ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​ប្រកាស​សាលក្រម​កាត់​ទោស​ខ្មែរក្រហម


រូបថត​ឯកសារ៖ ពលរដ្ឋ​​កម្ពុជា​តម្រង់​ជួរ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ខណៈ​ដែល​រូបភាព​​​​ពី​សវនាការ​ខាង​ក្នុង​សាលាក្តី​ត្រូវ​​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍។
រូបថត​ឯកសារ៖ ពលរដ្ឋ​​កម្ពុជា​តម្រង់​ជួរ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ខណៈ​ដែល​រូបភាព​​​​ពី​សវនាការ​ខាង​ក្នុង​សាលាក្តី​ត្រូវ​​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អំពី​របប​ខ្មែរ​ក្រហម​ឈាន​មុខ​មួយ​នៅ​កម្ពុជា​ គ្រោង​នឹងផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រកាស​សាលក្រម​ប្រវត្តិសាស្ត្រ​លើ​សំណុំ​រឿង​០០២​ វគ្គ​ទី​មួយ​ប្រឆាំង​នឹង​នួន ជា​ និង​ខៀវ សំផន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ​នៅ​តាម​តំបន់ដែល​មាន​អតីត​ខ្មែរ​ក្រហមច្រើន​រស់នៅនិង​ទីតាំង​ដែល​មិន​សូវ​ទទួល​បាន​ព័ត៌មាន។​

លោក​លី សុខឃាង ​ប្រធាន​គម្រោង​ឃ្លាំ​មើល​យុត្តិធម៌​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​និង​ជា​អ្នក​ដឹកនាំ​គម្រោង​នេះ​ ថ្លែង​ថា​ ក្រុម​ការងារ​របស់លោក​ដែល​មាន​គ្នា​ជាង​៥០​នាក់​បាន​ចុះ​ទៅ​កាន់​តំបន់​ចំនួន​២០​ក្នុង​ខេត្ត​ចំនួន​១២​ដែល​មិន​សូវ​ទទួល​បាន​ព័ត៌មាន​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នូវ​ការ​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២​វគ្គ​ទី១​ និង​សម្ដែង​ទស្សនៈ​របស់​ពួក​គេ។ ​

តំបន់​ទាំង​នោះ ​រួម​មាន​តំបន់​ដែល​មាន​អតីត​កងទ័ព​ខ្មែរ​ក្រហម​រស់​នៅ​ច្រើន​ដូច​ជា​នៅ​ស្រុក​អន្លង់វែង ​សំពៅលូន ​ភ្នំព្រឹក្ស​ និង​ខេត្ត​ប៉ៃលិន ​និង​តំបន់​ដែល​មាន​ជន​ជាតិ​ដើម​ភាគ​រស់នៅ​ច្រើន​គឺ​ខេត្ត​មណ្ឌលគីរី ​និង​រតនគីរី ​និង​តំបន់​សម្បត្តិ​វប្បធម៌​ ដូចជា​នៅ​រមណីយដ្ឋាន​កោះកេរ​នៅ​ខេត្ត​ព្រះវិហារ​ និង​បន្ទាយឆ្មារ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ជា​ដើម ​ហើយ​និង​ទី​វត្ត​អារាម ​សាលាស្រុក ​និង​កន្លែងជួប​ជុំ​របស់​ជនជាតិ​ដើម​ភាគ​តិច។ តំបន់​ទាំង​នេះ​គឺ​ជា​ទីតាំង​សម្រាប់​ការ​ចាក់​ផ្សាយ​នេះ។​ នេះ​បើ​តាម​លោក​លី សុខឃាង។​

«ការ​ចាក់​បញ្ចាំង​នេះ​គឺ​យើង​ធ្វើ​តាម​លក្ខណៈ​យក​រូប​ភាព​ពី​ទូរទស្សន៍​នៅ​ក្នុង​ស្រុក​ហ្នឹង ​ហើយ​យើង​បន្ត​ទៅ​ក្នុង​ស្លាយ​របស់​យើង ​ហើយ​ប្រជាជន​ទាំង​អស់​អាច​នាំ​គ្នា​មើល ​ជួប​ជុំ​គ្នា​តាម​ការ​អញ្ជើញ​របស់​ថ្នាក់​ដឹកនាំ​មូលដ្ឋាន។ ​ហើយ​ក្រោយ​ពី​មើល​ហើយ ​យើង​មាន​ការ​ពិភាក្សា​គ្នា ​ជា​វេទិកា​មួយ​ដើម្បី​សម្ដែង​ការ​យល់​ដឹង​ និង​ការ​យល់​ឃើញ​របស់​គាត់​ចំពោះ​សាលក្រម​ហ្នឹង​ ជួយ​ឱ្យ​គាត់​មាន​ការ​ផ្សះផ្សា​ក្នុង​ចិត្ត​ប៉ុណ្ណា។ ​បើ​គាត់​មិន​ពេញ​ចិត្ត​ទេ ​គាត់​ចង់​បាន​អ្វី​បន្ថែម​ទៀត ​យើង​ស្ដាប់​យោបល់​របស់​គាត់។ ​ការ​ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​គឺ​សំខាន់​ណាស់​ដើម្បី​ឱ្យ​គាត់​មាន​ការ​ធូរស្បើយ​ក្នុង​ចិត្ត»។​

ក្រៅ​ពី​នេះ ​មជ្ឈមណ្ឌល​នេះ​ក៏​បានអញ្ជើញ​តំណាង​មក​ពី​មូលដ្ឋាន​ចំនួន​៥០​នាក់​ដើម្បី​ចូលរួម​ស្ដាប់​ការ​ប្រកាស​សាលក្រម​ដោយ​ផ្ទាល់​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ផង​ដែរ។​

សាលាក្តី​ខ្មែរក្រហម​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០០៦​មក​ម្ល៉េះ​ពោល​គឺ​មាន​រយៈ​ពេល​ជាង​ប្រាំបី​ឆ្នាំ​ហើយ។ ​មាន​ជនជាប់​ចោទ​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០១​ និង​សំណុំ​រឿង​០០២។​ ប៉ុន្តែ​ជនជាប់​ចោទ​ម្នាក់​គឺ ​អៀង សារី​ បាន​ស្លាប់​នៅ​ពេល​ដែល​ការ​កាត់​ទោស​កំពុង​ដំណើរ​ការ​ និង​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​បញ្ហា​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់​ធ្ងរ។​

លោក​ឆាំង​ យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ថ្លែង​ថា​ ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។​

«ខ្ញុំ​គិត​ថា​ អត្ថន័យ​គឺ​ខុសៗ​គ្នា ​ព្រោះ​ផល​ប៉ះពាល់​វា​ខុសៗ​គ្នា។ ​អ្នក​ខ្លះ​ថា​ វា​យឺត​ពេក។ ​អ្នក​ខ្លះ​ថា​ យ៉ាង​ហោច​ណាស់​ដំណើរការ​បាន​កើត​ឡើង។​ វា​មិន​អាច​បំពេញ​ភាព​ឥត​ខ្ចោះ​មួយ ​ដែល​យើង​ទាំង​អស់​គ្នា​ចង់​បាន​ទេ។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់ យើង​បាន​បញ្ចប់​រឿង​រ៉ាវ​ទាំង​អស់​នេះ។ ​អញ្ចឹង​វា​គឺ​ជា​ប្រវត្តិសាស្ត្រ​មួយ។ ​ទោះ​បី​ជា​វា​មិន​ពេញ​លេញ​ តែ​យើង​មាន​ការ​ប្រឈម​នឹង​ទទួល​បាន​សាលក្រម​មួយ​នៅ​ថ្ងៃ​ស្អែក»។

យ៉ាង​ណា​ក៏​ដោយ ​លោក​ឆាំង យុ​យល់​ថា ​គ្រាន់​តែ​សាលក្រម​មួយ​នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ពេញ​លេញ​ដល់​ជន​រងគ្រោះ ​និង​អ្នក​ដែល​បាន​ស្លាប់​ដោយ​របប​នេះ​ប្រមាណ​២​លាន​នាក់​នោះ​ទេ។ ​ប៉ុន្តែ​សាលក្រម​នេះ​អាច​យក​ជា​មេរៀន​ដើម្បី​បញ្ជៀសរបប​ព្រៃផ្សៃ​បែប​នេះ​មិន​ឱ្យ​កើត​មាន​ជា​ថ្មី ​និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចូល​រួម​អភិវឌ្ឍ​ជាតិ៕

XS
SM
MD
LG