ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ ស៊ូ ម៉េត​ និង​យឹម ទិត​ គេច​មុខ​ក្រោយ​ពី​មាន​ការ​បង្ហាញ​ឈ្មោះ​ក្នុង​ឯកសារ​តុលាការ​ខ្មែរ​ក្រហម


តា ទិត (ឆ្វេង) ជា​អតីត​ប្រធាន​ស្តីទី​តំបន់​ពាយ័ព្យ និងតា អាន ឬ ​អោម អាន (ស្តាំ) ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម។
តា ទិត (ឆ្វេង) ជា​អតីត​ប្រធាន​ស្តីទី​តំបន់​ពាយ័ព្យ និងតា អាន ឬ ​អោម អាន (ស្តាំ) ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម។

ឯកសារ​សម្ងាត់​របស់​សហ​ព្រះ​រាជ​អាជ្ញា​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៃ​សំណុំ​រឿង​ ០០៣/​០០៤​ បាន​ចោទ​ប្រកាន់​បន្ថែម​លើ​ជន​សង្ស័យ​៥​នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ពី​បទ​សង្ស័យ​ថា​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​នៅ​សម័យ​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​១៩៧០។ ក៏​ប៉ុន្តែ​ជន​សង្ស័យ​ពីរ​នាក់ ក្នុង​ចំណោម​នោះ​គឺ​តា ទិត​ និង​ លោក​ ស៊ូ ម៉េត ពុំ​ទាន់​ចេញ​មុខ​បក​ស្រាយ​អំពី​ការ​ចោទ​ប្រកាន់​ជា​បឋម​ របស់​សហ​ព្រះរាជអាជ្ញា​នៅឡើយ​ទេ។

ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​លើក​ទី​៣​របស់​សហ​ព្រះ​រាជ​អាជ្ញា​ដែល​វីអូអេ​ទទួល​បាន​ក្រោយ​ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​បរទេស​ ឈ្មោះ​The Christian​ Science ​Monitor របស់​សហរដ្ឋ​អាមេរិក និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​ New Zealand ឈ្មោះ​ The Scoopបាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​កាល​ពី​ខែ​មិថុនា​បាន​ឲ្យ​ដឹង​ថា សហ​ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​៥នាក់​បន្ថែម​ទៀត​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ ថ្នាក់​កណ្តាល ​បន្ថែម​ពី​លើ​ជន​ជាប់​ចោទ​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​បច្ចុប្បន្ន។

ជន​សង្ស័យ​ម្នាក់​គឺ លោក ស៊ូ ម៉េត ជា​មេ​បញ្ជាការ​កង​ពល​៥០២​ និង​មេ​បញ្ជាការ​ទ័ព​អាកាស​របស់​ខ្មែរ​ក្រហម ត្រូវ​បាន​សហ​ព្រះ​រាជ​អាជ្ញា​ចោទ​ប្រកាន់​ជា​បឋម​ថា​មាន ជាប់​ទាក់ទឹន​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ឬ​ការបង្ខិតបង្ខំ​ឲ្យធ្វើការ​ហួស​កម្លាំង អំពើ​អមនុស្សធម៌ ចាប់​ឃុំ​ខ្លួន​ខុស​ច្បាប់ ធ្វើ​ទារុណកម្ម សម្លាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ​និង​បញ្ជូន​មនុស្ស​ទៅ​កាន់​មន្ទីរ​សន្តិសុខ​ស២១​ជាដើម។ លោក​ ស៊ូ ម៉េត ជា​ជន​សង្ស័យ​ក្នុង សំណុំ​រឿង​លេខ​០០៣​ក្នុង​បទ​ឧក្រិដ្ឋ​កម្ម​រួម​ជាមួយ​ លោក​ មាស មុត។​ (លោក មាស មុត បាន​បក​ស្រាយ​បំភ្លឺ​អំពី​ករណី​របស់​លោក​ជាមួយ​វីអូអេ​ថា​លោក​ពុំ​មាន​ជាប់​ទាក់ទឹន​នឹង​ការ​ចោទប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា)។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​រង់ចាំ​ជួប លោក ស៊ូ ម៉េត ៤​លើក​ដោយ​បាន​ទុក​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​ផង​នៅ​ពេល​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​ម្តងៗ​ នៅ​ក្នុង​ ទី​រួម​ខេត្ត​បាត់ដំបង តែ​ពុំ​បាន​ទទួល​ការ​ឆ្លើយ​តប​ហើយ​នឹង​ជួប​សម្ភាស​ទេ។ កូន​ស្រី​របស់​លោក ស៊ូ ម៉េត​ នាង ស៊ូ ម៉ាលីស​ បាន​ប្រាប់​ថា​គាត់​មិន​នៅ​ផ្ទះ​ទេ។ លោក ស៊ូ ម៉េត ចេញ​ទៅ​ស្រុក​សំឡូត។ ក្រោយ​ទៀត​នាង​បាន​ប្រាប់​ថា​លោក​ទៅ​ភ្នំពេញ។

នាង ស៊ូ ម៉ាលីស បាន​បដិសេធ​កិច្ច​សម្ភាស​ដោយ​ការ​ថត​សម្លេង​និង​ថត​វីដេអូ។ នាង​បាន​រៀបរាប់​ថា​ឪពុក​របស់​នាង​មាន​ជំងឺ​ជាប់​ខ្លួន​ឥឡូវ​នេះ។

«គាត់​ឈឺ​ឡើងស្គម​ ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​និង​លើស​ឈាម។ ប៉ុន្តែ​នៅ​ធ្វើការ​ជាធម្មតា»។

លោក ស៊ូ ម៉េត ធ្លាប់​ជា​ទី​ប្រឹក្សា​ក្រសួង​ការពារ​ជាតិ​មាន​ឋានន្ទរស័ក្តិ​ជា​ឧត្តមសេនីយ៍​ទោ ក្រោយ​ពេល​ចូល​សមាហរណ​កម្ម។

បើ​តាម​ការ​អះអាង​របស់​ស្ត្រី​ជា​អ្នក​ជិត​ខាង​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​៦០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា គេ​ពិបាក​ដឹង​សុខ​ទុក្ខ​ លោក ស៊ូ ម៉េត ដោយសារ​ថា​គាត់​ចេញចូល​ដោយ​រថយន្ត​ ហើយ​រស់នៅ​ក្នុង​ផ្ទះ​វីឡា​ធម្មតា​មួយ​ ដែល​មាន​របង​បិទ​ជិត។

ស្ត្រី​ដដែល​នោះ​បាន​អះអាង​បន្ថែម​ថា៖

«នៅ​ម្តុំ​ត្រង់​នេះ​ភាគ​ច្រើន​ជា​យោធា ហើយ​នឹង​មាន​អ្នក​ធ្វើ​ការ​ធំៗ ដូច្នេះ​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ក្បែរ​ផ្ទះ​របស់​គេ​ទេ»។

នៅ​ក្នុង​ដីការ​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ជា​ឯកសារ​សម្ងាត់​របស់​តុលាការ​ សហ​ព្រះ​រាជ​អាជ្ញា​បាន​រៀបរាប់​ពី​ប្រវត្តិ​គ្រប់គ្រង​ការងារ​និង​ការ​ជាប់​ទាក់ទឹន​នឹង​បទ​ឧក្រិដ្ឋ​កម្ម​នានា​នៅ​សម័យ​ខ្មែរ​ក្រហម​របស់ លោក ស៊ូ ម៉េត។

ឯកសារ​ដដែល​បាន​បញ្ជាក់​ថា៖

«ក្នុង​ឋានៈ​ជា​មេ​បញ្ជាការ​កង​ពល​ធំ​លេខ៥០២ ស៊ូ ម៉េត ទទួល​ខុស​ត្រូវ​លើ​ការ​សម្អាត​កង​ពល​ឲ្យ​អស់​នូវ​សមាស​ភាព​ដែល​មិន​ល្អ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​បោស​សម្អាត​ដ៏​ធំ​របស់​កង​ទ័ព​បដិវត្តន៍​កម្ពុជា​ទាំង​មូល។ គាត់​បាន​រួម​ចំណែក​នៅ​ក្នុង​ផែនការ​ឧក្រិដ្ឋ​កម្មរួម​ តាម​រយៈ​ការ​កំណត់​អត្តសញ្ញាណ ការចាប់ និង​ការ​ផ្ទេរ​«ជន​ក្បត់» ដែល​ជាប់​សង្ស័យ​ ពី​កង​ពល​ធំ​លេខ​៥០២ ទៅ​មន្ទី ​ស​២១។ បុគ្គលិក​ជាង​៨០០​នាក់​មក​ពី​កង​ពល​ធំ​លេខ​៥០២​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ ​ស​២១»។

ស៊ូ ម៉េត ទាក់ទង​ជា​ប្រចាំ​ជាមួយ​ឌុច​ប្រធាន​គុក​ទួលស្លែង​ស​២១​របស់​ខ្មែរ​ក្រហម​ក្នុង​រឿង​បញ្ជូន​បុគ្គល​ណា​ដែល​លោក​ចាត់​ទុក​ថា​ក្បត់​អង្គការ។ នៅ​ក្នុង​វគ្គ​មួយ​នៃ​ឯកសារ​ដដែល សហ​ព្រះ​រាជ​អាជ្ញា​បាន​និយាយ​ថា៖

«ស៊ូ ម៉េត បាន​សរសេរ​ទៅ​ឌុច​នៅ​ថ្ងៃ​ទី១​ខែ​មេសា​ឆ្នាំ​១៩៧៧ ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បញ្ជូន​មនុស្ស​ចំនួន​៤​នាក់​ពី​កង​ពល​ធំ​លេខ​៥០២​ ទៅ​មន្ទីរ​ស​២ ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​មុន។ មនុស្ស​ទាំង​៤​នាក់ ត្រូវ​បាន​ឆ្លើយ​ដាក់​នៅ​ក្នុង​ចម្លើយ​សារភាព​របស់​ សោម​នៃមន្ទីរ​៦២​ដែល​ជា​ការិយាល័យ​រដ្ឋបាល​របស់​អគ្គ​សេនាធិការ។ ស៊ូ ម៉េត បញ្ចប់​សំបុត្រ​ដោយ​ចារ​ថា​គាត់​កំពុង​រង់ចាំ​យោបល់​ពី​អង្គការ​មុន​ពេល​ចាត់​វិធានការ​ប្រឆាំង​នឹង​មនុស្ស​ផ្សេងៗ​ទៀត​ដែល​បាន​រៀបរាប់​នៅក្នុង​ចម្លើយ​សារភាព​របស់​សោម»។

ជន​សង្ស័យ​ម្នាក់ទៀត​គឺ តា ទិត ឬ លោក យឹម ទិត ប្រធាន​ស្តីទី​តំបន់​ពាយ័ព្យ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឬ​ បទ​មនុស្ស​ឃាត ធ្វើ​ទារុណកម្ម ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​សាសនា​ មាន​សាសនា​ព្រះ​ពុទ្ធ និង​សាសនា​អ៊ីស្លាម។ នេះ​បើ​តាម​ដីការ ​ចោទ​ប្រកាន់​បឋម​ដែល​វីអូអេ​ទទួល​បាន​ពី​ប្រភព​ស្និទ្ធ​នឹង​តុលាការ។ តា ទិតឬ យឹម ទិត គឺ​ជា​ទី​ប្រឹក្សា​ក្រសួង​ការពារ​ជាតិ​ មាន​ឋានន្ទរ​សក្តិ​ជា​ឧត្តម​សេនីយ៍ទោ​ ក្រោយ​ការ​ធ្វើ​សមាហរណ​កម្ម។ លោក​គឺ​ជាប្អូ​ថ្លៃ​អតីត​សព តា ម៉ុក អគ្គ​មេ​បញ្ជាការ​កំពូល​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​តែ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ កាល​ពី​ឆ្នាំ​២០០៦​ក្នុង​ជន្មាយុ​៨០​ឆ្នាំ។ បើ​តាម​ឯកសារ​របស់​តុលាការ​ តា ទិត បាន​រៀបការ​ជាមួយ​ប្អូន​ ស្រី​ តា ម៉ុក​ គឺ​អ្នកស្រី​ កេន។ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ពុំ​អាច​ជួប​សម្ភាស​តា ទិត​ បានទេ​នៅ​ពេល​ទៅ​ដល់​គេហដ្ឋាន​របស់​គាត់​មួយ​កន្លែង​នៅ​ក្នុ ​ស្រុក​រតនៈ​មណ្ឌល​ខេត្ត​បាត់ដំបង។ ស្រ្តី​ម្នា្កក់​នៅ​ក្នុង​ផ្ទះ​តា ទិត ដែល​អះអាង​ថា​អ្នក​ស្រី​ជា​អ្នក​ស៊ី​ឈ្នួល​ចាំ​ចំការ​បាន​ថ្លែង​ថា​តា ទិត មិន​នៅ​ផ្ទះ​ទេ ហើយ​បដិសេធ​ឆ្លើយ​នឹង​សំណួរ​របស់​វីអូអេ​ជា​ច្រើន។ ក៏​ប៉ុន្តែ​អ្នក​ភូមិ​វិញ​បាន​អះអាង​ថាស្រី្ត​នោះ​គឺ អ្នកស្រី កេន ជា​ភរិយា​តា ទិត។ តា ទិត ដែល​គេ​មិន​សូវ​ស្គាល់​នោះ​មាន​ផ្ទះ​ជា​ច្រើន​កន្លែង។ ផ្ទះ​មួយ​របស់​លោក​ស្ថិត​នៅ​ក្នុង​ស្រុក​ រតនៈ​មណ្ឌល​ខេត្ត​បាត់ដំបង​ជា​កន្លែង​ដែល​លោក​ដាំ​ចំការ។

លោក​គ្រុំ ម៉ុង​ប្រធានភូមិ​មួយ​ក្នុងស្រុក​រតនមណ្ឌល​ រស់នៅ​ជាប់ផ្ទះ​តាទិត​ បាន អះអាង​ថា តា ទិត មាន​ចំការ​នៅ​ក្នុង​ភូមិ​របស់​លោក​ហើយ​គាត់​មក​ធ្វើ​ចំការ​ជាមួយ​ប្រពន្ធ​និង​កូន​ប្រុស​របស់​គាត់​ម្នាក់។

«ដូច​ជា​អ៊ំ ទិត ខ្ញុំ​រស់​នៅ​ទី​នេះ ខ្ញុំ​ជា​មេ​ភូមិ​គាត់​មក​នេះ ឃើញ​កូន​ប្រពន្ធ​គាត់​ធ្វើ​ចំការ​បន្តិច​បន្ទួច។ ហើយ​ទៅ​មកៗ​ដូច​ថា​នៅ​អត់​ទៀងទាត់​នៅ​ទី​នេះ​ទេ។ គាត់​គ្រាន់​តែ​មក​លេង​កន្លះ​ខែ​ មួយ​ខែ​បាត់​ទៅ។ ពេល​រដូវ​ផ្លែ​ឈើ​ភាគ​ច្រើន​បាន​គាត់​មក។ ហើយ​ពេល​ដល់​ខែ​បុណ្យ​ទាន​ធំៗ​ ចូល​ឆ្នាំ ភ្ជំ​បិណ្ឌ​អី​ក៏​គាត់​អាច​មក​ធ្វើ​កម្មវិធី មន្ត​លោក​ឆាន់​នៅ​ផ្ទះ​គាត់​ដែរ»។

នៅ​ពេល​សួរពី​សុខភាព​បច្ចុប្បន្ន​របស់​តាទិត លោក​មេ​ភូមិ​បាន​អះអាង​ថា៖

«បើ​តាម​ខ្ញុំ​ពិនិត្យ​មើល សុខភាព​របស់​គាត់​មិន​ទាន់​ទ្រុឌទ្រោម​ប៉ុន្មាន​ទេ ប៉ុន្តែ​គាត់​ឥឡូវ​ដូច​ជា​អន់​ភ្នែក»។

លោក ម៉ុង បាន​រៀបរាប់​ថា​ តា ទិត ជា​មនុស្ស​ស្លូតបូត​ពេល​នេះ​គាត់​កាន់​សីល​៨​ទៅ​វត្ត​ តែ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​រួម​និង​លោក​ជា​ប្រធាន​ភូមិ​ផង​មិន​ស្គាល់​ប្រវត្តិ​របស់​តា ទិត ទេ។ លោក ម៉ុង អះអាង​ថា លោក​គ្រាន់​តែ​ដឹង​ថា​តា ទិត ធ្វើ​ជា​មន្ត្រី​ធំ​ពី​អតីត​កាល​ហើយ​មិន​ដែល​ឃើញ​មុខ។ តែ​លោក ម៉ុង អះអាង​ថា លោក​ទើប​តែ​ស្គាល់​តា ទិត ពេល​មក​រស់​នៅ​ជិត​គ្នា។

នៅ​ក្នុង​ឯកសារ​ដដែល​បាន​បញ្ជាក់​ថា តា ទិត មាន​ជាប់​ទាក់ទឹន​នឹង​ការ​កាប់​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធាន​តំបន់​ស្តី​ទី​គ្រប់គ្រង ខេត្តពោធិសាត់ បាត់ដំបង បន្ទាយ​មានជ័យ​ នៅ​ក្នុង​តំបន់​ពាយ័ព្យ​ប្រទេស​បន្ទាប់​ពី​ធ្វើ​ជា​គណៈ​ស្រុក​គីរីវង្ស ខេត្ត តាកែវ។ ឯកសារ​តុលាការ​ដដែល​បាន​បញ្ជាក់​ទៀត​ថា​បទ​ឧក្រិដ្ឋ​និងការ​ទទួល​ខុស​ត្រូវ​របស់​តា ទិត មាន​ដូច​ជា៖

«ចាប់​ខ្លួន និង​កាប់​សម្លាប់​ទ្រង់ទ្រាយ​ធំ​ដែល​បាន​កើត​ឡើង​ជា​ប្រព័ន្ធ​នៅ​ទូទាំង​តំបន់​ពាយ័ព្យ​ បន្ទាប់​ពី​ការ​មក​ដល់​របស់​ក្រុម​និរតី គឺ​ជា​គម្រោង​ការ ការ​ផ្តួចផ្តើម​ឡើង និង​បញ្ជា​របស់​តា ទិត»។

តា ទិត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ក្នុង​ពេល​លោក​កាន់កាប់​គុក​ ចំនួន​២៥ ​នៅ​ភាគ​ពាយ័ព្យ។ តា ទិត មាន​ស្រុក​កំណើត​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ឯកសារ​តុលាការ​បាន​បញ្ជាក់​ដែរ​ថា​សមាជិក​ក្រោម​បង្គាប់​តា ទិត បាន​មក​ប្រមូល​យក​ប្រម៉ាត់​មនុស្ស​ជា​ញឹក​ញាប់​នៅ​មន្ទីរ​ឃុំឃាំង​វត្ត​ប្រធាតុ ពេល​តា ទិត ធ្វើ​ជា​គណៈ​ស្រុក​គីរីវង្ស​សម័យ​ខ្មែរ​ក្រហម។

ក្រៅ​ពី​តា ទិត និង លោក ស៊ូ ម៉េត ជន​សង្ស័យ​៣​នាក់​ផ្សេង​ទៀត​ដែរ​បាន​បក​ស្រាយ បំភ្លឺ​មាន តា អាន តា មុត អ្នកស្រី អ៊ឹម ចែម ក្នុង​កិច្ច​សម្ភាស​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ជាមួយ​ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ការពារ​ខ្លួនពី​ការ​ចោទ​ប្រកាន់​របស់សហ​ព្រះ​រាជ​អាជ្ញា។

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ខេត្ត​ប៉ៃលិន​លោក ម៉ីយ ម៉ាក់ អតីត​មន្ត្រី​ខ្មែរ​ក្រហម​មួយ​រូប​ បច្ចុប្បន្ន​លោកជា​អភិបាល​រង​ខេត្ត​ប៉ៃលិន។ លោក​ពុំ​គាំទ្រ​ឲ្យ​មាន​ការ​កាត់ទោស​ជន​សង្ស័យ​បន្ថែម​លើ​សំណុំរឿង​០០៣​និង​០០៤​ទេ។ លោក​បាន​ពន្យល់​ថា កិច្ចការ​ក្នុង​សម័យ​ខ្មែរ​ក្រហម​គឺ​ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ​ដើម្បី​រក្សា​អាយុ​ជីវិត។

«ម្នាក់ៗ​ទាំងអស់​គ្នា​នៅ​ទី​នេះ គ្មាន​នរណា​ចង់​មាន​បញ្ហា​០០៣​០០៤​ទៀត​ទេ​ ព្រោះ​ពួក​គាត់​ធ្វើ​ច្រើន​តែ​តាម​បញ្ជារ​ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់​លើ​ដែរ​ណា៎។ បើ​កាល​ណា​មិន​ហ៊ាន​សុទ្ធ​តែ0​ទទួល​ទោស។ បើ​ថា​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​ឬ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​គឺ​ទទួល​ទោស​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ស្លាប់​ខ្លួន​ហើយ»។

ក្រៅ​ពី​ការ​ចោទ​ប្រកាន់​ប្រទេស​មួយ​ចំនួន​ដោយ​ប្រយោល​ថាចង់​ឲ្យ​កម្ពុជា​មាន​បញ្ហា​ អស្ថិរភាព លោក ម៉ីយ មាក់ ថ្លែង​ថា​លោក​ពុំ​ចង់​ឃើញ​កម្ពុជា​មាន​អស្ថិរភាព​ដោយសារ​ការ​បន្ត​កាត់​ទោស​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បន្ថែម​ទេ។ លោក​សង្កត់​ធ្ងន់​ថា សាលា​ក្តី​ខ្មែរ​ក្រហម​គួរ​បញ្ចប់​ត្រឹម​សំណុំ​រឿង​០០១​និង​០០២ ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ ដល់​ការ​អភិវឌ្ឍ អារម្មណ៍​ផ្លូវ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​និង​សន្តិភាព។

«ប្រទេស​ខាង​លិច​មួយ​ចំនួន​ គេ​មាន​សុខ​សន្តិភាព​អញ្ចឹង​ ម្ល៉ោះ​ហើយ​គេ​បង្កើត​ឲ្យ​តែ មាន​រឿង​ជា​បន្ត​បន្ទាប់​។អញ្ចឹង​អាហ្នឹង​ស៊ី​សង​លើ​ប្រទេស​មហា​អំណាច​ខ្លះ​គេ​គិត ឃើញ​ទេ។ ឯ​យើង​នេះ​គឺ​យើង​មិន​ចង់​ឲ្យ​មាន​ទេ​ពីព្រោះ​យើង​ទើប​តែ​ចាក​ចេញ​ពី​ភ្នក់​ភ្លើង​នៃ​សង្គ្រាម។ បាន​សន្តិភាព​ប៉ុណ្ណឹង​យើង​ចង់​បាន​ស្អី​ទៀត​ ខ្លាច​ក្រែង​តែ​បង្កើត​បញ្ហា​អារម្មណ៍​អី​ច្រើន​ចុះ​ឡើងៗ​ទៅ​ សន្តិភាព​យើង​វា​មិន​ស្ថិតស្ថេរ​ ដូច្នេះ​មាន​តែ​ខំ​យក​ចិត្ត​មួយ​ថ្លើម​មួយ​ទាំង​អស់​គ្នា​ ទាំង​មហាជន​ទាំង​អស់​ដើម្បី​នឹង​រួមគ្នា​អភិវឌ្ឍ និង​កសាង​ប្រទេសទៅ​ ហើយ​នឹង​ពង្រឹង​សុខ​សន្តិភាព​ឲ្យ​បាន​យូរលង់​ទៅ បើ​មិន​បាន​អមតៈ»។

សហ​ព្រះ​រាជអាជ្ញា និង​ចៅក្រម​ស៊ើប​អង្កេត​ភាគី​កម្ពុជា​បង្ហាញ​ជំហរ​ដូច​រដ្ឋា​ ភិបាល​កម្ពុជា​ដែល​មិន​ចង់ចោទ​ប្រកាន់​ឬ​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម ដោយឈរ​លើ​ហេតុផល​សន្តិភាព។ ចំណែក​ចៅក្រម​បរទេស​ឈរ​លើ​យុត្តិធម៌​ដែល​ថា​ជន ប្រព្រឹត្តិ​កំហុស​ត្រូវ​នាំ​យក​មក​ជុំនំ​ជម្រះ​ទោស ពី​បទ​ឧក្រិដ្ឋ​កម្ម​នានា​ក្នុង​ទសវត្សន៍​១៩៧០ ដែល​មាន​មនុស្ស​ជិត​២​លាន​នាក់​ស្លាប់​បាត់​បង់ជីវិត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សំណុំ​រឿង​បន្ថែម​ ០០៣ និង​០០៤​នេះ​មិនទាន់​ដំណើរ​ការ​ទៅ​មុខ​ទេ​ ទោះ​បី​ជា​សហ​ព្រះ​រាជ​អាជ្ញា​បរទេស​បាន​ស្នើ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០០៨ ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ចាប់​ឃុំ​ខ្លួន​និង​ស៊ើប​អង្កេត​ជន​ទាំង​៥​នាក់​ក្តី។ សាលា​ក្តី ​កាត់ទោស​ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​រំពឹងថា​និងបើក សវនាការ​កាត់​ទោស​លើ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​លេខ​០០២​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ចំពោះ​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចំណាស់ៗ​ គឺ នួន ជា បង​ធំ​ទី​២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋ​មន្ត្រី​ការ​បរទេស​ និង អៀង ធីរិទ្ធ រដ្ឋ​មន្ត្រី​សង្គម​កិច្ច។ សាលា​ក្តី​នេះ​នឹង​ត្រៀម​ប្រកាស​សាល​ក្រម​ដាក់​ទោស កាំង ហ្កេកអ៊ាវ ហៅ​ឌុច អតីត​ប្រធាន​គុក​ទួលស្លែង​ខ្មែរ​ក្រហម​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​ជីវិត​មនុស្ស​ជាង​១២.០០០​នាក់៕

XS
SM
MD
LG