ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិងឡាវប្តេជ្ញាបញ្ចប់ឱ្យបានឆាប់ការបោះបង្គោលព្រំដែននៅសល់១៤%


នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីឡាវ​លោក Thongloun Sisoulith ជួបពិភាក្សាគ្នានៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពី​ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។ (Facbeook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីឡាវ​លោក Thongloun Sisoulith ជួបពិភាក្សាគ្នានៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពី​ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។ (Facbeook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

កម្ពុជា​និង​ឡាវ​ប្តេជ្ញាបន្តប្រឹង​ប្រែង​ដោះស្រាយដើម្បី​បញ្ចប់​ការ​កំណត់​បង្គោលសីមា​រដ្ឋ​កម្ពុជា-ឡាវ​ ដែល​សម្រេច​បាន​ ៨៦%​ ហើយ​នៅ​សេស​សល់​ ១៤% ​ឱ្យ​បាន​ឆាប់​ចប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​។

ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពីរនេះ​ ​ធ្វើឡើង​នៅ​អំឡុង​ពេល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត​ ​បំពេញ​ទស្សនកិច្ចផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ឡាវ​កាល​ពី​ថ្ងៃ​ទី២៥​ដល់ទី​ ២៦​ ខែ​មីនា ឆ្នាំ​ ២០២៤​ ដើម្បី​រឹត​ចំណង​ទ្វេភាគី​រវាង​រដ្ឋា​ភិបាល​ទីក្រុង​ភ្នំពេញ​ និង​វៀង​ចន្ទន៍​ ដែល​ពេល​ខ្លះ​មាន​ការ​ប្រឈម​មុខ​ផ្នែក​យោធា​ជា​មួយ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការកំណត់​បង្គោល​ព្រំដែន​។ ​

បើ​តាមសេចក្តីប្រកាស​ព័ត៌មាន​ដដែល​ចុះថ្ងៃទី​ ២៦ ខែមីនា​ ឆ្នាំ​ ២០២៤ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ធ្វើ​ជាសាក្សី​លើការផ្លាស់ប្តូរលិខិតតូបករណ៍សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​កម្ពុជា-ឡាវ​ ដែល​បាន​ចុះហត្ថលេខា​កាល​ពី​ឆ្នាំ​ ២០២៣ និងការចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ស្តី​ពីការ​ផ្លាស់ប្តូរ​លិខិតុបករណ៍​សច្ចាប័ន​ ដែល​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ សម្រាប់​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធ​ភាព​ ដើម្បី​រួម​ចំណែក​ដល់​កសាង​ព្រំដែន​សន្តិភាព​ មិត្តភាព​ និង​សហប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​។

ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌​មាន​ស្ដីពី​លទ្ធផល​នៃដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​ពីរថ្ងៃ​ របស់​លោក​ ហ៊ុន ម៉ាណែត​ នៅ​ប្រទេស​ឡាវ ​កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ​ ២០២៤ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រីលោក ហ្សង់ហ្វ្រង់ស័រ តាន់ លើកឡើង​ថា​ ការ​ប្រើពេល​យូរ​នៅក្នុងការ​បោះបង្គោលព្រំដែន​ជាមួយឡាវ ​ក៏ដូច​ជាបណ្តាប្រទេស​ផ្សេង​ផ្សេង​ទៀត​គឺ​ជា​រឿង​វិជ្ជមាន​ ដោយ​សារ​តែការ​កំណត់​ព្រំដែនមិន​មែន​ជារឿង​លេង​សើច​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «ជាសញ្ញា​ល្អ​ ពីព្រោះការរក្សា​ការពារ​ទឹកដីកម្ពុជា​ឱ្យនៅ​គង់វង្ស​សម្រាប់ក្មេង​ជំនាន់​ក្រោយ មិនមែន​ជារឿង​លេង​សើច​ ហើយ​មិន​ក្លាយ​ជា​រឿ​ង​លេង​សើច​។ ផ្ទុយទៅវិញ​ វាជាទម្ងន់​នៃការទទួលខុស​ត្រូវ​នៅចំពោះ​មុខ​ប្រវត្តិសាស្ត្រ។ការណ៍​នេះ​តម្រូវឱ្យភាគីកម្ពុជា​ត្រូវ​តែតស៊ូ​ស្វិត​ស្វាញពេលអង្គុយ​ចរចា​នៅពេល​សម្រេច​ចិត្ត​ម្តងៗ ហើយនេះជាមូលហេតុ​ទី ​១ នៃការ​តម្រូវ​ឱ្យយើង​ប្រើពេល​យូរ ស៊ីពេលយូរ​ដើម្បីដោះ​ស្រាយ​បញ្ហា​ព្រំដែន​»។

បើ​តាម​មន្ត្រី​ជាន់ខ្ពស់រូបនេះ​ ការ​ដោះស្រាយបញ្ហា​ព្រំដែន​ជាក់ស្តែងត្រូ​វការតែ​អ្នក​ជំនាញ​មុតស្រួច​ប៉ុណ្ណោះ​ ដែល​លោក​ថា ​គេ​មិន​ត្រូវ​អ្នក​ជាតិ​និយម ​ឬ​ក៏​អ្នក​នយោបាយ​នោះ​ទេ​។

