ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ សម រង្ស៊ី​ ជឿ​ថា ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពីក្រោយ​ការ​សម្លាប់លោក​កែម ឡី


នេះជា​រូប​ដែល​ត្រូ​វ​បាន​គេ​ចែក​ចាយ​ពេញ​ប្រព័ន្ធ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី មេដឹកនាំ​ គណបក្ស​ប្រឆាំង​លោក​សម​ រង្ស៊ីនិង​ នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនបាន​ថត​រូប​ជា​មួយ​គ្នា​ដើម្បី​បង្ហាញ​ពី វប្បធម៌បន្ទាប់​ពី កិច្ច​ពិភាក្សារវាង​គ្រួសារ​ទាំង​ពីរ​នៅសណ្ឋាគារ​ Cambodiana ទី​ក្រុង​ភ្នំ​ពេញ​ប្រទេស​កម្ពុជា។
នេះជា​រូប​ដែល​ត្រូ​វ​បាន​គេ​ចែក​ចាយ​ពេញ​ប្រព័ន្ធ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី មេដឹកនាំ​ គណបក្ស​ប្រឆាំង​លោក​សម​ រង្ស៊ីនិង​ នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនបាន​ថត​រូប​ជា​មួយ​គ្នា​ដើម្បី​បង្ហាញ​ពី វប្បធម៌បន្ទាប់​ពី កិច្ច​ពិភាក្សារវាង​គ្រួសារ​ទាំង​ពីរ​នៅសណ្ឋាគារ​ Cambodiana ទី​ក្រុង​ភ្នំ​ពេញ​ប្រទេស​កម្ពុជា។

លោក​ សម រង្ស៊ី​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ បាន​ប្រាប់​ VOA ​ថា​ លោកមាន​ជំនឿ​ថា រដ្ឋា​ភិបាល​កម្ពុជា ​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្មអ្នកវិភាគកែម ឡី ​បើ​ទោះបី​ជា​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានប្តឹង​លោក ​សម រង្ស៊ី​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ចំពោះ​ការ​លើកឡើង​នេះ​យ៉ាងណា​ក៏​ដោ​យ​។

តាម​រយៈ​សារ​អេឡិចត្រូ​និច​ លោក​បាន​បញ្ជាក់​ប្រាប់ ​VOA ​តាម​ន័យ​ដើម​ថា៖ «ខ្ញុំជឿថា​ រដ្ឋាភិបាល ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតករ ដែល​បាន​បាញ់​សម្លាប់​លោក បណ្ឌិត​កែម ឡី ដូច​ក្នុង​ករណី​ការ​គប់​គ្រាប់​បែក​ក្នុង​ឆ្នាំ​១៩៩៧ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៦​នាក់ និង​ដូច​ក្នុង​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា ក្នុង​ឆ្នាំ​២០០៤ និង​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ក្នុង​ឆ្នាំ​២០១២ អញ្ចឹង​ដែរ​។ ទាំងអស់​នេះ​ គឺជា​អំពើ​ភេរវកម្ម រៀបចំ​ដោយ​រដ្ឋ​អំណាច»។

ដោយ​មិន​បាន​បញ្ជាក់​ពី​ភស្តុតាង​ដែលនាំ​ឲ្យ​មាន​ការ​សង្ស័យនេះ លោក​ សម​ រង្ស៊ី​ លើកឡើងថាអ្នក​ដែល​ហ៊ាន​តិះ​ដៀល​រដ្ឋាភិបាល​ខ្លាំង​ជាង​គេ​ និង​អ្នក​នាំគ្រោះថ្នាក់​ដល់​រដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​ គឺ​ជា​មុខសញ្ញា​នៃការវាយ​ប្រហារ។​

នៅក្នុងសារ​អេឡិចត្រូ​និចដដែល លោក សម រង្ស៊ី​សរសេរ​ថា​៖ «ជំនឿ​របស់​ខ្ញុំ ឈរ​លើ​លក្ខណៈ​សម្គាល់​ដូចគ្នា ចំពោះ​ការ​ជ្រើសរើស​មុខ​សញ្ញា និង​ការ​ជ្រើសរើស​របៀប​បាញ់​សម្លាប់​ជន​រងគ្រោះ​។ ម្យ៉ាងវិញទៀត មានតែ​រដ្ឋាភិបាល​ទេ ដែល​មាន​មធ្យោបាយ និងមាន​លទ្ធភាព​ធ្វើការ​វាយ​ប្រហារ​បែប​នេះ ហើយរួច​ទៅបិទបាំង​ការ​ពិត និង​ធានា​ឲ្យ​មាន​និទណ្ឌភាព​ចំពោះ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​»។ ​

លោក​ សម​ រង្ស៊ី​ ចោទ​ជា​សំណួរថា​ បើ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​លោក សម​ រង្ស៊ី​ចោទ​បែប​នេះ​ ហេតុអ្វី បានជារដ្ឋាភិបាល ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដោយ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ និង​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​បាន។

ឆ្លើយ​តប​ទៅ​នឹងការ​ពន្យល់​បកស្រាយ​នេះ​ លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ចាក់​ប្រាប់​ VOA​ ថា​បើ​លោក​ សម​ រង្ស៊ីទទួល​ស្គាល់​អំពើ​របស់​លោក​ក្នុង​ការ​បរិហាកេរ្តិ៍​រដ្ឋាភិបាល​កម្ពុជា​ហើយ​នោះ​ លោក​ សម​ រង្ស៊ី​គួរ​តែ​ចូលខ្លួន​ត​ទល់​គ្នា​នឹង​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ឯ​តុលាការ​។

«ខ្ញុំ​ខ្លាច​ថាគាត់​ប្រកែកតា៎ តែ​បើ​គាត់​ទទួលស្គាល់​ទង្វើរបស់​គាត់​ហើយ គាត់ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ថា​អាហ្នឹង​ស្ថិត​ក្នុង​ការ​ទិតៀន​ ក្នុង​ន័យ​ស្ថាបនា​ ឬ​មួយ​ជា​ការ​បរិហារកេរ្តិ៍​ ឬ​ជា​ការ​លាបពណ៌​។ អាហ្នឹង​យើង​ទៅ​តទល់គ្នាតាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​ទៅ​»។​

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​អះអាង ​ការ​អធិប្បាយ​របស់​លោក សម រង្ស៊ី​ប្រធានគណបក្ស​ជំទាស់​ដែល​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​នេះ​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​លោក​។ ហើយ​ លោក ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ បាន​ប្តឹង​ទៅ​តុលាការ​ឲ្យ​ផ្តន្ទាទោស​លោក​ សម​ រង្ស៊ី​ តាម​ផ្លូវ​ច្បាប់ ​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០០​រៀល​។

លោក​កែម ឡី​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​មិន​សំចៃមាត់​ រង​ការ​បាញ់​សម្លាប់​ដោយ​ខ្មាន់​កំាភ្លើង​កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​៕

XS
SM
MD
LG