ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលក្រម​សំណុំ​រឿង​«ជម្លៀស​ពលរដ្ឋ»​សម័យ​ខ្មែរក្រហម​ទំនង​ជា​ធ្វើ​ឲ្យ​ខក​ចិត្ត​ភាគី​ខ្លះ


លោក ឡាត់ គី (ឆ្វេង) អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​លោក នេត្រ ភក្រ្តា (ស្តាំ) អ្នក​នាំពាក្យ​សាសាក្តី​ខ្មែរក្រហម ចូល​រួម​ពិភាក្សា​អំពី​ការ​វិវត្ត​នៃ​ការ​កាត់​ទោស​សំណុំ​រឿង​០០២ នៅ​បន្ទប់​ផ្សាយ​វីអូអេ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ថ្លែង​ថា​ សាលក្រម​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ មនុស្សជាតិ​ទាក់ទង​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ដែល​គេ​គ្រោង​នឹង​ចេញ​ នៅ​សប្តាហ៍​នេះ​នឹង​មិន​អាច​ផ្គាប់​ចិត្ត​គ្រប់​ភាគី​ទេ។​ តែ​រំពឹង​ថា ​ការ​យល់ដឹង​នីតិវិធី​ របស់​ជនរងគ្រោះ​ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​នោះ​ អាច​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ចិត្ត។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​ត្រៀម​ប្រកាស​សាលក្រម​សំណុំរឿង​០០២​ វគ្គ១​ នៅ​ថ្ងៃទី​៧ខែ​សីហា​ឆ្នាំ​២០១៤​ ក្រោយ​ពី​សំណុំ​រឿង​នេះ​បាន​កាត់​ទោស​ ចប់​តាំង​ពី​ថ្ងៃ​៣១​ខែ​តុលា​ឆ្នាំ២០១៣​ ពី​បទ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ ឬ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ហើយ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍ជ្រៃ​ ដែល​មេដឹក​នាំខ្មែរ​ក្រហម​ជាន់​ខ្ពស់​ពីរ​រូប ​នួន ជា ​និង ​ខៀវ សំផន​ត្រូវ​ក្លាយ​ជា​ជន​ជាប់​ចោទ​នោះ។

លោក​ នេត្រ ភក្ត្រា​ មន្ត្រី​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទោះ​ជា​សាលក្រម​មិន​បាន​ធ្វើ​ឲ្យ​ពេញចិត្ត​ដល់​គ្រប់ភាគី​មែន ​តែ​ភាគី​ដែល​មិន​ពេញ​ចិត្ត​អាច​ប្តឹង​ឧទ្ធរណ៍​បាន។​ លោក​ក៏​បាន​បញ្ជាក់​ថា​ ការ​យល់ដឹង​របស់​ជន​រងគ្រោះ​អំពី​នីតិវិធី​ អាច​ជួយ​ដល់​ជន​រងគ្រោះ​បាន​ស្ងប់​ចិត្ត។​ លោក​ភក្រ្តា​បាន​អះអាង​ថា​ សំណុំ​រឿង​០០១​ឬ​កាំង ហ្កេចអ៊ាវ​ ហៅ​ឌុច ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​៣៥ឆ្នាំ ​តែ​ក្រោយ​ពី​ការ​ប្តឹង​ឧទ្ធរណ៍​ អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​កាត់​ទោស​ឌុច​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​តាម​ច្បាប់​កម្ពុជា​ដែល​កំណត់​ទោស​ខ្ពស់​បំផុត។

លោក​ ឡាត់ គី ​អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាហុក​ បាន​អះអាង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា​ យុត្តិធម៌​មិនមែន​រំពឹង​លើ​ការ​ដាក់ទោស​ តែ​មួយ​ទេ​ តែ​ជន​រងគ្រោះ​ត្រូវ​ចូលរួម​តាម​ដាន​មើល​ពី​នីតិវិធី​ដើម្បី​កុំ​ឲ្យ​មាន​ការ​ខកចិត្ត​ពេល​សាលក្រម​ចេញ​មក​ មិន​បាន​ដូច​ចិត្ត។

លោក​ថ្លែង​ថា​ម្នាក់ៗ​មាន​តួនាទី​ផ្សេងៗ​គ្នា​ ដូច​ជា​មេធាវី​ជន​ជាប់ចោទ ​គេ​មាន​ តួនាទី​ការពារ​កូនក្តី​គេ​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទោស​ ដែល​នេះ​ជា​នីតិវិធី​ច្បាប់។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុម​វាគ្មិន​បាន​អះអាង​ថា​ ពួកគេ​បាន​ពន្យល់​អំពី​នីតិវិធី​ ច្រើន​ដល់​ក្រុម​ជន​រងគ្រោះ​ដើម្បី​ឲ្យ​ជន​រងគ្រោះ​ទទួល​បាន​ការ​ផ្សះផ្សារ​ផ្លូវចិត្ត​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​រង់​ចាំ​យុត្តិធម៌​យ៉ាង​អន្ទះសារ​៣០​ឆ្នាំ​មក​ហើយ​នោះ។

សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​គ្រោង​នឹង​ចាប់ផ្តើម​កាត់​ទោស​សំណុំរឿង​ថ្មី​គឺ​ សំណុំ​រឿង​០០២​វគ្គ២ ​នៅ​ចុង​ខែ​កញ្ញា​ឬ​ដើម​ខែ​តុលា​ ក្រោយ​ពេល​ប្រកាស​ សាលក្រម​វគ្គ១​ នៅ​សប្តាហ៍​នេះ៕

សូម​ចុច​ស្តាប់​ការ​បកស្រាយ​របស់​ក្រុម​វាគ្មិន​នៅ​ផ្នែក​ខាង​លើ។

XS
SM
MD
LG