ប្រទេស​កម្ពុជា​មាន​ព្រំដែន​ជាប់​ប្រទេសឡាវ​ ​ប្រវែង​ប្រមាណ​ ៥៤០​គីឡូម៉ែត្រ។​ ​មក​ដល់​ពេល​នេះ​ភាគី​កម្ពុជា​ និង​ឡាវ​បាន​ស្រុះស្រួល​គ្នា​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន​ ១២១​បង្គោល​ ​ហើយ​នៅ​សល់ ​១៤% ​ទៀត​ ​កំពុង​បន្ត​ការ​ចរចា​ដោះស្រាយ ។​

អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរជាតិ​ទទួល​បន្ទុក​កិច្ចការព្រំដែន​កម្ពុជា អ្នក​ស្រី កុយ ពិសី ប្រាប់វីអូអេ​ថា ​រដ្ឋាភិបាលកម្ពុជា​និងឡាវ​មាន​ឆន្ទៈ​ខ្ពស់​ដើម្បី​បញ្ចប់​ការ​បោះបង្គោលព្រំដែនរវាង​ប្រទេស​ទាំង​ពីរ​។

អ្នកស្រីបញ្ជាក់ថា​៖ «ហើយ​សួររឿងពេល​វេលា​ ខ្ញុំអត់​អាច​ឆ្លើយ​ជូន​បាន​ទេ​ តែ​គ្រាន់​តែ​ថា​កម្ពុជា​មាន​សុឆន្ទៈខ្លាំង​ក្លា​ក្នុង​ការ​បញ្ចប់​កិច្ច​ការងារ​ព្រំដែន​កម្ពុជា​-ឡា​វ។​ និយាយ​ទៅ​មិន​មែនជា​ឡាវ​ទេ ទាំង​វៀតណាម ទាំង​ថៃ​ បើសិន​ជា​យើ​ងបញ្ចប់​បាន​គឺយើង​ខិត​ខំ​បញ្ចប់​»។

នៅ​ពេលសួរ​ពាក់ព័ន្ធនឹង​បញ្ហា​ប្រឈម​នៃ​ការ​អូស​បន្លាយ​ពេល​នៃ​ការបោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ អ្នក​ស្រី​ កុយ ពិសី លើក​ឡើង​ថា បញ្ហា​ប្រឈមគឺមាន​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​គឺ​បញ្ហា​បច្ចេកទេស​។

អ្នក​ស្រី​ថ្លែង​ថា​៖ «​តំបន់​ខ្លះ​នៅ​លើ​ផែន​ទី​ និង​ដី​ជាក់​ស្តែង​មិន​ស្រប​គ្នា​។ ដូច្នេះ​យើ​ង​ត្រូវ​ការ​រក​ដំណោះ​ស្រាយ​ជា​មួយ​គ្នា​ ជជែក​ជា​មួយ​គ្នា​ហ្នឹង​ទៅ។ ការងារ​ខ្លះ​ដដែលៗ​ជជែក​ ១០​ដង ​២០ដង​ ក៏​នៅ​មិន​ទាន់​ចេញ​»។

ទោះ​ជាយ៉ាងណា​ លោកស្រី​មាន​សុទិដ្ឋិនិយមថា​កម្ពុជា​-ឡាវ នឹង​អាច​បញ្ចប់ការ​បោះ​បង្គោល​ព្រំដែន​នៅក្នុងអាណត្តិ​ទី ​៧ របស់រដ្ឋាភិបាលកម្ពុជា​នេះ។

អ្នកតាមដាន​នយោបាយ​អន្តរជាតិ​ លោក សេង វណ្ណលី ប្រាប់វីអូអេ​ថា ​ទំនាក់​ទំនង​កម្ពុជា-ឡាវ មានភាពរកាំរកូស​កន្លងមក​គឺដោយសារ​តែ​បញ្ហា​រឿងព្រំដែន​ ហេតុ​នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​លើ​ការបញ្ចប់​ការបោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ជា​ស្ថាពរ​។

លោក​ថ្លែង​ថា៖ «ក៏ប៉ុន្តែ​បញ្ហា​ព្រំប្រទល់​គឺជាបញ្ហា​ដែលធ្វើ​ឱ្យប៉ះពាល់​ដល់មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។ អ៊ីចឹង​ហើយ​បាន​ខ្ញុំឃើញថា ​រដ្ឋាភិបាលកម្ពុជា​ព្យាយាមមិន​ថា​រដ្ឋាភិបាលមុន​ទេ ព្យាយាម​ដោះស្រាយបញ្ហា​ដែល​សេសសល់ ​១៤% ហ្នឹង​។ អ៊ីចឹង​ហើយ​បាន​យើង​ឃើញថា ភាគីកម្ពុជា​និង​ឡាវ​ តែង​តែ​ជួប​គ្នា​ជាញឹកញាប់មិន​ថា​ក្រប​ខណ្ឌ​រដ្ឋមន្ត្រី​ ក្រប​ខណ្ឌ​មន្ត្រី​បច្ចេក​ទេស​រវាង​ប្រទេស​ទាំង​ពីរ​»។

បើ​តាមសេចក្តីប្រកាសព័ត៌មាន​របស់​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ភាគីកម្ពុជា​និងឡាវ​ វាយ​តម្លៃខ្ពស់​លើលទ្ធផលនៃកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​ និង​គ្រប់​កម្រិត​នៅពេល​កន្លង​មក​ និងបា​នផ្លាស់ប្តូរ​យោបល់​លើ​ការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិ​ស័យ​ជាច្រើន​រួមមាន​ វិស័យនយោបាយ​ វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្មនិង​វិនិយោគ​ជាដើម​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG