង​តម្រូវ​ឲ្យ​អ្នក​ដំណើរ ​ពេល​ដែល​គាត់​មក​ដល់​ ត្រូវ​បំពេញ​ប័ណ្ណ​ប្រកាស​សុខភាព​ដែល​ហៅ​ថា​ ប័ណ្ណ​ស»។​

ប័ណ្ណ​ព័ត៌មាន​នេះ​នឹង​ស្រង់​យក​អាស័យដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​ និង​ទំនាក់​ទំនងរួម​ទាំងសាវតារ​នៃ​សុខភាព​របស់​អ្នក​ដំណើរ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​និង​ធ្វើ​អន្តរាគមន៍។​ ហើយ​មន្ត្រី​ព័ត៌មាន​នឹង​ផ្តល់​ប័ណ្ណ​លឿង​មួយ​ដល់​អ្នក​ដំណើរ​ទាំង​នោះ​សម្រាប់​ទាក់ទង​ពេល​ដែល​អ្នក​ដំណើរ​មាន​រោគ​សញ្ញា។​

ការ​ដាក់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សុខ​ភាព​អ្នក​ដំណើរ​នេះ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក​ម្ល៉េះ។​ រយៈ​ពេល​ជាង​មួយ​ខែ​មក​នេះ​ ​មន្ត្រី​សុខាភិបាល​កម្ពុជា​មិន​បាន​រក​ឃើញ​អ្នកជំងឺ​គួរ​ឲ្យ​សង្ស័យ​នៅ​ឡើយ​ទេ។​

ប្រទេស​ទាំង​ប្រាំ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិកដែល​កំពុង​រង​ការ​វាយ​លុក​ដោយ​ជំងឺ​ Ebola ​នោះ​គឺ​ប្រទេសសេរាឡេអូន ប្រទេស​ហ្គីន​ណេ ​ប្រទេស​លីបេរីយ៉ា ​ប្រទេស​ នីហ្ស៊េរីយ៉ា ​និង​ប្រទេស​កុងហ្គោ។ ​ប៉ុន្តែ​ជំងឺ​នេះ​មិន​ទាន់​រាតត្បាត​ដល់​ទ្វីប​អាស៊ី​ ឬ​នៅ​ប្រទេស​កម្ពុជា​នោះ​ឡើយ។​

ដោយ​ឡែក​ជំងឺ​ផ្តាសាយ​បក្សី​ថ្មី​ (H7N9) នៅ​ប្រទេស​ចិន​និង​ជំងឺផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​នៅ​មជ្ឈឹម​បូព៌ា​បាន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ជា​បន្ត​បន្ទាប់។​

លោក​វេជ្ជ​បណ្ឌិត លី សុវណ្ណ​ ផ្តល់​យោបល់​ឲ្យប្រជា​ពលរដ្ឋ​កម្ពុជា​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មាន​ជំងឺ​យ៉ាង​គ្រោះ​ថ្នាក់​ដល់​ជីវិត​នេះ។​

«ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ដោយសារ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​ Ebola។​ ​ដូច្នេះ​បើ​មិន​ចាំ​បាច់​ទេ​ គួរ​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​កំពុង​ផ្ទុះ​នៅ​ទ្វីប​អាហ្វ្រិក​នោះ។ ​ប៉ុន្តែ​បើ​អញ្ជើញ​ទៅ​ សូម​កុំ​ទៅ​កាន់​តំបន់​ដែល​គេ​ប្រកាស​ថា​ មាន​ផ្ទុះ​នោះ​ កុំ​ទៅ​សួរសុខ​ទុក្ខ​ ឬ​ ទោះ​ជា​ទៅ​ក្នុង​ពិធី​បុណ្យ​សព​ក៏​ដោយ។ ​ចំពោះ​ជំងឺ​ពីរ​ទៀត ​គឺ​រាល់​អ្នក​ដំណើរ​ដែល​មក​ពី​ប្រទេស​ចិន​ ឬមក​ពី​ប្រទេស​នៃ​តំបន់​មជ្ឈឹម​បូព៌ា​ ដោយ​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុន​ក្តៅ​៣៨​អង្សា ​មាន​ក្អក ​ឈឺ​ក​ បើមាន​សញ្ញា​ដូចជា​នេះ ​គួរឲ្យ​សង្ស័យ​ហើយ​គួរ​អញ្ជើញ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​វាយ​តម្លៃ​បន្ថែម»។

ជំងឺ​គ្រុន​ Ebola​ បាន​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៧៦នៅ​ប្រទេស​ស៊ូដង់​ និង​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។​ ជំងឺ​នេះ​មាន​ប្រភព​នៅ​ជិត​ទន្លេ Ebola ​ទើបត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ជា​ជំងឺ​គ្រុន​ Ebola ​នេះ។​

ជំងឺ​នេះ​ឆ្លងតាម​ឈាម ​សរីរាង្គ ​ឬតាម​សារធាតុរាវ​នៃ​សត្វ​ដែល​ឆ្លង​ជំងឺ​នេះ។​ដោយ​ឡែក​ជំងឺផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​នៅ​មជ្ឈឹម​បូព៌ាឆ្លង​ដោយ​ការ​ប៉ះពាល់​ ឬ​ការ​បរិភោគ​សត្វ​អូដ្ឋ​មាន​ជំងឺ។ ​រីឯ​ជំងឺ​ផ្តាសាយ​បក្សី​ថ្មី​ (H7N9)​ ឆ្លង​ដោយ​ការ​ប៉ះពាល់​សត្វ​ស្លាប​ដូច​ជំងឺ​ផ្តាសាយ​បក្សី H5N1​ដែល​គេ​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​ដែរ៕

XS
SM
MD
LG