ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដោះលែង​អៀង ធីរិទ្ធ​ជា​ការ​កកាយ​របួស​ផ្លូវ​ចិត្ត​ដែល​បាន​ស្ងប់​ខ្លះ​ហើយ


បុរស​ម្នាក់​កាន់​ខិត្តប័ណ្ណ​ព័ត៌មាន​អំពី​មេដឹកនាំ​ជាន់ខ្ពស់ខ្មែរក្រហម​បួនរូបគឺ នួន ជា ខៀវ សំផន អៀង សារី និង​អៀង ធិរិទ្ធ។
បុរស​ម្នាក់​កាន់​ខិត្តប័ណ្ណ​ព័ត៌មាន​អំពី​មេដឹកនាំ​ជាន់ខ្ពស់ខ្មែរក្រហម​បួនរូបគឺ នួន ជា ខៀវ សំផន អៀង សារី និង​អៀង ធិរិទ្ធ។
វ៉ាស៊ីនតោន៖ អតីត​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ខ្មែរ​ក្រហម អៀង ធីរិទ្ធ​បានទទួលបាន​សេរីភាព​ក្រៅ​តុលាការ​ខ្មែរ​ក្រហមក្រោយ​ពី​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​នេះ​មិន​បាន​ជំទាស់​នឹង​ការ​សម្រេច​ដោះលែងរបស់អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ក្រៅ​តែ​ពី​ស្នើ​សុំ​ឱ្យ​បន្ថែម​លក្ខខណ្ឌ​មួយ​ចំនួន​ប៉ុណ្ណោះ។

នេះ​ជា​ជោគ​ជ័យ​មួយ​សម្រាប់​ក្រុម​មេធាវី​ការពារស្រ្តី​ដែល​គេ​ដឹង​គ្រប់​គ្នា​ថា​ជា​«ស្រ្តី​ទីមួយ»ក្នុង​របបខ្មែរក្រហមដោយ​សារ​តែ​ពួកគេ​មិន​បាន​ជំទាស់​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលា​ដំបូង​ក្នុង​ការ​ដោះលែង​បើ​ទោះ​បី​ជា​នៅ​រក្សា​ថា​«សេចក្តី​សម្រេច​ដែល​ថា​ជន​ជាប់ចោទមិន​មាន​សម្បទាខាងបញ្ញា​ស្មារតី​គ្រប់​គ្រាន់​ក្នុង​ការ​ចូលរួមសវនាការ​នេះ​ មិនមែន​ជា​ការ​សម្រេច​សេចក្តី អំពី​អត្ថិភាព​ឬ​នត្ថិភាព​នៃ​ពិរុទ្ធ​ភាព​របស់​ជន​ជាប់​ចោទ​អៀង​ ធីរិទ្ធ​នោះ ឡើយ​ហើយ​ក៏ មិន​មាន​អានុភាព​ដក​ការ​ចោទ​ប្រកាន់​នានា​ចេញ​ពី​ជន​ជាប់​ចោទ​រូបនេះ​ដែរ»។

អៀង ធីរិទ្ធ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្មប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ព្រមទាំង​ការ​ធ្វើ​មនុស្ស​ឃាត​។​

ហេតុផល​សុខភាព​គឺ​ជា​កត្តា​ចម្បង​តែមួយ​គត់​ដែល​អនុញ្ញាត​ឱ្យ​លោកស្រី​អៀង ធីរិទ្ធ​ត្រូវ​រួចផុត​ពី​ការ ​ត្រូវ​បន្ត​ឈរ​មុខ​ក្រចក​សេះ​ដើម្បី​បំភ្លឺ​ពី​តួរនាទី​របស់​គាត់​ក្នុង​របប​ខ្មែរ​ក្រហម​ ៣ ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​១,៧​លាន​នាក់។ ​សម្រាប់​អ្នក​ចូលរួម​សវនាការ​ផ្ទាល់​និង​តាម​ដានតាម​កញ្ចក់ទូរទស្សន៍​វា​ជា​ការ​បញ្ចប់​រូបភាព​ទះតុ​គំហក​និង​ស្រែក​ចោទដាក់«នួន​ជា»​ថា​ជា​មេគំនិត​សម្លាប់​មនុស្ស​ទៀត​ហើយ។

ប៉ុន្តែ​ សម្រែក​ទាម​ទារ​យុត្តិធម៌​របស់​ជន​រងគ្រោះ​នៅ​បន្ត។ លោក​ជុំ​ ម៉ី ជន​រងគ្រោះ ម្នាក់​បាន​យល់ថាវា​ជា​ការ​ជះ​គំរូ​អាក្រក់​ហើយ​ជាការ​បើក​ស្នាម​របួស​ឱ្យ​កាន់​តែ​ធំ​ជាង​មុន​៖​
«អត់​សមហេតុ​សម ផល​ទេ។ វាអត់​មាន​យុត្តិធម៌​។ គាត់​ធ្វើ​ពុត​ទេ។ កាលពី​គាត់ចូល​កាល​មុន​ទះតុ​ចង់​បែក​តុ​តុលាការ​។ តែ​ដល់​ដោះ​លែង​អៀង​ធីរិទ្ធ​ ប៉ុន្មាន​នាក់​នោះ​ក៏​គេ​សុំ​ដោះ​លែង​ដែរ»។
លោក​ជុំ​ ម៉ី

សម្រាប់​អ្នក​ស្រាវជ្រាវ​ដ៏​ល្បី​ពី​របប​ខ្មែរក្រហម​គឺ​លោក​ឆាង យុនាយក​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​បើ​ទោះបី​ជា​លោក​បាន​មើល​ដឹង​ជាមុនពី​ទំនោ​នៃ​ការ​វិវត្តន៍​ទៅ​រក​លទ្ធផល​ដូច​នេះ​ក្នុង​រឿង​ក្តី​មួយ​នេះ​ក៏​លោក​នៅ សម្តែង​ការ​ភ្ញាក់​ផ្អើល​ហើយ​ចាត់​ទុក​ថា​នេះ​គឺ​ជាការ​ចាប់​ផ្តើម​មួយ​សម្រាប់​ដំណើរ​ដែល​មាន​ផ្លូវ​ឆ្ងាយ​តទៅ​មុខ​ទៀតសម្រាប់​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ​។

«ជាមេរៀន​ដ៏​លំបាក​ដែល​យើ​ង​នឹង​ទទួល​យក​ប៉ុន្តែ​វា​ជាការ​ពិត​ហើយ​ខ្ញុំ​គិត​ថា​វា​ជៀស​មិនផុត​ពី​អារម្មណ៍​របស់​ជន​រងគ្រោះ​ដែល​គិត​ថា​នេះ​ជា​ភាព​អយុត្តិ​ធម៌​ដោយ​សារ​ថា​អ្វី​ដែល​គាត់​ឃើញ​ឧទាហរណ៍​ដូច​ជា​ថា​ការ​ថែ​រក្សា​ជំងឺ​របស់​អៀង​ធីរិទ្ធ​ដែល​មាន​កម្រិត​ខ្ពស់​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ស្តង់​ដា​អន្តរជាតិ​។ ចំពោះ​ពួកគាត់​ជា​ជន​រងគ្រោះ ហើយ​ភាគ​ច្រើន​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ហើយ​គ្មាន​ទាំង​លទ្ធភាព​ទៅ មន្ទីរ​ព្យា​បាល​ទៀត​ផង​។ អីចឹង​នេះ​គឺ​ជា​អារម្មណ៍​មួយ​ដែល​ជៀស​មិន​ផុត»។

លោក​ឆាង យុ​ ចាត់​ទុក​ថា​វា​ក៏​ជាការ​ដាស់ស្មារតី​មួយ​ដែរ​ដល់​អង្គការ​សហប្រជាជាតិ​ឱ្យ​ខិត​ខំ​ជំរុញ​ដំណើរ​ការ​សាលា​ក្តី​នេះ​ឱ្យ​ទៅ មុខ​ឱ្យ​កាន់​តែ​ឆាប់​ជៀស​វាង​ករណី​ស្រដៀងគ្នា​នេះ​កើត​ឡើង​បន្ត​ទៀត។

«នេះ​ជា​សារ​មួយ​ដែរ​ទៅដល់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ចេះ​តែ​ពន្យា​ពេល​ក្នុង​ការ​ដោះ ស្រាយ​បញ្ហា​យុត្តិធម៌​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជាយើង​។ វានឹង​ប៉ះពាល់​ដល់​អារម្មណ៍ ​ផ្លូវ​ចិត្តរបស់​ជន​រងគ្រោះ ​ក៏​ដូច​ជា​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ជាតិ​ដែរ​ហើយ​ខ្ញុំ​គិត​ថា​ការ​ផ្សះ​ផ្សារ​នេះ​វានឹង​ត្រូវ​ចំណាយ​ពេល​យូរ​ហើយ​វិធី​ច្រើន​ទៀត​ដែ​ល​អាច​ជួយ​ដល់​ការ​ផ្សះ​ផ្សារ​ដូច​ជា​ការ​បង្រៀន​តាម​សាលាក្តី​គឺ​ជា​វិធី​មួយ​ទប់​ទល់​នឹង​តុលាការ​ដែល​យើង​គិត​ថា​មិន​អាច​បំពេញ​យុត្តិ​ធម៌​ដ៏​ល្អ​អត់​ខ្ចោះ​មួយ​ប៉ុន្តែ​តុលាការ​គឺ​ជា​មូលដ្ឋាន​សំខាន់​ដើម្បី​បង្ក​ឱ្យ​មាន​យន្ត​ការ​សំខាន់​ផ្សេងៗ​ទៀត​ជួយ​ដល់​ការ​ផ្សះផ្សា​ដែរ»។

