ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ខ្មែរក្រហម​នឹង​បើក​សវនាការ​អំពី​ឧក្រិដ្ឋកម្ម​​ក្នុង​សហករណ៍​ត្រាំកក់

  • សុខ ខេមរា

នួន ជា (ស្តាំ) ​បង​ធំទី២​ និង​ខៀវ សំផន​ (ឆ្វេង) ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម។

តុលាការ​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​បាន​សម្រេច​អំពី​លំដាប់​លំដោយ​នៃ​នីតិវិធី​សំណុំ​រឿង​០០២​វគ្គ​ទី​២​ ដោយ​ជ្រើសរើស​ឧក្រិដ្ឋ​កម្ម​ក្នុង​សហករណ៍​ត្រាំកក់​ ក្នុង​ខេត្ត​តាកែវ​ជាប់​ព្រំដែន​វៀតណាម​នោះ ​ជា​បទចោទ​ដំបូង​ដែល​ត្រូវ​លើក​យក​មក​ជំនុំ​ជម្រះ​ទោស​ប្រឆាំង​នឹង​ជនជាប់​ចោទ​ពីរ​នាក់​គឺនួន ជា ​បង​ធំទី២​ និង​ខៀវ សំផន​ប្រមុខ​រដ្ឋខ្មែរក្រហម។​ នេះ​ជា​ការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ និង​ការ​អះអាង​របស់​លោកនេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​សាលាក្តី​នេះ។​

«នៅ​ថ្ងៃ​នេះ ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ចេញ​នៅ​សេចក្តី​សម្រេចទាក់ទង​នឹង​ លំដាប់​លំដោយ​នៃ​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​នៅ​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ២។ ​ហើយ​ការ​ជំនុំ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​០០២​ វគ្គ​២ ​លើ​អង្គហេតុ​នេះ​គឺ​នឹង​ចាប់​ផ្តើម​ដំបូង​ទាក់ទង​ជា​មួយ​នឹង​សហករណ៍​នៅ​ត្រាំកក់​ ហើយ​សវនាការ​លើ​សំណុំ​រឿង​០០២ ​វគ្គ​២​ ​លើ​អង្គហេតុ​នេះ​ យើងមិន​ទាន់​ដឹង​ ថា​តើកំណត់​ពេល​នៅថ្ងៃ​ណា​ទេ​ ​តែ​អាច​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​អំឡុង​ខែតុលា​ខាង​មុខ»។​

បទចោទ​ជា​ច្រើន​ក្នុង​សហករណ៍​ត្រាំកក់​ហើយ​ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់​ ដែល​មាន​ពលរដ្ឋ​១៥000​នាក់​ត្រូវ​សម្លាប់​នោះ ​រួមមាន​ទាំង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង​ ការ​មិន​ផ្តល់​ថ្នាំព្យាបាល ​ការ​ចល័ត​ពលរដ្ឋ​ ការ​ធ្វើ​ទុក្ខមុក្ខ​ម្នេញ​ខាង​សាសនា​ជាដើម។​ បទ​ចោទ​ទាំងនោះ​ត្រូវ​តុលាការ​ចាត់​បញ្ចូល​ក្នុង​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​មេធាវី ​គង់ សំអុន​ ដែល​ការពារក្តី​ឲ្យ​ខៀវ សំផន​បាន​អះអាង​ថា ​តុលាការ​គួរ​ចាប់ផ្តើម​សវនាការ​លើ​បញ្ហា​ទូទៅ​ ដូចជា​ការ​ចូល​ឈ្លានពាន​របស់​បរទេស​ក្នុង​ទឹកដី​ខ្មែរ​ជា​មុន​សិន​ មុន​នឹង​ចាប់ផ្តើម​សវនាការ​លើ​បញ្ហា​ជាក់​លាក់​នីមួយៗ។​

«ដល់​យើង​ចាប់​ផ្តើម​ពី​បញ្ហា​មួយៗ​ហើយ​បាន​និយាយ​ពី​លក្ខណៈ​ទូទៅ​វិញ។ ​រឿង​ហ្នឹង​វា​ដាច់​សាច់រឿង​ច្រើន។​ ដូច្នេះ​ការ​បង្ហាញ​ខាង​ព្រះ​រាជ​អាជ្ញា​ និង​តុលាការ​ហ្នឹង​ដូច​ចង់​បង្ហាញ​ពី​កំហុស​ ពីបទ​ល្មើស​មួយៗ​តែ​ម្តង។​ ខាង​យើង​ យើង​ចង់​និយាយ​ពី​លក្ខណៈ​ទូទៅ​ជា​មុន​សិន​បាន ​យើង​និយាយ​ទៅ​ដល់​ការ​ទទួល​ខុស​ត្រូវ​លម្អិត»។​

លោក​ថ្លែង​ទៀត​ថា​ លោក​ទំនង​ជា​មិន​អាច​ជំទាស់​ការ​សម្រេចរបស់​តុលាការ​បាន​ ទេ​អំពី​សវនាការ​ដំបូង​លើ​បទចោទ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ក្នុង​សហករណ៍​ត្រាំកក់​នោះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ បន្ទាប់​ទៀត​ តុលាការ​នឹង​បន្ត​ សវនាការ​លើ​ឧក្រិដ្ឋ​កម្ម​នៅទី​កន្លែង​ផ្សេង​ទៀត​ ដូចជា​ក្នុង​ការដ្ឋាន​១​មករា​ ត្រពាំង​ថ្ម​ ព្រលាន​យន្តហោះ​ខេត្ត​កំពង់​ឆ្នាំង​ មន្ទីរ​សន្តិសុខ​ផ្សេងៗ​ទៀត​ ដែល​ទាក់​ទង​នឹង​បទ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ធំៗ ​ដូចជា​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ជាដើម​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ត្រូវ​គេ​កាប់​សម្លាប់​ក្នុង​ទសវត្សរ៍​១៩៧០​នោះ។​

ទាក់ទង​នឹង​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ដែរ​ ប្រទេស​ឈីលី​បាន​ប្រកាស​ផ្តល់​ជំនួយ​១​ម៉ឺន​ដុល្លារ​ស.រ.អា.ដល់​សាលាក្តី​ខាង​ភាគី​កម្ពុជា។​

ការ​ផ្តល់​ជំនួយ​នេះ​គឺ​កើត​ឡើង​ក្រោយ​ពី​មាន​សេចក្តី​អំពាវនាវ​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ Ban Ki-moon ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​អំពាវនាវ​ឲ្យមាន​ការផ្តល់​ជំនួយ​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​ដើម្បី​ផ្តល់ការ​គាំទ្រ​ផ្នែក​ថវិកា​ដល់​ដំណើរការ​នៃ​តុលាការ​កូន​កាត់​ ដែល​តែង​តែ​ខ្វះខាត​ថវិកា​នេះ ​ដើម្បី​ឲ្យ​ដំណើរការ​បាន​ចប់​ចុង​ចប់​ដើម៕

XS
SM
MD
LG