ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្វះ​យន្តការ​ពិនិត្យ​តាម​ដាន​នាំ​ឲ្យ​មាន​ការ​បំពាន​ដល់​ពលករ​ចំណាក​ស្រុក​កម្ពុជា


អវត្តមាន​យន្តការ​តាម​ដាន និង​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មាន​ការ​បំពាន​ពល​ករ​កម្ពុជា។
អវត្តមាន​យន្តការ​តាម​ដាន និង​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មាន​ការ​បំពាន​ពល​ករ​កម្ពុជា។
ភ្នំពេញ៖ ក្រុម​ការ​ងារ​ចម្រុះ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា មានការ​បំពាន និង​ការ​កេង​ប្រវ័ញ្ចជាច្រើន​លើ​ពលករ​ស្របច្បាប់​កម្ពុជា​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

កាល​ពី​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី៥​ខែ​ធ្នូ គណៈកម្មការ​ចំរុះ​ដែល​មាន​សមាជិក​សរុប​២២​រូប​រួម​មាន ​តំណាង​របស់​ក្រសួងមហាផ្ទៃ ក្រសួងការងារ សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​សម្រាប់​ស្ត្រី ​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ស្ថានភាព​ការងារ​របស់​ស្ត្រី​កម្ពុជា​ដែល​កំពុង​បម្រើ​ការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី។

លោក​ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​ថ្លែង​ថា ក្រុម​ការងារ​របស់​លោកស្រី​បាន​រកឃើញ​ករណី​រំលោភ​បំពាន​ពលករ​ខ្មែរ​ចំនួន​បួន​ប្រភេទ​ធំៗ។​

«វា​មាន​ការ​រងគ្រោះ​ដោយ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ការ​ជួញដូរ​ជន​ទេសន្តរ​ប្រវេសន៍ ការ​រំលោភ​ម៉ោង​ការងារ និង​ការ​កេងប្រវ័ញ្ចប្រាក់​កម្រៃ​ការងារ​ដោយ​បង្ខំ។»

ការ​រក​ឃើញ​នេះ​ស្របគ្នា​នឹង​ការ​រក​ឃើញ​របស់អង្គការ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ស្ត្រី​និង​កុមារ មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ​លីកាដូ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ពលករ​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

លោក សំលៀង សីលា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) ដែល​បាន​ចូលរួម​ក្នុង​គណៈ​ប្រតិភូនេះ​ដែរ បាន​បញ្ជាក់​បន្ថែម​ថា ស្ថានភាព​រំលោភ​សិទ្ធិ​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ច្រើន​សណ្ឋាន។

«ពលករ​មួយ​ចំនួន​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ធ្វើ​បាប វាយ​ដំ ប្រើ​អំពើ​ហិង្សា ហើយ​មួយ​ចំនួន​ទៀត​គឺ​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​ទៀង​ទាត់ ហើយគេ​ត្អូញត្អែរ​ថា ពិបាក​ស្វែងរក​ជំនួយ​ផ្លូវច្បាប់ ​ដោយ​គាត់​យល់​ឃើញ​ថា ទី​១​មិន​អាច​ឈ្នះ​ក្តី​ដោយសារ​គាត់​អត់​មាន​លុយកាក់។ ទី​២ ​វា​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ទៀត។ អញ្ចឹង​ជនរងគ្រោះ​មួយ​ចំនួនក៏​ត្រលប់​មក​កម្ពុជា​វិញ​ដោយ​ពុំ​មាន​ការ​ដោះស្រាយ​ត្រឹមត្រូវ។»

ក្រៅ​ពី​បញ្ហា​រំលោភ​បំពាន​ទាំង​នេះ គណៈប្រតិភូ​កម្ពុជា​ក៏​បាន​រកឃើញ​ការ​បញ្ជូន​ក្មេង​ស្រី​ជា​អនីតិជន​ទៅ​ធ្វើ​ការ​នៅ​បរទេស។ ជាក់ស្តែង​នៅ​ពេល​ចុះ​ធ្វើ​ទស្សនកិច្ច​ផ្ទះ​សុវត្ថិភាព ដែល​ជា​មណ្ឌល​សង្គ្រោះ​ពលករ​បរទេស​រងគ្រោះ​ដែល​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​១៣​នាក់កំពុង​ស្នាក់នៅ ក្រុម​ការងារ​បាន​ប្រទះ​ឃើញ​កុមារី​អាយុ​ត្រឹម​១៧​ទៅ​១៨​ឆ្នាំ ដែល​ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ជាង​ពីរ​ឆ្នាំ​ដោយ​មិន​បាន​ទទួល​បៀវត្សរ៍​អ្វី​ទាំង​អស់។

ក្រុម​ការងារ​ចម្រុះ​បាន​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​ម៉ាឡេស៊ី សមាគម​និយោជក ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី អង្គការ​ក្រៅ​រដ្ឋាភិបាល ពលករ​ខ្មែរ​បម្រើការ​តាម​ផ្ទះ​ចំនួន​បួន​នាក់ និង​ជួប​ជន​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​ការ​ពារ​ជនរងគ្រោះ​របស់​ម៉ាឡេស៊ី​ចំនួន​១៣នាក់។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជាបាន​ហាម​ការ​ជ្រើសរើស​និង​បញ្ជូន​ពលករ​កម្ពុជាទៅ​ធ្វើ​ការ​នៅម៉ាឡេស៊ី​ ក្រោយ​ពី​លេច​ឮ​ករណី​បំពាន​ធ្ងន់ធ្ងរនិង​មាន​ជន​រង​គ្រោះ​បាត់​បង់​ជីវិត។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Right Watch) ដែលត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​មុននេះ រកឃើញ​ថាមុន​ពេល​រដ្ឋាភិបាល​សម្រេច​ផ្អាក​បញ្ជូន​ពលករទៅ​ម៉ាឡេស៊ី​ មាន​កុមារ​អាយុ​តិច​ត្រឹម​១៣​ឆ្នាំ​ត្រូវ​បានជ្រើសរើស​ដោយ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​និង​មេ​ខ្យល់ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី។ អង្គការ​នេះ​បាន​កត់ត្រា​ឃើញ​មាន​ពលករ​អាយុ​ក្រោម​១៨​ឆ្នាំ​ចំនួន​ប្រាំបី​ករណី។

តាម​របាយការណ៍​របស់​គណៈប្រតិភូ​ក្នុង​ជំនួប​ជាមួយ​លោក​ស្រី អ៊ុំ​ បុប្ផា អគ្គទីប្រឹក្សា​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោកស្រីបាន​ត្អូញត្អែរ​ថា ក្រសួង​ការងារ​ហាក់​ដូចជា​ព្រលែង​ពលករ​ទៅ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន ពុំ​មាន​ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រង​ពលករ​ឱ្យ​បាន​ត្រឹមត្រូវ និង​ភាព​មិន​ប្រក្រតី​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ដូចជា​ការ​បញ្ជូន​អនីតិជន​មក​ធ្វើ​ការ និង​មិន​បាន​បណ្តុះ​បណ្តាល​ពលករ​ឱ្យ​បាន​ត្រឹមត្រូវ​ជា​ដើម។

លោក​បណ្ឌិត​ អន ប៊ុនហាក់ ​ប្រធាន​សមាគម​ទីភ្នាក់ងារជ្រើសរើស​ពលករ​កម្ពុជា ដែល​មាន​២៥​ក្រុមហ៊ុន​ជា​សមាជិក ​បាន​ចូល​រួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ។ លោក​ទទួល​ស្គាល់​ថា កន្លង​មក​ពិត​ជា​មាន​ករណី​មួយ​ចំនួន​ដូច្នេះ​មែន។

«ការ​បណ្តុះ​បណ្តាល​ឥត​បាន​គ្រប់គ្រាន់។ ដូច្នេះពេល​គាត់​ទៅ​គឺ​មាន​ការ​មិន​យល់​គ្នា ការ​និយាយ​ភាសា ដូចជា​ការ​ប្រើ​ឱ្យ​យក​ចាន​មក​ហូប​បាយ​បែរ​ជា​ទៅ​យក​កន្ថោរ ឧបមា​អញ្ចឹង។ វា​ធ្វើ​ឱ្យ​មាន​ការ​ខឹង​ពី​ថៅ​កែ​ហើយ​ឈាន​ទៅ​រក​អំពើ​ហិង្សា។»

ប៉ុន្តែលោក​និយាយ​ថា ចំពោះ​ករណី​បញ្ជូន​ពលករ​ជា​អនិតិជនគឺ​មាន​តែ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​ក៏​ត្រូវ​បាន​បិទ​និង​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​អស់​ហើយ​ដែរ។

មាន​ពលករខ្មែរ​ទាំងស្របច្បាប់និងខុសច្បាប់ប្រហែល​៥​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​តាមផ្ទះ តាម​ភោជនីយដ្ឋាន​ និង​រោងចក្រ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ជា​មធ្យម​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​ពី​១៣៣​ដុល្លារ​ទៅ​២០០​ដុល្លារ។

លោក​ស្រី ជូ ប៊ុនអេង ​មាន​ប្រសាសន៍​ថា អវត្តមាន​យន្តការ​តាម​ដាន និង​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មាន​ការ​បំពាន​ពល​ករ​កម្ពុជា​ផង​ដែរ។

«យើង​ខ្វះ​ការ​តាម​ដាន​ត្រួត​ពិនិត្យ។ កន្លង​មក​យើង​បញ្ជូន​ពលករ​បន្ត​ដៃ។ ពី​នេះ​ទៅ​យើង​មាន​ក្រុមហ៊ុន​ ចេញ​ពី​ក្រុម​ហ៊ុន​ប្រទេស​យើង ទៅ​ក្រុមហ៊ុន​ប្រទេស​មួយ​ទៀត។ ក្រុមហ៊ុន​មួយ​ទៀត​ទៅ​និយោជក។ ដូច្នេះ​ការ​បន្ត​ដៃ​បែប​នេះ​ជា​ការ​ទទួល​ខុសត្រូវ​កម្រិត​ណា។»
លោកបណ្ឌិត អន​ ប៊ុនហាក់ ទទួល​ស្គាល់​កង្វះ​ខាត​យន្តការ​តាម​ដាន​របស់​ក្រុម​ទីភ្នាក់ងារ​របស់​លោក។ ដូច្នេះ​ការ​ផ្អាក​នេះ ជា​ពេល​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ពួកលោក​កែ​លម្អ​កង្វះខាត​ទាំង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG