ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អៀង​សារី​មិន​ព្រម​សារភាព​ពី​កំហុស​រហូត​ដល់​ថ្ងៃ​មរណៈ


 អៀង សារី ​បាន​ស្លាប់​ក្នុង​អាយុ៨៧ ​ឆ្នាំ​
អៀង សារី ​បាន​ស្លាប់​ក្នុង​អាយុ៨៧ ​ឆ្នាំ​
ភ្នំពេញ៖ នៅពេលដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​សំណុំរឿង​០០២​មិនទាន់​ទាំង​បាន​ពាក់​កណ្តាល​ផ្លូវ​ផង​ជនជាប់ចោទ​ដែល​ជា​អតីត​មេដឹកនាំ​កំពូល​ខ្ពស់បំផុត​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ឬ​ដែល​គេ​ស្គាល់​រត់មាត់​ថា​ជា​របប​ខ្មែរក្រហម​បាន​របូត​ម្តង​មួយៗ​អស់​ចំនួន​ពីរ​នាក់​ទៅ​ហើយ។ នោះ​គឺ​អៀង សារី ​និង​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ។ អៀង ធី​រិ​ទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ចុង​ឆ្នាំមុន​ដោយសារ​ជំងឺ​វង្វេងវង្វាន់​បាត់​បង់​ការចងចាំ។

ប៉ុន្មាន​ខែ​ក្រោយ​មក ​គឺ​នៅ​ថ្ងៃទី១៤ខែ​មិនា​ប្តី​របស់​គាត់​គឺ​ អៀង សារី ​បាន​ស្លាប់​ក្នុង​អាយុ៨៧ ​ឆ្នាំ​ដោយសារ​មូលហេតុ​ផ្លូវការ​ថា​បេះដូង​របស់គាត់​អស់​សមត្ថភាព​ដំណើរការ។

អៀង សារី​ត្រូវគេ​ស្គាល់​ថា​គឺជា​មេដឹកនាំ​ខ្ពស់​បំផុត​លំដាប់​ទី​បី​ឬ​ជា​បងធំ​ទី​បី​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ។

គាត់​ត្រូវ​ចាប់ខ្លួន​ដោយ​សាលាក្ដី​ខ្មែរក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី១២ ​ខែវិច្ឆិកា ​ឆ្នាំ២០០៧​ក្រោម​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ដែល​ទាក់ទង​នឹង​ការធ្វើ​ទារុណកម្ម​និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ​ការធ្វើ​មនុស្សឃាត​និង​ការចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

បទ​ចោទ​ទាំង​នេះ ​ទាក់ទង​ទៅនឹង​ការសម្លាប់​និង​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧​ លាន​នាក់​ចន្លោះ​ពីថ្ងៃ​ទី១៧​ខែមេសា​ឆ្នាំ១៩៧៥​ដល់​ថ្ងៃទី៦​ខែមករា​ឆ្នាំ១៩៧៩។
អៀង សារី ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

លោក​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ចងក្រង​ប្រវត្តិ​រឿងរ៉ាវ​ខ្មែរក្រហម​យ៉ាងច្រើន​បំផុត​បាន​រៀបរាប់​ថា​អៀង សារី ​គឺជា​មនុស្ស​ដែលមាន​ការជាប់​ពាក់​ព័ន្ធ​នឹង​ការទទួល​ខុស​ត្រូវ​គន្លឹះ​ម្នាក់​ក្នុង​របប​ខ្មែរក្រហម។

«គាត់​ជា​មេដឹកនាំ​ម្នាក់​ជា​អ្នកចូលរួម​បង្កើត​គោលនយោបាយ ​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​និស្សិត​បញ្ញាវ័ន្ត​ដែល​ត្រឡ​ប់​មកវិញ ​ក្រោយមក​ត្រូវបាន​ម្ចាស់ខ្លួន​ហ្នឹង​សម្លាប់​ចោល។ និយាយ​ទៅ ​គាត់​មាន​តួនាទី​សំខាន់​ព្រោះ​គាត់​ជា​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​រប​ប​ហ្នឹង»។

