ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​សុខភាព​អៀង សារី​នៅ​នឹង​ប៉ុន្តែ​ត្រូវ​បន្ត​ស្នាក់​នៅ​មន្ទីរពេទ្យ


អៀង សារី ​វ័យ៨៧ឆ្នាំ​
អៀង សារី ​វ័យ៨៧ឆ្នាំ​
ភ្នំពេញ​៖ សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ស្ថានភាព​សុខភាព​របស់​ជនជាបចោទ​អៀង សារី ​មាន​ភាពនឹងន​បន្តិច​ស្រប​ពេលដែល​មន្ដ្រី​សង្គម​ស៊ីវិល​រិះគន់​ថា​របាយការណ៍​ស្តីពី​អាកា​រៈ​ជំងឺ​របស់​ជនជាប់ចោទ​គួរតែ​ត្រូវ​ដឹង​ឮជា​សាធារណៈ​ខ្លះ។

លោក នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ពិសេស​នេះ​និយាយថា​អៀង សារី ​មាន​ស្ថាន​ភាពនឹងន​បន្តិច។

«ស្ថានភាព​សុខភាព​របស់​គាត់​គឺ​នៅ​ថេរ​ចាប់​តាំង​ថ្ងៃ​ម្សិល​ម៉ិ​ញ​មក។ ហើយ​ជា​រៀងរាល់ថ្ងៃ​ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​របាយការណ៍​ទាក់ទង​ស្ថានភាព​សុខភាព​លោក​អៀង​សារី ​មកកាន់​សាលាក្តី​ដើម្បី​ជូនដំណឹង​អំពី​ស្ថានភាព​សុខភាព​នេះ»។

អៀង សារី ​ដែល​ឈានដល់​វ័យ៨៧ឆ្នាំ​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ច័ន្ទ។ មេធាវី​របស់​គាត់​និយាយ​ថា​កូនក្តី​របស់​ខ្លួន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ហើយ​ដកដង្ហើម​ដោយសារ​មាន​ជំនួយ​ខ្យល់​អុកស៊ីសែន។

លោ​កឡាត់ គី អ្នក​សម្រប​សម្រួល​កម្ម​វិធី​សាលាក្តី​ខ្មែរក្រហម​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ​សម្តែង​ការងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​ការលេច​ឮ​ព័ត៌មាន​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​ជនជាប់​ចោទ​អៀង សារី ​ប៉ុន្តែ​សាលាក្តី​ខ្មែរក្រហម​មិនបាន​បង្ហាញ​ព័ត៌មាន​អំពី​បញ្ហា​នេះ​ជា​សាធារណៈ។

«យើង​ដូចជា​មិនសូវ​យល់​ដែរ​ដោយសារតែ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព ​យើង​មិនដែល​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ទាំងអស់​ហ្នឹង​ពី​ខាង​សាលាក្តី។ យើង​គ្រាន់តែ​បាន​ដឹង​ថា​មានការ​ចូល​និង​មាន​ការចេញ(ពី​មន្ទីរពេទ្យ)តែ​ប៉ុណ្ណឹង»។

លោក ឡាត់ គី ​គិតថា​ស្ថានភាព​សុខភាព​របស់​ជនជាប់ចោទ​ក្នុង​រយៈពេល​ចុងក្រោយ​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​សម្រាប់​ជនរងគ្រោះ។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ដែល​បាន​ចូលរួម​តាមដាន​ដំណើរការ​សវនាការ​ជា​ប្រចាំ​មាន​ប្រសាសន៍​ថា​តុលាការ​មាន​កាតព្វកិច្ច​លាក់​ការណ៍​ចំពោះ​របាយការណ៍​វេជ្ជបណ្ឌិត​អំពី​ស្ថានភាព​ជំងឺ​របស់​អៀង សារី ​ហើយ​នេះ​គឺជា​បញ្ហា​បច្ចេកទេស​ដោយ​រង់ចាំ​ការពិនិត្យ​និង​ការវាយតម្លៃ​ពី​ក្រុម​អ្នកជំនាញ។

ក៏ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា​ទំនងជា​ដល់​ពេល​វេលា​ថា​ត្រូវ​សម្រេច​ថា​តើ​អៀង សារី ​អាច​ចូលរួម​សវនាការ​តទៅទៀត​បាន​ឬ​យ៉ាងណា។

លោក អាង ឧត្តម ​សហ​មេធាវី​កម្ពុជា​របស់​អៀង សារី ​មាន​ប្រសាសន៍​ថា​លោក​មិនបាន​ជួប​កូនក្តី​របស់​លោក​ទេ​នៅ​ថ្ងៃនេះ​ដោយសារតែ​ជា​ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សម្រាក​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មិនា​ហើយ​លោក​មិនបាន​ដឹង​ពី​ស្ថានភាព​សុខភាពថ្មីៗ​របស់​អៀង សារី​នោះ​ទេ។

យ៉ាងណាក៏ដោយ​បើ​យោងតាម​ប្រភព​ស្និទ្ធ​នឹង​សំណុំរឿង​ខ្មែរក្រហម​បាន​ឲ្យ​ដឹងថា​អៀង សារី ​នៅតែ​ស្ថិតក្រោម​ការដាក់បញ្ចូល​ខ្យល់​អុក​ស៊ី​សែន​នៅឡើយ​មកទល់នឹង​ថ្ងៃ​សុក្រ​នេះ។
អង្គជំនុំ​ជម្រះ​សាលាដំបូង​គ្រោង​នឹង​បើក​សវនាការ​ស្តីពី​សុខភាព​និង​សម្បទា​សម្រាប់​ចូលរួម​សវនាការ​លើ​ជនជាប់ចោទ​អៀង សារី ​និង​នួន ជា ​នៅ​ថ្ងៃទី២៥​ខែ​មិនា​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG