នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានបញ្ចប់ដំណើរទស្សនកិច្ចដែលមានរយៈពេល ៣ ថ្ងៃ នៅក្នុងប្រទេសអូស្រ្តាលី ទីដែលមានការរៀបចំកិច្ចប្រជុំកំពូលនៃប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងប្រទេសអូស្រា្តលី។
ជំនួបកំពូលពិសេសអាស៊ាន អូស្រ្តាលី ដែលត្រូវបានរៀបចំនៅក្នុងទីក្រុង Melbourne (មែលប៊ន)ប្រទេសអូស្រ្តាលីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា។ ក្នុងកិច្ចប្រជុំកំពូលនោះ ក៏មានការរំឭកខួប៥០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាននិងអូស្រ្តាលីផងដែរ។
អំឡុងពេលមានវត្តមានក្នុងប្រទេសអូស្រា្តលី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមការប្រជុំជាមួយនាយករដ្ឋមន្ត្រីអូស្រា្តលីលោក Anthony Albanese និងមេដឹកនាំបណ្តាប្រទេសអាស៊ានផ្សេងទៀត។ លោកក៏មានជំនួបទ្វេភាគីជាមួយមេដឹកនាំអូស្រ្តាលី លោក Albanese ផងដែរមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Albanese លោក ហ៊ុន ម៉ាណែត បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលទីក្រុងកង់បេរ៉ា (Canberra) លើវិស័យសំខាន់ៗមួយចំនួន រួមមាន «វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការអប់រំ និងការងារ និងផ្នែកការពារជាតិ»។ នេះបើតាមសារដែលបង្ហោះក្នុងប្រព័ន្ធតេឡេក្រាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមសារនោះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការទាក់ទាញការវិនិយោគពីវិនិយោគិន ឬធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា អូស្ត្រាលី ហើយបានសូមស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Albanese បានស្វាគមន៍ទទួលយកការស្នើអំពីវិស័យនៃកិច្ចសហប្រតិបត្តិការទាំងនេះ និងសម្តែងការរីករាយទទួលយកការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របខាងមុខ។
ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងមែលប៊ន លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៦ខែ ក៏ប្រឈមនឹងការធ្វើបាតុកម្មប្រឆាំងរូបលោកផងដែរ ដោយពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅប្រទេសអូស្រ្តាលីបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ គេមិនទាន់ដឹងនៅឡើយទេថា តើមេដឹកនាំអូស្រ្តាលីបានពិភាក្សាបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាមួយលោក ហ៊ុន ម៉ាណែត ឬយ៉ាងណា។
ក្រៅពីជំនួបទ្វេភាគីជាមួយនឹងមេដឹកនាំប្រទេសអូស្រ្តាលី លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសអាស៊ានមួយចំនួនទៀត ដូចជានាយករដ្ឋមន្ត្រីវៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រធានាធិបតីឥណ្ឌូណេស៊ីជាដើម។
ជុំវិញការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អូស្ត្រាលី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរី ថាក្រសួងនឹងចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងលទ្ធផលទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពេលខាងមុខ។
គួររំឭកថា ក្នុងវិស័យការពារសិន្តិសុខ ប្រទេសអូស្ត្រាលីជាប្រទេសស្ថិតនៅក្នុងកិច្ចព្រមព្រៀង AUKUS ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ដែលត្រូវបានបង្កើតឡើងដើម្បីតទល់ការបង្កើនភាពគឃើ្លនរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីដែលប្រទេសសមាជិកអាស៊ានខ្លះ ត្រូវគេមើលឃើញថា មានទំនាក់ទំនងយោធាកាន់តែខ្លាំងជាមួយប្រទេសចិន។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាត តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមបានទេ នាថ្ងៃពុធនេះ។ ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាក៏មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកវីអូអេតាមសារអេឡិចត្រូនិកអ៊ីមែលដែរ។
យ៉ាងណាក៏ដោយក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទុនរបស់ប្រទេសសមាជិកអាស៊ាន និងអូស្ត្រាលី អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសអូស្ត្រាលីផងដែរ។ នេះបើតាមក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី។
នៅឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលីជាមួយប្រជាជាតិអាស៊ាន មានទំហំទឹកប្រាក់ប្រមាណ ១៧៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានទំហំធំជាងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ការវិនិយោគទ្វេភាគីជាមួយអាស៊ាននៅឆ្នាំ ២០២២ មានចំនួនជាង ២៨៩ ពាន់លានដុល្លារអាមេរិក។
ក្រៅពីការវិនិយោគ និងពាណិជ្ជកម្ម អូស្ត្រាលីក៏បានផ្តោតចំណាប់អារម្មណ៍លើការថែទាំសុខភាពរបស់ទន្លេមេគង្គក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
រដ្ឋាភិបាលទីក្រុងកង់បេរ៉ាបានផ្តល់ថវិកាបន្ថែមចំនួន ២២២,៥ លានដុល្លារ ដើម្បីពង្រឹងភាពធន់នៃតំបន់មេគង្គ ជំរុញវិបុលភាពនៃអនុតំបន់មេគង្គ និងកំណើនប្រកបដោយនិរន្តរភាព ក្រោមកម្មវិធីភាពជាដៃគូទន្លេមេគង្គ-អូស្រ្តាលី ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាននោះបានស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong តាមន័យដើមថា៖ «កម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី បំពេញបន្ថែមភាពជាដៃគូទ្វេភាគីដ៏យូរអង្វែងរបស់អូស្ត្រាលី និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន។ អូស្ត្រាលីនឹងបន្តធ្វើការជាមួយបណ្តាដៃគូទន្លេមេគង្គរបស់យើង ដើម្បីរៀបចំ និងធានាអនាគតនៃតំបន់និងប្រជាជនដែលរស់នៅក្នុងតំបន់នោះ»។
អ្នកស្រី Wong ក៏បានប្រកាសបន្ថែមអំពីថវិកាចំនួន ៦៤ លានដុល្លារផងដែរ ដើម្បីបង្កើនភាពជាដៃគូដែនសមុទ្រអាស៊ីអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី។ នេះបើតាមស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា៕
វេទិកាបញ្ចេញមតិ