ភ្នំពេញ៖ ចាប់តាំងពីចុងខែមិថុនាឆ្នាំ២០១២នេះមក ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់បានផុលផុសក្នុងការប្រមូលជំនួយថវិកាដល់មន្ទីរគន្ធបុប្ជាដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យឥតយកប្រាក់កំរៃមួយនេះ ដែលចេះតែទទួលបានកំណើនកុមារមានជំងឺមិនឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងរយៈពេលជាងបីខែនេះ ជំនួយសប្បុរសពីគ្រប់មជ្ឈដ្ឋានក្នុងស្រទាប់ប្រជាពលរដ្ឋកម្ពុជាដែលបានផ្តល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ជាកើនរហូតមកដល់ប្រមាណជា២.៦លានដុល្លារអាមេរិក។
លោក វេជ្ជបណ្ឌិត ប៊ិត រិចនើ (Beat Richner) ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា បានចាត់ទុកថា នេះជាសកម្មភាពដ៏ល្អប្រសើរបំផុតដែលបង្ហាញពីសាមគ្គឺភាពក្នុងការជួយគ្នាទៅវិញទៅមក។
«ខ្ញុំសប្បាយចិត្តណាស់ ឥឡូវនេះ ជាចំណុចចាប់ផ្តើមទទួលខុសត្រូវរបស់ប្រជាជនខ្មែរ។ ខ្មែរជួយខ្មែរគឺដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។ ខ្ញុំសង្ឈឹមថាសកម្មភាពនេះនឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់ សូមឲ្យប្រជាជនខ្មែរត្រូវសាមគ្គឺគ្នាដើម្បីនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ជាបន្តទៅទៀត រាល់មូលនិធិទាំងអស់តិច ឬច្រើន សុទ្ធតែមានសារៈសំខាន់ណាស់សម្រាប់មន្ទីរពេទ្យគន្ធបុប្ជា»។
លោក វេជ្ជបណ្ឌិត ប៊ិត រិចនើ ពិពណ៌នាថា ក្នុងចំណោមប្រាក់ជំនួយក្នុងស្រុកទាំងនោះ១លានដុល្លារអាមេរិក បានមកពីកាកបាទក្រហមកម្ពុជា រដ្ឋាភិបាលកម្ពុជាចំនួន ១លានដុល្លារអាមេរិក និងមូលនិធិបាយ័នចំនួន ជាង៣សែនដុល្លារអាមេរិក និងទឹកប្រាក់ដែលនៅសល់ចំនួន៣សែនដុល្លារទៀតបានមកពីប្រជាពលរដ្ឋកម្ពុជាដែលរៃអង្គាសគ្នា ក្នុងចំណោមមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន រោងចក្រ សណ្ឋាគារ គ្រូបង្រៀន សិស្សានុសិស្ស មគ្គុទេសក៍ទេសចរណ៍ ព្រះសង្ឈ ក្រុមហ៊ុនឯកជន និងក្រុមអជីវករជា ដើម។
ជាមួយគ្នានេះដែរលោកស្រី អ៊ន ស៊ីដាណា នាយិកាក្រុមហ៊ុននគរធំអភិវឌ្ឍន៍កសិកម្មបាន ឲ្យដឹងថា រយៈពេលបីខែកន្លងមកនេះអ្នកស្រីបានប្រមូលថវិការពីរដងជូនមន្ទីរពេទ្យគន្ធបុប្ជា ចំនួនជិត២.០០០ដុល្លារអាមេរិក។
លោកស្រីបានឲ្យដឹងបន្តថាថវិកាទាំងនោះបានមកពីការរៃអង្គាសតាមការផ្សព្វផ្សាយផ្ទាល់មាត់ និងតាមបណ្តេញសង្គមហ្វេសប៊ុកទៅដល់អ្នកដែលស្គាល់គ្នា។
«មានគម្រោងទៀងទាត់ ដូចជាក្រុមខ្ញុំអញ្ចឹងដកប្រាក់ចំណូលផ្ទាល់ខ្លួន៣ភាគរយជា ប្រចាំ។ ខ្ញុំទៅជួបអ្នកណាក៏ចេះតែប្រាប់គេទៅ មានមិត្តភក្តិ អ្នកស្គាល់គ្នា គេចក៏ជួយរៃអង្គាសពីបងប្អូនគេខ្លះមក។ ដោយសារអ្វីដែលយើងបានជួយធ្វើឲ្យគេរស់រានមានជីវិត ខ្ញុំគិតថាមិនបាច់ទៅធ្វើបុណ្យឯណាទៀតទេ ធ្វើត្រឹមនេះល្អពេកហើយ បើសិនផុសផុលតែអញ្ជឹងរហូតទៅវាអាចធ្វើ ឲ្យមន្ទីរពេទ្យនេះដំណើរការបានយូរអង្វែងទៅមុខទៀត»។
លោក ចាន់ ម៉ាច អគ្គនាយកប្រតិ្តប័តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតមានប្រសាសន៍ថាលោកមានគម្រោងបរិចាកថវិកាជារៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ជាដោយនៅក្នុងអំឡុងខែ
កក្កដាកន្លងមកនេះថវិការជាង២ពាន់ដុល្លារដែលបានមកពីការបរិចាករបស់គ្រឹះស្ថាន និងការ រៃអង្គាសពីបុគ្គលិក ត្រូវបានផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា។
«យើងគួរតែមានគំនិតមួយធ្វើមនុស្សធម៌ដល់ប្រជាជនយើងផងដែរ។មន្ទីរពេទ្យគន្ធ បុប្ជាយើងគួរតែមានគំនិតជួយគ្នាដើម្បីជួយខ្មែរដល់អ្នកក្រផ្សេងទៀត។បើសិនយើងចូលក្នុងមន្ទីរ ពេទ្យនោះគឺនៅតែឃើញប្រជាពលរដ្ឋមកពីខេត្តស្រុកដែលឆ្ងាយៗដែលគាត់ក្រីក្រគាត់នៅតែសំរុកមក។ អញ្ជឹងខ្ញុំគិតថាសកម្មភាពនេះគឺខ្ញុំចង់ឲ្យគន្ធបុប្ជានៅបន្តទៅទៀតសំរាប់ប្រជាជនក្រីក្រ»។
ចំណែកឯលោក លី វ៉ាន់ឌី គ្រូបង្រៀនភាសាអង់គ្លេសនៃសកលវិទ្យាល័យបញ្ញាសាស្ត្រ បានឲ្យដឹងថាលោកតែងតែធ្វើការផ្សព្វផ្សាយអំពីមន្ទីរពេទ្យគន្ធបុប្ជាដល់សិស្ស និស្សិតដើម្បី ប្រមូលថវិកាជួយដល់មន្ទីរពេទ្យទោះបីជាថវិការនោះបានមកតិចតួចក្តីក៏ជាការបណ្តុះគំនិតដល់និស្សិតឲ្យមានការចេះជួយគ្នាទៅវិញទៅមកដែរ។
«ចេញពីចិត្តរបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់មិនអាចជួយអ្វីបានច្រើនខ្ញុំសុខ ចិត្តជួយតិចតួចក្តីខ្ញុំសុខចិត្តបរិចាកឈាមទៀត។ខ្ញុំធ្វើទៅតាមលទ្ធភាពរបស់ខ្ញុំ។ខ្ញុំមានគម្រោងថា រាល់វគ្គដែរខ្ញុំបង្រៀនកូនសិស្សនេះ ខ្ញុំនឹងប្រាប់ព័ត៌មានទៅកូនសិស្ស ហើយនឹងធ្វើការរៃអង្គាស ឲ្យបានម្តង។ បានតិចៗដែរទេប៉ុន្តែខ្ញុំព្យាយាមប្រាប់អ្នកទាំងអស់គ្នានោះថា ទោះបីតិចក្តីច្រើនក្តីក៏ដោយយើងព្យាយាមធ្វើទៅបើសិនជាមានអ្នកទាំងអស់គ្នាគិតដូចជាខ្ញុំគ្រប់ៗគ្នានោះ ប្រមូលតិចៗ ទៅបានធ្វើជាមូលនិធិមួយធំហើយ»។
និន្នាការខាងលើកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយពីការប្រឈមផ្នែកថវិការរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយលោក វេជ្ជបណ្ឌិត ប៊ិត រិចនើបានធ្លាប់ធ្វើការ អំពាវនាវដល់រដ្ឋាភិបាលស្វីសបង្កើនការផ្តល់ជំនួយនិងបានសំណូមពរដល់រដ្ឋាភិបាលកម្ពុជាបង្កើនថវិការទ្វេរដងសំរាប់មន្ទីរពេទ្យដែលមានអ្នកជំងឺសំរុកចូលមកព្យាបាលយ៉ាងណែនណាន់តាន់តាប់មិនឈប់ឈរ។
រៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំគឺនៅទីក្រុងភ្នំពេញនិងនៅខេត្តសៀមរាបត្រូវការថវិកា៣៦លានដុល្លារអាមេរិកសម្រាប់បំពេញប្រតិបត្តិការណ៍របស់ខ្លួន។ដោយឡែកនៅក្នុងឆ្នាំ២០១២នេះ ការចំណាយមានការកើនឡើងរហូត៤០លានដុល្លារអាមេរិកដោយសារអ្នកជំងឺ គ្រុនឈាមមានការកើនឡើងច្រើន។ ថវិកាទាំងនោះរដ្ឋាភិបាលប្រទេសស្វីសជួយចំនួនជាង៣លានដុល្លារអាមេរិក រដ្ឋាភិបាលកម្ពុជាជួយចំនួន២លានដុល្លារហើយក្រៅពីនោះគឺជាជំនួយពីសប្បុរសជន ដែលលោក រិចន័រ រៃអង្គាសជាពិសេសតាមរយៈការលេងសេឡូរបស់លោក។
មន្ទីរពេទ្យគន្ធរបុប្ផាត្រូវបានរៀបចំដំណើរការឡើងវិញនៅឆ្នាំ ១៩៩២។ មន្ទីរពេទ្យនេះ ទទួលកុមារមានជំងឺកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយមានអ្នកសម្រាកពេទ្យចន្លោះពី៤០០នាក់ទៅ៦០០នាក់ និងអ្នកមកពិគ្រោះ ជំងឺ៣.០០០នាក់ ក្នុង១ថ្ងៃ។
រយៈពេលជាង២០ឆ្នាំកន្លងមកនេះមន្ទីរពេទ្យគន្ធបុប្ជាបានទទួលការព្យាបាលកុមារចំនួនជិត១.២លាននាក់ និងពិគ្រោះជំងឺចំនួនជាង១១លាននាក់ដោយបានចំណាយថវិការអស់ចំនួនជាង៤០០លានដុល្លារអាមេរិក។ ហើយភាគច្រើននៃកុមារមានជំងឺមកពីគ្រួសារក្រីក្រ និងមានសភាពធ្ងន់ធ្ងរដែលអាចស្លាប់បាន។
រដ្ឋាភិបាលប្រទេសស្វ៊ីសថ្មីៗនេះបានសម្រេចបង្កើនប្រាក់ជំនួយពីជាង៣លានដុល្លារអាមេរិក ដល់ជាង៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់រយៈពេលបួនឆ្នាំ។ ក៏ប៉ុន្តែរហូតមកដល់ ពេលនេះគេនៅមិនទាន់ដឹងថាតើរដ្ឋាភិបាលកម្ពុជានឹងសម្រេចយ៉ាងណាចំពោះសំណើសុំជំនួយថវិកាបន្ថែមពីមន្ទីរពេទ្យគន្ធបុប្ផានោះទេ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនបានផ្តល់ការអត្ថាធិប្បាយច្បាស់លាស់ណាមួយលើបញ្ហានេះទេ។
«អានេះមិនមែនខ្ញុំមានសិទ្ធសម្រេចដល់ថវិកាហ្នឹងទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលជួយដល់គាត់៥លាន ទាក់ទងជាមួយនឹងជំនួយជាសាច់ប្រាក់ប្រហែលជា២លានបន្ទាប់មកទឹក ភ្លើង រដ្ឋាភិបាលទទួលបន្ទុកគ្របដណ្តប់ពន្ធដារទាំងអស់»។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត ប៊ិត រិចនើ នៅតែមានសុទិដ្ឋនិយមថា រដ្ឋាភិបាលកម្ពុជានឹងបង្កើនថវិកាតាមការស្នើសុំនេះ៕