Los Angeles
កាលពីថ្ងៃអង្គារ ពលរដ្ឋអាមេរិកបានធ្វើការបោះឆ្នោតរើសប្រធានាធិបតី រួមទាំងអ្នកតំណាងនិងបញ្ហាប្រចាំតំបន់ផ្សេងៗ។ សម្រាប់តំបន់ Los Angeles នេះមានន័យថា មានមនុស្សជាច្រើនខិតខំជំរុញឲ្យអ្នកបោះឆ្នោតទៅកន្លែងបោះឆ្នោតនិងតម្រូវឲ្យមានអ្នកធ្វើការជាច្រើនទៀតដើម្បីឲ្យមានការរាប់សន្លឹកឆ្នោតមានភាពយុត្តិធម៌។
ថ្ងៃបោះឆ្នោតនៅទីក្រុង Long Beach មិនបានចាប់ផ្តើមជាមួយការតម្រង់ជួរយ៉ាងវែងដើម្បីបោះឆ្នោតនោះទេ តែជាមួយនិងសេចក្តីសាទរពីមនុស្សមួយចំនួន។
លោក ខែម ផកជាពលរដ្ឋទីក្រុង Long Beach។ គាត់ប្រកាសថា៖
«ដូចពាក្យគេថា សម្លរឆ្ងាញ់នឹងគ្រឿង ឯប្រទេសជាតិរុងរឿងដោយសារប្រជាជន»។
ពលរដ្ឋខ្មែរអាមេរិកាំងមកបោះឆ្នោតជាបន្តបន្ទាប់ពេញមួយថ្ងៃ។
លោក ដុល បណ្ឌិត (Doul, Bandeth)ជាសិស្ស។ គាត់និយាយថា៖
«ខ្ញុំដឹងថា មានខ្មែរយើងចូលរួមកាន់តែច្រើន។ ម្តាយរបស់ខ្ញុំបានសួរខ្ញុំ ថាតើគាត់គួរបោះឆ្នោតឲ្យអ្នកណា។ ខ្ញុំសួរគាត់វិញថា ចុះម៉ាក់មានគំនិតយ៉ាងម៉េច?»
ទោះបីជាថ្ងៃបានលិចហើយក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែបន្តមកបោះឆ្នោត។
អ្នកស្រង់ស្ថិតិទាំងពីរនាក់នេះពិនិត្យមើលឈ្មោះអ្នកដែលមិនទាន់បានមកបោះឆ្នោត ហើយគេនឹងទៅតាមអ្នកទាំងនេះដល់គេហដ្ឋានដើម្បីឲ្យគេចេញមកបោះឆ្នោត។
ឆ្នាំនេះគឺជាលើកទីមួយដែលភាសាខ្មែរត្រូវបានគេដាក់បញ្ជូលក្នុងការបោះឆ្នោតនៅស្រុក Los Angeles ក្នុងគោលបំណងឲ្យតួលេខអ្នកបោះឆ្នោតខ្មែរអាមេរិកាំងកើនឡើង។
សន្លឹកឆ្នោតរបស់គេត្រូវបានគេរាប់នៅទីស្នាក់ការកណ្តាលគណៈកម្មការបោះឆ្នោតតំបន់Los Angeles។
ឥឡូវនេះខ្ញុំកំពុងឈរនៅទីស្នាក់ការកណ្តាលគណៈកម្មការបោះឆ្នោតតំបន់ Los Angeles។ ចំនួនអ្នកបោះឆ្នោតនៅឆ្នាំនេះមានតិចជាងឆ្នាំ២០០៨ ហើយយើងមិនអាចដឹងថា ចំនួនអ្នកបោះឆ្នោតជាជនជាតិខ្មែរមានប៉ុន្នាននោះទេ រហូតដល់ការបោះឆ្នោតនេះត្រូវបានបញ្ចប់។
សន្លឹកឆ្នោតត្រូវបានដឹកជញ្ជូនដោយអាជ្ញាធរមានសមត្ថកិច្ច ហើយគេរក្សាវាយ៉ាងមានសុវត្ថិភាព និងបើកពិនិត្យមើលដោយក្រុមអ្នកស្ម័គ្រចិត្ត។
ឥឡូវនេះសន្លឹកឆ្នោតត្រូវបានដឹកជញ្ជូនមកដល់ទីស្នាក់ការកណ្តាលគណៈកម្មការបោះឆ្នោតតំបន់Los Angeles ហើយនៅក្នុងប្រអប់ក្រហមនីមួយៗគឺមានទុកនូវសន្លឹកនោត។
សន្លឹកឆ្នោតមកពីគ្រប់ស្ថានីយ៍បោះឆ្នោតទាំងអស់នៅក្នុងស្រុកនេះ ហើយត្រូវបានគេ scan ចូលក្នុងប្រព័ន្ធកុំព្យូទ័រ មុននឹងធ្វើការរាប់សន្លឹកឆ្នោត។
ថ្ងៃនេះជាថ្ងៃចុងក្រោយនៃកិច្ចខំប្រឹងប្រែងជាច្រើនខែរបស់លោក នេត្រ មនោរម្យ ដែលត្រូវបានស្រុក Los Angeles ប្រគល់កិច្ចការឲ្យលោកធ្វើយ៉ាងណាឲ្យមានអ្នកបោះឆ្នោតច្រើន។
លោកនេត្រ មនោរម្យ ជាមន្ត្រីកិច្ចការបោះឆ្នោតនៅ Los Angeles។ លោកនិយាយថា៖
«ថ្ងៃនេះខ្ញុំសប្បាយចិត្តដោយឃើញបងប្អូនខ្មែរយើងចេញមកបោះឆ្នោតច្រើន ជាពិសេសលោកតាលោកយាយចាស់ៗ។ នេះជាលើកទីមួយដែលគាត់ចេញពីស្រុកខ្មែរ ទៅជំរុំជនភៀសខ្លួន ហើយចេញមកស្រុកអាមេរិក ហើយទើបបានចូលសញ្ជាតិអាមេរិក។ ខ្ញុំបានជួបគាត់ ពេលបំពេញបែបបទចូលសញ្ជាតិ។
បន្ទាប់មកនៅកន្លែងស្បថចូលសញ្ញាតិ ហើយឥឡូវនេះឃើញគាត់មកបោះឆ្នោត។ខ្ញុំសប្បាយចិត្តមែនទែន តែនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះខ្មែរយើងនៅមិនទាន់មានអ្នកណាឈរឈ្មោះជាតំណាងនៅសាលាក្រុងឬជាចៅហ្វាយក្រុងនៅឡើយទេ។ តែបើខ្មែរយើងច្រើនបោះឆ្នោតច្រើន យើងមានសម្លេងច្រើន យើងអាចរើសខ្មែរយើងបាន។ ពេលបានអញ្ចឹង បានខ្ញុំសប្បាយចិត្តជាងនេះទៀត។ ហើយបើចង់បានអញ្ចឹង ទាល់តែខ្មែរយើងអាយុ១៨ឆ្នាំឡើង មានសញ្ជាតិអាមេរិកទៅបោះឆ្នោតទាំងអស់គ្នា»។
បន្ទាប់មកនៅកន្លែងស្បថចូលសញ្ញាតិ ហើយឥឡូវនេះឃើញគាត់មកបោះឆ្នោត។ខ្ញុំសប្បាយចិត្តមែនទែន តែនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះខ្មែរយើងនៅមិនទាន់មានអ្នកណាឈរឈ្មោះជាតំណាងនៅសាលាក្រុងឬជាចៅហ្វាយក្រុងនៅឡើយទេ។ តែបើខ្មែរយើងច្រើនបោះឆ្នោតច្រើន យើងមានសម្លេងច្រើន យើងអាចរើសខ្មែរយើងបាន។ ពេលបានអញ្ចឹង បានខ្ញុំសប្បាយចិត្តជាងនេះទៀត។ ហើយបើចង់បានអញ្ចឹង ទាល់តែខ្មែរយើងអាយុ១៨ឆ្នាំឡើង មានសញ្ជាតិអាមេរិកទៅបោះឆ្នោតទាំងអស់គ្នា»។
មន្រ្តីគណៈកម្មការបោះឆ្នោតសង្ឃឹមថា ពលរដ្ឋខ្មែរអាមេរិកាំងនឹងបន្តធ្វើការបោះឆ្នោតនៅថ្ងៃខាងមុខទៀត៕