ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖
ភ្នំពេញ៖
មន្ត្រីជាន់ខ្ពស់សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា ករណីដោះលែងជនជាប់ចោទអៀង ធីរិទ្ធឲ្យនៅក្រៅឃុំ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។
លោកឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា ការដាក់បញ្ចូលការដោះលែងគឺដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ថែមទៀតពីការវិវត្តនៃដំណើរការកាត់ទោស។ អៀង ធីរិទ្ធ ស្ត្រីទីមួយក្នុងរបបខ្មែរក្រហម និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនកាលពីថ្ងៃទី១៦ ខែកញ្ញា ដោយសារជនជាប់ចោទវ័យ៨០ឆ្នាំរូបនេះមានជំងឺវង្វេងវង្វាន់ និងបាត់ការចងចាំ។
លោកឌឹម សុវណ្ណារ៉ុមបន្តថា សាលាក្តីបានរៀបចំជាសំណួរចម្លើយស្តីពីមូលហេតុនៃការដោះលែងអតីតមេដឹកនាំខ្មែរក្រហមរូបនេះ។ សាលាក្តីបានចុះទៅផ្សព្វផ្សាយព័ត៌មានពីករណីអៀង ធីរិទ្ធជាលើកដំបូងដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។
«យើងពន្យល់សាធារណជន ថាតើមកពីមូលហេតុអ្វី ទាក់ទងនឹងរឿងអ្នកស្រីអៀង ធីរិទ្ធ។ ទី២តើការដោះលែងអ្នកស្រីអៀង ធីរិទ្ធសំអាងទៅលើអ្វី។ យើងបានធ្វើជាសំណួរចម្លើយ ហើយមន្ត្រីកិច្ចការសារធារណៈបានរៀបចំជាបីភាសា ភាសាខ្មែរ អង់គ្លេស និងបារាំង ដើម្បីឲ្យសាធារណជនយល់ដឹងពីដំណើរការសាលាក្តីខ្មែរក្រហម ហើយដំណើរការស្វែងរកការណ៍ពិតហ្នឹងប្រព្រឹត្តទៅដូចម្តេច?»។
អៀង ធីរិទ្ធត្រូវបានតុលាការខ្មែរក្រហមចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០០៧ ក្នុងទីក្រុងភ្នំពេញជាមួយប្តីរបស់គាត់អៀង សារី ដោយចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។
ការចេញសេចក្តីពន្យល់របស់សាលាក្តីខ្មែរក្រហមទាក់ទងនឹងករណីអៀង ធីរិទ្ធនេះធ្វើឡើងស្របពេលដែលជនរងគ្រោះនៃរបបខ្មែរក្រហមហាក់ដូចជាមិនទាន់ស្ងប់ចិត្តចំពោះការដោះលែងនេះនៅឡើយ។
លោកឥន្ទ វុទ្ធី ជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីចំនួនជិត៤០០០នាក់ក្នុងសំណុំរឿង០០២និយាយថា លោកមិនអាចទទួលយកសេចក្ដីសម្រេចរបស់ខ្មែរក្រហមបានឡើយ។
«ខ្ញុំយល់ខ្ញុំដឹងថា អៀង ធីរិទ្ធហ្នឹង ស្មារតីរបស់គាត់អត់ល្អ បានន័យថា គាត់ឆ្លើយមិនកើត។ ក៏ប៉ុន្តែកើតមិនកើត ចង់យកគាត់ទៅព្យាបាលនៅឯណាក៏ដោយ ប៉ុន្តែកុំឲ្យមានពាក្យថា ដោះលែង ពីព្រោះពាក្យថា ដោះលែងនេះ វាធ្វើឲ្យខ្ញុំមានការឈឺចាប់ខ្លាំងណាស់។ សម្លាប់ជាង១លាន់នាក់ ហើយមកដោះលែង។ ពាក្យដោះលែងនេះ វាឈឺ វាឈឺចាប់ណាស់»។
ក៏ប៉ុន្តែលោកឌឹម សុវណ្ណារ៉ុម មន្ត្រីកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបញ្ជាក់ថា ការសម្រេចឲ្យអ្នកស្រីអៀង ធីរិទ្ធនៅក្រៅឃុំគឺយោងតាមការការយល់ស្របរបស់ចៅក្រមភាគច្រើន និងដោយឈរលើគោលការណ៍ច្បាប់។
«តុលាការដោះលែងហ្នឹង ដោយផ្អែកលើរបាយការណ៍របស់វេជ្ជបណ្ឌិត ដែលវាឆ្លុះបញ្ជាំងថា អ្នកស្រីអៀង ធីរិទ្ធពុំមានកាយសម្បទាគ្រប់គ្រាន់គឺមានការវង្វេងវង្វាន់។ ហើយការសម្រេចហ្នឹងទៀតគឺសម្រេចដោយមតិភាគច្រើនលើសលុបដែលមានទាំងចៅក្រមជាតិ និងអន្តរជាតិ»។
លោកឆាំង យុគ នាយកមជ្ឍមណ្ឌលឯកសារកម្ពុជា DC-CAM ប្រាប់ឲ្យដឹងដែរថា ការចុះពន្យល់ដល់ប្រជាពលរដ្ឋអំពីការវិវត្តចុងក្រោយរបស់សាលាក្ដីគឺជាប្រការសំខាន់។
«ខ្ញុំគិតថា វាមានសារៈសំខាន់ ដោយហេតុថា ពេលដែលកាត់ក្តីហ្នឹងមានតែ ដើមបណ្តឹងរដ្ឋប្បវេណីទេ។ ដូច្នោះគាត់យល់ពីដំណើរការ ហើយប្រតិកម្មរបស់គាត់ទៅនឹងតុលាការក៏ខុសគ្នាដែរ។ ហើយការផ្សព្វផ្សាយហ្នឹងមានសារៈសំខាន់ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីដំណើរការរបស់តុលាការ»។
លោកស្រីក្លែ ដាហ្វ៊ី នៃអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសេរី (OSJI) ដែលឃ្លាំមើលតុលាការ យល់ឃើញដូចគ្នានេះដែរ។
«ខ្ញុំគិតថា ប្រសិនបើមិនមានការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដោយរលូនទេនោះ ប្រជាពលរដ្ឋអាចនឹងយល់ច្រឡំថា ការដោះលែងនោះគឺជាបរាជ័យរបស់តុលាការខ្មែរក្រហម។ តែបើតាមការណ៍ពិតទៅ អ្វីៗគឺប្រព្រឹត្តទៅតាមប្រព័ន្ធច្បាស់របស់តុលាការ»។
លោកស្រីក្លែ ដាហ្វ៊ី អះអាងថា នេះគឺជាសញ្ញាគម្រូមួយសម្រាប់តុលាការកម្ពុជា។
«វាបានបង្ហាញអំពីសញ្ញាល្អរបស់ប្រព័ន្ធច្បាប់តុលាការក្នុងប្រទេសកម្ពុជា។ វាមានសារៈសំខាន់ ដែលតុលាការមិនកាត់ក្តីមនុស្សដែលមិនមានសតិអារម្មណ៍គ្រប់គ្រាន់»។
ក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃនៃការកាន់អំណាចរបស់ពួកខ្មែរក្រហម គិតពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ មានប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់១,៧ លាននាក់ស្លាប់ ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ និងជំងឺជាដើម។
មេដឹកនាំកំពូលនៃរបបនេះចំនួនបួននាក់ត្រូវចាប់ខ្លួនមកកាត់ទោសក្នុងសំណុំរឿង០០២ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់គឺឌុច អតីតប្រធានមន្ទីរស២១ ឬគុកទួលស្លែង ត្រូវបានកាត់ទោសក្នុងសំណុំរឿង០០១។ កាំង ហ្គិចអ៊ាវ ហៅឌុច ត្រូវជាប់ពន្ធនាគារអស់មួយជីវិត កាលពីដើមឆ្នាំ២០១២នេះ។
ការដោះលែងអៀង ធីរិទ្ធបានធ្វើឲ្យជនជាប់ចោទក្នុងសំណុំរឿង០០២នៅសល់តែបីនាក់ប៉ុណ្ណោះគឺលោកនួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ លោកខៀវ សំផន អតីតប្រមុខរដ្ឋ និងលោកអៀង សារី ជាអតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស៕