ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាល​ក្រម​សាលាក្តី​ខ្មែរក្រហម​​នឹង​នាំ​ឲ្យ​មាន​សំណួរ​ជាច្រើន​អំពី​យុត្តិធម៌


សវនាការ​មួយ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កក្កដា ឆ្នាំ​២០១៤។
សវនាការ​មួយ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កក្កដា ឆ្នាំ​២០១៤។

ក្រុម​អ្នក​ជំនាញ​និង​អ្នក​ឃ្លាំមើល​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ក្នុង​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ​សាលក្រម​តុលាការ​ខ្មែរក្រហម​នឹង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​ខ្លះ​មែន​ តែ​ជន​រងគ្រោះ​និង​ពលរដ្ឋ​ជាច្រើន​នឹង​ចោទ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ការ​កាត់ទោស​នេះ​អូស​បន្លាយ​ពេល​យូរ​ ហេតុអ្វី​បាន​ជា​មាន​មេដឹកនាំ​ខ្មែរក្រហម​តែ​ពីរ​នាក់​ត្រូវ​ទទួល​ទោស​នេះ​ ហើយ​ទោស​ទណ្ឌ​នេះ​ហេតុ​អ្វី​បាន​ជា​មិន​សមល្មម​នឹង​អំពើ​ឃោរឃៅ​ដែល​ក្រុម​ខ្មែរក្រហម​បាន​កាប់​សម្លាប់​ដ៏​សាហាវ​ព្រៃផ្សៃ​ក្នុង​ទសវត្សរ៍​១៩៧០។

សាលាក្តី​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ពីរ​នាក់​ដែល​ជា​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​បំផុត​ដែល​កំពុង​នៅ​រស់រាន​មាន​ជីវិត។​ ជន​ជាប់ចោទ​ទាំង​ពីរ​គឺ​ នួន ​ជា​ «បងធំ​ទី២»​ បន្ទាប់​ពី​ប៉ុលពត​«បងធំទី១»​ មេ​ស្ថាបនិក​របស់​ខ្មែរក្រហម​ ហើយ​នឹង​ ខៀវ សំផន​ ប្រមុខ​រដ្ឋ។​ ជន​ទាំង​ពីរ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​មាន​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ ហើយ​នឹង​បទ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទៀត​ ដែល​កើត​ឡើង​កាល​ពី​ជាង​៣​ទសវត្សរ៍​មុននោះ។

លោក​ ភីធ័រ ម៉ាខ្វៃអ័រ ​(Peter Maguire) ​អ្នកនិពន្ធ​សៀវភៅ​ខ្មែរក្រហម​និង​ជា​ សាស្ត្រាចារ្យ​អាមេរិកាំង​ម្នាក់​បាន​អះអាង​ថា ពលរដ្ឋ​ច្បាស់​ជា​មិន​អស់​ចិត្ត​នឹង​ការ​ អូស​បន្លាយ​ពេល​ជាង​៣០ឆ្នាំ​ដើម្បី​កាត់​ទោស​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ ហើយ​ការ​ ដាក់​ទោស​ទណ្ឌ​ត្រឹម​កម្រិត​ច្បាប់​កំណត់​ឬ​មាន​ន័យ​ថា​ ការ​ដាក់ទោស​មួយ​ជីវិត​ ដល់​ជន​ជាប់​ចោទ​តែ​ពីរ​នាក់​នោះ​ នឹង​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​ពលរដ្ឋ​ និង​ជនរងគ្រោះ។

លោក​ថ្លែង៖ «លោក​អ្នក​ដឹង​ទេ ​មិន​ថា​ឡើយ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ផ្តន្ទា​ទោស​នោះ​ រឿង​នេះ​វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ពីរ​លាន​នាក់​ដែល​ត្រូវ​គេ​សម្លាប់​នោះ ​រស់​ឡើង​វិញ​ទេ»។

លោក​ថ្លែង​ថា​ទោះ​ជា​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​កម្រិត​ទោស​ធ្ងន់​ជាង​គេ​បំផុត​ត្រឹម​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏​ដោយ​ តែ​លោក​នៅ​តែ​ចង់​ឃើញ​ទោស​ប្រហារ​ជីវិត​ក្នុង​សំណុំ​រឿង​ខ្មែរក្រហម​នេះ​ ដូច​ពលរដ្ឋ​ដទៃ​ដែល​ចង់​បាន​ទោស​ធ្ងន់ធ្ងរ​សម្រាប់​ក្រុម​ខ្មែរ​ក្រហម​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​ដែរ។

ដោយ​ឡែក​លោកស្រី​ ខែលី អាស្គីន​ (Kelly Askin ) មន្ត្រី​កិច្ចការ​ច្បាប់​ជាន់ខ្ពស់​នៃ​អង្គការ​ច្បាប់​របស់​សរអា​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​ហៅ​ថា​ Open Society Justice Initiative ​ឬ ​OSJI ​បាន​ថ្លែង​ថា​ មាន​មនុស្ស​ជាច្រើន​ចង់​ឃើញ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ជាង​១លាន​៧សែន​នាក់​ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ឈឺចាប់​រាប់លាន​នាក់​នោះ​ គឺ​ទទួល​ខុស​ត្រូវ​ចំពោះបទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។

លោកស្រី​ពន្យល់​ថា៖ «វា​មាន​រយៈពេល​ជិត​៤០ឆ្នាំ​ហើយ ​តាំង​ពី​កើត​មាន​អំពើ​ឧក្រិដ្ឋកម្ម​នានា​ដែល​ត្រូវ​គេ​ប្រព្រឹត្ត​នោះ។​ តែ​យុត្តិធម៌​ដែល​កើត​មាន​យឺត​ វា​ប្រសើរ​ជាង​គ្មាន​យុត្តិធម៌​សោះសម្រាប់​អ្នក​នៅ​រស់រាន​មាន​ជីវិត។​ ការ​កាត់​ទោស​ទាំង​នេះបើក​ចំហ​ឲ្យ​មាន​ការ​ ពិភាក្សា​គ្នា​ក្នុង​ប្រទេស​កម្ពុជា​អំពី​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម។​ វា​បាន​បើក​ទូលាយ​ឲ្យ​មាន​សេរីភាព​និយាយ​អំពី​យុត្តិធម៌​និង​ការ​ទទួលខុស​ត្រូវ។​ ហើយ​ជា​ក្តី​សង្ឃឹម​ នោះ​ យ៉ាង​ហោច​ណាស់​មាន​ជន​ប្រព្រឹត្ត​ល្មើស​មួយ​ចំនួន​នឹង​ស្លាប់​ក្នុង​គុគ​ ជាមួយ​នឹង​ការ​ប្រឡាក់​ប្រឡូស​កេរ្តិ៍​ឈ្មោះ​ជាប​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​ ជំនួស​ឲ្យ​ការ​ស្លាប់​លើ​គ្រែ​របស់​ពួកគេ​ដោយ​ស្រួល​នោះ»។

លោក​ ចន ស៊ីយ៉ូសៀយ៉ារី​ (John D. Ciorciari)​ សាស្ត្រាចារ្យ​អាមេរិកាំង​ម្នាក់​និង​ជា​សហអ្នកនិពន្ធ​សៀវភៅ​ខ្មែរក្រហម ​Hybrid Court​ បាន​អះអាង​ថា​ លោក​សង្ឃឹម​ថា ​មាន​ភស្តុតាង​ច្បាស់​លាស់​និង​សាក្សី​ដាក់​បន្ទុក​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​តុលាការ​អាច​ចេញ​សាលក្រម​ដាក់​ទោស​ដល់​ជន​ជាប់​ចោទ។

លោក Joh Ciorciari និយាយ​ថា៖ «ហើយ​រឿង​នេះ​ ប្រសិន​បើ​ការ​កាត់ទោស​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់ ​នោះនឹង​មាន​ការ​ដាក់​ទោសទណ្ឌ។​ ហើយ​ប្រសិន​បើ​ការ​ដាក់ទោស​ទណ្ឌ​បរាជ័យ​ តុលាការ​ខ្មែរក្រហម​ត្រូវ​ទទួល​ខុស​ត្រូវ​អំពី​រឿង​នេះ»។

មន្ត្រី​ជាន់ខ្ពស់​របស់​អសប​ លោក​ Stephen Mathias​ ជា​ឧបការី​អគ្គលេខាធិការ​ អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ច្បាប់​គ្រោង​នឹង​ចូលរួម​ស្តាប់​ការ​អាន​ សាលក្រម​ដាក់​ទោស​ជន​ជាប់​ចោទ​នៅ​ថ្ងៃ​នេះ​ដែរ។

លោក ​Stephen Mathias ​កាល​ពី​ថ្ងៃអង្គារ​បាន​ជួបប្រជុំ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុម​អ្នក​ចរចា​បញ្ហា​សាលាក្តី​ខ្មែរក្រហម​ជាមួយ​អសប។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​កាល​ពី​ម្សិលមិញ​ ភាគី​ទាំងពីរ​បាន​ចាត់​ទុក​ថា​ សាលក្រម​ថ្ងៃ​ទី៧​ខែ​សីហា​ឆ្នាំ២០១៤​នេះ​ ជា​ទិវា​ប្រវត្តិសាស្ត្រ​នៃ​អង្គ​ជំនុំជ្រមះ​និង​ ជា​ជោគ​ជ័យ​រួម​គ្នា​ទាំង​អសប​និង​កម្ពុជា។

សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​សរអា​ ចាប់​តាំង​ពី​បាន​ចាប់​ផ្តើម​កាត់​ទោស​តាំង​ពី​ឆ្នាំ​២០០៦។​ សាលក្រម​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ជា​សាលក្រម​ទី២​ បន្ទាប់​ពី​បាន​កាត់​ទោស​ដំបូង​គឺ​សំណុំ​រឿង​០០១​កាត់​ទោស កាំង ​ហ្គេចអ៊ាវ ហៅ​ឌុច​ ប្រធាន​គុគ​ទួលស្លែង​ខ្មែរក្រហម ​ជា​ករណី​ដំបូង​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​កាប់​សម្លាប់​អ្នកទោស​ជាង​១២.០០០​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ ​សាលាក្តី​នេះ​នៅ​មាន​សំណុំរឿង​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ បំពេញ​និង​ការ​គិតគូរ​អំពី​គំរូតុលាការ​នេះ​ជា​មរតក​នៃ​តុលាការ​ក្នុង​ស្រុក​ផង​ដែរ៕

XS
SM
MD
LG