ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​ សែន​ហាម​អាមេរិក​មិន​ឲ្យ​លូក​ដៃ​ចូលក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​លើក​ដៃ​ចង្អុល​ ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជា​មួយ​​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអឺរ៉ុប​លើក​ទី១១ ​នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​លើក​ដៃ​ចង្អុល​ ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជា​មួយ​​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអឺរ៉ុប​លើក​ទី១១ ​នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​អំពាវ​នាវ​ ជាថ្មី​ម្តង​ទៀត​​ កុំ​ឲ្យ​​ប្រទេស​នានា​ ដូចជា​សហរដ្ឋ​​អាមេរិក​ជាដើម​ ​ជ្រៀត​ជ្រែក​ក្នុង​រឿង​នយោបាយ និង​កិច្ច​ការ​ផ្ទៃ​ក្នុង​​របស់​ប្រទេស​តូចៗ។​ លោក​​ អះអាង​ថា​ ការ​ជ្រៀត​ជ្រែក​ពី​សហរដ្ឋ​អាមេរិក​កន្លង​មក មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​មាន​ស្ថាន​ភាព​ប្រសើរឡើង​នោះ​ទេ​។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​អំពាវ​នាវ​ ជាថ្មី​ម្តង​ទៀត កុំ​ឲ្យប្រទេស​នានា​ ដូច​ជា​សហ​រដ្ឋអាមេរិក​ជាដើម​ ​ជ្រៀត​ជ្រែក​ក្នុង​រឿង​នយោបាយ និង​កិច្ច​ការ​ផ្ទៃ​ក្នុងរបស់​ប្រទេស​តូចៗ។​ លោក​អះអាង​ថា​ ការ​ជ្រៀត​ជ្រែក​ពី​សហរដ្ឋ​អាមេរិក​កន្លង​មក មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​មាន​ស្ថាន​ភាព​ប្រសើរឡើង​នោះ​ទេ​។

ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ក្នុងពិធី​ប្រគល់​រង្វាន់​ នៅវិមាន​សន្តិភាព​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​លើកឡើង​យ៉ាង​ដូច្នេះ​៖

​«ចូរក្រឡេក​មើល​ទៅ​មជ្ឈឹម​បូព៌ា បន្ទាប់​ពីការ​ជ្រៀតជ្រែក​របស់បរទេស​ បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​ ជា​ពិសេស​ដូចជា​នៅ​លីប៊ី​ នៅ​ស៊ីរី​ នៅ​យ៉េ​មែន នៅអេហ្ស៊ីប និង​អ៊ីរ៉ាក់​ ដែល​ផ្ដួល​រំលំ​សាដាម​ ហ៊ូស​សេន​ ដោយ​អាមេរិក​។ តើ​អ្នក​ទាំង​នោះ​បាន​ទទួល​សមិទ្ធផល​អ្វី​ទៅ ក្រោម​ហេតុផល​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ... បើ​មួយ​ថ្ងៃៗ​មនុស្ស​ស្លាប់​រាប់រយរាប់ពាន់​អញ្ចឹង​?»

លោក​សាដាម​ ហ៊ូសសេន​ អតីត​ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ាក់​ដែល​បាន​កាន់​អំណាច​ជាង​២ទសវត្សរ៍ ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ លោក​កំពុង​ផលិត​អាវុធ​ប្រល័យ​លោក និង​គាំទ្រ​អំពើ​ភេរវកម្ម​ ដែលបាន​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។ របប​លោក​សាដាម​ ហ៊ូសសេនត្រូវ​បានផ្តួល​រំលំ​ដោយ​សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០០៣​ ហើយ​លោក​សាដាម​ ហ៊ូស​សេន​ត្រូវ​បាន​កាត់​ទោស​ប្រហារជីវិត​ជា​ផ្លូវការ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងមនុស្ស​ជាតិ​នៅ​ឆ្នាំ២០០៤​។

លោក​អ៊ូ ​វីរៈ ​ប្រធាន​វេទិកា​អនាគត​ ​បាន​ឲ្យដឹង​ថា​ ​លោក​នាយករដ្ឋមន្ត្រីលើកឡើង​ដូច្នេះ​គឺដោយសារ​លោកមានក្តី​បារម្ភ​ថា​ អាមេរិកអាចនឹង​អនុវត្តគោល​នយោបាយ​ដូចគ្នា​នេះ​មក​កម្ពុជា​។

«​គាត់​លើក​រឿង​ហ្នឹង​ មិន​មែន​ទាក់ទង​សាដាម​ ហ៊ូសសេនទេ​ ទាក់ទង​ការ​ព្រួយ​បារម្ភ​របស់គាត់ទាក់ទង​រឿង​គាំទ្រឲ្យ​មានបដិវត្តន៍​ពណ៌​ ឬ​មាន​ការ​ទម្លាក់​បុរស​ខ្លាំង​ ដែល​គាត់គិត​ថា​ អាមេរិក​មាន​ឆន្ទៈទម្លាក់បុរស​ខ្លាំង​នៅ​តំបន់មជ្ឈិម​បូព៌ា ហើយ​ក៏អាច​មាន​ឆន្ទៈ​ក្នុង​ការ​ទម្លាក់បុរស​ខ្លាំង​នៅ​កម្ពុជា​ផងដែរ»។

សម្រាប់​លោក​អ៊ូ ​វីរៈគិត​ថា​ ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​មជ្ឈិម​បូព៌ាក្នុង​អាណត្តិ​របស់​លោក​ George W Bush ​នៃគណបក្ស​សាធារណរដ្ឋ​និងលោក​ដូណាល់​ ត្រាំ​នោះគឺ​ជា​គោល​នយោបាយ​មួយ​ដែល«​ខុស»​។

​លោក​សុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ការពារ​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ថា​ ការ​លុកលុយ​ប្រទេស​អ៊ីរ៉ាក់ និង​ការ​សម្លាប់លោក​សាដាម​ ហ៊ូសសេនគឺ​ជា​ទង្វើ​ខុសច្បាប់​ និង​គ្មាន​ភស្តុតាង​ជាក់លាក់​។​ ហើយ​លោក​ថា ​អន្តរាគមន៍​ពី​បរទេសមិន​មាន​ផលចំណេញ​ដល់​ប្រទេស​សាម៉ឺនោះ​ទេ​។

«បទ​ពិសោធន៍​យើង​មាន​ហើយ​តើ​!​ ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់ ​តើ​ពួក​អ៊ុនតាក់​ចូល​មក​ដោយ​ចាយ​លុយ​អស់ជាង​២ពាន់លាន​ដុល្លារ​ហ្នឹង បាន​សន្តិភាព​មក​កម្ពុជាទេ?​ វា​អត់មាន​។ ​មាន​តែ​ខ្មែរ​យើងដោះស្រាយរវាង​ខ្មែរ​ និង​ខ្មែរ​ ទើប​អាចរកសន្តិភាព​បាន»។​

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាប់​មាន​ប្រតិកម្ម​ខ្លាំង​ៗនឹង​លោក​សម រង្ស៊ី​ ប្រធាន​គណក្ស​ជំទាស់​ ដែល​បាន​ប្រដូច​រូប​លោក​ទៅនឹង​លោក​ Muammar Gaddafi អតីត​មេដឹកនាំ​ប្រទេស​លីប៊ី។​ លោក​ Gaddafi ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាចក្នុង​ឆ្នាំ​២០១១​ ​ដោយ​អំណាច​ប្រជាជន​ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​៤២​ឆ្នាំ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​អះអាង​ក្នុង​ពេល​កន្លង​មក​ថា​ លោក​នឹង​មិន​អាច​មាន​ជោគ​វាសនា​ដូច Gaddafi អតីត​មេដឹកនាំ​ប្រទេស​លីប៊ីនោះទេ​ ដោយ​សារ​រូប​លោកផ្ទាល់​ជា​មេដឹកនាំ​ ដែលទទួល​បាន​ការបោះឆ្នោត​គាំទ្រពី​ប្រជាពលរដ្ឋ​ ហើយ​នេះ​ជា​ការ​ធានា​ដល់ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​។​

