ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​ទើបតែ​បាន​រក​ឃើញ​រោគ​សញ្ញា​ថ្មី​មួយ ដែល​បាន​សម្លាប់​កុមារ​កម្ពុជា​យ៉ាង​ហោចណាស់​៥២​នាក់ ចាប់តាំង​ពី​ជំងឺ​នេះ​បានផ្ទុះ​ឡើង​កាល​ពី​ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា​កន្លង​ទៅ​នេះ។ នេះ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។

មេរោគ​ថ្មី​ដែល​ទើប​នឹង​រកឃើញ​នេះ​មាន​ឈ្មោះ​ថា អ៊ីនធើរ៉ូ វ៉ៃរុស​៧១ (Enterovirus-71) ឬ​អក្សរ​កាត់​ថា EV-71 ដែល​បង្កឡើង​ពងបែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់។ មេរោគ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អ្នក​ជំងឺ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក​សុខ ទូច ប្រធាន​នាយកដ្ឋាន​ទប់ស្កាត់​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល មិន​បាន​ធ្វើសេចក្តីអត្ថាធិប្បាយ​អ្វី​បន្ថែមទៀត​ទេ ដោយ​លោក​គ្រាន់តែ​បាន​អះអាង​ថា​ឲ្យ​មើល​ខ្លឹមសារ​លម្អិត​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រូមគ្នា​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។

លោក​វេជ្ជបណ្ឌិត​សុខ ទូច បានបញ្ជាក់​បន្ថែមទៀត​ថា​នៅ​ក្នុង​ពេល​នេះ​កម្ពុជា​មិនទាន់​ដឹង​ថា​ជំងឺ​អាថកំបាំង​ថ្មី​នេះ​មាន​ឈ្មោះ​អ្វី​នោះ​ទេ។

ជំងឺ​ដ៏​អាថ៌កំបាំង​មួយ​បាន​ផ្ទុះ​ឡើង​នៅ​កម្ពុជា ចាប់តាំង​ពី​ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា​ដែល​បាន​ធ្វើ​ឲ្យ​កុមារ​រងគ្រោះ​ដោយសារ​តែ​ជំងឺ​ឡើង​ដល់​៥៩​នាក់ ក្នុង​នោះ​មាន​៥២​នាក់​បានស្លាប់​បាត់បង់​ជីវីត។ កុមារ​ទាំង​នោះ​មាន​អាយុ​ចាប់​ពី​៣​ខែ រហូត​ដល់​១១​ឆ្នាំ ដែល​ភាគច្រើន​អ្នក​ជំងឺ​មាន​អាយុ​តិច​ជាង​៣​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត​មួយ​រូប​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ថ្លែង​នៅ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​របស់​លោក​មិនទាន់​មាន​អ្នក​ឆ្លង​ជំងឺថ្មី​មក​សម្រាក​ព្យាបាល​នៅ​ឡើយ​ទេ។

វត្តមាន​ជំងឺ​ដ៏​អាថកំបាំង​មួយ​នេះ​ត្រូវបាន​រកឃើញ​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជា​មន្ទីរពេទ្យ​សម្បុរសធម៌​មួយ​ទទួល​ព្យាបាល​ជំងឺ​កុមារ​ដែល​មិន​យក​កំរ៉ៃ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​នេះ។

អាការៈ​នៃ​ជំងឺ​ដ៏​អាថកំបាំង​នេះ​ជា​ទូទៅ អ្នក​ជំងឺ​ក្តៅខ្លួន ការ​បរិភោគ​អាហារ​ថយចុះ អស់​កម្លាំង ហើយ​ភាគ​ច្រើន​ឈឺ​បំពង់​ក។ ពងបែក​ក្នុង​មាត់ ចាប់ផ្តើម​ចេញ​មួយ​ថ្ងៃ ឬពីរ​ថ្ងៃ​ក្រោយ​រោគ​សញ្ញា​នេះ​ចេញ។ ដំបូង​មាន​ស្នាម​ក្រហម​ ហើយ​ក្រោយមក​ស្នាម​នេះ​ក្លាយ​ជា​ពងបែក និង​ដំបៅ​នៅ​ក្នុង​មាត់។ ភាគច្រើន​គេ​ឃើញ​មាន​នៅ​អណ្តាត ​អញ្ចាញ និង​ផ្នែក​ខាង​ក្នុង​នៃ​ថ្ពាល់។ អ្នក​ជំងឺ​អាច​មានស្នាម​កន្ទួល​រមាស់​ភាគច្រើ​នៅ​លើ​បាត​ដៃ បាត​ជើង គូថ និង​អវៈយវៈ​ភេទ។ អ្នក​ជំងឺ​អាច​មិនមាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ឬ​មាន​តែ​ស្នាម​កន្ទួល ឬ​ពងបែក​នៅ​ក្នុង​មាត់។

សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បានឲ្យ​ដឹងថា ជំងឺ​ពងបែក ដៃ​ជើង និង​ក្នុង​មាត់​ជា​ជំងឺឆ្លង​ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដោយសារ​តែ​ការប៉ះ​សំបោរ កំហាក ទឹកមាត់ ទឹករងៃ ដែលចេញ​ពី​ពងបែក ឬ​ក៏​លាមក​អ្នកជំងឺ។ អ្នក​ជំងឺ​អាច​ចម្លង​ដល់​អ្នក​ដទៃ​បាន​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​សប្តាហ៍​ទី១ តែ​អ្នក​ជំងឺ​អាច​ចម្លង​ជំងឺ​នេះ​រហូត​ដល់​សប្តាហ៍​ក្រោយ​ៗ​ទៀត។ ជំងឺ​ពងបែក ដៃ​ជើង និង​ក្នុង​មាត់​មិនអាច​ចម្លង​ពី​សត្វ​ចិញ្ចឹម ឬ​សត្វ​ដទៃ​ទៀត​ឡើយ៕

XS
SM
MD
LG