ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ទៅដល់​​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​លោក​សម រង្ស៊ី​​អំពាវនាវ​ឲ្យ​មាន​ជំនួប​កំពូល


អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​ច្រើន​ពាន់នាក់​ស្វាគមន៍​​លោក​សម រង្ស៊ីពី​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ស្នាក់​ការ​គណបក្ស​
អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​ច្រើន​ពាន់នាក់​ស្វាគមន៍​​លោក​សម រង្ស៊ីពី​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ស្នាក់​ការ​គណបក្ស​

ភ្នំពេញ - យ៉ាង​តិច​មាន​មនុស្ស​ជាច្រើន​រាប់​ពាន់នាក់​បាន​ទៅ​ស្វាគមន៍ ​និង​ហែ​ហម​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក្នុង​គម្រប់ខួប​មួយ​ឆ្នាំ​នៃ​ការ​វិលត្រឡប់មក​កាន់​មាតុ​ប្រទេស​វិញ។ ការ​ហែហម​នេះ​មាន​ពី​ព្រលាន​យន្តហោះ​ឆ្ពោះ​មក​កាន់​ទី​ស្នាក់​ការ​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​ក្រុង​ភ្នំពេញ។​

បន្ទាប់​ពី​បាន​ជាន់ជើង​ដល់ដី​ប្រទេស​កម្ពុជា​ភ្លាម ​លោក​សម រង្ស៊ី​បាន​ស្នើ​ឲ្យ​មាន​ជំនួប​កំពូល​ជាមួយ​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។​

ខណៈ​ពេល​ដែល​ក្បួន​ដង្ហែ​បាន​ឈប់​នៅ​ពី​មុខ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ លោក​សម រង្ស៊ី​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ថា​ ជម្រើស​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ចរចាដោយ​សន្តិវិធីទេ ពីព្រោះ​ភាគី​ម្ខាង​មាន​កង​កម្លាំងប្រដាប់​អាវុធ​ ដូច្នេះ​មាន​តែ​ការ​អង្គុយ​ជជែក​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ទេ​ ទើប​អាច​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​បាន។​

មាន​ប្រសាសន៍​ប្រាប់​ VOA​ សម្លេង​សហរដ្ឋ​អាមេរិក​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ បើ​ទោះបី​ជាពុំ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក៏​ដោយ ​ក៏​លោក​សម រង្ស៊ី​បញ្ជាក់​យ៉ាង​ខ្លី​ថា ​លោក​សង្ឃឹម​ថា​ នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​ឲ្យបាន​ឆាប់ៗ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​

លោក​និយាយ​ថា៖​ «សង្ឃឹម​ថា ​នឹង​មាន​ដំណោះ​ស្រាយ​រួម​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា។​ ដំណោះ​ស្រាយ​រួម​គឺ​ដោះ​លែង​អ្នក​ដែល​គេ​ចាប់​យក​ទៅ​ឃុំឃាំង»។​

លោក​ឈាង វ៉ុន ​សមាជិក​សភា​តំណាងរាស្ត្រ​ និង​ជា​សមាជិក​ក្រុម​ចរចាខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ស្វាគមន៍​សេចក្តី​ស្នើ​របស់​លោក​សម រង្ស៊ី​ដើម្បី​ឲ្យមាន​ជំនួប​កំពូល​នៃ​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ។ ​ក៏ប៉ុន្តែ​លោក​សួរ​ថា​ តើ​ជំនួប​កំពូល​លើក​ក្រោយ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ហ៊ាន​ធានា​ទេ ​រាល់​ការ​ចរចាអាច​ដំណើរ​ការ​ទៅ​បាន​ល្អ។

លោក​និយាយ​ថា៖​ «សប្បាយ​ចិត្ត​នៅ​ពេល​ឮ​ថា ​ចង់​ចរចាឡើង​វិញ។ ប៉ុន្តែ​គ្រាន់​ថា​ ម្តង​ទៀត​សុំ​ឲ្យស្មោះ​ត្រង់។ ​សំណួរទី​ពីរ​ ចង់​ចរចាចាមួយ​អ្នក​ណា​ ហើយ​អ្នកណា​មួយ​ជាអ្នក​សម្រេចនិង​មួយ​ទៀត​ចាប់​ផ្តើម​ពី​ត្រឹម​ណា​ ពីព្រោះ​ចរចាច្រើន​ណាស់​ហើយ»។​

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ នៅ​មិន​ទាន់​ដឹង​ថា​ នឹង​កំណត់​ជួប​ចរចាថ្នាក់​ដឹក​នាំ​កំពូល​នៅ​ពេល​ណា​ទេ។​ ​ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សម រង្ស៊ី​ ​លោក​បាន​ស្នើ​ឲ្យមាន​ជំនួប​កំពូល​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។​

របៀប​វារៈ​នៃ​ការ​ចរចាគឺ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ចៀសវាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​រូបភាព​និង​ដោះ​លែង​អ្នក​តំណាង​រាស្ត្រ​ សកម្មជន​គណបក្ស​ដែល​កំពុង​ជាប់​ឃុំ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សម រង្ស៊ី។

លោក​ឈាង វ៉ុន​បាន​បញ្ជាក់​ថា​ អ្នក​តំណាង​រាស្ត្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ជារឿង​របស់​តុលាការ។​ តែ​រាល់​ការ​សម្រេចយ៉ាង​ណា​នោះ​អាស្រ័យ​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​យើង​ធ្លាប់​ដឹង​កន្លង​មក។​

កាល​ពី​ឆ្នាំ​២០១៣​ នៅ​ពេល​ដែល​លោក​សម រង្ស៊ី​វិល​ចូល​មក​កាន់​មាតុប្រទេស​លើក​ដំបូង​នោះ​ មាន​មនុស្ស​ជាង​១លាន​នាក់​បាន​ទៅ​ស្វាគមន៍​លោក។ តែ​មួយ​ឆ្នាំ​ក្រោយ​មក​ចំនួន​នេះ​បាន​ថយចុះ​ជាង​មុន​ ក៏ប៉ុន្តែ​នៅ​តាម​មហាវិថី​ពីព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ​នៅ​តែ​មានការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ណែន​ណាន់​តាន់​តាប់។​

ក្រុម​អ្នក​គាំទ្រ​បាន​កាន់​ទង់​គណបក្ស​ ទង់​ព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រម​ទាំង​កាន់​រូប​ថត​អ្នក​តំណាង​រាស្ត្រ​ទាំង​៧​រូប​ និង​សកម្មជន​គណបក្ស​ដែល​កំពុង​ជាប់​ឃុំ​ឃាំង។​

ស្ត្រីម្នាក់​ដើរ​កណ្តាល​ហ្វូង​ដង្ហែ​បណ្តើរ​ស្រែក​ឲ្យដោះ​លែង​អ្នក​តំណាង​រាស្ត្រ​បណ្តើរ។​ អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ជុំគីរី​ ខេត្ត​កំពត។​

អ្នក​ស្រី​និយាយ​ថា៖​ «ខ្ញុំ​យល់​ថា ​អ្នក​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គឺ​វាកៀប​សង្កត់​អំពី​សិទ្ធិ​មនុស្ស​ដើម្បី​ឲ្យតំណាង​រាស្ត្រ​យើង​ហ្នឹង​ចូល​ប្រជុំ​សភា»។

ក្បួន​ដង្ហែ​ស្វាគមន៍​លោក​សម រង្ស៊ី​វិល​មកកាន់​មាតុ​ប្រទេស​លើក​នេះ​គ្មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំងមាន​សមត្ថកិច្ចទេ​គឺ​មាន​តែ​ប៉ូលិស​ជួយ​សម្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG