ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​ធ្វើ​យុទ្ធនាការ​ឱ្យ​អ្នក​បោះឆ្នោត​ចេញមក​បោះឆ្នោត​សភា​នៅថ្ងៃទី២៩​ខែ​កក្កដា


លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ «សារៈសំខាន់​នៃ​សុចរិតភាព​ក្នុងដំណើរ​ការ​បោះឆ្នោតឆ្នាំ២០១៨» ជាមួយ​អ្នកសម្របសម្រួល​ លោក សាយ មុន្នី នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​ថ្ងៃ​ពុធ
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ «សារៈសំខាន់​នៃ​សុចរិតភាព​ក្នុងដំណើរ​ការ​បោះឆ្នោតឆ្នាំ២០១៨» ជាមួយ​អ្នកសម្របសម្រួល​ លោក សាយ មុន្នី នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​ថ្ងៃ​ពុធ

កាលពី​ថ្ងៃសុក្រ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ដើម្បីឱ្យ​អ្នក​បោះឆ្នោត​ចេញមក​បោះឆ្នោត​សភា​នៅថ​្ងៃទី២៩​ខ​កក្កដា ​ទោះបី​មាន​ការ​ព្រួយ​បារម្ភពី​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​និងអង្គការ​សហ​ប្រជាជាតិ​ថា ​ការបោះ​ឆ្នោត​នេះ​អាច​មិនសេរី ​ឬមិន​យុត្តិធម៌ បន្ទាប់ពី​មាន​ការ​ហាម​ប្រាម​មិនឲ្យ​គណបក្ស​ប្រឆាំង​ចូលរួម។​

យុទ្ធនាការ​នេះកើត​មាន​ឡើង​ចំ​ពេល​មាន​ការ​អំពាវនាវ​ម្តងហើយម្តង​ទៀតពី​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​ ដែលសុំ​ឱ្យប្រជាជន​កម្ពុជា​ធ្វើពហិការ​ មិនចូលរួម​ការ​បោះឆ្នោត​ប្រសិន​បើគណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម។ ​

គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ​បាន​រៀបចំ​វគ្គ​សំនួរ​និង​ចម្លើយជា​មួយ​សិស្ស​ប្រហែល​៨០០​នាក់នៅ​ខេត្តតាកែវ ​បន្ទាប់ពីការ​បង្រៀន​អំពី​ការ​បោះ​ឆ្នោត។ ​លោក​ឌឹម សុវណ្ណារុំ ​អ្នក​នាំពាក្យ​របស់​គ.ជ.ប. ​បាន​ប្រាប់ Reuters​ថា «យើង​ចង់មក​ទីនេះ​ដើម្បីពន្យល់​ការណ៍ពិតនិងការងារ​ជាក់ស្តែង​របស់​គ.ជ.ប.»។​

លោក​បាន​និយាយ​ថា ​សំណួរ​របស់​និស្សិត​ភាគច្រើន​គឺ​តើការ​បោះឆ្នោត​នេះ​មាន​លក្ខណៈ​ស្រប​ច្បាប់​ឬ​ទេ​ បើគ្មាន​ការចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​បាន​រំលាយ​កាលពីឆ្នាំមុន​ នៅសល់​តែគណបក្ស​នយោបាយ​តូចតាច។ ​

លោកបាន​បន្ថែម​ថា ​យុទ្ធនាការ​នេះ​ក៏នឹង​ត្រូវផ្សព្វផ្សាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​សិទ្ធិបោះ​ឆ្នោតនិង​ឯកសារ​អត្តសញ្ញាណ​អ្នកបោះឆ្នោត​ដែល​ត្រូវការ​ដើម្បីទៅ​បោះឆ្នោត។ ​អ្នករិះគន់​រដ្ឋាភិបាល​និយាយ​ថា​ ការ​បោះឆ្នោត​នេះ​ស្ទើរតែ​ប្រគល់​ជ័យជម្នះ​ឲ្យលោក​នាយក​រដ្ឋមន្រ្តីហ៊ុន​ សែន​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ​ដែល​បានកាន់​អំណាច​រយៈពេល​៣៣ឆ្នាំ។ ​

គណបក្ស​សង្គ្រោះជាតិត្រូវ​បាន​រំលាយ​កាល​ពី​ខែវិច្ឆិកា​ឆ្នាំមុន​ បន្ទាប់ពី​មេដឹកនាំ​គណបក្សនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទក្បត់ជាតិ ​ដោយ​ប៉ុនប៉ង​ធ្វើផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកហ៊ុនសែន​ដោយ​មាន​ជំនួយ​ពី​សហ​រដ្ឋអាមេរិក។ ​គណបក្ស​សង្គ្រោះ​ជាតិ​និងស.រ.អា. បាន​បដិសេធ​ការចោទ​ប្រកាន់ ​ដែល​នាំឲ្យ​មាន​ការ​ចាប់​ខ្លួន​លោកកឹម សុខា មេដឹកនាំគណបក្ស​នេះ​ពីបទក្បត់ជាតិ។

លោកកឹម សុខា​បាន​បដិសេធ​ការចោទ​ប្រកាន់នេះ​ហើយ​ថា នេះជា​ផែនការ​ដើម្បីជួយ​ឱ្យលោក​ហ៊ុន សែនបាន​ជាប់ឆ្នោត​ទៀត។ ​អ្នកស្រី Rhona Smith ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ការ​បោះឆ្នោតនេះ​មិនមែន​ជាការ​បោះឆ្នោត​«ពិតប្រាកដ»​ទេ បើ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

នៅលើ​ទំព័រហ្វេស​ប៊ុក​កាលពី​ថ្ងៃសុក្រ ​លោក​ហ៊ុន សែន​បានថ្លែង​ថា​ ការជំរុញ​មិន​ឱ្យពលរដ្ឋទៅ​បោះឆ្នោត​គឺ​ខុសច្បាប់៕ ​

XS
SM
MD
LG