ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អៀង សារី​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ


លោក អៀង សារី ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់ចោទ​បី​នាក់​ក្នុង​សំណុំ​រឿង​០០២​។
លោក អៀង សារី ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់ចោទ​បី​នាក់​ក្នុង​សំណុំ​រឿង​០០២​។

លោក​អាង ឧ​ត្ត​ម សហ​មេធាវី​កម្ពុជា​របស់​អៀង សារី បាន​ឲ្យ​ដឹង​នៅ​ល្ងាច​នេះ​ថា កូនក្តី​របស់លោក​មា​នសភាព​ធ្ងន់ធ្ងរ​ជាង​មុន។

ភ្នំពេញ៖ ជន​ជាប់​ចោទ​អៀង សារី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ដ៏​ផុយស្រួយ​ដែល​នាំ​ឲ្យ​មានការ​បារម្ភ។ នេះ​បើ​ផ្អែក​តាម​ប្រភព​មួយ​ចំនួន​ដែល​បាន​បង្ហើប​ប្រាប់​វីអូអេសំឡេ​ង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ។
ជន​ជាប់​ចោទ​អាយុ​៨៧ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ផ្លូវការ​អំពី​អាកា​រៈ​ជំងឺ​នោះ​ទេ។
លោក​អាង ឧ​ត្ត​ម សហ​មេធាវី​កម្ពុជា​របស់​អៀង សារី បាន​ឲ្យ​ដឹង​នៅ​ល្ងាច​នេះ​ថា កូនក្តី​របស់លោក​មា​នសភាព​ធ្ងន់ធ្ងរ​ជាង​មុន។ លោក អាង ឧ​ត្ត​ម បញ្ជាក់​ថា ក្រពះ​របស់​អៀង សារី ហាក់ដូចជា​លែង​ទទួល​អាហារ ហើយ​ធ្វើ​ឲ្យ​ជនជាប់ចោទ​រូបនេះ​ក្អូត​នៅ​ពេល​ដែល​បរិភោគ​ចំណី​ឬ​ផឹក​ទឹក។
«មើល​ទៅ​ដូចជា​ដុនដាប​ជាង​មុន។ បញ្ហា​ក្រពះ​គាត់។ តឹង​ពោះ​រហូត។ ពិសារ​អ្វី​ចូល​ក្អូត។ ដូច្នេះ​ពេទ្យ​បន្ថយ​អាហារ​និង​បន្ថយ​ទឹក​ពីព្រោះ​ពិសារ​បន្តិច​ក្អូត។ ប្រែ​ខ្លួន​ក្អូត»។
ដោយ​ឡែក​លោក​ម៉ា​យ​ឃើ​ល ខា​ណា​វ៉ាស សហ​មេធាវី​អន្តរជាតិ​របស់​អៀង សារី និយាយ​ក្នុង​សារ​អេឡិចត្រូនិក​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃនេះ​ដែរ​ថា ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ​កំពុងស្ថិត «ក្រោម​ការ​តាម​ឃ្លាំ​មើល»។
លោក អៀង សារី ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់ចោទ​បី​នាក់​ក្នុង​សំណុំ​រឿង​០០២​ដែល​ជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​ដែល​នៅ​សេស​សល់​ជីវិត​របស់​របប​កុម្មុយនីស្ត​បែប​ម៉ៅ​និយម។
សំណុំ​រឿងនេះ​កំពុង​តែ​ដំណើរការ​ប្រកប​ដោយ​ការ​រអាក់រអួល​ដោយសារ​តែ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​និង​បញ្ហា​ថវិការ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។
បញ្ហា​សុខភាព​របស់​អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សម័យ​ខ្មែរក្រហម និង​នួន ជា អតីត​ប្រធាន​សភា​ខ្មែរក្រហម ដែល​ជា​ជនជាប់ចោទ​ម្នាក់​ទៀត​ក្នុង​សំណុំរឿង​០០២​បាន​ធ្វើ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ផ្អាក​ដំណើរការ​សវនាការ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។
លោក​នេត្រ ភក្ត្រា អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ដឹង​អំពី​អាកា​រៈ​ជំងឺ​របស់​អៀង សារី នៅ​ឡើយ​ទេរ​ហូត​មក​ទល់​ពេល​នេះ។
«រហូត​មកទល់​ពេលនេះ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​របាយការណ៍​នេះ​នៅ​ឡើយ​ទេ។ ហើយ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​តើ​ស្ថានភាព​សុខភាព​របស់គាត់​វិវត្ត​យ៉ាង​ណា​នោះទេ»។
សមាជិក​គ្រួសារ​របស់​ជនជាប់​ចោទ​ត្រូវ​គេ​ឃើញ​ចេញ​ចូល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ដូច​ធម្មតា​ប៉ុន្តែ​មិនអាច​ស្វែងរក​សេចក្តី​អត្ថាធិប្បាយ​ពី​ពួកគេ​បាន​ទេ។
ឆ្មាំ​សន្តិសុខ​ត្រូវ​បញ្ជូន​ពី​សាលាក្តី​ខ្មែរ​ក្រហម​សម្រាប់​ការ​រក្សា​សន្តិសុខ​ដល់​ជន​ជាប់ចោទ​អៀង សារី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG