ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ Facebook app​ បង្កើត​ឡើង​ថ្មី​​​ មាន​ចរិត​ចំអក​ឈ្មោះ​ជន​សង្ស័យ​សម្លាប់​លោក​កែម ឡី


រូបភាព​នៃ​កម្ម​វិធី​​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ​(Facebook app)​ មួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ​ដែល​សារភាព​ថា​ខ្លួន​ឈ្មោះ​ ជួប សម្លាប់ ​ដែល​ជាជន​ជាប់ចោទ​ជា​អ្នក​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​ឯករាជ្យ​ក្នុងរាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី១០ ​ខែ​កក្កដា។
រូបភាព​នៃ​កម្ម​វិធី​​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ​(Facebook app)​ មួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ​ដែល​សារភាព​ថា​ខ្លួន​ឈ្មោះ​ ជួប សម្លាប់ ​ដែល​ជាជន​ជាប់ចោទ​ជា​អ្នក​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​ឯករាជ្យ​ក្នុងរាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី១០ ​ខែ​កក្កដា។

កម្មវិធី ​​​Facebook app​ មួយ ​ដែល​មាន​ដាក់​ជា​សំណួរ​ថា​ ​«តើ​អ្នក​មាន​ឈ្មោះ​«ជួប‍»​អី​ទើប​សម?»​ បាន​កើត​ឡើង​ ដែល​ក្រុម​អ្នក​មាន​គណនី​ Facebook ​អាច​ចែក​ផ្សាយ​លេង​តៗ​គ្នា ​និង​ចុច​ស្វែង​រក​ចម្លើយ​បែប​កំប្លែងៗ​ និង​សម្រាប់​ជា​ការ​កម្សាន្ត។

កម្ម​វិធីក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ​(Facebook app)​ មួយ​ត្រូវ​បាន​បង្កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ​ដែល​សារភាព​ថា​ ខ្លួន​ឈ្មោះ​ ជួប សម្លាប់ ​ដែល​ជា​ជន​ជាប់ចោទ​ថា​ ​បាន​បាញ់​សម្លាប់​លោក​ កែម ឡី​ ​អ្នក​វិភាគ​ឯករាជ្យ​ ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី១០ ​ខែ​កក្កដា។​ ​កម្មវិធីនេះ​ត្រូវគេ​ប្រើប្រាស់​ជា​ការ​កម្សាន្តបែប​ចំអក។​

ក្រោយពី​ឈ្មោះ ​ជួប សម្លាប់ ​មិន​ត្រូវ​គេ​បញ្ជាក់​ជា​ផ្លូវការ​ថា​ ជា​ឈ្មោះ​ពិត ​ឬ​ក្លែងក្លាយក្រោយ ពេល​ចាប់​ខ្លួន​ពី​បទ​បាញ់​សម្លាប់​លោក ​កែម ឡី ​អ្នកវិភាគ​អំពី​បញ្ហា​សង្គម​នោះ​ ​កម្មវិធី ​Facebook app​ មួយ ​ដែល​មាន​ដាក់​ជា​សំណួរ​ថា​ ​«តើ​អ្នក​មាន​ឈ្មោះ​«ជួប‍»​អី​ទើប​សម?»​ បាន​កើត​ឡើង​ ដែល​ក្រុម​អ្នក​មាន​គណនី​ Facebook ​អាច​ចែក​ផ្សាយ​លេង​តៗ​គ្នា ​និង​ចុច​ស្វែង​រក​ចម្លើយ​បែប​កំប្លែងៗ​ និង​សម្រាប់​ជា​ការ​កម្សាន្ត ​ដោយសារ​តែ​ការ​ចុច​ម្តងៗ​នឹង​លេច​ចេញ​ ឈ្មោះ​ដើម​ផ្សេងៗ​គ្នា ​តែ​មាន​ត្រកូល​ជួប​ដូចគ្នា​គ្រប់​ពេល​ដែល​គេ​ចុច​លេង​កម្មវិធី​នេះ។

កម្មវិធី​នេះ​បង្កើត​ដោយ​យុវជន​មួយ​ក្រុម​តូច​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ និង​ការ​កម្សាន្ត​សប្បាយ។ ​យុវជន​ឈ្មោះ ​ឌី សាយ ​អាយុ​២៨​ឆ្នាំ​ ដែល​ជា​ម្ចាស់​គេហទំព័រ​ mohamit.com ​បាន​ថ្លែង​ប្រាប់ ​VOA​ ថា​ ក្រោយ​ការ​បង្ហោះ​សំណួរ ​«តើ​អ្នក​មាន​ឈ្មោះ​«ជួប‍»​អី​ទើប​សម?»​ ដែល​ជា​កម្មវិធី​មួយ​ក្នុង​កម្មវិធី​ហ្វេសប៊ុក​ (Facebook App)​ របស់​គេហទំព័រ​លោក​នោះ​ ​យ៉ាង​ហោច​ណាស់​មាន​ជាង​៤០០០​គណនីបាន​ចូល​ទៅ​លេង​ដែរ​ក្នុង​រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ​នៃ​ការ​បង្ហោះ​កម្មវិធី​នេះ។​

«សម្រាប់​ខ្ញុំ​ មិន​សូវ​មាន​ច្រើន​ទេ​ បាន​៤៩៦០ ​ដែល​ជា​អ្នក​លេង ​[ចំនួន​ដង​ចុច​ចូល]។​ យើង​ឃើញ​គេ​ចូលចិត្ត​លេង។ ​អញ្ចឹង​ខ្ញុំ​ក៏​ធ្វើ​ឲ្យ​គេ​លេង​វ៉េបសាយ​យើង​ទាក់ទាញ​អ្នក​លេង។​ យើង​ក៏​ប្រូម៉ូត​[ផ្សព្វផ្សាយ]​ទៅ​ក្នុងគោល​បំណង​ចង់ ​advertise ​[ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម]។​ វ៉េបសាយ​ Sabay68 វ៉េបសាយAromLaor ​គេ​ធ្វើ​ដែរ។ ​មិន​សូវ​បាន​កម្រៃ​ទេ។​ ​ខ្ញុំចាំ​មិត្តភក្តិ​ខ្ញុំ​គេ​ធ្វើ​មុន​សិន​ ឲ្យ​គេ​ដើរ​ហើយ​មាន​ការ​ចាប់​អារម្មណ៍​សិន​ ទើប​ខ្ញុំ​ធ្វើ»។​

លោក​បដិសេធ​ថា​ ទោះ​ជា​កម្មវិធី​នេះ​មាន​ការ​ដាក់​ឈ្មោះ​ត្រកូល​«ជួប»​មែន​ តែ​កម្មវិធី​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឈ្មោះ​ជន​ជាប់​ចោទ​ក្នុង​រឿង​ក្តី​ឃាតកម្ម​លោក ​កែម ឡី​កាលពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​នោះ​ទេ។​

«ដូច​អត់​អី​ទេ ​ព្រោះ​អា​«ជួប»​នោះ​ផ្សេង​ ជួប​អ្នក​លេង​គេ​និយម​លេង​ឈ្មោះ​«ជួប»​ផ្សេងៗ​អញ្ចឹង​ទៅ​មិនដូច​«ជួប»​អារឿង​ឃាតកម្ម​ហ្នឹង​ទេ។ ​យើង​អត់​មាន​ដាក់​ឈ្មោះ​ហ្នឹង​ចំ​ទេ។​ យើង​ដាក់​ផ្សេងៗ​ឲ្យ​ឆ្ងាយ​ពី​«ជួប»ហ្នឹង»។​

រូបភាព​នៃ​កម្ម​វិធីក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ​(Facebook app)​ មួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ​ដែល​សារភាព​ថា​ខ្លួន​ឈ្មោះ​ ជួប សម្លាប់ ​ដែល​ជាជន​ជាប់ចោទ​ជា​អ្នក​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​ឯករាជ្យ​ក្នុងរាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី១០ ​ខែ​កក្កដា។
រូបភាព​នៃ​កម្ម​វិធីក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ​(Facebook app)​ មួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ​ដែល​សារភាព​ថា​ខ្លួន​ឈ្មោះ​ ជួប សម្លាប់ ​ដែល​ជាជន​ជាប់ចោទ​ជា​អ្នក​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​ឯករាជ្យ​ក្នុងរាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី១០ ​ខែ​កក្កដា។

អ្នក​លេង​កម្មវិធី​ហ្វេសប៊ុក​ ឬ ​Facebook App «តើ​អ្នក​មាន​ឈ្មោះ«​ជួប‍»​អី​ទើប​សម?»​ អាច​ទទួល​បាន​ចម្លើយ​ដោយ​ស្វ័យប្រវត្តិ​ជាច្រើន​ដូច​ជា ​«ជួប​ស្រឡាញ់»​ «ជួប​ខ្ចីលុយ» ​«ជួប​ញ៉ែ» «ជួប​ផឹក» ​ជាដើម ​នៅពេល​គេ​ចុច​លើ​កម្មវិធី ​App ​នេះ។​

អ្នក​នយោបាយ​ និង​ឥស្សរជន​ខ្លះ​ក៏​ត្រូវ​បាន​គេ​កំណត់​ឈ្មោះ​កំប្លែង​លេង​ទៅតាម​កាយ​វិការ​និង​រឿង​ក្តី​ដែរ​ ដូច​ជា​ឈ្មោះ​ថា «ជួបជេរ» «ជួបប្តឹង» «ជួបគុក» «ជួបរត់»។ ​ទន្ទឹម​នឹង​កម្មវិធី​សំណួរ​នេះ​ក៏​មាន​សំណួរ​ និង​ប្រធាន​បទ​ជាច្រើន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដូចជា​ «តើ​អនាគត​ប្តី​ប្រពន្ធ​អ្នក ​ឈ្មោះ​អី​ជួប​អី​ទើប​សម?»​ ឬ «​តើ​អ្នក​មុខ​ដូច​តារា​បរទេស​មួយ​ណា?»​ ជាដើម ពោល​គឺ​ឲ្យ​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​ចាប់​អារម្មណ៍​តាម​ពេល​វេលា​ព្រឹត្តិការណ៍​ល្បីៗ​ ឬ​រឿង​ប្លែកៗ​ សុទ្ធ​តែ​ជា​ឱកាស​សម្រាប់​បង្កើត​ប្រធាន​បទ​សម្រាប់​កម្មវិធី​ទាំង​នោះ។​

លោក ​ហ៊ុល ច័ន្ទរិទ្ធីរៈ ​អាយុ​២២​ឆ្នាំ ​ជា​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា ​ដែល​ធ្លាប់​បាន​ចុចចូល​ទៅ​លេង​ក្នុង​កម្មវិធី​នោះ​ បាន​ប្រាប់ VOA ​ដែរ​ថា៖​

«កម្មវិធី ​App ​ហ្នឹង​អត់​ប្រយោជន៍​អី​ទេ។​ វា​គ្រាន់តែ​ជា​កម្មវិធី ​App​ មួយ​ដែល​ធ្វើ​ឡើង​ឲ្យ​ចុច​ទៅ​ឃើញ​មិត្តភក្តិ​ណា​លួច​ស្រឡាញ់​យើង​ ​ឬ​អី​ណា ​ដូច​ដែល​យើង​ធ្លាប់​ឃើញ។​ វា​មិន​មាន​ការ​ច្នៃ​ប្រឌិត​អី​ទេ។​ វា​គ្រាន់​តែ​សប្បាយ​ ហើយ​វា​ត្រូវ​នឹង​ ប្រធានបទ​ដែល​ល្បី​ខ្លាំង​ដូច​ករណី​ឈ្មោះ​ ជួប សម្លាប់ ​អី​ហ្នឹង»។​

តែ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​បាន​ព្រមាន​ឲ្យ​ដឹង​ពី​ហានិភ័យ​ខ្លះ​ ដោយ​សារ​ថា​ នៅពេល​ដែល​ម្ចាស់​គណនី​ទាំងអស់​ចុច​ចូល​លេងកម្មវិធី​នោះ​ គេ​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ចុះ​ឈ្មោះ​ ឬ​ភ្ជាប់​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ទៅ​នឹង​វ៉េបសាយ​របស់​កម្មវិធី។​

នៅ​ពេល​នោះ​ហើយ​ដែល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ប្រមូល​ដោយ​ភាគី​ទី៣​ ក្រៅ​ពី​អ្នក​ដែល​ជា​ម្ចាស់​គណនី​ផ្ទាល់ ​និង​Facebook។​

លោក ​ង៉ែត ម៉ូសេ ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​សិទ្ធិ​មនុស្ស​ បាន​ពន្យល់​ថា៖​

