ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​ប៊េកខឺ៖ ​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ខកខាន​បំភ្លឺ​ការណ៍​ពិត​ពី​របប​របស់​ខ្លួន​ក្នុង​ពេល​កន្លង​មក


លោកស្រី​អេលីហ្សាបែត ​ប៊េកខឺ​ អ្នក​កាសែត​​អាមេរិកាំង​ជើង​ចាស់​និង​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ពី​របប​ខ្មែរ​ក្រហម​

ពេល​វេលា​ហាក់​ដូច​ជា​ទុំជោរទៅ​ហើយ​សម្រាប់​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​ចំនួន​ដែល​នៅ​រស់​រាន​មាន​ជីវិត​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​អ្វី​ជា​ការណ៍​ពិតដែល​បាន​កើត​មាន​ឡើង ​ក្រោម​ការគ្រប់​គ្រង​នៃ​របប​របស់​ពួកគេ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ អ្នក​ឯកទេស​ពី​របប​ខ្មែរ​ក្រហម​ម្នាក់។

អ្នក​កាសែតអាមេរិកាំង​ជើង​ចាស់​និង​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ពី​របប​ខ្មែរ​ក្រហម​គឺ​លោកស្រី​អេលីហ្សាបែត ​ប៊េកខឺ​យល់​ថា​ ឯកសារ​បោះពុម្ព​ដែល​លោក​ស្រី​បាន​ស្រាវ​ជ្រាវ​ពី​របប​ខ្មែរ​ក្រហម​គួរ​តែ​គ្រប់គ្រាន់​បញ្ជាក់​ពី​អ្វី​ដែលគាត់​បាន​ឃើញ​ថា​បាន​កើត​មាន​ឡើង​ក្នុង​របបវាល​ពិឃាត​នោះ​ហើយ។

លោកស្រី​បញ្ជាក់​ថា​ ស្នាដៃ​របស់​លោកស្រីត្រូវ​បាន​បោះ​ពុម្ព​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ គឺ​មាន​ដូច​ជា​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «នៅពេល​ដែល​សង្គ្រាម​រលត់​ទៅ» ត្រូវ​បាន​បោះ​ពុម្ព​ជាលើក​ដំបូង​ក្នុង​ឆ្នាំ​១៩៨៦​ ហើយ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បោះពុម្ព​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩៩៩។​ មាន​អត្ថបទ​សារព័ត៌មាន​ជា​ច្រើន​របស់​លោក​ស្រី​ត្រូវ​បាន​បោះ​ពុម្ព ​ជា​បន្ត​បន្ទាប់​ ក្រោយ​ពីបាន​ជួបសម្ភាស​ជាមួយ​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ដែល​មាន​ដូច​ជា​ប៉ុល ពត ​និង​អៀង សារី នៅ​ចុងឆ្នាំ​១៩៧៨​ នៅ​ពេល​ដែល​លោកស្រី​បាន​ទៅ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​អ្នក​កាសែត​ដែល​របប​កម្ពុជា​ប្រជាធិប​តេយ្យ​បាន​អញ្ជើញ។

«មិនមាន​អ្នក​ណា​ម្នាក់​ដែល​និយាយ​អ្វី​ម្តង​សោះថា​ អ្វីដែល​ខ្ញុំ​ផ្សាយ​មាន​ការ​ខុស​ឆ្គង​ ហើយ​ប្រកែក​ថា​ ពួកគេ​មិន​ដែល​និយាយ​ដូច​ដែល​ខ្ញុំ​បាន​ផ្សាយ​ទេ ​គឺ​មិន​ដែល​មាន​ទាល់​តែ​សោះ។ ​មិនគ្រាន់តែ​ប៉ុណ្ណោះ​ទេ ​ពួកគេ​ក៏​មិន​ដែល​សរសេរ​រឿង​រ៉ាវ​ផ្សេង​របស់​ពួកគេ​ដែរ។ ​តើ​ពួកគេ​ចង់​និយាយ​ការពារ​ខ្លួន​យ៉ាង​ម៉េច? ​តើ​ពួកគេ​នៅ​អង្គុយ​ក្នុង​ទូរ​ឱប​ដៃ​ឬ?​ គឺ​អត់​ទាល់​តែ​សោះ​ ចុះ​ហេតុអ្វី​បាន​ជា​យើង​មិន​បាន​ឮ​ ឬ​អាន​អ្វី​សោះ​ពី​ពួកគេ​ណាម្នាក់​ដែល​បញ្ជាក់​ថា​ រឿងនោះ​កើត​មិន​ឡើង​ដូច្នោះ​ទេ ​ហើយ​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​តវ៉ា​អំពី​អ្វី​ដែល​យើង​សរសេរ​អំពី​ពួកគេ​តាំង​ពី​ពេល​មុន​មក?»

នៅក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«នៅពេលដែល​សង្គ្រាម​រលត់​ទៅ»​ លោក​ស្រី​អេលីហ្សាបែត ​ប៊េកខឺ​បាន​សរសេរ​រៀបរាប់​ថា ក្នុង​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​ធ្នូ​ឆ្នាំ​១៩៧៨ ​ដែល​ក្រុម​ខ្មែរ​ក្រហម​បាន​រៀបចំ​ឱ្យ​នោះ ​លោកស្រី​និង​អ្នក​កាសែត​បរទេស​ម្នាក់​ទៀត​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ពិសេស​ជួប​សម្ភាស​ជាមួយ​ប៉ុល ពត ​មេដឹកនាំ​របប​នេះ​ពីស្ថានភាព​ប្រទេស​កម្ពុជា។ ​ជំនួស​ឱ្យ​ការទុក​ពេល​ឱ្យ​អ្នក​កាសែត​សួរ​គាត់ ​ប៉ុល ពតបែរ​ជា​ទៅ​និយាយ​បូរបាច់​តែ​ម្នាក់​ឯង​ពី​ការធ្វើ​សង្គ្រាម​ជាមួយ​នឹង​វៀតណាម​ដោយ​បាន​ទាញ​អង្គការ​អន្តរជាតិ​ ដូច​ជា​អង្គការ​អូតង់​ សមាគម​អាស៊ាន ​និង​បក្ស​សម្ព័ន្ធ​វ៉ាសូវី​ចូលរួម​ជាដើម។

ក្រុម​លោកស្រី​ក៏​បាន​ពិសារ​បាយ​ល្ងាច​ជាមួយ​នឹង​អៀង​ សារី ដែល​កាលនោះ​ជា​រដ្ឋ​មន្ត្រី​ការបរទេស។​ ដូច​គ្នា​នឹង​ប៉ុល ពត​ដែរ ​អៀង​ សារី​ផ្តោត​ការ​សន្ទនា​សំខាន់​លើ​ការ​ចូលឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម​មក​កម្ពុជា។ ​លោកស្រី​ក៏​បាន​រៀបរាប់​ដែរ​ថា​ អៀង សារី​បាន​គេច​មិន​ឆ្លើយ​នឹង​សំណួរទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​ស្ថានភាព​រស់​នៅ​របស់​ប្រជាជន។​ នៅ​ពេល​នោះ អៀង សារី​អះអាង​ថា​ នៅ​កម្ពុជា​គ្មាន​ពន្ធនាគារ ​ហើយ​បង្វែរ​ការ​សន្ទនា​ទៅ​ជា​ការ​ចង់​ដឹង​ពី​ការ​សង្កេត​របស់​ក្រុម​អ្នក​កាសែត​ទៅ​លើ​អ្វី​ដែល​របប​នេះ​បាន​រៀប​ចំ​បង្ហាញ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​លោក​ស្រី​អេលីហ្សាបែត ប៊េកខឺ​បាន​បញ្ជាក់ប្រាប់ថា​ អ្វីៗ​ដែល​ពួកគេ​រៀប​ឱ្យ​បាន​ឃើញ​គឺ​គ្រាន់​តែ​ជាការ​បំភាន់​ភ្នែក​តែ​ប៉ុណ្ណោះ។

«អ្វីដែល​ពួកគេ​បង្ហាញ​យើង​គឺ​ពួកគេ​នាំ​យើង​ទៅ​មើល​ភូមិ​គំរូ​តូច​មួយ ​ហើយ​ពួក​គេ​ឱ្យ​កម្មាភិបាល​ជាន់​ខ្ពស់​របស់​ពួកគេ​ស្លៀកពាក់តែង​ខ្លួន​ជា​កសិករ។​ ដូច្នេះ​អ្វីៗ​ត្រូវ​បាន​គេ​រៀប​ចំ​ទុក​ជាមុន។ ​ដូច្នេះ​ហើយ​អ្នក​ដែល​យើង​បាន​ឃើញ​គឺ​ជា​កម្មាភិបាល។ ​ខ្ញុំ​មិនដឹង​ថា​ ពួកគេ​ធ្វើ​យ៉ាង​ម៉េច​ទេ​ ប៉ុន្តែ​វាច្បាស់​ណាស់ បើ​សិន​ជា​អ្នក​ធ្លាប់​ទៅ​មើល​ផ្ទះ​គេ​សង់​ទុក​ជា​គំរូ​អ្វី​មួយ​នោះ។​ អ្វីៗ​ល្អ​ឥតខ្ចោះ​ពេក​ដែល​អ្នក​ដឹង​ជាស្រេច​ថា ​វា​មិនមែន​ជា​ការណ៍​ពិត​ទេ»។

ឯកសាររបស់​លោក​ស្រី​ដែល​បាន​មក​ពី​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ដែល​មាន​ដូច​ជា​ សៀវភៅ​និង​ខ្សែអាត់​សំឡេង​ ត្រូវ​បាន​តុលាការ​យក​មក​ធ្វើ​ជា​ឯកសារ​យោង​ខ្លះ​សម្រាប់​ការកាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង០០២។ ​លោកស្រី​និយាយ​ថា​ គាត់​សុខចិត្តផ្តល់​សក្ខីកម្ម​នៅ​តុលាការ​ខ្មែរ​ក្រហម​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​និង​យល់​ដឹង​ពី​របប​នេះ​និង​មេដឹកនាំ​របស់​ពួកគេ។

តាម​ប្រភព​នានា​បញ្ជាក់​ប្រាប់​វីអូអេ​ឱ្យ​ដឹង​ថា​ តុលាការ​មាន​បំណង​អញ្ជើ​ញ​លោក​ស្រី​អេលីហ្សាបែត ​ប៊េកខឺ​ចូលផ្តល់​សក្ខីកម្ម​ក្នុង​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ទីពីរ​ក្នុង​ខែកុម្ភៈ ​ដើម្បី​ចូលរួម​សម្ពោធ​ពិព័រណ៍​រូប​ថត​និងខ្សែ​អាត់​សំឡេង​ដែល​លោក​ស្រី​បាន​សម្ភាស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​នៅ​ចុង​សម័យគ្រប់​គ្រង​នៃរបប​វាល​ពិឃាត​នេះ។

លោក​អាង​ ឧត្តម​ មេធាវី​ការពារ​អៀង សារី​បាន​បញ្ជាក់​ថា​ លោក​ក៏​មាន​បំណង​ចង់​សាក​សួរ​លោក​ស្រី​អេលីហ្សាបែត​ ប៊េកខឺ​ពី​ការ​យល់​ដឹង​របស់​លោកស្រីពី​របប​ខ្មែរ​ក្រហម​ដែរ​ ប៉ុន្តែ​នៅ​មិន​ទាន់បាន​ត្រៀម​ខ្លួន​រួចរាល់​នៅ​ឡើយ​ទេ ពេល​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ទាក់​ទង​កាល​ពីថ្ងៃ​អង្គារ ព្រោះ​ក្រុមមេធាវី​ការពារ​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​សិក្សា​ពី​អ្វី​ដែល​លោក​ស្រី​បាន​បោះ​ពុម្ព​ផ្សាយ។

«សៀវភៅ​របស់​គាត់​សរសេរ​ច្រើនៗ​ទំព័រ​ពេក ​ខ្ញុំ​មើល​អត់​អស់​ទេ។ ​ប៉ុន្តែ​ខ្លឹមសារ​ហ្នឹង​ហើយ​នេះ​ជា​សាក្សី​របស់​តុលាការ។ ​យើង​ក៏​ត្រៀម​នឹង​សាក​សួរ​គាត់​ដែរ​ពី ការ​ដឹង​ឮ​របស់​គាត់​ ការសរសេរ​សៀវ​ភៅ​របស់​គាត់​ ប៉ុន្តែ​យើង​ភ្ញាក់​ផ្អើល​ដែរ​ដោយ​សារ​តុលាការ​គាត់​បញ្ជាក់​ថា​ អ្នក​ស្រី​នោះ​នឹង​ឡើង​មក​ផ្តល់​សក្ខីកម្ម​ដែល​ក្នុង​បញ្ជី​ឈ្មោះ​សម្រាប់​វគ្គ​នេះ​ គាត់​អត់​មាន​សោះ។​ ហើយ​យើង​អត់​បាន​ត្រៀម​សួរ​គាត់​សោះ។ ​ដល់​តុលាការ​ដាក់​មក​អញ្ចឹង​ទៅ​ជា​ប្រថុចញ៉ុច​ ទៅ​ជា​ស្រឡាំង​កាំង​គ្រប់​គ្នា»។

លោក​ហ៊ុយ វណ្ណៈ ​អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ពុំ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ តើ​លោក​ស្រី​អេលី​ហ្សាបែត​នឹង​ត្រូវ​ឡើង​ផ្តល់​សក្ខីកម្ម​ឬ​ទេ​ ឬ​ក៏​នៅ​ពេល​ណា​នោះ​ឡើយ។​ លោក​គ្រាន់​តែ​បញ្ជាក់​ថា​ តុលាការ​ប្រើ​ប្រាស់​ទាំង​សាក្សី​ជាតិ​និងអន្តរជាតិ​យក​មក​ផ្តល់​សក្ខីកម្មដើម្បី​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ការ​កាត់​ក្តី។

«កន្លង​មក​យើង​បាន​ឮ​ជន​រងគ្រោះ​គាត់​និយាយពី​រឿង​របស់​គាត់នេះ​ ជាផ្នែក​ម្ខាងរបស់​ជន​រងគ្រោះ។ ​ហើយ​ជន​ជាប់​ចោទ​ក៏​គាត់​និយាយ​រឿង​របស់​គាត់​ក្នុង​ន័យ​ការពារ​រឿងរបស់​គាត់ ដូច្នេះ​ហើយដែល​តុលាការ​ត្រូវ​ស្តាប់​អ្នក​ម្ខាង​ទៀត​ដែល​ជា​អ្នក​ទីបី ​ជាសាក្សី​ជា​អ្នក​ជំនាញ​ដើម្បី​ធ្វើ​ឱ្យ​អង្គហេតុនោះ​កាន់​តែ​ច្បាស់​ឡើង​កាន់តែ​ភ្លឺ​ឡើង​សម្រាប់​ភាគី​ទាំង​សង​ខាង​ មាន​ន័យ​ថា​ ទាំង​ជន​រងគ្រោះ ​ក៏​ដូច​ជា​ជន​ជាប់​ចោទ​ បាន​ឃើញ​និង​បាន​ឮ​អំពីព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ជៀសវាង​ថា​ ការសម្រេច​របស់​ចៅក្រម​លម្អៀង​ទៅ​ខាង​ជន​រងគ្រោះ​ ឬក៏​ខាង​ជន​ជាប់​ចោទ»។

មាន​មេដឹកនាំ​ខ្មែរ​ក្រហមជាន់​ខ្ពស់បីនាក់​កំពុង​ត្រូវ​តុលាការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​ ក្នុង​នោះ​មាន​នួន ជា​ អតីត​មេ​មនោគម​វិជ្ជា​ ខៀវ សំផន​ អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​ និង​អៀង សារី​ អតី​ត​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស៕

XS
SM
MD
LG