នៅក្នុង​ពិធី​នោះ​ដែរ​ លោក​ហ៊ុន សែន​ក៏​បាន​សម្តែង​ការ​គាំទ្រចំពោះ​ការ​លើក​ឡើង​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​គឺ​លោកដូណាល់ ​ត្រាំ​ផង​ដែរ។ លោក​ដូណាល់ ត្រាំ​បាន​អះអាង​កាល​ពី​ខែ​កក្កដា​ថា​ ​ការ​លូកដៃ​ផ្តួល​រំលំ​លោកសាដាម​ ហ៊ូសសេន​ ប្រធានាធិបតី​ប្រទេសអ៊ីរ៉ាក់​ និង​ហ្គាដាហ្វី​ មេដឹក​នាំ​ប្រទេស​លីប៊ី​នោះ​គឺ​ ជា​កំហុស​របស់​សហរដ្ឋ​អាមេរិក ហើយវា​បាន​បង្ក​ឲ្យ​ប្រទេស​ទាំង​នោះ​កាន់​តែ​មាន​ស្ថានភាព​អាក្រក់​ដុនដាបជាង​មុន​។​

លោក​ហ៊ុន សែន​ថ្លែង​ថា៖​

«នេះ​ហើយ​ជា​លទ្ធផល​នៃ​ការ​ធ្វើ​នយោបាយ​ខុស​ ហើយ​អ្នក​ដែល​ខុស​គឺ​អាមេរិកាំង​តែ​ម្ដង​។ ឥឡូវ​នេះ​ សូម្បី​ដូណាល់​ ត្រាំ​ ដែល​ជា​បេក្ខជន​នៃ​គណបក្ស​សាធារណរដ្ឋ​ ក៏​បាន​ចេញ​មុខ​មក​អះអាង​ថា​ ជា​ការ​ខុស​ឆ្គង​មួយ​ដែល​ចេញ​មក​ទម្លាក់​ បាន​ត្រឹម​តែ​សម្លាប់​សាដាម​ ហ៊ូសសេន។ ទី​ចុង​បំផុត​ តើ​អ៊ីរ៉ាក់​បាន​សេចក្ដី​សុខ​ហើយ​ឬ​នៅ​? អត់​ទេ​!​ ឥឡូវ​ទឹកដី​មួយ​ចំនួន​ពួក​ក្រុម​ ISIS​ កំពុង​កាន់កាប់​នៅ​ឡើយទេ»។

មេ​ដឹកនាំ​ពិភព​លោកបង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​បេក្ខភាព​ប្រធានាធិបតី​របស់​លោកដូណាល់​ ត្រាំ​នៃគណបក្ស​សាធារណរដ្ឋ​ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ។​ លោក ដូណាល់​ ត្រាំបាន​បង្ហាញ​គោល​ជំហរ​ជ្រុល​និយម​របស់​លោក​ទៅ​លើ​បញ្ហា​ជន​អន្តោប្រវេសន៍​ ដូចជាការសាងសង់​ជញ្ជាំង​តាម​ព្រំដែន​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ម៉ិកស៊ិក និង​ការហាម​ឃាត់​សាសនិកឥស្លាម​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ជា​ដើម។​

នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ កាល​ពី​ខែ​មីនា​កន្លង​មក​ លោកសុន​ ឆ័យ​ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏បានបង្ហាញ​ក្តីបារម្ភអំពី​«ភាព​កម្រោល»របស់លោកដូណាល់​ ត្រាំ​ផង​ដែរ​៕​

XS
SM
MD
LG