រដ្ឋាភិបាល​កម្ពុជា​ដែល​គេ​តែង​តែ​ចោទថាលូកដៃ​លូក​ជើង​ចូល​ក្នុង​ដំណើរ​ការ​តុលាការ​ទន្ទឹម​គ្នា​នឹង​ខិត​ខំ​បិទ​ទំព័រ​ខ្មៅ​មួយ​ដែល​ប្រទេស​នេះ​ជួប​ប្រទះ​និង​នាំ​ឱ្យ​អាម៉ាស់​មុខ​លើ​ឆាក​អន្តរជាតិ​បាន​នៅ​ស្ងៀម​មិន​មាន​ប្រតិកម្ម​អ្វី​ទេ។ ​

លោក​ផៃ​ស៊ីផាន​រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា៖​

«នៅក្នុង​ករណី​នេះ​ជា​ករណី​របស់​តុលាការសុទ្ធ​សាធ​ ហើយ​នៅ​ក្នុ​ងករណី លោកស្រី​អៀង​ធីរិទ្ធ​គឺ​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​តុលាការ​ដែល​យើង​ហៅ​ថា​ជា​តុលាការ​ខ្មែរ​ក្រហម​រាជ​រដ្ឋាភិបាល​គ្មាន​អ្វី​ក្រៅ​ពី​គោរព​សេចក្តី សម្រេច​ឬ​ក៏​ចាត់​វិធាន​ការ​តាម​តម្រូវ​ការ​របស់​តុលាការ​វិនិច្ឆ័យ​ក្តី​ខ្មែរ​ក្រហម​នេះ​គឺ​គ្មាន​អ្វី​ក្រៅពី​ហ្នឹង​ទេ»។ ​

សាលាក្តី​ខ្មែរ​ក្រហម​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ជាងមុន​ដើម្បី​ពន្យល់​ពលរដ្ឋ​កម្ពុជា​អំពី​ការ​សម្រេច​ចិត្ត​នេះ​នឹង​ការប្តេជ្ញា​របស់​គេ​ក្នុង​ការ​បិទភ្ជិត​ដំបៅផ្លូវ​ចិត្ត​ដែល​រឿង​ក្តី មួយ​នេះ​បាន​បង្ក​ឱ្យ​មាន​ជាថ្មី។

លោក​នេត ភក្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី បាន​បញ្ជាក់​បា្រប់​វីអូអេ​ថា៖

«យើង​ឃើញ​ថា​ការដោះ លែង​លោកស្រី​អៀង ធីរិទ្ធ​នេះ​វា​ពិ​តជា​ធ្វើ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ជាពិសេស​បងប្អូន​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​គាត់​មាន​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​បញ្ហា​នេះ​ក៏ ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ថា​នេះ​គឺ​ជា​ការ​សម្រេច​ខាងផ្នែក​តុលាការ​ដែល​កាលណា​តុលាការ​រកឃើញ​ថា​ជន​ជាប់​ចោទ​មិន​អាច​មាន​បញ្ញា​ស្មារតី​គ្រប់​គ្រាន់​ល្មម​នៅ​ក្នុង​ដំណើរ​ការ​បាន​គឺ​នៅ​ក្នុង​គោល​ការណ៍​ច្បាប់​អន្តរជាតិ​និង​សិទ្ធិ​មនុស្ស​គឺ​គេមិន​អាច​ឃុំ​ខ្លួន​ទៅ​លើ​ជន​ដែល​គាត់មាន​ជំងឺ​វង្វេង​វង្វាន់​បាត់​ការ​ចង​ចាំ​ដូច​ករណី​លោកស្រី អៀង​ ធីរិទ្ធ​នេះ»។
ក្រុម​រដ្ឋ​អាជ្ញា​មាន​ពេល​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ប្រមូល​យក​ឯកសារដែល​អាច​តែ​នឹងគ្រប់​គ្រាន់ដើម្បី​សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​យល់​ស្រប​តាម​សំណើ​របស់​ខ្លួន​ដែល​សុំ​ឱ្យរក្សា​ទុក​ជន​ជាប់​ចោទ​អៀង​ធីរិទ្ធ​នៅ​ក្នុង​លំនៅដ្ឋាន​ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ការ​ដាក់​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ ហើយ​មាន​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​មាន​ដូច​ជា​ការ​ដក​ហូត​លិខិត​ឆ្លង​ដែន មាន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ដោយ​អាជ្ញា​ធរ​ឬ​មន្ត្រី ផ្លូវ​ការ​ដែល​ចាត់តាំង​ដោយ​តុលាការ ក្នុង​មួយ​សប្តាហ៍​ម្តង និង​តាម​ដាន​សុខភាព​រៀងរាល់​៦​ខែ​ម្តង​ជាដើម​ដែល​លក្ខខណ្ឌ​ទាំង​នេះ​អ្នក​ស្រាវជ្រាវ​ដូច​ជា​លោក​ឆាង​ យុ ចាត់​ទុក​ថា​ «​ជាការ​គួរ​ឱ្យ​ចាប់​អារម្មណ៍» ​ដែលសហព្រះរាជ​អាជ្ញា​ហាក់​ដូច​ជា​ជឿ​ទាំង​សងខាង​ព្រោះ ​ជា​ទូទៅ​សហព្រះរាជ​អាជ្ញា​គាត់​នៅ ​ខាង​ជន​រងគ្រោះ។
XS
SM
MD
LG