ក្រុមហ៊ុនច្នៃម៉ូដនិងកាត់ដេរសម្លៀកបំពាក់ H&Mដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែតបានឲ្យដឹងពីការរំពឹងរបស់ខ្លួនថា ប្រទេសកម្ពុជានឹងអាចធ្វើទៅតាមការស្នើរបស់សហភាពអឺរ៉ុប ក្រោមក្របខណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងសព្វាវុធ» ឬហៅថា EBA ដែលរួមចំណែកយ៉ាងខ្លាំងដល់ការរក្សាភាពទាក់ទាញរបស់កម្ពុជា ដើម្បីទាញការវិនិយោគទុនពីក្រៅប្រទេសឬក៏រក្សាទុកអ្នកវិនិយោគដែលមានស្រាប់។
លោកស្រី Ulrika Isaksson មន្ត្រីនាំពាក្យក្រុមហ៊ុនH&M ដែលបានផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត បានឲ្យដឹងតាមសារអេឡិចត្រូនិកអ៊ីម៉េលកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនH&M យល់ស្របពេញទំហឹងជាមួយការចង់បានរបស់សហភាពអឺរ៉ុប ចំពោះការដោះស្រាយការរំលោភសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិលធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់ឲ្យដឹងថា ការព្យួរ EBA នឹងបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានលើការទទួលបានការងាររបស់ប្រជាជនក្នុងឧស្សាហកម្មកាត់ដេរ។
លោកស្រី Ulrika Isaksson បានសរសេរក្នុងន័យដើមថា៖«EBA មានសារៈសំខាន់សម្រាប់ភាពប្រកួតប្រជែងរបស់ឧស្សាហកម្មវាយនភណ្ឌកម្ពុជា។ បើគ្មាន EBAទេ កម្ពុជានឹងមានការលំបាកដើម្បីប្រែក្លាយភាពចាំបាច់នានារបស់ឧស្សាហកម្មកាត់ដេរ ដូចជាការធ្វើឲ្យមានកិច្ចព្រមព្រៀងតថ្លៃទូលំទូលាយរួមមួយ»។
លោកស្រីបានបន្ថែមថា៖«ការដកហូតបុព្ធសិទ្ធិ EBAនឹងនាំទៅរកការផ្លាស់ប្តូរទីតាំងវិនិយោគដោយអន្លើពីក្រុមហ៊ុន H&M Group។ ប៉ុន្តែវាលឿនពេកពេលនេះ ដែលយើងមិនអាចផ្តល់សេចក្តីលម្អិតអំពីរឿងនេះ។ យើងចង់បន្តជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាមផ្លូវវិជ្ជមានមួយ ក្នុងនោះមាន ការកាត់បន្ថយភាពក្រីក្រនិងពង្រឹងស្ថានភាពសិទ្ធិមនុស្ស»។
មន្ត្រីនាំពាក្យក្រុមហ៊ុនH&Mដដែល បានបញ្ជាក់បន្តទៀតថា ប្រសិនបើកម្ពុជា អាចធ្វើតាមសេចក្តីត្រូវការរបស់សហភាពអឺរ៉ុបនោះ កម្ពុជានឹងអាចរារាំងមិនឲ្យមានការព្យួរ EBA ក៏ដូចជាការផ្តើមឲ្យមានយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់។ កម្ពុជាក៏នឹងក្លាយជាទីតាំងផ្គត់ផ្គង់ទំនិញដ៏ទាក់ទាញផងដែរ។ ការទាក់ទាញនេះគឺរួមមានការអភិវឌ្ឍឧស្សាហកម្មទាន់សម័យ ដែលសិទ្ធិការងារត្រូវបានគោរពពេញលេញ ហើយដែលស្ថិរភាពនិងភាពប្រកួតប្រជែងត្រូវបានការពារ។
កាលពីចុងខែមករាកន្លងទៅនេះ តំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញទំនិញកាត់ដេរពីប្រទេសកម្ពុជាចំនួនជាង២០ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យកែប្រែលក្ខខណ្ឌច្បាប់លើការអនុវត្តសិទ្ធិសហជីព បញ្ឈប់ការគាបសង្កត់លើអង្គការក្រៅរដ្ឋាភិបាល និងលើកលែងការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំសហជីព នៅគ្រាដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងពិចារណា និងស្នើឲ្យពិនិត្យប្រព័ន្ធឋាន:អនុគ្រោះពាណិជ្ជកម្មដែលបានផ្តល់ដល់កម្ពុជា។
សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តចុងក្រោយថានឹងទុកកម្ពុជាក្នុងប្រព័ន្ធឋាន:អនុគ្រោះពន្ធ EBAទៀតឬយ៉ាងណា នៅថ្ងៃទី១២ ខែកុម្ភ: ខាងមុខ ក្រោយការវាយតម្លៃរបស់ខ្លួនលើការស្តារឡើងវិញនូវស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានធ្លាក់ចុះដុនដាបខ្លាំងក្រោយការ រំលាយគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។
ទោះយ៉ាងណាក៏ដោយ ក្រុមមន្ត្រីផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាច្រើនលើកច្រើនសារថា មិនមានអ្នកណាអាចដាក់សម្ពាធលើការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាបានទេ។
ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញដែលបានផ្ញើលិខិតជូនលោកហ៊ុន សែន បានអះអាងថា ការងាររបស់ពួកគេជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា បានរួមចំណែកផ្តល់ទឹកប្រាក់៩,៥ពាន់លានដុលា្លរអាមេរិកលើទំនិញកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរដែលបាននាំចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុននេះ៕