លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាន់អំណាចបាន ៧ ខែ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាសប្តាហ៍ក្រោយ ដែលជាទស្សនកិច្ចលើកដំបូងរបស់លោក ក្រោយលោកកាន់អំណាចជាមេដឹកនាំថ្មីរបស់កម្ពុជា។
ដំណើរទស្សនកិច្ចនេះកើតឡើង ខណៈពេលដែលប្រទេសឡាវកំពុងធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថាអាស៊ាន។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងធ្វើឡើងនៅថ្ងៃទី ២៥-២៦ ខែមីនា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ភាគីកម្ពុជានិងឡាវនឹងពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ ស.ប.ប.ឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ»។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសឡាវ គឺសំដៅជំរុញបន្ថែមទៀតនូវភាពជាអ្នកជិតខាង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ។
អ្នកតាមដានមើលឃើញថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងឡាវ និងការជួញដូរគ្រឿងញៀនមកកម្ពុជាដែលមានប្រភពមកពីប្រទេសឡាវគួរតែត្រូវលើកយកមកជជែកនៅក្នុងដំណើរទស្សនកិច្ចនេះ។
អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសឡាវនេះអាចថា ជារាប់អាន ឬការជួបជជែកជាមួយប្រទេសជិតខាងក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។ ប៉ុន្តែលោកថា ក្នុងឱកាសនេះកម្ពុជាក៏គួរតែពិភាក្សាបញ្ហាណាដែលអាចនាំប្រយោជន៍មកជូនជាតិ ក៏ដូចជាប្រជាជនកម្ពុជា។
លោកយល់ថា បញ្ហាចម្បងដែលកម្ពុជាអាចនឹងជជែកគ្នានោះ គឺបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដែលមិនទាន់បញ្ចប់ការបោះបង្គោលព្រំដែននៅឡើយ។
អ្នកវិភាគរូបនេះថ្លែងថា៖ «ខ្ញុំគិតថា នេះគឺជារឿងសំខាន់ដែលរដ្ឋាភិបាលក្នុងអាណត្តិនីមួយៗត្រូវតែបន្តហើយត្រូវតែមានទិសដៅច្បាស់លាស់នៅក្នុងការធ្វើយ៉ាងម៉េចឱ្យវាចប់រឿងបញ្ហាព្រំដែន ទោះបីជាថា បាត់ឬចំណេញយ៉ាងម៉េចក៏ដោយ ក៏វាត្រូវតែបន្តធ្វើ កន្លែងណាដែលមានភាពចម្រូងចម្រាសអាហ្នឹង យើងរកយន្តការផ្សេងដើម្បីមកជួយដោះស្រាយ ប៉ុន្តែកន្លែងណាដែលអាចទៅរួច គួរតែនាំគ្នាធ្វើឱ្យហើយទៅ។ នេះជារឿងសំខាន់ដែរ ប៉ុន្តែវាពិបាកតិច ដោយសារនៅស្រុកយើងនេះ វាមិនទាន់មានឯកភាពជាតិគ្រប់គ្រាន់ អញ្ចឹងការសម្រេចទៅលើបញ្ហាព្រំដែននានា ហ្នឹងវានៅតែទទួលការរិះគន់ពីមហាជនទូទៅអ៊ីចឹង»។
បើតាមលោក មាស នី បញ្ហាមួយទៀតដែលកម្ពុជាគួរតែដោះស្រាយ គឺបញ្ហាគ្រឿងញៀនដែលជួញដូរនាំពីប្រទេសឡាវចូលមកកម្ពុជា។
លោកបន្ថែមថា៖ «រឹតបន្តឹងទាំងសងខាងទៅ ហើយយើងខាងយើងក៏ពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់យើងក្នុងការការពារ ធ្វើម៉េចរកជនដែលប្រព្រឹត្តជួញដូរគ្រឿងញៀនហ្នឹងឱ្យឃើញទៅ ពិសេសគឺបោសសម្អាតពីខាងលើមក»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននិងអ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបាននៅឡើយទេ។
កាលពីខែកុម្ភៈ ឆ្នាំមុន អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាននយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ នៅក្នុងដំណើរទស្សនកិច្ចកាលនោះ កម្ពុជានិងឡាវក៏បានចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្តសំខាន់ចំនួន ២ រួមមានសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទីពីរផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរឆ្នាំ ២០២៣-២០២៧។
បើតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន កាលពីឆ្នាំមុន គណៈកម្មការចម្រុះព្រំដែនកម្ពុជានិងឡាវបានសម្រេចក្នុងការកំណត់ខ្សែព្រំដែនរួមនៃប្រទេសទាំងពីរ បានប្រមាណ៨៦% រួមមានការបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ១២១ បង្គោល។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ កាលនោះ លោក ហ៊ុន សែន បានប្រកាសគាំទ្រឡាវជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ ២០២៤ នេះ៕
វេទិកាបញ្ចេញមតិ