ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អបអរ​ជ័យ​ជម្នះ​របស់​គណបក្ស​ភឿថៃ


លោកស្រី Yingluck ​Shinawatra​ មេដឹកនាំ​គណបក្ស​​ភឿថៃ​ដែល​បាន​ទ​ទួល​​​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​បោយ​ដៃ​ទៅ​អ្នក​គាំទ្រ។
លោកស្រី Yingluck ​Shinawatra​ មេដឹកនាំ​គណបក្ស​​ភឿថៃ​ដែល​បាន​ទ​ទួល​​​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​បោយ​ដៃ​ទៅ​អ្នក​គាំទ្រ។

នៅ​ថៃ្ងច័ន្ទ​នេះ​កម្ពុជា​បាន​សម្តែង​សេចក្តី​សប្បាយរីករាយ​ចំពោះ​ជ័យជម្នះ​យ៉ាង​ច្រើន​លើស​លប់​របស់​គណបក្ស​ភឿថៃ​របស់​ប្អូនស្រី​អតីត​នាយក​រដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែលជ័យ​ជម្នះ​នេះ​អាច​ជា​សញ្ញាវិជ្ជមានសម្រាប់ការដោះស្រាយជម្លោះ​ព្រំដែន​រវាងកម្ពុជា​ និង​ថៃ​ដោយ​សន្តិវិធី។

លោក​ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីស្តី​ការ​ក្រសួង​ការ​បរទេស​ថា កម្ពុជា​សប្បាយ​រីករាយ​ដោយ​ឃើញ​ជ័យជម្នះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​របស់​គណបក្ស​ភឿក​ថៃ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ថៃ​ និង​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ថ្មី ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ថ្លែង​ថា៖

«យើង​មាន​ការ​សប្បាយ​រីករាយ​នឹង​ជ័យជម្នះ​របស់​គណបក្ស​ភឿក​ថៃ​នៅ​ទី​ក្រុង​បាងកក​នេះ។ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពី​គណបក្ស​ភឿក​ថៃ​នេះ​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ មាន​លក្ខណៈ​វិជ្ជមាន​ជាង​ មាន​លក្ខណៈសន្តិភាព​ជាង​រដ្ឋាភិបាល​មុន​នូវ​អ្វី​ដែល​យើង​ចង់បាន​គឺ​ដោះស្រាយ​ដោយ​សន្តិវិធី»។

លោក​ហោ ​ណាំហុង​បាន​បន្ត​ថា កម្ពុជា​ចង់​បាន​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ប្រកប​ដោយ​យុត្តិធម៌​ និង​សន្តិភាព​ដែល​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ​ មិត្តភាព​ និង​អ្នក​ជិត​ខាង​ល្អ​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ថៃ​ និង​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២។

លោក​សុន​ ឆ័យ​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «យើង​មាន​ការ​ជឿ​ទុក​ចិត្ត​ថា អាច​នឹង​បន្ថយ​ភាពតានតឹង​បាន​ខ្លះ ក៏​ប៉ុន្តែ​មិន​អាច​នឹង​ដោះស្រាយ​បញ្ហា​ ព្រំដែន​នេះ​ជា​ស្ថាពរ​ទេ។ ក្នុង​ការ​ដោះស្រាយ​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ​ផង»។

គណបក្ស​សម រង្សីបាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្តែង​សេចក្តី​សប្បាយ​រីករាយ​ដល់​គណបក្ស​ភឿថៃ​ចំពោះ​ជ័យជម្នះ​យ៉ាង​លើសលប់​ និង​ជូនពរ​ដល់​រដ្ឋាភិបាល​លើក​ដំបូង​របស់​ប្រទេស​ថៃ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ជា​ស្ត្រី។

លោក​សុន​ ឆ័យ​ បាន​ថ្លែង​ថា បើ​ការ​បោះឆ្នោត​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​នៅកម្ពុជា​មាន​តម្លាភាព និង​សុចរិត​ ដូច​ការ​បោះឆ្នោត​ថៃ​នៅ​ថ្ងៃ​ទី​៣ ​ខែ​កក្កដា​ ឆ្នាំ​២០១១ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ក៏​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​ដែរ។ លោក​បន្ត​ថា៖

«យើង​អបអរសាទរ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​នេះ​ ហើយ​យើង​សង្ឃឹម​ថា អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ អាច​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​ទៅ​ដល់​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ផ្តល់​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើស​រើស​អ្នក​ដឹកនាំ​របស់​ខ្លួន​ ដូច​ប្រទេស​ថៃ​ដែរ»។

កងទ័ព​កម្ពុជា​ និង​ថៃ​បាន​វាយប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ បន្ទាប់ពី​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​កក្កដា​ ឆ្នាំ​២០០៨។ កម្ពុជា​ និង​ថៃ​បាន​ឈ្លោះ​ដណ្តើម​ដី​ទំហំ​៤,៦គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។ ការ​វាយប្រយុទ្ធ​ទ្រុង​ទ្រាយ​ធំ​បាន​កើត​ឡើង​ក្នុង​ខែ​កុម្ភៈ​នៅ​ប្រាសាទ​ព្រះវិហារ​ និង​ខែ​មេសា​ ឆ្នាំ​២០១១​នៅ​ប្រាសាទ​ តា​មាន់​ និង​ប្រាសាទ​តា​ក្របី​នៅ​ខេត្ត​ឧត្តរមានជ័យ​ ដែល​បាន​សម្លាប់​មនុស្ស​ទាំង​សងខាង​ជា​ច្រើន​នាក់៕

XS
SM
MD
LG