ធូលីដីគ្របដណ្ដប់លើទីធ្លាក្រោយផ្ទះរបស់លោក លីម តុងអេង។ ធូលីដីនេះហុយពីការជីកកាយដីរបស់អេស្កាវ៉ាទ័រជាច្រើនដែលកំពុងមមាញឹកពង្រីកព្រែកជីកដែលនៅក្បែរនោះ។ ព្រែកជីកនេះត្រូវបានរដ្ឋាភិបាលកម្ពុជាសង្ឃឹមថានឹងក្លាយទៅជាព្រែកជីកដឹកជញ្ជូនដ៏សំខាន់មួយរបស់កម្ពុជា។
នៅខែសីហាខាងមុខនេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ។ ព្រែកជីកនេះមានតម្លៃសាងសង់ចំនួន ១,៧ ពាន់លានដុល្លារ ហើយនឹងតភ្ជាប់ពីទន្លេមេគង្គទៅកាន់កំពង់ផែកម្ពុជានៅឈូងសមុទ្រថៃ។ ព្រែកជីកនេះនឹងផ្ដល់នូវជម្រើសថ្មីមួយដើម្បីបញ្ចៀសការដឹកទំនិញឆ្លងកាត់តាមប្រទេសវៀតណាម។
វាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងចំណោមគម្រោងផ្សេងទៀតរបស់លោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគម្រោងនេះត្រូវបានគេមើលឃើញថាជាការធ្វើឱ្យមានសន្ទុះថ្នាក់ជាតិដើម្បីគាំទ្រដល់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ប៉ុន្តែ គេឃើញមានភាពមិនច្បាស់លាស់ជុំវិញគម្រោងនេះ រាប់ចាប់ពីគោលបំណងនៃព្រែកជីកនេះថាតើវាសម្រាប់ការដឹកជញ្ជូនឬសម្រាប់ជាប្រព័ន្ធធារាសាស្ត្រ រហូតដល់ទៅថាតើអ្នកណាជាអ្នកដែលផ្ដល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់ ឬថាតើវានឹងប៉ះពាល់ដល់លំហូរទឹកទន្លេមេគង្គឬក៏យ៉ាងណានោះ។
ការខ្វះចន្លោះភាពច្បាស់លាស់ធ្វើឱ្យមានភាពតានតឹងនៅក្នុងចិត្តក្នុងចំណោមអ្នកដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ។
លោក តុងអេង ដែលមានអាយុ ៧៤ ឆ្នាំ ធ្លាប់ជាកសិករហើយបច្ចុប្បន្នត្រូវពឹងលើរទេះរុញដើម្បីធ្វើដំណើរ។ លោកនឹងត្រូវបាត់បង់ផ្ទះនិងដីទៅលើគម្រោងនេះ។ លោកមិនទាន់បានដឹងថាតើលោកនឹងទទួលបានអ្វីជាសំណងនៅឡើយទេ។
លោក តុងអេង បាននិយាយថា៖ «យើងមិនត្រឹមតែភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងភ័យខ្លាចទៀតផង។ យើងមិនដឹងថារដ្ឋាភិបាលគិតយ៉ាងម៉េចចំពោះយើងទេ ព្រោះមកទល់នឹងពេលនេះយើងមិនទាន់ទទួលបានដំណឹងអ្វីឡើយ»។
លោក ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានដង្ហើមដកដោយខ្លួនឯង និងថា អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យបាញ់កាំជ្រួចនៅថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី ៥ ខែសីហា ដែលចំនឹងថ្ងៃខួបកំណើតរបស់លោកផ្ទាល់។
រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ព្រែកជីកនេះនឹងបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមចន្លោះពី ២១ ទៅ ៣០ ភាគរយច្រើនជាងតម្លៃសាងសង់ និងបង្កើតការងាររាប់ម៉ឺននៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនបានបង្ហាញភ័ស្តុតាងលម្អិតអំពីការព្យាករណ៍នេះទេ។
អ្នកវិភាគថា ផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីគម្រោងនេះនៅមិនទាន់ច្បាស់នៅឡើយ។
លោក ឈាង វណ្ណារិទ្ធ ដែលជាអ្នកវិភាគនយោបាយនិងជាប្រធានឧទ្យាននវានុវត្តន៍សង្គមអង្គរ (Angkor Social Innovation Park) បានថ្លែងថា៖ «មានរឿងមិនច្បាស់និងភាពស្រពិចស្រពិលជាច្រើនទាក់ទងនឹងផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដនិងតម្លៃសាងសង់នៃគម្រោងនេះ»។
ក្រៅពីនេះ គេក៏ឃើញមានក្ដីបារម្ភផងដែរអំពីលំហូរទឹកទន្លេមេគង្គ។
ក្រុមអ្នកអភិរក្សធ្លាប់បានលើកឡើងថា ទន្លេនេះរងការគំរាមកំហែងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ការបំពុល ការជីកយកខ្សាច់ និងការប្រែប្រួលអាកាសធាតុ។
ប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃគឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ ១៩៩៥។ កិច្ចព្រមព្រៀងនេះគ្រប់គ្រងលើការបែងចែកភោគផលដែលបានពីទន្លេនេះ។
ទោះបីជាកម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ (MRC) អំពីគម្រោងព្រែកជីកនេះក៏ដោយ ក៏វៀតណាមចង់បានព័ត៌មានបន្ថែមអំពីគម្រោងនេះ។
រដ្ឋាភិបាលកម្ពុជាបានពន្យល់ថា គម្រោងនេះប៉ះពាល់តែដៃទន្លេមេគង្គប៉ុណ្ណោះ ដូច្នេះវាតម្រូវឱ្យកម្ពុជាជូនដំណឹងតែប៉ុណ្ណោះ ហើយខ្លួនក៏បានធ្វើកិច្ចការនេះរួចហើយ។
ការលើកឡើងបែបនេះត្រូវបានអ្នកជំនាញមួយចំនួនបកស្រាយជំទាស់ ដោយពួកគេកត់សម្គាល់ថា ព្រែកជីកដែលសាងសង់នៅក្បែរផ្ទះរបស់លោក តុងអេង គឺភ្ជាប់ដោយផ្ទាល់ពីដងទន្លេមេគង្គ។
លោក Brian Eyler អ្នកជំនាញអំពីទន្លេមេគង្គនៅមជ្ឈមណ្ឌល Stimson នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានលើកឡើងថា ការធ្វើប្រព័ន្ធធារាសាស្ត្រនៅរដូវប្រាំងចេញពីដងទន្លេមេគង្គផ្ទាល់ «តម្រូវឱ្យមានការព្រមព្រៀងពីសមាជិកទាំង ៤ ប្រទេសនៃគណៈកម្មការទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា ខ្លួនមិនបានទទួល «របាយការណ៍ណាមួយអំពីលំហូរទឹក» ហើយខ្លួន «កំពុងស្នើសុំនិងរង់ចាំការផ្ដល់ព័ត៌មានបន្ថែមទៀតពីកម្ពុជា»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលដឹកនាំគម្រោងនេះ បានប្រៀបធៀបព្រែកជីកនេះទៅនឹងទុយយោទឹក។
លោកបានប្រាប់កាសែត Straits Times កាលពីពេលថ្មីៗនេះថា៖ «តើអ្នកអាចបឺតទឹកចេញពីទន្លេមេគង្គបានប៉ុណ្ណាដោយប្រើទុយយោទឹក?»
លោកបានបន្ថែមថា ការសិក្សាអំពីផលប៉ះពាល់នៃព្រែកជីកនេះរកឃើញថា វាប៉ះពាល់ទឹកទន្លេមេគង្គតែ ០,០៦% ប៉ុណ្ណោះនៅរដូវប្រាំង។ ឯកសារនៃការសិក្សានេះមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។
លោក Eyler បាននិយាយថា៖ «វាអាចទៅរួចដែលថា ផលប៉ះពាល់ទៅលើបរិស្ថាននិងសង្គមសម្រាប់កម្ពុជានិងវៀតណាមគឺមានតិចតួចប៉ុណ្ណោះ។ ប៉ុន្តែ ពេលនេះយើងមិនអាចដឹងបានស៊ីជម្រៅអំពីគម្រោងនេះដើម្បីសន្និដ្ឋានដូច្នេះនោះឡើយ»។
មន្ត្រីកម្ពុជាបានបដិសេធការចោទប្រកាន់ដែលថាព្រែកជីកនេះនឹងត្រូវប្រើប្រាស់ដោយនាវាចម្បាំងចិន ហើយអ្នកវិភាគបានយល់ស្របភាគច្រើនថា ផ្លូវទឹកនេះមិនសមស្របសម្រាប់គោលបំណងនេះទេ ពីព្រោះគោលបំណងបែបនេះអាចប្រើប្រាស់ផ្លូវគោកឬផ្លូវសមុទ្របាន។
លោក វណ្ណារិទ្ធ បាននិយាយថា សារៈសំខាន់ដ៏ចម្បងនៃគម្រោងនេះគឺគុណតម្លៃផ្នែកនយោបាយ។
លោកថ្លែងដូច្នេះថា៖ «គម្រោងនេះជាគម្រោងកេរមរតកដោយភ្ជាប់ជាមួយនឹងសារៈសំខាន់ផ្នែកនយោបាយនិងប្រវត្តិសាស្ត្រ។ មិនថាជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនឹងធ្វើវាឱ្យដល់ទីបញ្ចប់ … ព្រោះរដ្ឋាភិបាលត្រូវតែបង្ហាញអំពីអ្វីមួយ»៕
វេទិកាបញ្ចេញមតិ