វ៉ាស៊ីនតោន៖ អៀង ធីរិទ្ធអតីតរដ្ឋមន្ត្រីសង្គមកិច្ចខ្មែរក្រហមត្រូវបានតុលាការដោះលែងកាលពីថ្ងៃអាទិត្យឱ្យនៅក្រៅឃុំដោយភ្ជាប់លក្ខខណ្ឌបណ្តោះ អាសន្នមួយចំនួនតូចគឺការមិនអនុញ្ញាតឱ្យចេញពីប្រទេសកម្ពុជា។
ស្ត្រីរូបនេះត្រូវបានក្រុមគ្រូពេទ្យរកឃើញថា «មិនមានសម្បទាខាងបញ្ញាស្មារតីគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងសវនាការ» ហើយអាចនឹងវិវត្តន៍ទៅកើតជំងឺវង្វេងរង្វាន់បាត់បង់ការចងចាំដែលជាជំងឺមួយអាចស្លាប់បាន។
សេចក្តីរាយការណ៍នានាបញ្ជាក់ថា អៀង ធីរិទ្ធមានការភ្លេចភ្លាំង។ គាត់មិនដឹងអ្វីនៅពេលដែលសាកសួរដែលសូម្បីតែសំណួរថាតើប្តីគាត់ជាអ្នកណា។ ហើយមានពេលខ្លះគាត់បានបន្ទោបង់ទឹកមូតនៅកន្លែងដេកដោយមិនដឹងខ្លួន។
សំណួរនៅត្រង់ថានៅពេលដែលអតីតស្រ្តីទីមួយរូបនេះត្រូវបានគេដោះលែងចេញពីមន្ទីរឃុំឃាំងតើគាត់នឹងទទួលបានការព្យាបាលបែបណាវិញជាពិសេសនៅពេលដែលខាងព្រះរាជអាជ្ញាបានស្នើសុំឱ្យមានភ្ជាប់លក្ខខណ្ឌមួយចំនួនក្នុងនោះមានដូចជាការត្រូវទទួលបានសេវាតាមដានសុខភាពពីគ្រូពេទ្យ។
លោកឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់ថាវាជាបញ្ហាសិទ្ធិមនុស្សមួយដែរដែលអៀង ធីរិទ្ធត្រូវទទួលសេវាថែទាំសុខភាពប្រសិនបើគាត់ពិតជាឈឺមែន៖
«ការដោះលែងគាត់នេះវាបង្កើតទៅ ជាសំណួរមួយទៀតដោយសារតែ មានលក្ខខណ្ឌនេះថាតើត្រូវយកគាត់ទៅ ព្យាបាលកន្លែងណាដោយសារតែនៅ ស្រុកយើងគ្មានមន្ទីរព្យាបាលឱ្យត្រូវនឹងស្តង់ដាអន្តរជាតិនៅឡើយទេ។ អីចឹងប្រសិនបើដោះលែងគាត់វាបង្កើតសំណួរមួយទៀតថាវាត្រូវទៅតាមស្តង់ដា។ មនុស្សឈឺយើងត្រូវតែព្យាបាលគឺយើងមិនធ្វើដូចសម័យខ្មែរក្រហមបើឈឺក្បាលពេលទៅ ជួបពេទ្យខ្មែរក្រហម ថាបើចង់ឱ្យបាត់ឈឺក្បាលទាល់តែកាត់ក្បាលចោលក៏មិនមែនអញ្ចឹងដែរ។ អីចឹងគាត់ត្រូវតែទទួលបានការថែរក្សា»។
អង្គជំនុំជម្រះរកឃើញថាស្ថានភាពជំងឺរបស់អៀងធីរិទ្ធមិនអាចនឹងជាវិញបានទេហើយត្រូវ
ដោះលែងឱ្យនៅក្រៅមន្ទីរឃុំឃាំងប៉ុន្តែបញ្ជាក់ថានេះមិនមែនជាការសម្រេចថាជនជាប់ចោទនេះរួចផុតមិនមានទោសពៃរ៍និងរួចផុតការចោទប្រកាន់ទេ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានសម្ភាសជាមួយនឹងដើមបណ្តឹងរដ្ឋប្បវេណីជាច្រើននាក់ទាក់ទងនឹងប្រតិកម្មរបស់ពួកគេលើការដោះលែងនេះហើយក្នុងឯកសារដែលបានចែកចាយដល់បណ្តាញសារព័ត៌មានមានអ្នកខ្លះខិតខំលើកយកផ្លូវច្បាប់និងផ្លូវធម៌មកនិយាយសំអាងដើម្បីលួងចិត្តរបស់គេទល់នឹងអារម្មណ៍ខកចិត្ត។ ប៉ុន្តែសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីខ្លះដូចជាលោក លី ផាត និងលោកម៉ុម ម៉េតជាគ្រូបង្រៀនមិនមានការសប្បាយរីករាយទេដោយចាត់ទុកថាអៀង ធីរិទ្ធគ្រាន់តែធ្វើពុតដើម្បី ជៀសវាងមិនឆ្លើយទទួលខុសត្រូវចំពោះតួរនាទីរបស់គាត់ក្នុងរបបខ្មែរក្រហមប៉ុណ្ណោះ។
ក្នុងខណៈពេលដែលជនរងគ្រោះនៅសម្តែងការមិនពេញចិត្តដោយបង្ហាញការសង្ស័យមិនអស់មិនហើយពីស្ថានភាពអៀងធីរិទ្ធប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺជនជាប់ចោទរូបនេះនឹងបន្តទទួលបានការព្យាបាលនិងសេវាសុខភាពល្អជាងជនរងគ្រោះខ្លះដែលរបបគាត់ធ្លាប់ធ្វើបាប។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថាសាលាក្តីនឹងនៅ បន្តទទួលខុសត្រូវចំពោះសេវាសុខភាពរបស់អៀងធីរិទ្ធដដែល៖
«ក្នុងករណីរបស់លោកស្រីអៀង ធីរិទ្ធត្រូវបានតុលាការហាមឃាត់មិនឱ្យចាកចេញទៅខាងក្រៅព្រំប្រទល់នៃប្រទេសកម្ពុជា អីចឹងក៏ដកលិខិតឆ្លងដែននិងលិខិតធ្វើដំណើរផ្សេងៗដូច្នេះហើយគាត់មិនអាចទៅខាងក្រៅប្រទេសបានទេ។ អីចឹងជាគោលការណ៍អង្គជំនុំជម្រះលោកនឹងអញ្ជើញក្រុមគ្រូពេទ្យនិងអ្នកជំនាញដែលល្បីៗនៅ ក្នុងពិភពលោកមកប្រទេសកម្ពុជាដូចដែលអ្វី ដែលយើងបានធ្វើនៅក្នុងស្ថានភាពវាយតម្លៃសុខភាពលោកស្រីអៀងធីរិទ្ធនិងបញ្ញាស្មារតីរបស់គាត់នាពេលកន្លងមក»។
យ៉ាងណាក៏ដោយលោកស្រីវេជ្ជបណ្ឌិតចក់ ធីតា ឯកទេសខាងជំងឺវិកលចរិកដែលបានត្រួតពិនិត្យអៀង ធីរិទ្ធធ្លាប់បានអះអាងប្រាប់តុលាការថាជនជាប់ចោទរូបនេះមិនទាន់ធ្លាក់ខ្លួនដល់ថ្នាក់ជាមនុស្សឆ្កួតនៅឡើយទេ។
«សំខាន់នោះ គ្រាន់តែបញ្ជាក់ថាលោកស្រីអៀង ធីរិទ្ធមិនមានជំងឺវិកលចរិក»។
រីឯក្រុមគ្រូពេទ្យបរទេសដែលចាត់តាំងដោយតុលាការខ្មែរក្រហមយល់ថាអៀងធីរិទ្ធពិតជាឈឺមែនហើយមានរឿងជាច្រើនដែលពួកគេជឿថាជនជាប់ចោទរូបនេះពិបាកនឹងធ្វើពុតណាស់។
លោកវេជ្ជបណ្ឌិត Seena Fazel បានបញ្ជាក់ក្នុងពេលកន្លងទៅថា«វាជាការលំបាកខ្លាំងណាស់ក្នុងលាក់ពុតក្នុងបញ្ហាអនាម័យផ្ទាល់ខ្លួនក្នុងនោះមានដូចជាការបន្ទោបង់ទឹកនោមដោយមិនដឹងខ្លួននិងការធ្វើមិនអើពើក្រោយពេលបន្ទោបង់ហើយ»ជាដើម៕