អៀង សារី ​កើត​នៅ​ថ្ងៃទី២៤​ខែតុលា​ឆ្នាំ១៩២៥ ​ក្នុងភូមិ​លឿង​វ៉ា ​ខេត្ត​ត្រាវិញ ​ដែនដី​កម្ពុជា​ក្រោម។ មានឈ្មោះ​ដើម​គឹម ត្រាង ​ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​អៀង សារី ​វិញ​នៅពេល​ដែល​គាត់​បាន​ចូលមក​រស់នៅ​ជាមួយ​ពូ​ម្នាក់​របស់​គាត់​នៅ​ខេត្តស្វាយរៀង​នៅ​អាយុ១៥ឆ្នាំ។

ជា​អតីត​សិស្ស​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ ​អៀង សារី ​ក៏ដូចជា​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួនទៀត​ដែរ​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង។ គឺ​នៅ​ទីនោះ​ហើយ​ដែល​អៀង សារី ​បាន​ជួប​ជាមួយ​ប៉ុល ពត ​ក្រោយមក​បានក្លាយ​ទៅជា​មេ​ស្ថាបនិក​នៃ​របប​ខ្មែរក្រហម​និង​ជា​បងថ្លៃ​របស់គាត់​ហើយ​នៅក្នុងពេល​នោះ​ដែរ​គាត់​ក៏បាន​ជួប​ជាមួយ​នឹង​ខៀវ សំផន​និង​បាន​ចូល​ចលនា​តស៊ូ​ក្នុង​ព្រៃម៉ាគី​នៅ​ឆ្នាំ១៩៦៣​បន្ទាប់មក​បាន​ផ្តួលរំលំ​របប​គ្រប់គ្រង​របស់​លោក​សេនាប្រមុខ​លន់ នល់ ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

បន្ទាប់ពី​ពួក​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី១៧​ខែមេសា​ឆ្នាំ១៩៧៥ ​អៀង សារី ​បាន​ដើរតួនាទី​យ៉ាងសំខាន់​គឺ​ប្រមូល​បញ្ញាជន​ខ្មែរ​នៅ​បរទេស​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្រោម​ការឃោសនា​ថា​ឲ្យ​មកជួយ​កសាង​ប្រទេសជាតិ​ឡើងវិញ​ហើយ​បញ្ញាជន​ភាគច្រើន​ត្រូវបាន​ចាប់ខ្លួន​និង​សម្លាប់​ចោល។
យ៉ាងណាក៏ដោយ​ក្នុងអំឡុង​ការកាត់ទោស​អៀង សារី ​ក៏ដូចជា​ជនជាប់ចោទ​ដទៃទៀត​ដែរ ​មិនដែល​បាន​សារភាព​ពី​ការជាប់​ពាក់​ព័ន្ធ​នឹង​ការទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ក្រោម​ការគ្រប់គ្រង​របស់​ពួកខ្លួន​ទេ។

លោក ឆាំង យុ ​មាន​ប្រសាសន៍​ថា​ អៀង សារី ​គឺជា​អ្នកទទួល​ខុសត្រូវ​ម្នាក់​ចំពោះមុខ​ប្រវត្តិសាស្ត្រ​កម្ពុជា។

«នៅក្នុងនាម​ជា​មេដឹកនាំ​ជាន់ខ្ពស់ ​ច្បាស់​ណាស់​ដែល​គាត់​បានដឹង​អំពី​ការចាប់ខ្លួន ​ការសម្លាប់​នៅក្នុង​ឋានៈ​គាត់​ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ ​ជា​អ្នកចូលរួម​បង្កើត​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​ហ្នឹង វា​ច្បាស់​ថា​គាត់​ត្រូវមាន​ការទទួល​ខុសត្រូវ ​នៅ​ចំពោះមុខ​ប្រវត្តិសាស្ត្រ។ អីចឹ​ង​បើទោះបីជា​គាត់​ស្លាប់​ទៅ​ដោយ​គ្មាន​ការវិនិច្ឆ័យ ​ប្រវត្តិសាស្ត្រ​បាន​វិនិច្ឆ័យ​គាត់​រួចហើយ»។

អៀង សារី ​បាន​ភៀសខ្លួន​ទៅកាន់​ព្រំដែន​កម្ពុជា​ថៃ​ក្រោយពី​ការចូល​លុកលុយ​របស់​កង​ទ័ព​វៀតណាម​នៅ​ខែមករា​ឆ្នាំ១៩៧៩​ហើយ​បាន​បន្តការងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​បរទេស​របស់​ពួក​ខ្មែរក្រហម​ដដែល។

គាត់ ​បាន​ផ្ទេរ​ការទទួលខុសត្រូវ​ទៅ​ឲ្យ​ខៀវ សំផន ​បន្ទាប់ពី​បង្កើត​រដ្ឋាភិបាលចំរុះ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ១៩៨២។

ដោយ​អស់​ជំនួយ​ពី​ប្រទេស​ចិន​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រីស ខែតុលា​ឆ្នាំ១៩៩១ ​អៀង សារី​ និង​មេទ័ព​ខ្មែរក្រហម​ពីរ​នាក់​ទៀត​គឺ​ សុខ ភាព ​និង​ អ៊ី ឈាន ​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ នៅ​ខែសីហា ​ឆ្នាំ១៩៩៦ ​ដោយបាន​នាំមក​ជាមួយ​នូវ​កង​កម្លាំងយោធា​រាប់ពាន់នាក់​ហើយ​ត្រូវបាន​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហនុ​ដោយសារតែ​តុលាការ​សម័យ​រដ្ឋ​កម្ពុជា​បាន​កាត់ទោស​ប្រហារជីវិត​រូបគាត់​ដោយ​កំបាំងមុខ​នៅ​ឆ្នាំ១៩៧៩។

ការចុះ​ចូល​នេះ​ធ្វើឡើង​ពីរ​ឆ្នាំមុន​ការចុះ​ចូល​របស់​នួន ជា ​អតីត​ប្រធានសភា​ខ្មែរក្រហម​និង​ខៀវ សំផន​នៅ​តំបន់​អន្លង់វែង។

បន្ទាប់មក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបី​មាន​ទីលំនៅរៀងៗ​ខ្លួន​ក្នុង​ក្រុងប៉ៃលិន។

ក្នុង​ដំណើរការ​កាត់ទោស​អៀង សារី ​បដិសេធ​ឆ្លើយ​នឹង​សំណួរ​គ្រប់យ៉ាង​ដោយ​ទុក​ឲ្យ​សហ​មេធាវី​របស់ខ្លួន​គឺ​លោក​អាង ឧត្តម​និង​លោក​ម៉ា​យ​ឃើ​ល ខា​ណា​វ៉ាស​ឆ្លើយ​ជំនួស។
លោក​អៀង​ សារី​បាន​ប្រាប់​ដល់​អង្គ​ជំនុំ​ជម្រះ​នាពេល​នោះ​ថា៖

«ខ្ញុំ​បាន​សូម​ប្រើប្រាស់​សិទ្ធិ​របស់ខ្ញុំ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​រក្សា​សិទ្ធិ​នៅ​ស្ងៀម​មិន​ឆ្លើយ​នឹង​សំនួរ​ទាំងឡាយ​នា​ពេលនេះ។ ខ្ញុំ​បាន​មានបំណង​ប្រើប្រាស់​សិទ្ធិ​នេះ​នៅក្នុង​ការជំនុំជម្រះ​ទាំងមូល​ហើយ​មិន​មាន​បំណង ​ឆ្លើយតប​នឹង​សំណួរ​ណាមួយ​ឡើយ។ សូម​អរគុណ!»។

លោក​ឆាំង យុ​មានប្រសាសន៍​ថា​ថ្វីបើ​អៀង សារី ​បាន​ស្លាប់បាត់​បង់ជីវិត​តែ​ដំណើរការ​របស់​តុលាការ​ត្រូវបាន​បំពេញ​រាប់​ចាប់តាំងពី​ការចាប់ខ្លួន​ជនសង្ស័យ ​ការឃុំខ្លួន​និង​កាត់ទោស​រួមទាំង​ការ​គាំពារ​ផ្នែក​សុខភាព​ជនជាប់ចោទ​រហូតដល់​ដំណាក់កាល​ចុងក្រោយ។
លោក​ឆាំង យុ​សន្និដ្ឋានថា​នីតិ​វិធី​ទាំងនេះ​នឹង​ស្ថិតនៅ​ជា​កេរដំណែល​នៃ​ការកាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG