ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អៀង សារី​ ដក​ដង្ហើម​ដោយសារ​ជំនួយ​អុកស៊ីសែន


អៀង សារី អាយុ​៨៧​ឆ្នាំ​
អៀង សារី អាយុ​៨៧​ឆ្នាំ​
ភ្នំពេញ៖ មេធាវី​អៀង សារី បញ្ជាក់​ថា រហូត​មក​ទល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​សុខភាព​របស់​ជនជាប់​ចោទ​អៀង សារី នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ដដែល។
​លោក​អាង ឧត្តម សហ​មេធាវី​ជាតិ​របស់​អៀង សារី អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​ខ្មែរ​ក្រហម​បញ្ជាក់​ថា​កូន​ក្តី​របស់​លោក​នៅ​តែ​ស្ថិត​ស្តូក​នៅ​លើ​គ្រែ​និង​ដក​ដង្ហើម​ដោយ​អុក​ស៊ីសែន ហើយ​នៅ​តែ​មិន​អាច​បរិភោគ​បាន។
«ដាក់​អុកស៊ីសែន​រហូត។ គ្រឿង​ឧបករណ៍​គេ​ពាក់​ពេញ​ហ្នឹង»។
អៀង សារី អាយុ​៨៧​ឆ្នាំ​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​ជាមួយ​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​នាក់​ទៀត​គឺ​នួន ជា អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម និង​ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ។
ជន​ជាប់​ចោទ​ទាំងនេះ​ត្រូវ​នាំ​ខ្លួន​យក​មក​កាត់​ទោស​ក្រោម​ការចោទ​ប្រកាន់​ទាក់ទង​ទៅ​នឹង​ការ​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។
​ជនជាប់ចោទ​រូប​នេះ​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។
លោក​អាង ឧត្តម បញ្ជាក់​បន្ថែម​ថា អៀង សារី មិន​អាច​និយាយ​បាន​ច្រើន​ទេ ហើយ​និយាយ​ក៏​ពិបាក​ស្តាប់​ដែរ។​
«និយាយ​អត់​កើត។ គ្រាន់តែ​មើលមុខ​គ្នា​ដឹង​និយាយ​អី​កើត។ អត់​ហ៊ាន​ទាំង​សួរសុខទុក្ខ​ផង​គ្រាន់តែ​ឲ្យ​ឃើញ​មុខ។ (គាត់) និយាយ​ក៏​មិន​ដឹង​ថា​ម៉េច»។​
កាល​ពី​ម្សិលមិញ​សហ​មេធាវី​បរទេស​របស់​អៀង សារី លោក ម៉ាយឃើល ខាណាវ៉ាស និយាយ​ថា​ស្ថានភាព​សុខភាព​របស់​អៀង សារី កំពុង​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំ​មើល។
​លោក​អាង ឧត្តម សហ​មេធាវី​ជាតិ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ គ្រូពេទ្យ​មិន​អនុញ្ញត​ឲ្យ​មេធាវី​ស្ថិត​នៅ​យូរ​ជាមួយ​កូនក្តី​នោះ​ទេ។​
ពុំ​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ថា អៀង សារី មាន​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ​ក្រៅពី​សេចក្តី​អះអាង​របស់​មេធាវី​ថា គាត់​ទំនងជា​មាន​បញ្ហា​ក្រពះ។​
​លោក​នេត្រ ភ​ក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​គ្រាន់​តែ​អាច​បញ្ជាក់​ថា ជន​ជាប់​ចោទ​នៅ​តែ​បន្ត​ដាក់​ឲ្យ​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។​
«ស្ថានភាព​សុខភាព​របស់​លោក​អៀង សារី គឺ​គាត់​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​និង​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​បន្ត​ទៀត ហើយ​គាត់​បន្ត​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត»។
​ក្រុម​អ្នក​យក​ព័ត៌មាន​បាន​នាំគ្នា​បន្ត​តាម​ឃ្លាំមើល​ស្ថានភាព​សុខភាព​របស់​អៀង សារី កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​បន្ត​ទៀត។​
ក្នុង​រយៈពេល​ចុងក្រោយ​នេះ អៀង សារី បាន​ចេញ​ចូល​មន្ទីរ​ពេទ្យ​យ៉ាង​ញឹក​ញាប់​បន្ទាប់​មក​គឺ​នួន ជា ដែល​មាន​បញ្ហា​សុខភាព​ច្រើន​បន្ទាប់​ពី​អៀង សារី។​
​ការ​ចេញ​ចូល​មន្ទីរពេទ្យ​ស្ទើរ​តែ​ដូរ​វេណ​បណ្តាក់​គ្នា​របស់​ជនជាប់ចោទ​ទាំង​នេះ​បាន​ធ្វើឲ្យ​សវនាការ​រអាក់រអួ​ល​ក្នុង​សំណុំរឿង​០០២។
លោក​នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហ​ម​ឲ្យ​ដឹង​ថា​អង្គ​ជំនុំ​ជម្រះ​សាលា​ដំ​បូង​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិនា​នេះ​លើ​សុខភាព​និង​សម្បទា​នៃ​ជនជាបចោទ​អៀង សារី និង​នួន ជា​ក្នុង​ការ​ចូល​រួម​ដំណើរ​ការ​កាត់ទោស។
ពេល​នេះ​សាលា​ដំបូង​បាន​ផ្អាក​ដំណើរការ​សវនាកា​រលើ​អង្គសេចក្តី​ដោយ​ពុំមាន​ពេល​កំណត់​ដោយសារ​បញ្ហា​សុខភាព​ជន​ជាប់ចោទ​អៀង សារី និង​ដោយសារ​ការ​ធ្វើ​ពិហិការ​មិន​ចូល​ធ្វើ​ការ​របស់​ក្រុម​បុគ្គលិក​កម្ពុជា​ផ្នែក​បក​ប្រែភាសា៕
XS
SM
MD
LG