ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ស៊ើប​អង្កេត​បរទេស​ប្រាប់​ជន​សង្ស័យ​អ៊ឹម ចែម​​ពី​បទចោទ​ក្នុង​សំណុំ​រឿង​០០៤


អ្នកស្រី ​អ៊ឹម ចែម​ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​
អ្នកស្រី ​អ៊ឹម ចែម​ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​គឺ​អ្នកស្រី ​អ៊ឹម ចែម​បាន​ប្រាប់​វីអូអេ​ថា​សាលាក្តី​ ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប​បញ្ជាក់​ប្រាប់​អ្នកស្រី​ដោយ​ផ្ទាល់​មុខ​ថា​ អ្នកស្រី​ជា​ជនជាប់​ចោទ​នៃ​បទឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​ក្នុង​របប​ខ្មែរ​ក្រហម​ហើយ​ត្រូវ​ចោទ​សួរ​ជា​លើក​ដំបូង​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស។

លោកស្រី​បញ្ជាក់​បន្ថែម​ថា៖

«ហើយ​គេ​ប្រាប់​ដែរ​ថា​ស្រេច​តែ​សិទ្ធិ​របស់​អ៊ុំ​ទេ។ បើ​អ៊ុំ​ឆ្លើយ​ក៏​បាន​មិន​ឆ្លើយ​ក៏​បាន។ ខ្ញុំ​ថា​ខ្ញុំ​ឆ្លើយ​បាន​តែ​ប៉ុណ្ណឹង។ ត្រង់​ណា​ដែល​ខ្ញុំ​អត់​ឆ្លើយ​ពិត​មែន​តែ​មាន​សិទ្ធិ​មែន​តែ​ត្រង់​ណា​ដែល​ខ្ញុំ​អត់​ត្រូវ​ឆ្លើយ​គឺ​ខ្ញុំ​អត់​ឆ្លើយ។ ព្រោះ​វា​អត់​ពិត។​អញ្ចឹង​ខ្ញុំ​អត់​ឆ្លើយ»។

អ្នកស្រី​អះអាង​ថា​អ្នកស្រី​ត្រូវ​ជន​បរទេស​ម្នាក់​ដែល​គេ​គិត​ថា​គឺ​លោក​ Laurent Kasper Ansermet និង​ជនជាតិ​ខ្មែរ​ពីរ​នាក់​បាន​មក​សាកសួរ​ព័ត៌មាន​កន្លះ​ម៉ោង​ ដល់​ផ្ទះ​នៅ​អន្លង់វែង​អំពី​រឿងរ៉ាវ​ក្នុង​អតីតកាល​កាលពី​ថ្ងៃ២៨កុម្ភៈ ​ដោយ​ជនជាតិ​ខ្មែរ​ម្នាក់​បាន​អាន​ឯកសារ​ចំនួន​២ទំព័រ​ដល់​អ្នកស្រី។ ឯកសារ​ជា​សេចក្តី​ជូន​ដំណឹង​នោះ​គឺ​រៀបរាប់​ពី​ឧក្រិដ្ឋកម្ម​នានា​ដែល​អ្នកស្រី​បាន​ជាប់​ទាក់ទង​នឹង​ ការធ្វើ​មនុស្ស​ឃាត​ញុះញង់​ទារុណកម្ម ​ធ្វើ​ទុក​បុកម្នេញ​ផ្នែក​សាសនា​អ៊ីស្លាម​ធ្វើ​ផែនការ​ ប្រព្រឹត្ត​ជា​បុគ្គល​និង​ចូលរួម​ជា​សហឧក្រិដ្ឋកម្ម​រួម។

អ្នកស្រី ​អ៊ឹមចែម​អាយុ​៦៦​ឆ្នាំ​ដែល​ត្រូវ​គេ​ដឹង​ថា​ស្ថិត​ក្នុង​សុំណុំរឿង​០០៤ ​បច្ចុប្បន្ន​ ជា​ជំទប់​ឃុំ​ទី១​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តមានជ័យ​អះអាង​ថា​អ្នកស្រី​ពុំ​បាន​យល់​ ព្រម​និង​ទទួល​ស្គាល់​ការចោទ​ប្រកាន់​នោះ​ទេ។

«ការចោទ​ប្រកាន់​នេះ​វា​ខុស​នឹង​ការណ៍​ពិត។​ហើយ​ចោទ​ទទេៗ​ខ្ញុំ​អត់​ទទួល​ស្គាល់។​ហើយ​គាត់​ឲ្យ​ខ្ញុំ​ទៅ​ភ្នំពេញ។​ខ្ញុំ​ថា​ខ្ញុំ​អត់​ទៅ​ ខ្ញុំ​អត់​ទៅ​ទេ»។

នៅ​ក្នុង​ដីកា​ជូន​ដំណឹង​អំពី​បទចោទ​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៤ ខែ​កុម្ភៈ​ឆ្នាំ២០១២​របស់​ក្រុមស៊ើប​ អង្កេត​ភាគី​អ.ស.ប​ដែល​ប្រភព​ព័ត៌មាន​របស់​វីអូអេ​បាន​អាន​ជូន​នោះ​បាន​បញ្ជាក់​ថា​លោក​ Laurent Kasper Ansermet ​បាន​អាន​បទ​ចោទ​លម្អិត​ដែល​សហ​ព្រះរាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​អ្នកស្រី​នៅពេល​អ្នកស្រី​ជា​គណៈស្រុក​ព្រះនេត​ព្រះ​នៅ​ភាគ​ពាយព្យ​ប្រទេស​និង​កន្លែង​ផ្សេង​ទៀត​ជូន​ដល់​អ្នកស្រី​អ៊ឹម ចែម​ពី​បទឧក្រិដ្ឋកម្ម​នានា។

«ការចោទ​ប្រកាន់​ទាំងនេះ​គឺ​ផ្អែក​លើ​មូលដ្ឋាន​ទាំង​អង្គហេតុ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សហ​ព្រះរាជ​អាជ្ញា​និង​អង្គហេតុ​ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​អំឡុង​ពេល​នៃ​កិច្ច​ស៊ើប​សួរ។ អ្នកស្រី​ត្រូវ​បាន​ចាត់ទុក​ថា​គ្មាន​ទោស​នៅពេល​ដែល​ពិរុទ្ធភាព​របស់​អ្នកស្រី​ពុំ​ត្រូវ​បាន​រក​ឃើញ​ហើយ​យើង​នៅ​តែ​អាច​នៅ​រង់​ចាំ​ស្តាប់ ​ចម្លើយ ​ភស្តុតាង​ពី​អ្នកស្រី ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ប្រសិន​បើ​អ្នកស្រី​មាន​បំណង​ផ្តល់​ភស្តុតាង​បែប​នេះ។ ដោយ​អនុឡោម​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ ក្រហម​(អវតក) ​វិធាន​២១:១ឃ ​សិទ្ធិ​និង​ការធានា​នៅ​ក្នុង​កិច្ច​ដំណើរការ​នីតិ​វិធី​ក្នុង​ឋានៈ​ជា​ជន សង្ស័យ​រួមមាន​សិទ្ធិ​មាន​មេធាវី​ការពារ​ខ្លួន​តាម​ការជ្រើសរើស​របស់​ខ្លួន​សិទ្ធ​មាន​លទ្ធភាព​ទទួល​បាន​ឯកសារ​សំណុំ​រឿង»។

អ្នកស្រី​អ៊ឹម ចែម​បាន​អះអាង​ថា​ក្រុម​សហ​ចៅក្រម​ស៊ើប​អង្កេត​ដែល​អ្នកស្រី​អះអាង​ថា​ ដឹកនាំ​ដោយ​បុរស​ជនជាតិ​ស្បែក​ស​រាង​ចំណាស់​ម្នាក់​មិនមាន​សន្តិសុខ​ការពារ​មិន​មាន​អាជ្ញាធរ​ចូលរួម​ទេ​ដែល​អ្នកស្រី​អះអាង​ថា​មិនមែន​ជា​ការចាប់ខ្លួន​ឬ​ក៏​ចេញ​ដីកា​ឡើយ។

លោក ​Laurent Kasper Ansermet ​បាន​បញ្ជាក់​ក្នុង​សប្តាហ៍​ថ្មីៗ​ថា​លោក​ត្រូវ​ស៊ើប​ អង្កេត​សំណុំ​រឿង​បន្ថែម​ទោះ​បី​ជា​លោក​មិន​ត្រូវ​បាន​ទទួល​កិច្ច​សហការ​ពី​ចៅក្រម​កម្ពុជា​គឺ​លោក​ យូ ប៊ុនឡេង​ក្តី។ ចៅក្រម​កម្ពុជា​ដែល​មាន​ជំហរ​ដូច​រដ្ឋាភិបាល​កម្ពុជា​ដែល​មិនចង់​បាន​សំណុំរឿង​០០៣ ​និង​០០៤​នោះ​បាន​ចាត់​ទុក​ថា​លោក​ចៅក្រម​បម្រុង Laurent Kasper Ansermet ​មិនមាន​និត្យានុ​កូល​ភាព ឬ​ភាព​ស្រប​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការស៊ើប​អង្កេត​នោះ​ទេ​ដោយសារ​ថា​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​មិន​បាន​តែងតាំង​ជា​ផ្លូវការ​នៅ​ឡើយ។ ការ​មិន​តែង​តាំង​នោះ​គឺ​ឈរ​លើ​អធិបតេយ្យភាព។ តែ​មន្ត្រី​អ.ស.ប​បាន​បញ្ជាក់​ថា​កម្ពុជា​ពុំ​បាន​បំពេញ​កាត្វកិច្ច​របស់​ខ្លួន។ លោក ​David​ Scheffer​ អ្នកជំនាញការ​ពិសេស​របស់​អ.ស.ប​បាន​អះអាង​កាលពី​សប្តាហ៍​ថ្មីៗ​ថា​លោកចៅក្រម​ Laurent Kasper Ansermet ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការស៊ើប​អង្កេត​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤។

លោក Lars Olsen ​អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​អះអាង​ថា​លោក​មិនមាន ព័ត៌មាន​ថ្មី​អំពី​សំណុំរឿង​០០៣​និង​០០៤​ទេ។

ប្រភព​ព័ត៌មាន​ពី​តុលាការ​បាន​អះអាង​ថា​លោក​ Kasper Ansermet​ គ្រោង​នឹង​ស៊ើប​អង្កេត​លើ​ជនសង្ស័យ​ទាំង​៥​នាក់​ដោយ​ឯក​ឯង។ មន្ត្រី​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​ម្នាក់​បាន​ឱ្យ​ដឹង​ថា​លោក​ Kasper Ansermet ​ បាន​ជួប​ជាមួយ​ជន​សង្ស័យ​ មួយ​ចំនួន​ដោយ​បាន​អះអាង​ថា​ជា​ការស៊ើប​អង្កេត​ដ៏​ក្លាហាន។ ​តែ​គេ​មាន​ការព្រួយ​បារម្ភ​ពី​សន្តិសុខ​របស់​លោក​ចៅក្រម​រូប​នេះ​ដែរ។

គេ​ពុំ​ទាន់​ដឹង​ថា​តើ​សហ​ចៅក្រម​កម្ពុជា​និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​បាន​តែង​តាំង​លោក​ Kasper Ansermet​ជា​ចៅក្រម​បម្រុង​នោះ​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​ការបំពេញ​កិច្ចការ​ដោយ​គ្មាន​ការចូលរួម​ពី​ប្រទេស​សាម៉ី​នេះ។

ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​គេ​ប្រកាស​ថា​ស្ថិត​ក្នុង​សំណុំរឿង​០០៣​គឺ​លោក ​មាស មុត ​បាន​អះអាង​ ថា​លោក​ក៏​ត្រូវ​ក្រុម​អ្នកស៊ើប​អង្កេត​សាលាក្តី ​តាម​ជួប ​ដែរ​តែ​លោក​ថា​លោក​មិន​នៅ​ផ្ទះ​ទេ។

​លោក​ចោទ​សួរ​ថា​ «មក​ជួប​ធ្វើ​អ្វី? បើ​គ្មាន​ប្រយោជន៍ ​ដល់​សង្គម​ជាតិ​ ដល់​ខ្ញុំ ​ផង​នោះ»។

សំណុំរឿង​បន្ថែម​០០៣​និង​០០៤ ​ដែល​វីអូអេ​ទទួល​បាន​ពី ​ប្រភព​ស្និទ្ធ​នឹង​ តុលាការ​បន្ទាប់​ពី​ត្រូវ​ផ្សព្វផ្សាយ​ដោយ​ព័ត៌មាន​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​ ដោយ​សហព្រះរាជ​អាជ្ញា​បរទេស​មាន​លោក​ ស៊ូ ម៉េត មាស មុត ​យឹម ទិត ​អោម អាន ​និង​អ្នកស្រី​ អ៊ឹម ចែម។ ជនសង្ស័យ​៣​នាក់​ក្នុង​ ចំណោម​៥​នាក់​គឺ ​លោក មាស មុត ​អោម អាន ​និង​អ្នកស្រី ​អ៊ឹម ចែម​បាន​សម្ភាស​ ជាមួយ​វីអូអេ​ ហើយ​បាន​បដិសេធ​ពី​ការជាប់​ទាក់ទិន​នឹង​បទឧក្រិដ្ឋ​ដែល​សហព្រះរាជ​អាជ្ញា​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​នោះ។ តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​បញ្ចប់​ការស៊ើប​អង្កេត​សំណុំរឿង​០០៣ កាល​ពីថ្ងៃ​ទី​២៩ ​ខែ​មេសា​ឆ្នាំ​២០១១ ​ក្រោយពី​បាន​ ពិនិត្យ​មើល​ភស្តុតាង​ជាង​២ពាន់​ដែល​មាន​ជា​ឯកសារ​ ៤៨.០០០ ​ទំព័រ។ ​នេះ​បើ​យោង​តាម​ឯកសារ​ជា​សំណើ​ថវិកា។ ក៏​ប៉ុន្តែ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដែល​បាន​បញ្ជូន​ដីកា​បញ្ជូនរឿង​ឲ្យ​ស៊ើបសួរ​តាំងពី​ឆ្នាំ​២០០៨​ចំពោះ​សំណុំ​រឿង​០០៣​ និង​០០៤​នោះ​បាន​តវ៉ា​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើការ​ស៊ើប​អង្កេត​មិន​គ្រប់គ្រាន់​ជា​ពិសេស​លើ​ទីតាំង​សាក្សី​ជាដើម។ ជន​សង្ស័យ​ត្រូវ​គេ​រាយការណ៍​មក​ថា​ក៏​មិន​ត្រូវ​បាន​សួរ​នាំ​អ្វី​ដែរ។

នៅក្នុង​ឯកសារ​ផ្ញើ​ជូន​ម្ចាស់​ជំនួយ​បាន​បញ្ជាក់​ដែរ​ថា​ការស៊ើប​អង្កេត​សំណុំ​រឿង​ ០០៤​កំពុង​ធ្វើ​បន្ត។ហើយ​សំណុំរឿង​០០៣​អាច​នឹង​មាន​ការស៊ើប​អង្កេត​បន្ថែម​ទៅលើ​ទីតាំង​និង​សាក្សី។ ដំណើរការ​សំណុំ​រឿង​បន្ថែម​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​ លើ​ថវិកា​និង​ធនធាន​ដែល​គេ​រំពឹង​ថា​អាច​នឹង​ចាប់​ផ្តើម​ពេញ​លេញ​នៅ​ឆ្នាំ​ ២០១៣៕

XS
SM
MD
LG