ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេ​​​ដឹកនាំ​​​សហជីព​​​ស្វាគមន៍​​​ចំពេាះ​ការ​​​ជំរុញ​​​របស់​​​នាយករដ្ឋមន្ត្រី​​​អំពី​​​លក្ខខណ្ឌ​​​ការងារ​​​​​

  • សុខ ខេមរា

មាន​​​កម្មករ​រោងចក្រ​ជាង​​​ ៥០.០០០​​​នាក់​ ដែល​​​កំពុង​ធ្វើ​​​ការ​ក្នុង​​​រោងចក្រ​ជាង​​​ ៦០០ នា​​​ពេល​​​បច្ចុប្បន្ន​នេះ។
វ៉ាស៊ីនតោន៖ ក្រុម​មេដឹកនាំ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​អបអរសាទរ​ចំពោះ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ទាក់ទង​នឹង​ការ​កែទម្រង់​លក្ខខណ្ឌ​ការងារ​របស់ កម្មករ​រោងចក្រ​និង​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​មិន​ឲ្យ​ចំណាក​ស្រុក។ លោក​និយាយ​ថា​ ប្រសិទ្ធិភាព​នៃ​ការ​អនុវត្ត​គឺ​ជា​រឿង​ចាំបាច់ ហើយ​ប្រាក់​កម្រៃ​ខ្ពស់​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ដ៏​ចម្បង​ដល់​កម្មករ​និង​ពលករ​ទាំង​ក្នុង​ស្រុក​និង​ចំណាក​ស្រុក។
ក្រុមមេដឹកនាំ​សហជីព​នៅប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ចំណាត់ការ​របស់​រដ្ឋាភិបាល​ដ៏​ពិត​ប្រាកដ​ដើម្បី​ផ្តល់​ប្រាក់ខែ​ខ្ពស់​ដល់​កម្មករ​រោងចក្រ​ លក្ខខណ្ឌ​ការងារ​ប្រសើរ​និង​ការ​ទាក់ទាញ​ពលករ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ ជា​រឿង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ជីវភាព​ពលរដ្ឋ​កម្ពុជា។
ក្រុម​មន្ត្រី​ខាង​ពលកម្ម​និង​សហជីព​អះអាង​ថា​ កម្ពុជា​មាន​កម្មករ​រោងចក្រ​ជាង​ ៥០.០០០​នាក់​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​ជាង​ ៦០០ នា​ពេល​បច្ចុប្បន្ន​នេះ។ េនះ​ជា​កំណើនបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៩​ ដែល​មាន​តែ​ជិត​៣០០​រោងចក្រ​ តែ​ពួកគេ​ទទួល​ប្រាក់​ បៀវត្សរ៍​អប្បរមា​ប្រមាណ​ ៦១ ដុល្លារ ​ក្នុង​មួយ​ខែៗ​ ហើយ​មាន​បញ្ហា​សម្ពាធជាច្រើន​រួម​ទាំង​កិច្ចសន្យា​ខ្លីៗ​ សិទ្ធិ​សេរីភាព​ដែល​កំពុង​ប្រឈម​មុខ​ជា​ដើម។ ពួកគេ​បាន់​ប្រមាណ​ដែរ​ថា​ ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​មាន​ប្រមាណ​៥០.០០០ នាក់​ដែរ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ ជា​កូរ៉េ​ខាង​ត្បូង​ ម៉ាឡេស៊ី​ ជប៉ុន ​និង​ថៃ​ជាដើម ​ដោយសារ​តែ​បាន​កម្រៃ​ខ្ពស់​ជាង​បើ​ប្រៀបធៀប​នឹង​តម្លៃ​ពលកម្ម​ក្នុង​ប្រទេស។​ ចំណាកស្រុក​ដ៏​ច្រើន​សន្ធឹកសន្ទាប់​ និង​កំណើន​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្កើត​ការងារ​ច្រើន​នេះ​ហើយ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​យ៉ាង​ខ្លាំង។
ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ពិធី​សម្ភោធ​អគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​បាន​ជំរុញ​ដល់​ក្រសួង​ការងារ​និង​រោងចក្រ​ឲ្យ​ធ្វើការ​សើរើ​លក្ខខណ្ឌ​ការងារ​ជាច្រើន​ចំពោះ​កម្មករ។ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​លុបចោល​កិច្ចសន្យា​ខ្លីៗ​ ការ​ផ្តល់​ប្រាក់ខែ​កម្មករ​ឲ្យ​សមរម្យ​ ត្រួត​ពិនិត្យ​លក្ខខណ្ឌ​ បរិស្ថាន​ការងារ​ផ្សេងៗ​ទៀត។
«ចំណុច​នេះ​យើង​ត្រូវ​មើល​ឃើញ​ឲ្យ​ច្បាស់។ ឥឡូវ​នេះ​យើង​កំពុង​ខ្វះ​ពលកម្ម​ ពិត​ប្រាកដ​ហើយ។​ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​សុទ្ធ​តែ​ខ្វះ​ពលកម្ម ​ប៉ុន្តែ​ក៏មាន​ពលករ​របស់​យើង​មួយចំនួន​បែរ​ជា​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន ​ហើយខុសច្បាប់​ទៅ​ទៀត​ដែល​ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ទៅដល់​ប្រទេសនានា​ដែល​ទទួល​ពលករ​នេះ»។
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បញ្ជាក់​បន្ថែម​ថា​ រោងចក្រ​មួយ​ចំនួន​កំពុង​ប្រកួតប្រជែង​រឿង​ជួល​កម្មករ ហើយ​ក្នុង​ប្រទេស​កម្ពុជា​ពេល​នេះ​ដែល​លោក​បាន​រំលឹក​ឲ្យ​រោងចក្រ​សហគ្រាស​គិត​ពិចារណា​អំពី​ថ្លៃឈ្នួល​និង​លក្ខខណ្ឌ​ការងារ​ផងដែរ។
«បើ​មិន​អញ្ចឹង​ទេ​គេ​ស្រូប​អស់​ហើយ។​ កន្លែង​ដែល​គេ​មាន​ផ្តល់​លទ្ធភាព​ជាង​ គេទៅ​អស់​ហើយៗ​ខ្លួន​ឯង​កុំ​បន្ទោស​គេ​ថា ​រដ្ឋាភិបាល​មិន​គិត​គូរ ​ដួល​រលំ​រោងចក្រ។ ទេ!​អាហ្នឹង​យើង​ធ្វើ​ម៉េច​ យើង​បង្ខំ​កម្មករ​ឲ្យ​មក​ធ្វើការ​ឲ្យ​អ្នក​ឯង​ដោយ​តម្លៃ​ថោក​អញ្ចឹង​ហើយ​ទាប​ជាង​អ្នក​ដទៃ​ធ្វើ​ទៅ​វា​មិន​រួច»។
ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ហ៊ុន សែន ​បង្ហាញ​ពី​ជំនឿ​ថា​ ការ​កែប្រែ​ស្ថានភាព​ការងារ ​អាច​ទាក់ទាញ​ពលករ​ធ្វើ​ចំណាក​ស្រុក​មក​ធ្វើ​ការ​ក្នុង​ប្រទេស​វិញ។
លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​អះអាង​ថា​ លោកស្វាគមន៍​អត្ថាធិប្បាយ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវការ ​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធិភាព​ជា​រឿង​សំខាន់​ចាំបាច់។
«យើង​ចង់​ឃើញ​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ក្លាយ​ជា​ការ​ពិត​ ជៀសវាង​គ្រាន់​តែ​ និយាយ​ប្រជាភិថុត​ហើយ​ថ្នាក់​ក្រោម​មិន​បាន​អនុវត្តន៍​ទៅ​តាម​ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី។​ យើង​ចង់​ឲ្យ​ឃើញ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​បង្គាប់​ហ្នឹង​ត្រូវ​តែ​អនុវត្ត​ ត្រូវតែ​គោរព​ទៅ​តាម​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស»។
លោក ​មឿន តុលា ​ប្រធាន​កម្មវិធី​សិទិ្ធ​ការងារ​ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​អះអាង​ថា​ ជា​ការណ៍​ភ្នាក់​ផ្អើល​ដែល​បញ្ហា​កម្មករ​និង​ពលករ​ ដែល​ សង្គមស៊ីវិល​បាន​ធ្វើ​ការ​ទាមទារ​ជាច្រើន​ឆ្នាំ​មក​ហើយ​ត្រូវ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​ធ្វើ​ការ​កែលម្អ​លក្ខខណ្ឌ​ផ្សេងៗ។
«អ្វី​ដែល​គាត់​បាន​លើក​ឡើង​ហ្នឹង​គឺ​សុទ្ធ​តែ​ជា​ដំណោះស្រាយ។​ បើ​សិន​ជា​យើង​ធ្វើ​តាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី​ពិត​ប្រាកដ​មែន​ ហើយ​យើង​កុំ​យក​អា​ចំណុច​ហ្នឹង​ទៅ​ជា​ការ​ឃោសនា​រឿង​នយោបាយ​ តែ​ឲ្យ​ទៅ​ជា​ឆន្ទៈ​ពិត​ប្រាកដ​វិញ ខ្ញុំ​ថា​អាច​ដោះស្រាយ​បាន​ ហើយ​យើង​អាច​ទាក់ទាញ​កម្មករ​ខ្មែរ​យើង​ហើយ​ក៏​ប្រហែល​ជា​អាច​មាន​កម្មករ​ពី​ភូមា​អី​មក​ធ្វើការ​នៅ​ស្រុក​យើង​ដែរ»។
ទាំង​លោក​ រ៉ុង ឈុន ​និង​លោក ​មឿន តុលា​បាន​អះអាង​ថា​ ការ​កែលម្អ​ លក្ខខណ្ឌការងារ​តាម​ច្បាប់​ដែល​មាន​ស្រាប់​នឹង​លើក​ទឹកចិត្ត​ដល់​កម្មករ​ ពលករ​ ធ្វើការ​ក្នុង​ប្រទេស​ជាជាង​ទៅ​ក្រៅ​ប្រទេស​ ដែល​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ក្នុង​ការ​រស់នៅ ​ការ​ចំណាយ​យ៉ាងច្រើន​ ការ​បែក​ឆ្ងាយ​ពី​ក្រុមគ្រួសារ​និង​រងគ្រោះថ្នាក់​ជា​យថាហេតុ​នានា។
លោក ​ព្រហ្ម ​វណ្ណៈអានន្ទ ​អាយុ​៣៤​ឆ្នាំ​មក​ពី​ខេត្ត​ពោសាត់​ ជា​ជន​រងគ្រោះ​ម្នាក់​ដែល​ត្រូវ​គេ​បោក​បញ្ឆោត​យក​ទៅ​លក់​កម្លាំង​ពលកម្ម​ខុស​ច្បាប់​ក្នុង​ទូក​នេសាទ​ប្រទេស​ថៃ។​ លោក​បាន​គេច​រួចខ្លួន​ ហើយ​បាន​គូរ​គំនូរ​អំពី​សកម្មភាព​ជួញដូរ​មនុស្ស​និង​ការ​លំបាក​របស់​លោក​ដើម្បី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ផ្សេងៗ​ទៀត។ លោក​ត្រូវ​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ហ៊ីឡារី គ្លីនតុន (Hillary Clinton) ​ប្រគល់​រង្វាន់​កិត្តិយស​ហៅ​ថា​ TIP Hero ​ឬ​ពាន​រង្វាន់​វីរបុរស​ផ្នែក​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​កាល​ពី​ខែ​មិថុនា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្រោយ​ពេល​ដែល​លោក​មក​ដល់​ប្រទេស​កម្ពុជា​វិញ។
ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ប្រទេស​កម្ពុជា ​លោក​វណ្ណៈអានន្ទ​បង្ហាញ​ពី​ការ​រៀងចាល​អំពី​រឿង​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថាន។
«រាល់​ថ្ងៃ​មិន​បាច់​១០០ ឬ២០០ ​មួយ​ខែ​ទេ​ ឲ្យតែ​បាន​តែ​ដោះស្រាយ​ដូច​ថា​ជីវភាព​ ក្រុមគ្រួសារ​ អាច​ដោះទាល់​ អញ្ចឹង​ខ្ញុំ​ធ្វើការ​នៅ​ក្នុង​ដីខ្មែរ​ ពីព្រោះ​ខ្ញុំ​នឹក​ឃើញ​ថា​ វា​មិន​ល្អ​ជាង​ធ្វើ​ការ​នៅ​ដី​យើង​ប៉ុន្មាន​ទេ ​ទោះ​បី​យើង​ទៅ​ប្រទេស​គេៗ​ចាប់​ចង​ធ្វើ​បាប​យើង​ជាដើម»។
លោក​បន្ត​ថា​ការ​លួច​ចូល​ដី​ថៃ​ខុស​ច្បាប់​អាច​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ចាប់​ដាក់​គុក​ ហើយ​ពេល​ខ្លះ​ត្រូវ​ចាញ់​បោក​មេ​ខ្យល់​យក​ទៅ​លក់ ​បើ​បុរស​ត្រូវ​គេ​លក់​ដូច​ជា​រូប​លោក​ជា​ដើម ​ដើម្បី​ទៅ​កន្លែង​ធ្វើ​ការ​ដោយ​កម្លាំង​ ជា​ទាសករ​ បើ​ស្រ្តី​ត្រូវ​គេ​យក​ទៅ​លក់​ទៅ​ផ្ទះ​បន​ធ្វើ​ជា​ស្ត្រី​ពេស្យា​ជាដើម។ ​លោក​អានន្ទ​បាន​អះអាង​ថា​ លោក​ចាកចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០០៦ ដោយ​ខុស​ច្បាប់​ ពេល​នោះ​ គឺ​ដោយសារ​ថា​លោក​ចង់​បាន​លុយកាក់​ដើម្បី​ការចំណាយ​ដល់​ការ​សម្រាលកូន​របស់​ភរិយា​លោក។
លោក​ ព្រហ្ម ​វណ្ណៈអានន្ទ ​លើក​ទឹកចិត្ត​ដល់​ពលករ ​កម្មករ​ធ្វើ​កិច្ចការ​ក្នុង​ប្រទេស​ ប្រសិន​បើ​មាន​កិច្ចការ​ធ្វើ​ល្មម​ចញ្ចឹម​ជីវិត​បាន ​ហើយ​គេច​ផុត​ពី​គ្រោះថ្នាក់។
ទោះជា​យ៉ាង​ណា​ក៏ដោយ​លោក​ ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា​ កម្ពុជា​ពុំ​មាន​ឧស្សហកម្ម​ធន​ធ្ងន់​ដែល​អាច​ទាក់ទាញ​ពលករ​ចំណាកស្រុក​ឲ្យ​មាន​ការ​ទុកចិត្ត​បាន​ទេ​ ក្រៅ​ពី​បញ្ជាក់​ថា ​អត្ថាធិប្បាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​មិន​ត្រូវ​ថ្នាក់​ក្រោម​អនុវត្ត ហើយ​នឹង​ស្ងាត់​ទៅ​វិញ​ក្នុង​រយៈពេល​យ៉ាង​យូរ​បី​ខែ​ដូច​ជា​បញ្ហា​បង្ក្រាប​រឿង​សង្គម​មួយ​ចំនួន​ដែល​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ដូច​គ្នា​នេះ។
«យើង​មើល​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ដើម្បី​ទាក់ទាញ​ឲ្យ​ មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ពលករ​ចំណាក​ស្រុក​ឲ្យ​វិល​មក​កម្ពុជា។​ ខ្ញុំ​មើល​ឃើញ​ថា​វា​អត់​មាន​ន័យ​ខ្លឹមសារ​ដោយសារ​តែ​កម្ពុជា​យើង​អត់​មាន​ឧស្សហកម្ម​ធន​ធ្ងន់​ដែល​ជា​ទំនុក​ចិត្ត​ទេ។​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ស្រូប​យក​តែ​កម្លាំង​ស្រីៗ​ទេ​ គឺ​៨៥​ភាគរយ​ ហើយ​សម្រាប់​បុរស​គេអត់​យក»។
លោក​ព្រមាន​ថា ​ការ​ចាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​ពេល​នេះ​ជា​រឿង​យឺត​ពេល​បន្តិច​ទៅ​ហើយ។ ​ប្រទេស​កម្ពុជា​នឹង​ដើរ​ក្រោយ​ប្រទេស​ភូមា​ដែល​បង្ហាញ​ពី​ការ​កែទម្រង់​ប្រទេស​ពិត​ប្រាកដ​តាម​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អន្តរជាតិ​ ដើម្បី​អភិវឌ្ឃ​ប្រទេស​ភូមា។​ លោក​មុន្នី ​ជឿ​ថា​ ភូមា​នឹង​ទាក់ទាញ​បាន​ការ​អនុគ្រោះ​យ៉ាងច្រើន​ពី​សហគមន៍​អន្តរជាតិ​និង​ស.រ.អា.​ផ្នែក​នាំ​ចេញ​ផលិតផល​ភូមា​នោះ។
«អញ្ចឹង​ស្រុក​ខ្មែរ​យើង​ហ្នឹង​ ដោយសារ​តែ​រដ្ឋាភិបាល​អត់​បាន​ចាប់​អារម្មណ៍​ពី​ កម្លាំង​ពលកម្ម​របស់​កម្មករ​ ការ​អប់រំ​របស់​កម្មករ​ទាប​ សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​អត់​មាន​ទាល់​តែសោះ​ អត់​មាន​បណ្តុះ​បណ្តាល​ធនធាន​កម្មករ​កម្មការី​ទេ។ ហើយ​បើ​បណ្តុះបណ្តាល​ក៏​កម្មករ​កម្មាការិនី​ហ្នឹង​មិន​អាច​ចាប់​យក​ចំណេះដឹង បច្ចេកទេស​ហ្នឹង​បាន​ទៀត។ ​អញ្ចឹង​បញ្ហា​ទាំងអស់​ហ្នឹង​វា​ធ្ងន់ធ្ងរ​ណាស់​ទៅ​ហើយ​ដល់​ដំណាក់កាល​នេះ»។
លោក ជា មុន្នី​ចង់​ឃើញ​កម្ពុជា​មាន​តុលាការ​ការងារ ​ក្រសួង​ពាក់ព័ន្ធ​នានា​ដែល​ ចុះ​ត្រួតពិនិត្យ​តាម​រោងចក្រ​សហគ្រាស​ធ្វើ​កិច្ចការ​ច្បាស់លាស់​មិន​ទទួល​សំណូក​ពី​រោងចក្រ​ហើយ​បំបិត​រឿង​ក្នុង​រោងចក្រ​ គិតគូរ​ពី​សុខភាព​ អនាម័យ​ក្នុង​រោងចក្រ​និង​ក្រៅ​រោងចក្រ​ សម្រាប់​កម្មករ​ ហើយ​នឹង​ផ្តល់​សរីភាព​សមរម្យ​និង​ដំណោះស្រាយ​សមស្រប​ដល់​កម្មករ​និង​ថៅកែ​រោងចក្រ​ពេល​មាន​វិវាទ។
មន្ត្រី​សហជីព​បាន​អះអាង​ថា​ កម្ពុជា​បច្ចុប្បន្ន​មិនមែន​ខ្វះ​តែ​កម្មករ​និង​ពលករ​ទេ ផ្នែក​កាត់ដេរ​ទេ​ តែ​ខ្វះ​ទាំង​វិស័យ​សំណង់​ កសិកម្ម​ដែល​ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​សំខាន់​សម្រាប់​ប្រទេស​ជាមួយ​វិស័យ​ទេសចរណ៍​និង​វិស័យ​កាត់ដេរ៕
XS
SM
MD
LG