ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សាធារណការ​សម្ពោធ​មណ្ឌល​ប្តូរ​និង​ពន្យារ​ប័ណ្ណ​បើកបរ​តាម​អ៊ីនធឺណិត


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ក្នុង​ពិធី​សម្ភោធ​ឲ្យ​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ក្នុង​ពិធី​សម្ភោធ​ឲ្យ​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​គម្រោង​ដាក់​ឲ្យ​ចុះ​បញ្ជី​យានយន្ត​តាម​​អនឡាញ (អ៊ីនធឺណិត) ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​១០០​ថ្ងៃ​​របស់​លោក​ ក្រោយ​ពី​ការ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដ៏​សំខាន់​នា​ដើម​ខែ​មេសា​កន្លង​ទៅ។​​

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​សម្ពោធ​ឲ្យ​ដំណើរការ​មណ្ឌល​ប្តូរ​និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ក្នុង​ផ្សារ​ទំនើប​ AEON​ រាជធានី​ភ្នំពេញ។ ​ការ​បង្កើត​មណ្ឌល​ប្តូរ​ និង​ពន្យារ​ប័ណ្ណ​បើកបរ​ជា​លើក​ដំបូង​នេះ​ គឺ​ជា​ការ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ​កម្ពុជា​ ព្រម​ទាំង​ដើម្បី​ធានា​នូវ​តម្លាភាព​នៃ​ការ​អនុវត្ត​សេវា​សាធារណៈ។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ថ្លែង​នៅ​ក្នុង​ ​ពិធី​សម្ពោធមណ្ឌល​ថ្មី​នេះ​ថា ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា​គ្រោង​នឹង​បើក​ឲ្យ​មាន​ការ​ចុះ​បញ្ជីយានយន្ត​ថ្មី តាម​ប្រព័ន្ធ​អ៊ីនធឺណិតឲ្យ​បាន​ ​មុន​ពេល​បំណាច់​ឆ្នាំ​២០១៦។

លោក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​គម្រោង​ដាក់​ឲ្យ​ចុះ​បញ្ជី​យានយន្ត​តាមអនឡាញ (អ៊ីនធឺណិត) ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​១០០​ថ្ងៃរបស់​លោក​ ក្រោយ​ពី​ការ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដ៏​សំខាន់​នា​ដើម​ខែ​មេសា​កន្លង​ទៅ។ លោក​បន្ត​ថា ​ការណ៍​នេះ​នឹង​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​យានយន្ត​ទាំង​អស់​ទូទាំង​ប្រទេស។

លោក​ ស៊ុន​ ចាន់ថុល ថ្លែង​ថា៖​

«មុន​ដាច់​ឆ្នាំ​២០១៦​ ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ នឹង​ធ្វើ​ឡើង​មុន​ដាច់ឆ្នាំ​នេះ​ហើយ»។​

ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​ក្រសួង​៣​សំខាន់ៗ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន គឺ​ក្រសួង​ការបរទេស​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។ លោក​ ស៊ុន ចាន់ថុល ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​បាន​តែង​តាំងជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។

ពិធី​សម្ភោធ​ឲ្យ​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
ពិធី​សម្ភោធ​ឲ្យ​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ក្នុង​ពិធី​កាល​ព្រឹក​ថ្ងៃ​ពុធ​ លោក​រដ្ឋមន្ត្រី ​ស៊ុន​ ចាន់ថុល​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​ក្រោយ​ពី​ការ​កាន់​តំណែង​របស់​លោក​ លោក​ ហ៊ុន សែន ​កំណត់​រយៈ​ពេល​ដល់​លោក​១០០​ថ្ងៃ​ក្នុង​ការ​ផ្លាស់ប្តូរ​នឹង​ធ្វើ​ឲ្យ​មាន​សេវា​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ។​ ហើយ​មក​ដល់​ពេល​នេះ​ លោក​បាន​សម្រេច​ឲ្យ​មាន​ដំណើរការ​ថ្មីៗ​មួយ​ចំនួន​ រួម​ទាំង​ការ​ដាក់​ឲ្យ​មាន​សេវា​ប្តូរ​ និង​ពន្យារ​ប័ណ្ណ​បើកបរ​ ​ដែល​លោក​អះអាង​ថា​ ជា​សេវា​មួយ​ដែល​មិន​ធ្លាប់​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន។​

​លោក​ ស៊ុន ចាន់ថុល​ ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​យ៉ាង​ដូច្នេះ៖

​«ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ឲ្យ​មាន​តម្លាភាព​ ឲ្យ​បាន​លឿន​ជូន​ពលរដ្ឋ។ ​នៅ​កន្លែង​នេះ​គឺ​ចំណាយ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ។​ ធានា​ថា ​តម្លាភាព​ដោយ​សារ​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​ហ្នឹង​មាន​កាមេរ៉ា​៩ ថត​ទាំង​អស់។ ចឹង​ យើង​បង់​លុយ បង់​តាម​តែ​តម្លៃ​ហ្នឹង​ទេ។ ​បើ​មន្ត្រី​ណា​ទារ​លុយ​បន្ថែម រាយការណ៍​មក។​ ខ្ញុំ​ជឿជាក់​ថា ​នៅ​កន្លែង​នេះ មិន​អាច​មាន​កម្រៃ​ផ្សេង​ពី​តម្លៃ​កម្រៃ​ផ្លូវការ​យើង​ទេ»។

លោក​ ស៊ុន​ ចាន់ថុល អះ​អាង​ថា ​ក្រៅ​ពី​គម្រោង​លុប​បំបាត់​ការ​ប្តូរ​ ​និង​ពន្យារ​ប័ណ្ណ​បើកបរ​តាម​រយៈ​ឈ្មួញ​កណ្តាល​ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​យានយន្ត​ចល័ត​ទៅ​តាម​មូលដ្ឋាន​នា​ពេល​ខាង​មុខ​នេះផង​ដែរ​ ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​មាន​ភាព​ងាយស្រួល ​ហើយ​សេវា​ការ​ប្តូរ​និង​ពន្យារ​ប័ណ្ណ​បើកបរ​ដែល​ដាក់​ឲ្យ​ដំណើរការ​នា​ផ្សា​ទំនើប​ ​AEON ​នេះ​មាន​តម្លៃ​សេវា​ត្រឹមតែ​៣​ម៉ឺន​រៀល​សម្រាប់​ប័ណ្ណ​បើកបរ​រថយន្ត​និង​២០.០០០​(២ម៉ឺន)រៀល​សម្រាប់​ទោចក្រយាន​យន្ត។

កញ្ញា​ ណុប​ សុគន្ធារី​ ជា​អ្នក​ទទួល​បន្ទុក​ការ​ប្តូរ​ និង​ពន្យារ​ប័ណ្ណបើកបរ​ ​នៅ​ក្នុង​មណ្ឌល​ថ្មី​នេះ។​ អ្នក​បម្រើ​ការ​សាធារណៈ​រូប​នេះ​ ​រៀប​រាប់​ពី​ដំណើរការ​នៃ​ការ​ប្តូរ​ ​និង​ពន្យារ​ប័ណ្ណ​បើកបរ​ប្រាប់ ​VOA ​យ៉ាង​ដូច្នេះ៖

«ជា​ដំបូង​សម្រាប់​បង​ប្អូន​ដែល​ត្រូវការ​ប្តូរ​ប័ណ្ណ​បើកបរ​ គឺ​គាត់​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន។ រូប​ថត​ផ្ទៃ​ស​៤គុណ​៦​ ចំនួន៤​សន្លឹក កូពី​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​ប័ណ្ណ​ចាស់​របស់​គាត់​ដែល​ត្រូវ​យក​មក​ប្តូរ។ តម្លៃ​ដែល​គាត់​ប្តូរ​នឹង​គឺ សម្រាប់​ពិនិត្យ​សុខភាព​១​ម៉ឺន​រៀល​ និង​តម្លៃ​ទទួល​ប័ណ្ណ​[រថយន្ត]​គឺ​៣​ម៉ឺន​រៀល​ សរុប​៤​ម៉ឺន​រៀល។ ពេល​គាត់​មក​ដល់​គាត់​ត្រូវ​បំពេញ​បែប​បទ​ឯកសារ​ ហើយ​គាត់​នឹង​ចូល​តាម​ដំណាក់​កាល​នីមួយៗ ហើយ​ពិនិត្យ​សុខភាព។ បន្ទាប់​ពី​ពិនិត្យ​ហើយ បើ​ឯកសារ​គាត់​គ្រប់គ្រាន់​ ១០​នាទី​ គាត់​នឹង​បាន​ប័ណ្ណ​ដែល​គាត់​ចង់​បាន»។

មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ពន្យល់​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មក​ប្តូរ​ប័ណ្ណ​បើកបរ​ថ្មី​ នៅ​ឯមណ្ឌល​ប្តូរ​ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប AEON ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ពន្យល់​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មក​ប្តូរ​ប័ណ្ណ​បើកបរ​ថ្មី​ នៅ​ឯមណ្ឌល​ប្តូរ​ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប AEON ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ជាមួយ​គ្នា​នោះ​ដែរ​ អ្នក​ដែល​ប្រើ​សេវា​សាធារណៈ​ថ្មី​នេះ​ ​បាន​សាទរ​និង​បញ្ជាក់​ពី​សេចក្តី​រីករាយ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ។​

កញ្ញា​ ពិន ទិត្យនីតា​ វ័យ​២៦​ ​ជា​និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​រៀប​នឹង​ចូល​ប្តូរ​ប័ណ្ណ​បើកបរ​ថ្មី​ថ្លែង​ថា៖ «តម្លៃ​សមរម្យ​ ហើយ​លឿន ធ្វើ​បាន​ភ្លាមៗ ណា​មួយ​ទីតាំង​នៅ​ជិត​ស្រួល​មក​ធ្វើ»។​

លោក​ ឡេង​ អូន​ វ័យ​៤៤​ឆ្នាំ​ ជា​អ្ន​ក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​រូប​ ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​បាន​បញ្ចប់​ការ​ធ្វើ​ប័ណ្ណ​បើកបរ​ថ្មី​របស់​លោក៖​

«រហ័ស​ ហើយ​អត់​រង់​ចាំ​យូរ​ ងាយ​ស្រួល​ជាង​មុន។ នីតិវិធី​ឥឡូវ​អត់​សាំញ៉ាំ​ដូច​មុន។​ ពី​មុន​ទៅ​ ប្រើ​ពេល​យូរ​ ​ទម្រាំ​បាន​យូរ​ថ្ងៃ។ ចំណាយ​ពេល​ប្រហែល​២០​នាទី»។​

គិត​ត្រឹម​ដើម​ឆ្នាំ​២០១៦​នេះ​ ប្រទេស​កម្ពុជា​មានយានយន្ត​សរុប​នៅចំនួនជិត​៧លាន​គ្រឿង។ ​ហើយ​ក្នុង​នោះ​ ​មាន​ម៉ូតូ​ជិត​៦​លាន​គ្រឿង​ ​និង​មាន​ឡាន​ជិត​១​លាន​គ្រឿង។​ ក៏ប៉ុន្តែ​ចំនួន​ប័ណ្ណ​បើកបរ​សរុប​នៅ​កម្ពុជា​មាន​ត្រឹមតែប្រមាណ​៨២​ម៉ឺន​ប័ណ្ណ​ប៉ុណ្ណោះ ​ហើយ​ប័ណ្ណ​បើកបរ​ផុត​សុពលភាព​មាន​ចំនួន​ជាង​២ម៉ឺន។

លោក​ ​អ៊ា ​ចរិយា​ អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ ​ស្វាគមន៍​ចំណាត់ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា។​ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​ការ​រៀប​ចំ​ឲ្យ​មាន​ប្រព័ន្ធ​ប្តូរ​ ​និង​ពន្យារ​ប័ណ្ណ​បើក​បរ​នៅ​ក្នុង​ផ្សារ​ទំនើប​ លោក​ក៏​ចង់​ឃើញ​ ​ការ​អប់រំ​អំពី​ច្បាប់​ ​និង​ផ្លាក​សញ្ញា​ចរាចរណ៍​បន្ថែម​ទៀត​ទៅ​ដល់​អ្នក​ដែល​កាន់​ប័ណ្ណ​បើកបរ​ទាំង​នោះ។

«ខ្ញុំ​គិត​ថា​វា​ជួយ​សម្រួលដល់​ការ​ផ្លាស់ប្តូររបស់​អ្នក​ប្រើប្រាស់​ច្រើន។ ខ្ញុំ​សង្កេតឃើញ​អ្នក​ប្រើប្រាស់​ អ្នក​ចង់​ទៅ​ប្តូរ​ឬ​ពន្យារ​ប័ណ្ណ​បើកបរ​ឃើញ​គាត់​សប្បាយ​ចិត្ត។​ ក្នុង​ពេល​ហ្នឹង​ទៀត ក្រសួង​គួរ​គិត​គូរ​ការ​ផ្តល់​វគ្គ​បំប៉ន​ដល់​អ្នក​កាន់​ប័ណ្ណ​បើកបរ​យូរយារ​ ជួនកាល​គាត់​អាច​ភ្លេច​ចំណុច​សំខាន់ៗ​មួយ​ចំនួន»។​

លោក​ អ៊ា ចរិយា បង្ហាញ​ការ​ពេញ​ចិត្ត​ចំណាត់​ការថ្មីៗរបស់​ក្រសួង​សាធារណការ​នា​ពេល​ចុង​ក្រោយ​នេះ​ ជា​អាទិ​ ការ​គូស​គំនូស​ផ្លូវ​បន្ថែម​ ការ​បន្ថែម​ផ្លាក​សញ្ញា​តាម​ដង​ផ្លូវ​ ការ​សាងសង់​ ឬ​ជួសជុល​ផ្លូវ​ពេល​យប់​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​ជាដើម៕​

XS
SM
MD
LG