«អ្នក​ដែល​ជ្រើសរើស​លេង​អញ្ចឹង​ វា​សប្បាយ​ ក៏​ប៉ុន្តែ​យើង​ហាក់​ដូចជា​ឲ្យ​គេ​ចូល​មើល​ព័ត៌មាន​មួយ​ចំនួន ​ដូចជា​ឯកសារ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ ដែល​ពុំ​គួរ​ត្រូវ​បាន​អ្នក​ទី​៣​ក្រៅពី​ Facebook ហើយ​នឹង​យើង​ទេ​ ដែល​ត្រូវ​ដឹង។​ បើ​យើង​អនុញ្ញាត​ឲ្យ​មាន​អ្នក​ទី៣​ ដូច​ជា​កម្មវិធី​មួយ​ចំនួន​ហ្នឹង​ គឺ​យើង​បើក​ឱកាស​ឲ្យ​គេ​ដឹង​រឿង​យើង​ច្រើន​ទៀត​ដែរ​ គឺ​ជា​ការ​ព្រមព្រៀង ​ដូច​យើង​ចុះ​ហត្ថលេខា​យល់​ព្រម​ដែរ»។​

លោក​ ម៉ូសេ​ បាន​ពន្យល់​បន្ថែម​ទៀត​ថា៖​

«ដើម្បី​ឲ្យ​គេ​អាច​ដឹង​ថា ​យើង​ជា​មនុស្ស​បែប​ម៉េច ​ហើយ​ផ្សាយ​លទ្ធផល​ឲ្យ​យើង​អញ្ចឹង​ ឧទាហរណ៍​១០​ឆ្នាំ​ទៀត​ អ្នក​បាន​ស្វាមី​របៀប​អញ្ចេះ ​មុខ​អ្នក​ដូច​តារា​ណា​នោះ​ ​គេ​ត្រូវការ ​Access​ [ភ្ជាប់] Facebook ​របស់​យើងដើម្បី​ឲ្យ​យើង​ចុច ​Next​ [ឬ​យល់ព្រម]​ ទៅ​ ​គេ​នឹង​ចេញ​លទ្ធផល​ឲ្យ​មក ​ហើយ​វា​ទាយ​ដូចជា​រៀង​ឆុត ​ដូច​ជា​ដឹង ​ដូច​ជា​ត្រូវ​នោះ​គឺ​យក​ Data [ទិន្នន័យ] យើង​មក​ផ្សំ​គ្នា​ទៅ ​គេ​អាច​ទាយ​បាន​ហើយ»។​

តែទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​លោក ​ម៉ូសេ​ សំណូមពរ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​ សង្គម​ទាំង​ឡាយ​គួរ​ពិចារណា​អំពី​ការ​ប្រើប្រាស់ ​ពិសេស​ការ​លេង​កម្សាន្តក្នុង​បណ្តាញ​សង្គម​ ដោយ​ចេះ​រក្សា​ភាព​ឯកជន​របស់​ខ្លួន ​និង​លេង​វា​ដោយ​មាន​សុវត្ថិភាព។​

«យើង​ប៉ះពាល់​ខ្លួន​ឯង​ជា​រឿង​មួយ ​តែ​វា​អាច​ប៉ះពាល់​[សុវត្ថិភាព]​មិត្ត​យើង​ដែរ​ តិច​ឬ​ច្រើន​ វា​អាច​យក​បាន​ព័ត៌មាន​ និង​ទិន្នន័យ​របស់​មិត្ត​ភក្តិ​អ្នក​ដែល​មាន​ភ្ជាប់​បណ្តាញ​ជា​មួយ​យើង​ដែរ។​ ​កន្លែង​ហ្នឹង​អ្នក​លេង​គួរតែ​ប្រយ័ត្ន​នូវ​ប្រការ​នេះ​ ព្រោះ​រឿង​ឯកជន​ភាព​លើ​បណ្តាញ​អ៊ីនធឺណែត​កំពុង​តែ​មាន​បញ្ហា​ចម្រូង​ចម្រាស​ច្រើន​ណាស់»។​

បណ្តាញ​សង្គម ​ដែល​ពលរដ្ឋ​រាប់​រយ​លាន​នាក់​ក្នុង​ពិភពលោក​ប្រើប្រាស់​នោះ​ កំពុង​ពេញនិយម​ក្នុង​ប្រទេស​កម្ពុជា​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង។​ តែ​មាន​ពលរដ្ឋ​ខ្លះ​ប្រើ​ប្រាស់​បណ្តាញ​សម្រាប់​ពាណិជ្ជកម្ម ​ហើយ​ខ្លះ​ប្រើ​បណ្តាញ​នេះ​សម្រាប់​ការ​កម្សាន្ត សម្រាប់​ការ​ទទួល​ព័ត៌មាន ​សម្រាប់​តាមដាន​ព័ត៌មាន​ផ្សេងៗ​របស់​បុគ្គល​ គ្រួសារ​និង​សារធារណជន​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG