ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយ​ថ្ងៃមុន​ប្រកាស​សាលក្រម​ ដើម​បណ្តឹង​ប្រឆាំង​មេដឹកនាំ​ខ្មែរក្រហម​ទាមទារ​សំណង​បុគ្គល


ទេសចរ​មួយ​រូប​មើល​រូបថត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា ឬ «បង​ធំ​ទី​២» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។
ទេសចរ​មួយ​រូប​មើល​រូបថត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា ឬ «បង​ធំ​ទី​២» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។

តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណីនៅ​តែ​ទទូច​ចង់​ឲ្យ​សាលា​ក្តីខ្មែរ​ក្រហមដាក់​បញ្ចូល​ការសំណងជា​លក្ខណៈ​បុគ្គល​ដល់​ពួក​គេ​ ​ខណៈ​ពេលដែល​សាលាដំបូង​នៃសាលាក្តី​ខ្មែរ​ក្រហមនឹង​ប្រកាស​សាល​ក្រម​នៃសំណុំ​រឿង​០០២​ដំណាក់​កាល​ទី​១នៅ​ថ្ងៃស្អែក​នេះ។

ការ​លើកឡើង​បែប​នេះធ្វើ​ឡើងក្នុង​កិច្ច​ប្រជុំ​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ទូទាំង​២៤​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជានៅ​រសៀល​ថ្ងៃ​ពុធ​នេះ។​

ក្រោម​ការ​រៀបចំ​របស់​អង្គការ​អាដហុក​ (Adhoc) ​មាន​តំណាង​ដើម​បណ្តឹង​សរុប​ ៤៦​បាន​ចូល​រួម​ពិភាក្សានិង​សួរដេញ​ដោល​តំណាង​មេធាវី​របស់​ខ្លួន។​

លោក​ឆេង​ គឹម​ហន ​តំណាង​ទី​១​នៃដើម​បណ្តឹង​រដ្ឋប្បវេណី មកពី​ខេត្ត​កំពង់​ចាម​ ថ្លែង​ថា​ សំណង​ទាំង​១៣ ​ដែល​បាន​ដាក់​បញ្ចូលដោយ​តុលាការនោះ​ មិន​បាន​ឆ្លើយ​តប​នឹង​អ្វី​ដែល​ពួក​លោក​ជា​ជនរង​គ្រោះ​ចង់​បាន​ឡើយ។​

​លោក​បន្ថែម​ថា​ ​ការទាមទារសំណង​ជា​លក្ខណៈ​បុគ្គល​ ឬ​ឯកជន​នេះ​ដើម្បី​អាច​ឲ្យ​រូប​លោក​ និង​ជនរង​គ្រោះ​ដទៃ​ទៀត​អាច​ទទួល​បាន​ប្រាក់​កាស​ខ្លះ​សម្រាប់​ធ្វើ​បុណ្យ​ទាន​ផ្សេងៗ​ដល់​សាច់ញាតិដែលត្រូវ​បាន​សម្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

«គ្រប់​បណ្តា​ខេត្ត​ទាំង​អស់​ចង់​បាន​សំណងឯក​ជន​តិចតួច​ដើម្បី​ទុក​ធ្វើ​បុណ្យ​ទាន​ ពីព្រោះ​គាត់​បាន​ចំណាយពេល​វេលា​ជាមួយ​សាលាក្តី​ស្តីពី​បណ្តឹង​រដ្ឋប្បវេណី​យូរ​ហើយ»។​

ជា​គោលការណ៍​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​នឹង​សម្រេច​ផ្តល់​សំណង​ជា​សមូហភាព​និង​សំណង​ជា​និមិត្តរូប​ សម្រាប់​សំណុំរឿង​០០២​វគ្គ​ទី១។ តុលាការ​គ្រោង​នឹង​សម្រេច​ផ្តល់​សំណងជា​ការផ្តល់​សំណង​ផ្លូវចិត្ត ​និង​សមោហភាព​ ការ​បង្កើត​ទិវាជាតិ​នៃ​ការ​ចងចាំ​ ការបង្កើតស្តូប​ដើម្បី​រំឭក​ និងគោរព​វិញ្ញាណក្ខន្ធដល់​ជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ជាដើម។​

លោក​ហេង​ ប៊ុន​ណែត តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណីមកពី​ខេត្ត​កណ្តាល បាន​និយាយ​ថា សំណង​ទាំង​១៣​នេះ​មិន​បាន​ឆ្លើយ​តប​នឹង​ឆន្ទៈ​របស់​ដើម​បណ្តឹង​នោះ​ទេ។​

«សំណង​ផ្លូវ​ចិត្ត​របស់​យើង​ខ្ញុំ​គឺ​ជា​សំណង​បែប​បុគ្គល។​ ដូច្នេះ​ខ្ញុំ​ស្នើ​ឲ្យ​មេធាវី​នាំមុខដាក់​ស្នើ​អ្វី​ដែល​យើង​ជា​ដើម​បណ្តឹង​ចង់បាន។ ​សូម​មេត្តា​ដាក់​បញ្ជៀប​សំណង​ជា​បុគ្គល​ហ្នឹង​ដល់​តុលាការ​ផង»។​

ដោយ​ឡែក​លោក​ប៉ែន​ សឿន ​តំណាងដើម​បណ្តឹងរដ្ឋប្បវេណីមក​ពី​ខេត្ត​ស្វាយរៀង ​ចង់​ឲ្យ​តុលាការ​ពន្យល់​ពី​មូល​ហេតុ​ដែលតុលាការ​សម្រេច​មិន​ដាក់​បញ្ចូលការ​ផ្តល់​សំណងជាឯក​ជនដល់​ជង​រងគ្រោះ។​

«បើ​តុលាការ​នៅ​តែ​បន្ត​បដិសេធ​ហ្នឹង​ខ្ញុំ​ សុំ​ជួបផ្ទាល់​ជាមួយ​ចៅ​ក្រម​ណា​ក៏ដោយឲ្យ​តែមានវេទិកា​ ពួកខ្ញុំ​ជួប​សួរ​គាត់​ផ្ទាល់​ម្តង​មើល។​ តើ​គាត់​ប្រើ​វិធាន​មក​ធ្វើ​ហ្នឹងវា​រំលោភ​លើ​ច្បាប់​ ឬ​ធម្មនុញ្ញភាព​របស់​កម្ពុជា​ដែរ​ឬ​ទេ?»

លោកមេធាវី​ ពេជ​ អង្គ​ សហមេធាវី​ជាតិ​នាំ​មុខតំណាងដើម​បណ្តឹង​រដ្ឋប្បវេណី​ ថ្លែង​ថា​ តាម​វិធាន​ផ្ទៃ​ក្នុង​ដែល​តុលាការ​បាន​ចេញ មានតែ​សំណង​ជា​សមោហ​ភាព​និង​ផ្លូវ​ចិត្តប៉ុណ្ណោះ​ ហើយ​មិន​មាន​ជា​ការ​សង​សំណងជា​ប្រាក់​ដល់​បុគ្គល​ណា​មួយ​ទេ។

«ខ្ញុំ​ក៏​បាន​ធ្លាប់​លើក​ឡើង​ជាច្រើន​លើក​ទៅកាន់​តុលាការ​ហើយ​ថា ​មាន​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ជា​ច្រើន​ចង់​ទាម​ទារ​ឲ្យ​តុលាការ​ផ្តល់​សំណង​ជា​លក្ខណៈ​ឯកជន។​ ​យើង​បាន​លើក​ដាក់​ជូន​ទៅតុលាការ»។​ ​

ដូច​គ្នា​នេះ​ដែរ​ លោកនេត ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ​ក្នុង​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម​សំណង​មិន​មាន​ចែង​ពីការ​ផ្តល់​សំណង​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។​

«សំណង​ដែល​ផ្តល់​ទៅ​ឲ្យ​ជន​រងគ្រោះនៅ​ក្នុង​និតិវិធី​នេះ​គឺ​ផ្លូវចិត្ត ​និង​សមោហ​ភាព​ គឺយើង​មិន​មាន​សំណង​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។ ​នេះ​ជា​ការ​សម្រេច​ដោយ​ច្បាប់​ ហើយ​តុលាការមិន​មាន​ការ​សម្រេច​ណា​ផ្សេង​ក្រៅ​ពី​អនុវត្ត​តាម​ច្បាប់​នោះ​ទេ»។​

ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២​ រួមមាន​នួន​ ជា​ អតី​ត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ​និង​ជា​ប្រធាន​សភា​ និងលោក​ខៀវ​ សំផង អតីតប្រមុខ​រដ្ឋ​នៃ​របបកម្ពុជាប្រជា​ធិបតេយ្យ។​

ជន​ជាប់​ចោទ​វ័យ​ជរា​ទាំងពីរ​រូប​ខាង​លើ​នេះត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​បទ​ប្រល័យ​ពូជ​សាសន៍​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម៕

XS
SM
MD
LG