ដោយ រ៉ូបប៊ឺត ខាម៉ាលឃើល
ភ្នំពេញ៖ តុលាការដែលអង្គការសហប្រជាជាតិគាំទ្រដើម្បីស៊ើបអង្កេតចលនាដ៏ប្រល័យនៃក្រុមខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា ត្រូវលប់ចោលសវនាការរបស់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីជនចុងចោទពីរនាក់ក្នុងចំណោមបីនាក់ ត្រូវនាំទៅមន្ទីរពេទ្យ។ ការភ័យខ្លាចអំពីបញ្ហាសុខភាពចុងក្រោយនេះ បានធ្វើឲ្យមានសេចក្តីព្រួយបារម្ភជាថ្មីទៀត អំពីរឿងក្តីប្រឆាំងនឹងជនជាប់ចោទ ដែលម្នាក់ៗមានអាយុជាង ៨០ ឆ្នាំទៅហើយ។
បងធំទីពីរ នួន ជា អាយុ ៨៦ ឆ្នាំ ត្រូវនាំយកទៅមន្ទីរពេទ្យ រុស្ស៊ី នៅក្រុងភ្នំពេញកាលពីថ្ងៃទី ១៣ ខែមករា បន្ទាប់ពីគាត់បានដួលនៅឯមន្ទីឃុំឃាំងរបស់តុលាការ។ នួន ជា ដែលគេចាត់ទុកជាមេមនោគមវិជ្ជារបស់ចលនាខ្មែរក្រហម បានទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺរលាកទងសួតយ៉ាងធ្ងន់។
បីថ្ងៃក្រោយមក អតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន ដែលជាចុងចោទក្មេងជាងគេក្នុងអាយុ ៨១ ឆ្នាំ ត្រូវនាំយកទៅមន្ទីរពេទ្យដដែល ដោយសារអាការៈអស់កម្លាំងនិងពិបាកដកដង្ហើម។
បុរសទាំងពីរ បានលះបង់សិទ្ធិបង្ហាញខ្លួនក្នុងតុលាការ។ ក្នុងអវត្តមានរបស់អ្នកទាំងពីរ តុលាការបានស្តាប់ការដេញដោលគ្នាអំពីឯកសារណាដែលព្រះរាជអាជ្ញានិងមេធាវីចុងចោទចង់បញ្ចូលជាភស្តុតាង។ កាលពីថ្ងៃច័ន្ទ តុលាការបានសួរទៅមេធាវីអន្តរជាតិរបស់ នួន ជា លោក Victor Koppe អំពីស្ថានភាពចុងក្រោយនៃសុខភាពរបស់កូនក្តីលោក។
«ស្ថានភាពនៃសុខភាពលោកមានភាពធ្ងន់ធ្ងរជាងមុន - ដែលជាបញ្ហាមួយ - តែឥតមានការផ្លាស់ប្តូរអំពីសិទ្ធិមិនបង្ហាញខ្លួននៅក្នុងតុលាការទេ»។
ចុងចោទទីបី អតីតរដ្ឋមន្រ្តីការបរទេស អៀង សារី ដែលមានអាយុ ៨៧ ឆ្នាំ បានស្ថិតនៅក្នុងមន្ទីរឃុំឃាំង។ គេសង្កេតឃើញថា អៀង សារី ជាមនុស្សទុរន់ទុរាជាងគេ ក្នុងចំណោមជនជាប់ចោទទាំងអស់។ អាយុរបស់ចុងចោទទាំងបីរូបធ្វើឲ្យមានការព្រួយបារម្ភជាយូរមកហើយ ក៏ប៉ុន្តែសេចក្តីភ័យខ្លាចអំពីរឿងសុខភាពនៅខែមករានេះ បានធ្វើឲ្យមានការព្រួយបារម្ភជាថ្មីថា ចុងចោទម្នាក់ឬច្រើនជាងនេះអាចស្លាប់ក្នុងពេលកាត់សេចក្តី។ នាង Anne Heindel ជាទីប្រឹក្សាច្បាប់មួយរូប នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការស្រាវជ្រាវអំពើប្រល័យពូជសាសន៍ធំជាងគេក្នុងប្រទេស។
«នេះជារឿងដ៏សំខាន់ណាស់ ពីព្រោះជនចុងចោទទាំងបីរូបជាមនុស្សចាស់(ជរា) ហើយមានបញ្ហាសុខភាព។ មានចុងចោទតែបីនាក់ប៉ុណ្ណោះក្នុងការជំនុំជម្រះក្តីនេះ ហើយឥឡូវមានពីរនាក់សម្រាកនៅក្នុងមន្ទីរពេទ្យ»។
បុរសទាំងបីនាក់ ជាមេដឹកនាំដែលនៅរស់នៃចលនាកុម្មុយនិស្តខ្មែរក្រហម របស់ ប៉ុល ពត ដែលគ្រប់គ្រងប្រទេសកម្ពុជា ពីឆ្នាំ ១៩៧៥ ទៅ ១៩៧៩។ ក្នុងរយៈពេលនេះ គេកាត់ស្មានថា ប្រជាពលរដ្ឋខ្មែរ ប្រមាណ ២ លាននាក់ គឺស្មើនឹង ម្នាក់ក្នុងបួននាក់ បានស្លាប់ដោយសារការសម្លាប់ សេចក្តីអត់ឃ្លាន ជំងឺ ឬ ធ្វើការបាក់កម្លាំង។ នាង Heindel និយាយថា ការកាត់សេចក្តីនេះ ជាឱកាសតែមួយគត់ ដែលគេអាចដាក់ឲ្យមេដឹកនាំរបស់ពួកខ្មែរក្រហម ទទួលខុសត្រូវ ចំពោះមរណភាពរបស់ពលរដ្ឋខ្មែរទាំងនេះ។
«ក៏ប៉ុន្តែ កាលណាមានចុងចោទតិចជាងនេះ ហើយឧក្រិដ្ឋកម្មដែលគេអាចលើកយកទៅលាតត្រដាងនៅក្នុងការកាត់សេចក្តីនឹងមានតិចដែលធ្វើឲ្យគេពិតជាមិនអាចសម្រេចសាលក្រមមួយបាននោះ ឱកាសដើម្បីលាតត្រដាងឲ្យឃើញឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តធ្វើនៅក្នុងរយៈពេលណាមួយ នឹងមានកាន់តែតិចទៅៗ»។
ករណីប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម បានបាត់បង់ចុងចោទម្នាក់ជាស្រេចទៅហើយ។ កាលពីចុងឆ្នាំមុន អៀង ធីរិទ្ធ អាយុ ៨០ ឆ្នាំ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានទទួលសេចក្តីសម្រេចថាមិនអាចនាំឡើងតុលាការបានទេដោយសារបញ្ហាផ្លូវចិត្ត។ គេជឿថា គាត់មានជម្ងឺភ្លេចភ្លាំងស្មារតី (Alzheimer)។
ចុងចោទទាំងអស់បានបដិសេធពាក្យចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ដោយយោងទៅតាមភាពស្មុគស្មាញនៃរឿងក្តីនេះ និងអាយុរបស់ចុងចោទនិងសុខភាពរបស់ពួកគេ តុលាការបានបែងចែកការវិនិច្ឆ័យទោស ឲ្យទៅជាការកាត់ក្តីតូចៗមួយចំនួនដែលត្រូវធ្វើជាបន្តបន្ទាប់គ្នា។ នេះមានន័យថា តាមទ្រឹស្តី តុលាការអាចចេញសាលក្រមបាននៅពេលកំពុងធ្វើការវិនិច្ឆ័យ។ ធ្វើដូច្នេះ គឺវាជួយបន្ថយគ្រោះថ្នាក់ដែលចុងចោទម្នាក់ឬច្រើនជាងនេះអាចស្លាប់ មុននឹងតុលាការចេញសាលក្រម ដូចនៅក្នុងករណីរបស់អតីតប្រធានាធិបតីប្រទេស ស៊ែប៊ី គឺលោក Slobodan Milosevic។ចុងចោទដែលស្លាប់មុនការចេញសាលក្រម មិនអាចកាត់ឲ្យមានទោសបានទេ។
ការកាត់ក្តីតូចទីមួយ ដែលចាប់ប្រព្រឹត្តធ្វើតាំងពីចុងឆ្នាំ ២០១១ កំពុងពិនិត្យមើលពាក្យចោទប្រកាន់អំពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ នៅក្នុងការបណ្តេញមនុស្សដោយបង្ខំ(ចេញពីទីក្រុង) នៅក្នុងឆ្នាំ ១៩៧៥ ដែលអយ្យការនិយាយថា បណ្តាលឲ្យស្លាប់មនុស្សជាច្រើនពាន់នាក់។ បទឧក្រិដ្ឋដទៃទៀតនៅក្នុងបញ្ជីចោទប្រកាន់ - រួមមានអំពើប្រល័យពូជសាស្រ្ត ឧក្រិដ្ឋកម្មសង្គ្រាម សមូហនីយកម្ម ជំរំពលកម្មដោយបង្ខំ និងទាសភាព - នឹងលើកយកទៅដោះស្រាយនៅក្នុងការកាត់ក្តីតូចៗបន្តបន្ទាប់មកទៀត។ នាង Heindel និយាយថា ការកាត់ក្តីតូចទីមួយនេះប្រហែលជានឹងប្រើពេល ពេញមួយឆ្នាំ ២០១៣ នេះ។ អ្នកសង្កេតការណ៍តិចណាស់មានជំនឿថា ការកាត់ក្តីតូចទីពីរ ទីបី ឬទីបួន នឹងអាចចាប់ផ្តើមធ្វើបាន។
«ការកាត់ក្តីតូចៗបន្ថែមទៀតនោះ ជារឿងដែលស្ទើរតែមិនអាចកើតមានឡើងបានទាល់តែសោះ - ហើយគេបានមើលឃើញយ៉ាងដូច្នេះ តាំងពីមុនមានការលើកឡើងអំពីការព្រួយបារម្ភចំពោះបញ្ហាសុខភាពក្នុងពេលថ្មីៗម្ល៉េះ។ ដូច្នេះគេមើលឃើញថា វាហាក់ដូចជាមានសង្ឃឹមកាន់តែតិចទៅៗ ថាជនជាប់ចោទទាំងនេះនឹងអាចដាក់ឲ្យតុលាការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មដ៏សាហាវបំផុតនៅក្នុងសម័យនោះ - គឺឧក្រិដ្ឋកម្មដែលមនុស្សនៅរស់ជីវិត នៅចងចាំនិងមានវេទនារម្មណ៍ជាទីបំផុត»។
ការភ័យខ្លាចអំពីរឿងសុខភាពក្នុងខែនេះ បានលើកឡើងនូវសំនួរជាបន្ទាន់មួយ គឺថា តើជនចុងចោទទាំងបី នឹងអាចនៅរស់បានយូរ រហូតទៅដល់ថ្ងៃដែលតុលាការនឹងចេញសាលក្រមនៅក្នុងការកាត់ក្តីតូចទីមួយរបស់ពួកគេដែរឬទេ?៕៚
ប្រែសម្រួលដោយលោក កែ យ៉ាន។