ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិមាន​អនុស្សាវរីយ៍​ត្រូវ​សាងសង់​សម្រាប់​អ្នក​កាសែត​ស្លាប់​ក្នុង​ឆ្នាំ​១៩៧០​


ក្នុង​យុគ​សង្គ្រាម​ស៊ីវិល​ដ៏​ប្រទាញ​ប្រទង់​ អ្នកកាសែត​បរទេស​ប្រមាណ​ជា​១២០​នាក់​ស្ថិតនៅ​ប្រទេស​កម្ពុជា​
ក្នុង​យុគ​សង្គ្រាម​ស៊ីវិល​ដ៏​ប្រទាញ​ប្រទង់​ អ្នកកាសែត​បរទេស​ប្រមាណ​ជា​១២០​នាក់​ស្ថិតនៅ​ប្រទេស​កម្ពុជា​
​ភ្នំពេញ​៖ នៅ​ពីមុខ​រូបថត​ដ៏​តូច​មួយ​ដែល​ជាប់​ដោយ​ស្នាម​ញញឹម​បិទ​ទៅ​នឹង​ជញ្ជាំង​ថ្ម​មួយ​ផ្ទាំង ​លោកស្រី​ម៉ា​ហ្ស៊ូ​ឡែន កា​រ៉ុង​ (Marjolaine Caron) ​បាន​លុតជង្គង់​ដោត​ធូប​ចំនួន​ប្រាំ​សរសៃ​ទៅ​នឹង​ដី​ដែល​ក្រាល​ដោយ​វាល​ស្មៅ​ខៀវ​បំព្រង។​

ធូប​បាន​ឆេះ​បង្ហុយផ្សែង​ជា​សរសៃ​ពណ៌​ស ​ឆ្មារ​រសាត់​កាត់​ផ្ទៃមុខ​សិល្បៈការិនី​ជំនាន់​ទំនើប​រូប​នេះ ​ដែល​ហាក់​ដូច​ជា​កំពុង​ស្មឹង​ស្មាត​នៅ​ក្នុង​ចិត្ត​ឧទ្ទិស​ការ​បួងសួង​ដល់​វិញ្ញាណ​ក្ក្ខន្ធ​ឳពុក​របស់ខ្លួន​គឺ​លោក​ហ្ស៊ីល ការ៉ុង​ (Gille Caron)​ អតីត​អ្នក​ថតរូប​និង​ជា​អ្នក​កាសែត​បារាំង​ដែល​ពុះពារ​ក្នុង​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​រវាង​កង​ទ័ព​លោក​សេនា​ប្រមុខ​លន់ នល់​និង​កងទ័ព​ព្រៃ​ពួក​កុម្មុយ​និស្ត​ខ្មែរក្រហម។ ​

អ្នក​កាសែត​បារាំង​ល្បីល្បាញ​រូបនេះ​បាន​បាត់​ខ្លួន​ មុន​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច​បន្តិច។​
រូបថត​មួយ​កំណាត់​ខ្លួន​របស់​គាត់​បាន​ចារឹក​លើ​ស្តូប​នៅ​លើ​សួនច្បារ​មុខ​សណ្ឋាគារ​ឡឺរ័រយ៉ាល់​ក្រុង​ភ្នំពេញ។ ​ស្តូប​នេះ​ត្រូវ​សាងសង់​កាលពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ក្ខន្ធ​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ដែល​បាន​បាត់​ខ្លួន​ ឬ​ត្រូវ​សម្លាប់​និង​ស្លាប់​ក្នុង​សង្គ្រាម​នៅ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៧៥។ ​អ្នក​ថតរូប​និង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សរុប​ចំនួន​៣៧​នាក់​ដែល​មាន​សញ្ជាតិ​កម្ពុជា អាមេរិក​ បារាំង ​ជប៉ុន​ នូវ៉ែល​ហ្ស៊ែឡ​ង់ ​អាល្លឺម៉ង់​ ឥណ្ឌា ​អូស្ត្រាលី​ត្រូវបាន​ចារ​ឈ្មោះ​លើ​ស្តូប​នេះ។​

លោកស្រី ​ម៉ា​ហ្ស៊ូ​ឡែន ការ៉ុង​រំឭក​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ថា​ ដោយសារ​ការ​បាត់បង់​ឳពុក​របស់​អ្នកស្រី ​ម្តាយ​របស់​អ្នកស្រី​នៅ​តែ​ចាត់​ទុក​ថា ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មិន​មាន​ច្បាប់​ទម្លាប់។​

«នេះ​ជា​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​មក​ទី​នេះ ​ដែល​ខ្ញុំ​ហ៊ាន​ប្រឈម​នឹង​ប្រទេស​កម្ពុជា»។​

ការ​បោះ​ជំហាន​មក​កាន់​កម្ពុជា​គឺ​ជា​រយៈ​ពេល​៤២​ឆ្នាំ​កន្លង​ផុត​ទៅ​ បន្ទាប់​ពី​ឪពុក​របស់​អ្នកស្រី​បាត់​ខ្លួន។​

«យើង​បាន​រកឃើញ​រូបថត​ដែល​ទាក់ទង​នឹង​ការ​បាត់​ខ្លួន​របស់​ហ្ស៊ីល​និង​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន។​ ហេតុដូច្នេះ​ហើយ​បានជា​ខ្ញុំ​មាន​កម្លាំងចិត្ត​មក​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ»។​

លោក​ហ្ស៊ីល កា​រ៉ុង​ជា​អ្នកកាសែត​និង​ជា​អ្នក​ថតរូប​ល្បីល្បាញ​ម្នាក់​នៅ​ប្រទេស​បារាំង។​ គាត់​បាន​យក​ព័ត៌មាន​ក្នុង​សង្គ្រាម​ជាច្រើន​ប្រកប​ដោយ​ទេព​កោសល្យ។ ​ហើយ​គាត់​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥​ខែ​មេសា ​ឆ្នាំ​១៩៧០​នៅ​ជិត​ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង​ នៅ​ពេល​ដែល​គាត់​ព្យាយាម​យក​ព័ត៌មាន​អំពី​ការ​វាយ​លុក​របស់​កង​ទ័ព​វៀតកុង​នៃ​ប្រទេស​វៀតណាម ​ហើយ​ក្រុម​ខ្មែរក្រហម​បាន​គាំទ្រ​ដល់​ការវាយលុក​នេះ​ប្រឆាំង​នឹង​របប​លោក​សេនា​ប្រមុខ​លន់ នល់។​

កូនស្រី​របស់​លោក​បាន​មក​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​លោកស្រី​ទទួល​ដំណឹង​ថា ​រដ្ឋាភិបាល​ខ្មែរ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ស្តូប​សម្រាប់​អ្នក​កាសែ​តដែល​បាន​បាត់បង់​ជីវិត​ដោយ​សង្គ្រាម​នៅ​កម្ពុជា។ ​លោកស្រី​ចង់​ឲ្យ​ឳពុក​របស់​លោកស្រី​ត្រូវ​គេ​រំឭក​ក្នុង​ចំណោម​អ្នក​ទាំង​នោះ។​

លោក​ល្វី បាស​ហ្សឺ​ឡូ (Louis Bachelot) ​ត្រូវ​ជា​កូនប្រសារ​របស់​លោក​ហ្ស៊ីល​និង​ជា​ប្រធាន​មូល​និធិ​ហ្ស៊ីល។​

លោក​ឧទិ្ទស​វិញ្ញាណ​ក្ខន្ធ​ឳពុក​ក្មេក​របស់​ខ្លួន​សម្រាប់​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«សង្គ្រាម​នេះ​បាន​សម្លាប់​មនុស្ស​ដ៏​មាន​សារៈ​សំខាន់​ម្នាក់​ដែល​ជា​ជាង​ថត​រូប​ ជា​អ្នក​រាយ​ការណ៍​ព័ត៌មាន​ ជា​សិល្បករ​ ហើយ​ក៏​ជា​ប្តី ​ជា​ឳពុក​និង​ជា​មិត្ត​របស់​អ្នក​រួម​អាជីព។ នៅ​ថ្ងៃនេះ​ជាការ​ឧទ្ទិស​ដល់​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ ​ គឺ​ត្រូវ​និយាយ​និង​ការពារ​សេរីភាព​បញ្ចេញ​មតិ​ ហើយ​សេរីភាព​នេះ​ដែល​កើត​ឡើង​ដោយ​សេរីភាព​ផ្នែក​សារ​ព័ត៌មាន»។​

ក្នុង​យុគ​សង្គ្រាម​ស៊ីវិល​ដ៏​ប្រទាញ​ប្រទង់​ អ្នកកាសែត​បរទេស​ប្រមាណ​ជា​១២០​នាក់​ស្ថិតនៅ​ប្រទេស​កម្ពុជា​ ហើយ​ពួក​គេ​ភាគ​ច្រើន​បាន​ស្នាក់នៅ​សណ្ឋាគារឡឺ​រ៉យរ៉ាល់​ដែល​ស្តូប​សម្រាប់​អ្នក​កាសែត​ត្រូវ​បាន​សាងសង់​នៅ​ពី​មុខ​នេះ​ និង​អ្នកកាសែត​មួយចំនួន​ទៀត​ស្នាក់នៅ​សណ្ឋាគារ​មនោរម្យ។​

លោក​ជែមស៍ ព្រីងហ្គល​ (James Pringles) ​ជា​អតីត​ប្រធាន​ការិយាល័យ​តំណាង​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ​ប្រចាំ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​សាយហ្គន ​ឬ​ក្រុង​ហូជីមិញ​បច្ចុប្បន្ន​នេះ។​

លោក​ជែ​មស៍​គឺជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ពិសេស​ប្រចាំ​តំបន់​អាស៊ី ​ប៉ា​ស៊ីភិក​ហើយ​លោក​មាន​វត្តមាន​នៅក្នុង​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​លោក​ហ្ស៊ីល​នេះ​ដែរ។​ ​លោក​ក៏​ស្គាល់​អ្នក​ថតរូប​បារាំង​ហ្ស៊ីល​នេះ​ដែរ។​

«គាត់​គឺ​ជា​សហ​សេវិក​ និង​អ្នក​ថតរូប​ដ៏​ក្លាហាន។ ​គាត់​បាន​យក​ព័ត៌មាន​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អាល់​ហ្ស៊េរី​និង​នៅ​តំបន់​សង្គ្រាម​ផ្សេង​ទៀត។ ​គាត់​ជា​អ្នក​មាន​បទ​ពិសោធន៍​ម្នាក់។ ​គាត់​គឺជា​អ្នក​កាសែត​ម្នាក់​ក្នុង​ក្រុម​របស់​ពួក​យើង។ គាត់​ត្រូវ​សហ​សេវិក​ដទៃ​ទៀត​គោរព»។​

លោក​ជែមស៍ ព្រីងហ្គល​រំឭក​ឡើង​វិញ​ពី​អនុស្សាវរីយ៍​ការ​យក​ព័ត៌មាន​ក្នុង​ពេល​ដែល​កម្ពុជា​ពោរពេញ​ដោយ​សង្គ្រាម​នោះ។​

«ជា​រៀង​រាល់ថ្ងៃ​ យើង​រាប់​ចំនួន​អ្នក​កាសែត​ដែល​ចាក​ចេញពី​សណ្ឋាគារ​ឡឺរ៉យរ៉ាល់​ដើម្បី​ទៅ​ធ្វើការ​នៅ​ពេល​ព្រឹក។ ​ហើយ​យើង​រាប់​ចំនួន​នេះ​ឡើង​វិញ​នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ​ដើម្បី​ប្រកដ​ថា​មិន​មាន​អ្នកណា​ម្នាក់​បាត់​ខ្លួន​នោះ​ទេ។ ​ប៉ុន្តែ​មិនមែន​រាល់ថ្ងៃ​ដែល​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ទាំងអស់​ត្រឡប់​មក​វិញ​គ្រប់​ចំនួន​នោះ​ទេ។ ​ជួនកាល​ពួកគេ​បាត់​ខ្លួន​ជា​រៀងរហូត»។​

លោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​បញ្ជាក់​ពី​ការ​រងគ្រោះ​បែប​នេះ​ដែរ។​

«សង្គ្រាម​នៅ​ស្រុក​ខ្មែរ​ ពី​ឆ្នាំ​១៩៧០​ដល់​១៩៧៥​ បាន​សម្លាប់​អ្នក​កាសែត​ច្រើន​ជាង​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​ដែល​មាន​រយៈ​ពេល​ដប់ឆ្នាំ»។​
លោកល្វី បាស​ហ្សឺ​ឡូ ​លើកឡើង​ថា ​អតីត​កាល​ទាំងនេះ​បាន​បង្ហាញ​ពី​គ្រោះថ្នាក់​យ៉ាង​ប្រថុយ​ប្រថាន​សម្រាប់​អ្នក​កាសែត​ដែល​មាន​ភារកិច្ច​ចម្បង​គឺ​ស្រង់​ព័ត៌មាន​ដល់​ ឫសគល់​នៃ​ប្រភព៕​
XS
SM
MD
LG